សមាជិក Yakuza ត្រូវចាប់ខ្លួនដោយសារតែទង្វើរទៀងត្រង់
Mafia ជប៉ុនត្រូវបានគេហៅថា Yakuza ដែលមានឈ្មោះល្បី។ ទោះបីពួកគេព្យាយាមរក្សាទង្វើរវិជ្ជមានដោយការចែកស្ករគ្រាប់ក្នុងពិធីបុណ្យ Halloween ប៉ុន្តែទង្វើររបស់ពួកគេក្នុងគំនិតមនុស្សធម្មតា ត្រូវបានភ្ជាប់ជាមួយនឹងអំពើ ពេស្យាចារ គ្រឿងញៀន និងល្បែង។
អ្វីទាំងនេះធ្វើអោយសមាជិករបស់ Yakuza មិនត្រូវបានគេស្វាគមន៍ក្នុងអង្គការ និងកន្លែងសាធារណៈនៅប្រទេសជប៉ុនទេ។ បុរសម្នាក់អាយុ ៦០ឆ្នាំ មានឈ្មោះ Misagi នៅទីក្រុង Kasugai ខេត្ត Aichi ភាគខាងលិច Tokyo កំពុងធ្វើការក្រៅម៉ោងនៅការិយាល័យប្រៃសណីយ៍ ប៉ុន្តែចុងក្រោយត្រូវដេញចេញពីការងារ និងត្រូវចាប់ខ្លួន។
ហេតុអ្វីក៏ដូច្នេះ?
ប្រាកដណាស់ដើម្បីមានការងារធ្វើនៅការិយាល័យប្រៃសណីយ៍អ្នកត្រូវចុះហត្ថលេខាលើកិច្ចសន្យាដែលលើកឡើងថាអ្នកមិនមែនជាសមាជិកក្រុមឧក្រិដ្ឋកម្ម។ ពិតជាសំណាងអាក្រក់ គាត់ធ្លាប់មានទំនាក់ទំនងជាមួយនឹងត្រកូល Yamaguchi, ត្រកូល Yakuza ដែលមានអំណាចបំផុតក្នុងប្រទេសជប៉ុន និងជាក្រុមមួយក្នុងចំណោមក្រុមឧក្រិដ្ឋកម្មដែលមានអំណាចបំផុតលើពិភពលោក។
អ្វីទាំងនេះមានន័យថាបុរសម្នាក់នេះបានរំលោភកិច្ចសន្យាជាមួយការិយាល័យប្រៃសណីយ៍។ អាថ៌កំបាំងរបស់គាត់ត្រូវបានគេដឹងក្រោយរយៈពេល ៤ថ្ងៃដែលបានធ្វើការនៅទីនោះ ហើយគាត់ត្រូវបានគេបណ្តេញចេញភ្លាម។
ប៉ុន្តែហេតុអ្វីបានជាបូ៉លីសចាប់ខ្លួនបុរសម្នាក់នេះ?
ប្រហែលគាត់បានទទួលប្រាក់ខែ។ ប៉ូលីសបានស្វែងរកការិយាល័យនៃត្រកូល Yamaguchi ហើយពួកគេបានរកឃើញឯកសារបញ្ជាក់ថាគាត់បានទទួលប្រាក់មួយចំនួនផ្ញើផ្ទាល់ពីប្រៃសណីយ៍ចូលក្នុងគណនីធនាគាររបស់គាត់។
ក្រោយមកប៉ូលីសបានឃាត់ខ្លួនបុរសម្នាក់នេះ ហើយពួកគេក៏កំពុងបើកការសើុបអង្កេតពីសកម្មភាពរបស់បុរសម្នាក់នេះពេលដែលទទួលការងារនៅប្រៃសណីយ៍។
សាធារណៈជនតាមបណ្តាញអីុនធឺណេតបានបង្ហាញពីគំនិត និងការរិះគន់ ប៉ុន្តែភាគច្រើនសំណួរទាក់ទងទៅនឹងលុយដូចជា៖
- នោះគ្រាន់តែជាប្រាក់ខែក្រៅម៉ោង ហេតុអ្វីមិនប្រគល់អោយគាត់?
- គាត់មិនបានធ្វើអ្វីខុសទេ។
- គាត់ត្រូវចាប់ខ្លួនដោយសារតែធ្វើការទៀងត្រង់។
ចំណែកមនុស្សមួយចំនួនផ្សេងទៀតមិនយល់ស្របដោយសារពួកគេយល់ថាគាត់បានបោកប្រាស់ និងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ការិយាល័យប្រៃសណីយ៍។
តើអ្នកគិតយ៉ាងណាចំពោះករណីខាងលើ?
ប្រភព http://blog.livedoor.jp/
អត្ថបទ៖ Neko