តើព្រះចៅអធិរាជជប៉ុនមានតួនាទីអ្វី?
តើព្រះចៅអធិរាជជប៉ុនមានតួនាទីអ្វី?
ដូចដែលអ្នកទាំងអស់គ្នាដឹងហើយថា ប្រមុខរដ្ឋជប៉ុនគឺជានាយករដ្ឋមន្ត្រី។
នេះជាតំណែងដែលលោក Abe Shinzo ធ្លាប់កាន់ និងត្រូវបានគ្រប់គ្នាស្គាល់ ហើយក៏ជាតំណែងដែលតំណាងឲ្យប្រទេសជប៉ុនផងដែរ។
ដូច្នេះហើយ តើព្រះចៅអធិរាជជប៉ុនមានតួនាទីអ្វី? នេះប្រាកដជាសំណួរដែលប្រិយមិត្តអ្នកអានចាប់អារម្មណ៍។
ថ្វីត្បិតតែ ព្រះចៅអធិរាជមានតួនាទីជាច្រើនក៏ដោយ ប៉ុន្តែតាមពិតទៅ ទ្រង់មានតួនាទីការទូតសំខាន់ណាស់។
ចូរយើងស្វែងយល់អំពីអាថ៌កំបាំងរបស់ព្រះចៅអធិរាជតាមរយៈខ្លឹមសារអត្តបទខាងក្រោម។
១. ចូលរួមព្រឹត្តិការណ៍ជាតិ
ប្រមុខរដ្ឋដូចជានាយករដ្ឋមន្ត្រី ប្រធានតុលាការកំពូល ដែលជាអ្នកដឹកនាំប្រព័ន្ធតុលាការ សុទ្ធតែត្រូវបានតែងតាំងដោយអធិរាជ។
ទោះជាយ៉ាងណា ព្រះចៅអធិរាជមិនមានអំណាចតែងតាំងពិតប្រាកដនោះទេ។
ការតែងតាំងគ្រាន់តែជាពិធីប៉ុណ្ណោះ យោងតាមសេចក្តីសម្រេចរបស់រដ្ឋសភា។
២. យាងទៅសួរសុខទុក្ខតំបន់មានគ្រោះមហន្តរាយ និងកន្លែងផ្សេងៗ
តួនាទីមួយក្នុងចំណោមតួនាទីរបស់ព្រះចៅអធិរាជគឺយាងទៅកាន់កន្លែងដែលប្រជាជនកំពុងជួបការលំបាក។
ថ្វីត្បិតតែ ព្រះចៅអធិរាជគ្មានសិទ្ធិអំណាចសម្រេចលើគោលនយោបាយ ប៉ុន្តែសម្រាប់ប្រជាជនជប៉ុន ការយាងទៅសួរសុខទុក្ខរបស់ព្រះចៅអធិរាជនៅតែជាបទពិសោធន៍ដ៏រំភើបយ៉ាងខ្លាំង។
៣. ស្នងមរតកវប្បធម៌ប្រពៃណី និងបួងសួង
ព្រះចៅអធិរាជបំពេញតួនាទីរក្សាទំនៀមទម្លាប់ប្រពៃណីសម្រាប់កូនចៅជំនាន់ក្រោយ។
សំខាន់បំផុតគឺការបួងសួង។
ព្រះចៅអធិរាជតែងតែបួងសួងសម្រាប់ប្រទេសជប៉ុន និងប្រជាជនជប៉ុន។
សាសនាសំខាន់របស់ជប៉ុនគឺសុិនតូ (ក្នុងភាសាជប៉ុនហៅថា Shinto) ។
ព្រះចៅអធិរាជជាប្រមុខនៃសាសនានេះ ហើយត្រូវបានគេហៅថា “ប្រាសាទទីសក្ការៈរស់” ដោយសារតែតួនាទីដ៏ពិសេសនេះ។
៤. ដំណើរទស្សនកិច្ចក្រៅប្រទេស
តាមពិតទៅ នេះជាមុខងារដ៏សំខាន់បំផុតសម្រាប់ប្រទេសជប៉ុនទាំងមូល។
ទ្រង់មិនត្រឹមតែធ្វើដំណើរទស្សនកិច្ចទៅប្រទេសផ្សេងប៉ុណ្ណោះទេ ថែមទាំងមានតួនាទីទទួលភ្ញៀវដែលមកពីក្រៅប្រទេសផងដែរ។
ប្រសិនបើប្រមុខរដ្ឋទទួលតួនាទីនេះ នោះការសន្ទនានឹងក្លាយទៅជាការព្រមព្រៀងរវាងប្រទេស និងប្រទេស។ ដោយសារមូលហេតុនេះហើយ ការចរចាដើម្បីឈានទៅដល់លក្ខខណ្ឌអំណោយផលសម្រាប់ភាគីទាំងពីរគឺជារឿងដែលគួរតែធ្វើ។
ទោះជាយ៉ាងណា ក្នុងករណីព្រះចៅអធិរាជគ្មានសិទ្ធិអំណោចសម្រេចចិត្ត ដូច្នេះគោលបំណងតែមួយគត់គឺលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាមួយនឹងប្រទេសផ្សេងទៀត។
នៅពេលដែលបណ្តាប្រទេសកើតមានការខ្វែងគំនិតគ្នា ការបញ្ជូនប្រមុខរដ្ឋទៅសួរសុខទុក្ខពិតជាពិបាកណាស់។ យ៉ាងណាមិញ ចំពោះព្រះចៅអធិរាជគឺមិនមានបញ្ហាអ្វីឡើយ។
ប្រសិនបើព្រះចៅអធិរាជយាងទៅ រឿងនោះនឹងក្លាយជាដំណឹងដ៏ធំសម្រាប់ប្រទេសម្ចាស់ផ្ទះ ហើយអាចជួយបង្កើតទំនាក់ទំនងមិត្តភាព។ នៅពេលដែលទំនាក់ទំនងមិត្តភាពត្រូវបានបង្កើតឡើង បរិយាកាសនៃការសន្ទនារវាងប្រមុខរដ្ឋនឹងល្អជាងមុន។ ដូច្នេះហើយ ព្រះចៅអធិរាជមានតួនាទីយ៉ាងសំខាន់ក្នុងការកែលម្អទំនាក់ទំនងការទូតរបស់ជប៉ុន។
ម៉្យាងវិញទៀត ខ្ញុំក៏ចង់ចែករំលែកផងដែលថា ព្រះចៅអធិរាជមិនមាននាមត្រកូល សញ្ជាតិ ឬការចុះបញ្ជីលំនៅដ្ឋានអចិន្ត្រៃយ៍នោះទេ។
អាចនិយាយបានថា ព្រះចៅអធិរាជមិនត្រូវបានចាត់ទុកជាពលរដ្ឋឡើយ។ ដូច្នេះសូម្បីតែលិខិតឆ្លងដែនក៏មិនមានដែរ។
“ប្រសិនបើមិនមានលិខិតឆ្លងដែន តើធ្វើយ៉ាងណាព្រះចៅអធិរាជអាចធ្វើដំណើរទៅក្រៅប្រទេសបាន?” នេះប្រហែលជាសំណួរដែលអ្នកទាំងអស់គ្នាកំពុងឆ្ងល់។ មូលហេតុដោយសារតែបណ្តាប្រទេសផ្សេងទៀតទទួលស្វាគមន៍ព្រះចៅអធិរាជប្រៀបដូចជាប្រមុខរដ្ឋ ដូច្នេះមិនចាំបាច់មានលិខិតឆ្លងដែននោះទេ។
នៅពេលដែលយាងធ្វើដំណើរជាមួយនឹងបុត្រ សម្រាប់ការធ្វើដំណើរនីមួយៗមានតែបុត្ររបស់ព្រះចៅអធិរាជប៉ុណ្ណោះទើបទទួលបានលិខិតឆ្លងដែន។
ម៉្យាងវិញទៀត នៅពេលដែលស្រ្តីក្នុងគ្រួសាររាជវង្សរៀបការជាមួយប្រជាជនធម្មតានឹងក្លាយទៅជាពលរដ្ឋជប៉ុន ហើយនៅពេលនោះនឹងមាននាមត្រកូល សញ្ជាតិ និងត្រូវបានចុះបញ្ជីលំនៅដ្ឋាន។
មនុស្សជាច្រើនប្រហែលជាមិនដឹងថា ព្រះចៅអធិរាជធ្វើអ្វីនោះទេ ហើយទោះបីជាទ្រង់មិនមានសិទ្ធិអំណោចចេញសេចក្តីសម្រេចក៏ដោយ ព្រះចៅអធិរាជនៅតែដើរតួយ៉ាងសំខាន់សម្រាប់ជប៉ុន។
នេះជាចំណុចខុសគ្នាយ៉ាងខ្លាំងបើប្រៀបទៅនឹងស្តេចនៅបណ្តាប្រទេសផ្សេងទៀត។
វត្តមានដែលស្រពេចស្រពិលតែសំខាន់ ហើយពិសេសយ៉ាងខ្លាំងសម្រាប់ជប៉ុននោះគឺព្រះចៅអធិរាជ។
Abe Kengo