ប្រជាជនជប៉ុនសម្តែងការសោកស្តាយ និងចាប់ផ្ដើមយុទ្ធនាការបរិចាកដល់គ្រួសារជនរងគ្រោះអ្នករត់តាក់ស៊ីខ្មែរនៅខេត្តសៀមរាប
និយាយដល់ជនជាតិជប៉ុន ខ្ញុំផ្ទាល់ដែលជាជនជាតិខ្មែរពិតជាគោរពនូវទឹកចិត្តរបស់ពួកគេយ៉ាងខ្លាំង ។ យើងកម្រនឹងឃើញជនជាតិជប៉ុនបង្ករបញ្ហាណាមួយក្នុងប្រទេសកម្ពុជាយើងណាស់ ឬស្ទើរតែគ្មានក៏ថាបានដែរ ។ វត្តមានរបស់ជនជាតិជប៉ុននៅលើទឹកដីកម្ពុជា ភាគច្រើនគឺក្នុងគោលដៅមនុស្សធម៌ និងតែងតែទទួលបានការវាយតម្លៃខ្ពស់ខាងផ្នែកឥរិយាបថដ៏ល្អរបស់ពួកគេ ។
ចំពោះករណីជនជាតិជប៉ុន២នាក់ ដែលបានធ្វើសកម្មភាពចាក់សម្លាប់បុរសជនជាតិខ្មែរ ដែលជាអ្នកបើកបររថយន្ដតាក់ស៊ី ដើម្បីប្លន់យករថយន្ដនៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប ជាករណីមួយដែលបងរការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
រូបភាព៖ kohsantepheapdaily.com.kh
ប្រជាជនជប៉ុនជាច្រើនសម្តែងនូវការសោកស្ដាយ និងសូមទោសដល់គ្រួសារជនរងគ្រោះ និងប្រជាជនកម្ពុជាទាំងអស់ផងដែរ ចំពោះករណីដ៏ក្រៀមក្រំមួយនេះ។ ពួកគេបារម្ភពីមិត្តភាពរវាងប្រជាជាតិទាំងពីរ (កម្ពុជា-ជប៉ុន) ដែលតែងតែមានទំនាក់ទំនងល្អជាមួយគ្នា។
ជាក់ស្តែងលោក Akihiro Kato ដែលជាប្រធានក្លឹបអង្គរថាយហ្គឺរ (Angkor Tiger FC) បានចេញមុខសុំទោសពលរដ្ឋខ្មែរ និងធ្វើការបរិច្ចាកទឹកប្រាក់ចំនួន 1000 ដុល្លា ដល់ប្រពន្ធ និងកូន៤នាក់របស់ជនគ្រោះផងដែរ ។
លោក Akihiro Kato ប្រធានក្លឹបអង្គរថាយហ្គឺរ (Angkor Tiger FC)
ដោយសារទំនួលខុសត្រូវ និងក្តីបារម្ភ ជនជាតិជប៉ុនមានបំណងរៃអង្គាសប្រាក់ដើម្បីជួយដល់គ្រួសារជនរងគ្រោះ។ ពួកគេធ្វើការស្ទង់មតិដើម្បីស្វែងរកការគាំទ្រនូវយុទ្ធនាការនេះ ។ ទាំងប្រជានជនជប៉ុននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រជានជនជប៉ុននៅក្នុងប្រទេសជប៉ុនផ្ទាល់បានសម្តែងនូវការសោកស្តាយនេះដូចគ្នា ។
ក្រុមការងារ JAPO យើងផ្ទាល់ពិតសោកស្តាយខ្លាំងណាស់ មិនគួរណាមានរឿងបែបនេះកើតឡើងឡើយ ។សូមទោសដល់ចំពោះគ្រួសារជនរងគ្រោះ និងប្រជាជនកម្ពុជាទាំងអស់ ។
អត្ថបទ៖ Hiro