សិស្ស​បោះ​គ្រាប់​បែក​ផ្សែង​លើ​រថភ្លើង​​ដើម្បីមើល​រថ​ភ្លើង​ឈប់​បន្ទាន់ – តើ​ជាការ​បំ​ផ្លាញឬ​គ្រាន់​តែ​​ចង់​ឃើញ?

Train Otaku ជាក្រុម​មនុស្សដែលមានចំណាប់អារម្មណ៍ពិសេសចំពោះ​រថភ្លើង​។ ពួកគេ​ចូលចិត្ត​ថត​រូប​រថភ្លើង​ ញ៉ាំ​បាយ​ប្រអប់​លើ​រថភ្លើង រហូតដល់ចាំឈ្មោះស្ថានីយរថភ្លើងនីមួយៗនៅលើផ្លូវដែលរថភ្លើងបានឆ្លងកាត់។

ថ្មីៗនេះ​មាន​សិស្ស​វិទ្យា​ល័យ​ ៤ នាក់ ត្រូវចាប់ខ្លួនដោយសារទម្លាក់គ្រាប់បែកផ្សែងលើ​រថភ្លើង។ នេះជា​កម្មភាព​បង្ក​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ និង​មាន​គ្រោះ​ថ្នាក់។ ​ទង្វើរបស់​សិស្សទាំង ៤ នាក់​នេះពិតជា​​ល្ងង់ខ្លៅព្រោះ “ចង់​មើល​ឃើញ​រថភ្លើង​ឈប់​បន្ទាន់តើ​យ៉ាង​ណា”។

ហើយ​មិនមែនជាលើកទីមួយទេដែលក្រុមសិស្សបានប្រព្រឹត្តទង្វើខុសឆ្គងខាង​លើ​នេះ។

រូបភាព FNN

នៅ​ថ្ងៃទី ៨ ខែ​កុម្ភៈមាន​សិស្ស ៤ នាក់នៅសាលាឯកជនមួយ​នៅ Tokyo តាមដានរថភ្លើង​ដែលកំពុងធ្វើដំណើរតាមផ្លូវ Chiyoda បន្ទាប់មកទម្លាក់គ្រាប់បែកផ្សែងលើ​រថភ្លើង​ដែលកំពុង​​នៅ​លើ​ស្ពាន​ឆ្លង​កាត់ទន្លេ Arakawa ស្ថិត​តំបន់ Adachi ភាគឦសាននៃទីក្រុង Tokyo។ លទ្ធ​ផល​រថភ្លើង​​ត្រូវបង្ខំ​​ឈប់​ជាបន្ទាន់ និង​បង្ក​ការ​រំ​ខាន​ជាច្រើន​។ សិស្សទាំង​នេះប្រើទូរស័ព្ទដើម្បី​ថតវីដេអូហើយ​ចែក​រំ​លេក​លើ​ប្រព័ន្ធ​អ៊ុីន​ធឺណែត បច្ចុប្បន្ន​វីដេអូ​ត្រូវ​បានលុប។

ថ្ងៃ​បន្ទាប់​មក​សិស្សទាំង​នេះ​ធ្វើ​​សកម្មភាពដូចនេះនៅ Hachioji ខាងលិច Tokyo ចំពោះ​រថភ្លើង​ដែល​កំ​ពុង​ធ្វើ​ដំ​ណើរលើ​ខ្សែ Chuo ជាផ្លូវដែល​មាន​មនុស្ស​ច្រើន​កុះ​ករ​បំ​ផុត​នៅ Tokyo។ ថ្ងៃទី ១៥ ខែកុម្ភៈសិស្ស​ទាំង​ ៤ នាក់​ត្រូវ​ចាប់​ខ្លួនដោយសារតែរារាំងពាណិជ្ជកម្ម។ ប៉ូលី​ស​រក​ឃើញ​ក្នុង​ទូរស័ព្ទ​របស់​ជនសង្ស័យ​មាន​វីដេអូតាំង​​ពី​មួ​យ​ខែមុន ថត​ឡើង​វិញ​សកម្ម​ភាព​កាត់​ខ្សែ​រថភ្លើង​របស់​ជនសង្ស័យ​ និង​សិស្ស​ ២ នាក់​ទៀត​នៅ​ស្ថានីយ៍ Mitaka ធ្វើ​អោយ​រថ​ភ្លើង​នេះ​យឺត ៦ នាទី។

នៅ​ថ្ងៃទី ៧ ខែ ឧ​សភាប៉ូលីសបានចាប់ខ្លួនជនសង្ស័យចំនួន ៤ នាក់ជាផ្លូវការពី​បទរារាំងពាណិជ្ជកម្មជាលើកទី ២។

ក្នុង​ថ្ងៃទី ២៩ ខែឧសភាកន្លង​ទៅសិស្ស​ទាំង ៤ នាក់ បានសារភាពកំហុសជាមួយនឹង​ហេតុផល “ខ្ញុំ​ចង់​មើល​ឃើញទិដ្ឋភាព​​រថភ្លើង​ឈប់បន្ទាន់”។ ប៉ុន្តែ​មិន​ស្មាន​ថា​ភាព​ចង់​ដឹង​ចង់​ឃើញរថភ្លើង​របស់​ក្មេង​ទាំង​នេះបាន​បង្ក​ការ​រំ​ខាន​អ្នក​ដទៃជាង ៣០០,០០០ នាក់។ Tokyo Metro កំ​ពុង​ពិចារណា​ប្តឹង​ និង​ទាម​ទារ​សំ​ណង​ពី​គ្រួ​សារ​ជន​សង្ស័យ​។

ទោះ​បី​ជា​ចំ​ណង់​ចំ​ណូល​ចិត្ត​ក៏​ត្រូវ​បញ្ឈប់ដែរ ត្រូវ​ស្គាល់​អោយ​ច្បាស់​រវាង​ភាព​ចង់​ដឹង​ចង់​ឃើញ ន​ិងអ្វី​ជា​​ការ​បំ​ផ្លាញ។ ពិតជា​សំ​ណាង​ក្នុង​ករណី​នេះគ្មាន​នរណា​មាន​របួស​ ប៉ុន្តែ​ស្មាន​មិន​ដល់គំនិត​របស់​ប្អូនៗអាច​បង្កគ្រោះ​ថ្នាក់​ដល់​មនុស្ស​ជាច្រើន។

ប្រភព News TV – Asahi

Sacchan​

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: