ជប៉ុន ផលិតស្រោមមុខដូច​​​​​​​​​​​​​​​មនុស្សពិតៗ អាចឲ្យធ្វើការកុម្ម៉ង់បាន

របាំងមុខ ឬស្រោម​មុខ ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​តូច​មួយ នៅ​តំបន់ជនបទ​នៃ​ប្រទេស​ជប៉ុន កំពុង​ក្លាយជាតម្រូវការយ៉ាង​ខ្លាំងចំពោះផ្នែក​ឧស្សាហកម្ម​បច្ចេកវិទ្យា កម្សាន្ត(Entertainment) មិនថាតែក្នុងស្រុកនោះទេ ថែមទាំងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅ​ក្រៅ​ស្រុក រហូត​ដល់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ផងដែរ។

ជាមួយនឹង​តម្លៃ ៣សែន​យ៉េន(២ ៦៥០ដុល្លារ) ​ស្រោម​មុខ​ផលិត​ឡើង​ពី​ជ័រ និង​ប្លាស្ទិក ប្រើប្រាស់​បុគ្គលិកត្រឹម​ចំនួន ៥នាក់ ពួកគេនឹងធ្វើអោយដូចទៅនឹងស្ថានភាបផ្ទៃមុខជាក់ស្តែងរបស់មនុស្ស  មិនថាតែ​ស្នាម​ជ្រីវជ្រួញ និង​ស្នាម​លើ​ស្បែក​មុខឡើយ។

លោក Osamu Kitagawa ដែលជាស្ថាបនិក​ក្រុមហ៊ុន គាត់បានបាន​ចាប់ផ្ដើម​គំនិត​នេះ​ឡើង ពេលដែលគាត់​​កំពុង​ធ្វើ​ការអោយ​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​បោះពុម្ព​មួយ។

ប៉ុន្តែ​លោក​ត្រូវ​ចំណាយ​ពេល ២ឆ្នាំ ដើម្បី​ធ្វើ​ការ​ពិសោធន៍​មុន​ពេលដែលគាត់​រកឃើញពី​វិធី​បង្កើតចេញជា​ផ្ទៃ​មុខ 3D ចេញពី​រូបថត​ដែល​មាន​គុណភាព​ខ្ពស់ ដើម្បី​បង្កើត​ស្រោម​មុខ ហើយ​ចាប់ផ្ដើម​លក់​ចេញ​នៅ​ក្នុង​ឆ្នាំ២០១១។

ក្រុមហ៊ុនរបស់​លោក Kitagawa តែងទទួល​បាន​ការ​បញ្ជា​ទិញ​ប្រហែល ១០០ស្រោម​មុខ​ជា​រៀងរាល់​ឆ្នាំ​ពីក្រុមហ៊ុនដែល​ស្ថិត​នៅ​ខេត្ត Shiga ​ដែលជាឧស្សាហកម្ម​ផ្នែកកម្សាន្ត, យានយន្ត, បច្ចេកវិទ្យា និង​ក្រុមហ៊ុន​សន្តិសុខ ​ភាគ​ច្រើនគឺ​ស្ថិត​ក្នុង​ប្រទេស​ជប៉ុនផ្ទាល់។

ជាក់ស្ដែង ក្រុមហ៊ុន​រថយន្ត​ជប៉ុន​មួយ​បាន​បញ្ជា​ទិញ​ស្រោម​មុខសម្រាប់​មនុស្ស​កំពុង​ដេក​លក់ ដើម្បី​ចង់​ដឹង​ថាបច្ចេកវិទ្យា​សម្គាល់​ផ្ទៃ​មុខ​មនុស្ស​របស់​ពួក​គេ អាច​ចាប់​អ្នក​បើកបរ​ដេក​លក់​ពេល​កំពុង​បើកបរ​បាន​ដែរឬទេ នេះបើតាមការបញ្ជាក់របស់លោក Kitagawa

លោក Kitagawa ដែលមានវ័យ៦០ឆ្នាំហើយនោះ បាន​បញ្ជាក់បន្ថែម​ថា លោកបានទទួលការបញ្ជាទិញពីស្ថាប័នមួយដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអ៊ូឌីតដើម្បីបង្កើតនូវទម្រង់មុខរបស់ ស្តេច និងម្ចាស់ក្សត្រី ។ គាត់បន្តថា គាត់​ធ្វើ​ការ​ជាមួយ​អតិថិជន​គឺមានការប្រុងប្រយ័ត្នខ្លាំងណាស់​ដើម្បី​ធានា​អោយផលិតផល​របស់​លោក​ ​មិន​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ខុស​ច្បាប់ និង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សន្តិសុខ​នោះ​ទេ គឺក្នុងគោលដៅ​បង្កើត​ស្រោម​មុខ​ឲ្យ​ដូច​មុខ​មនុស្ស​ពិត​ប្រាកដ ១០០ភាគរយ ។

អត្ថបទ៖ Sangha

ប្រភព៖ Reuters

 

 

 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: