នៅសុខៗ លិចបាត់កោះ​តូច​មួយ​របស់​ជប៉ុន

ថ្មីៗនេះកោះ​តូច​មួយ​ដែល​មាន​ចម្ងាយ​ប្រហែល ៥០០ម៉ែត្រ ពី​សារ៉ូហ៊្វូតស៊ូ(Sarufutsu) ​ភាគ​ខាងជើង​កោះ ហុក​កៃ​ដូ ប្រទេស​ជប៉ុន បាន​លិច​ទាំង​ស្រុងហើយ បើតាមសារព័ត៌មាន​ជប៉ុន Asahi Shimbun បានរាយការណ៍។

បើតាមសេចក្ដីរាយការណ៍​ បាន​ចុះផ្សាយ​បន្ទាប់ពី​ទទួល​បាន​ពី​អ្នកនិពន្ធ Hiroshi Shimizu ដែល​គ្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​នេះ​ ដើម្បី​ចងក្រង​ជា​សៀវភៅ តែ​លោក​មិន​អាច​រកឃើញ​កោះ អ៊ីសានបេហាណាគីតាកូជីម៉ា (Esanbehanakitakojima ) ឡើយ​។ ឆ្មាំ​សមុទ្រ​ជប៉ុន នឹង​​បើក​ប្រតិបត្តិការ​ស្វែងរក​កោះ​នេះផងដែរ។

លោក Shimizu​​ ​បាន​សាកសួរទៅកាន់​អ្នក​នេសាទដែលរស់​នៅតំបន់​នោះ បាន​ឲ្យដឹង​ថា គេ​មិន​អាច​មើល​ឃើញ​កោះ​នេះ​ពី​ដី​គោក ឬ​ពី​លើ​ទូក​ដែល​ធ្វើ​ដំណើរ​នៅ​ជិត​ទី​នោះ​ទៀតឡើយ​។

មួយវិញទៀតដោយសារតែ​កោះ​នេះ ជា​សញ្ញា​សម្គាល់​ដែនទឹក​របស់​ជប៉ុន​នៅ​ភាគ​ខាង​ជើង​ អាជ្ញាធរ​ជប៉ុន មាន​ការ​ព្រួយបារម្ភជាខ្លាំង ចំពោះ​ការ​លិច​បាត់​កោះ​នេះ ខណៈដែល​ប្រទេស​រុស្ស៊ី​បាន​អះអាង​ថា តំបន់​នេះ គឺ​ជា​របស់​ខ្លួន​។ ប្រទេសរុស្ស៊ី បានហៅ​តំបន់​នេះ​ថា Kurils ដែល​ធ្លាប់​គ្រប់គ្រង​ដោយ​អតីតទ័ពសហភាព​សូវៀត ​រយៈ​ពេល​ខ្លី​ក្រោយ​សង្គ្រាម​លោក​លើក​ទី២បានបញ្ចប់។

ក្នុង ឆ្នាំ​២០១៤ រដ្ឋាភិបាល​ជប៉ុន បាន​ប្រកាស​ជា​ផ្លូវការ​​ថា មាន​ចំនួន​សរុប ១៥៨​កោះ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ជប៉ុន ហើយជាកោះ​គ្មាន​មនុស្សរស់នៅ ​ដូចជា​កោះ​ Esanbehanakitakojima  ផងដែរ

​តាម​ការ​វាស់​ស្ទង់​មួយ​កាល​ពី​ឆ្នាំ​១៩៨៧ កោះ ​Esanbehanakitakojima  មាន​កម្ពស់​ ១,៤​ម៉ែត្រ​ពី​នីវ៉ូ​ទឹក​សមុទ្រ​៕ យោងទៅតាម​ច្បាប់​អន្តរជាតិ ប្រទេស​មួយ​អាច​ទាមទារ​ថា ដែន​ទឹក​ជុំវិញ​កោះ​មួយ​ ថា​ជា​របស់​ខ្លួន​បាន លុះត្រាតែគេ​អាច​មើល​ឃើញ​កោះ​ទាំង​នោះ​នៅ​លើ​នីវ៉ូ​ទឹក​សមុទ្រ​ ​ពេលដែលមាន​ជំនោរ​ខ្ពស់​បំផុត។

ប្រែសម្រួល៖ Naing Seiha

ប្រភព៖ JapanTimes

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: