ជនជាតិ​ជប៉ុនមានមូលហេតុមិន​ធម្មតា​មួយ​ ដែល​មិន​ងាយ​លា​ឈប់​​ពីការងារ​​នៅ​កន្លែង​ចាស់

បុគ្គលិក​ជប៉ុន​យល់​ថា ពួក​គេ​គឺ​ជា​ផ្នែក​នៃ​ក្រុម​ទាំង​មូល ទំនួល​ខុសត្រូវ​រៀងៗ​គ្នា​គឺ​ជា​​ការ​ចាំបាច់​សម្រាប់​ក្រុម​ទាំង​មូល។

ដោយសារ​មនោសញ្ចេតនា​បែប​នេះ​ហើយ​ ទើប​ជួនកាល​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ត្រូវ​ផុង​ជាប់​នឹង​ការងារ​មិន​ល្អ ឬ ការងារ​មិន​ត្រូវ​ជំនាញ និង មិន​ត្រូវ​នឹង​បុគ្គលិកលក្ខណៈ​របស់​ពួកគេ។

“ប្រសិន​បើ​មិត្ត​រួម​ការងារ​របស់​ខ្ញុំ​​កំពុង​ប្រឹង​ធ្វើការ​ដោយ​លំបាក តើ​វា​មិន​អាត្មានិយម​ពេក​ទេ​សម្រាប់​ខ្ញុំ​ដែល​គ្មាន​វិជ្ជាជីវៈ​ការងារ គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន? ប្រសិន​បើ​ខ្ញុំ​ត្រូវ​ឈប់ អ្នកផ្សេង​នឹង​ត្រូវ​ប្រឹង​ធ្វើការ​ទ្វេ​ដង​ដើម្បី​​ជំនួស​ការងារ​ខ្ញុំ?”។ នេះ​គឺ​ជា​សំណួរ​ ដែល​​បុគ្គលិក​ជប៉ុន​តែង​សួរ​ខ្លួន​ឯង ដើម្បី​​បង្ខាំង​ខ្លួន​ មិន​ងាយ​សម្រេច​ចិត្ត​បោះ​ជំហាន​ចេញ​ពី​កន្លែង​ចាស់។

វា​មិន​ចម្លែក​ទេ ព្រោះ​​ប្រជាជន​ជប៉ុន​តែង​​យល់​ថា​ ជា​ភាព​អាម៉ាស់​ក្នុង​ការ​សុំ​មេ​ឈប់​ពី​កន្លែង​ការងារ ឬ ត្រូវ​ដាក់​ពាក្យ​លាលែង​នៅផ្នែក​ធនធាន​មនុស្ស។

ក្រុមហ៊ុន​​ភ្នាក់ងារ​ផ្តល់​សេវាកម្ម​លាលែង​ពី​តំណែង ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ

​​​ហេតុ​ដូច្នេះ​ហើយ ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា EXIT ដែល​ជា​ភ្នាក់ងារ​ផ្តល់​សេវាកម្ម​លាលែង​ពី​តំណែង ត្រូវ​បាន​បង្កើត​ឡើង​នៅ​ប្រទេស​អាស៊ី​មួយ​នេះ​ ខុស​ពី​ប្រទេស​មួយ​ចំនួន​រួម​ទាំង​កម្ពុជា​ផង ដែល​បុគ្គលិក​តែង​ត្រូវ​ការ​ភ្នាក់ងារ​រើស​បុគ្គលិក​ នៅ​ពេល​ពួកគេ​ចង់​បាន​ការងារ។

លោក Yuichiro Okazaki ស្ថាបនិក​ក្រុមហ៊ុន EXIT បាន​និយាយ​ថា “នៅ​ពេល​យើង​ចាប់​ផ្តើម​យើង​គិត​ថា​វា​នឹង​ក្លាយ​ជា​ការងារ​សាមញ្ញ​មួយ។ យើង​ទទួល​បាន​មនុស្ស​ខ្លះ​ដែល​ទាក់ទង​មក​យើង​​ ហើយប្រាប់​យើង​ឲ្យ​ជួយ ដូច​ជា “សូម​ជួយ​ខ្ញុំ​ផង” ឬ “ខ្ញុំ​ចង់​ស្លាប់” ជាដើម។

លោក​បន្ថែម​ថា បុគ្គលិក​ ជប៉ុន​មួយ​ចំនួន​នៅ​ទីបំផុត​នឹង​ឈាន​ដល់​ការ​សន្និដ្ឋាន​ថា​ពួកគេ​ចង់​បោះបង់​ការងារ​របស់​ពួកគេ ប៉ុន្តែ​ស្ទាក់ស្ទើរ នៅ​ពេល​នោះ​ពួកគេ​អាច​មាន​អារម្មណ៍​ទុក្ខព្រួយ​ច្រើន​ពេក សូម្បី​តែ​ដាក់​ជើង​នៅ​ក្នុង​ការិយាល័យ​របស់​ពួកគេ​ក៏​ដោយ។

នៅ​ពេល​អតិថិជន​ទៅ​ស្វែង​រក​សេវាកម្ម ក្រុមហ៊ុន​ EXIT បាន​ទាក់ទង​ទៅ​កន្លែង​ការងារ​របស់​បុគ្គលិក​នោះ។ “សួស្ដី។ ខ្ញុំ​ហៅ​ទូរស័ព្ទ​ពី​ក្រុមហ៊ុន EXIT ទៅ។ តើ​ខ្ញុំ​អាច​និយាយ​ទៅ​កាន់​នរណា​ម្នាក់​នៅ​ផ្នែក​ធនធាន​មនុស្ស​ក្នុង​ក្រុមហ៊ុន​របស់​អ្នក​បាន​អត់? ខ្ញុំ​ទាក់ទង​ទៅ​អ្នក​ថ្ងៃ​នេះ ព្រោះ​បុគ្គលិក​របស់​អ្នក​ម្នាក់​ [ឈ្មោះ] ដែល​នឹង​លា​ឈប់​ពី​ការងារ”។

ចាប់​ពី​ចំណុច​នោះ​មក Exit ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល​គ្រប់​ការ​ទំនាក់ទំនង​រវាង​អតិថិជន និង និយោជក​របស់​គាត់។ បន្ទាប់​ពី​ការ​សន្ទនា​តាម​ទូរស័ព្ទ អតិថិជន​បាន​រៀបចំ​សេចក្ដី​លំអិត​អំពី​ការលាលែង​ការងារ​ជា​លាយលក្ខណ៍​អក្សរ។ មិន​តែ​ប៉ុណ្ណោះ EXIT របស់​លោក​មាន​​តួនាទី​លួងលោម​ផ្នែក​អារម្មណ៍​ដល់​អតិថិជន​ កុំ​​ឲ្យ​គេ​មាន​ការ​តានតឹង​ខ្លាំង៕

ប្រភព៖ Sabay News

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: