សមាជិកម្នាក់នៃកងកម្លាំងការពារជប៉ុនយកកាំបិតលួចចូលស្ថានទូតចិន
សមាជិកម្នាក់នៃកងកម្លាំងការពារជប៉ុនយកកាំបិតលួចចូលស្ថានទូតចិន។
កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៦ នៅសង្កាត់ Minato ទីក្រុងតូក្យូ បុរសម្នាក់យកតាមកាំបិតដែលមានប្រវែង១៨ សង់ទីម៉ែត្របានសម្រុកចូលទៅក្នុងស្ថានទូតចិន និងត្រូវបានចាប់ខ្លួន។
បុរសដែលត្រូវចាប់ខ្លួនមានឈ្មោះថា Murata អាយុ ២៣ ឆ្នាំ ជាសមាជិកនៃកងកម្លាំងការពារដែនគោកជប៉ុន។
ហេតុការណ៍នេះបានបញ្ចប់ដោយគ្មាននរណាម្នាក់រងរបួសនោះទេ ប៉ុន្តែសំណួរសួរថា៖ តើគោលបំណងរបស់គាត់ជាអ្វី?
តើហេតុការណ៍នេះអាចបណ្តាលឲ្យមានការផ្លាស់ប្តូរទំនាក់ទំនងរវាងជប៉ុន និងចិននាពេលអនាគតដែរទេ?
បុគ្គលិកស្ថានទូត និងបុគ្គលិកការទូតដែលធ្វើការនៅក្នុងស្ថានទូតត្រូវបានការពារដោយសន្ធិសញ្ញាអន្តរជាតិមួយហៅថា អនុសញ្ញាទីក្រុងវីយែន។ យោងតាមសន្ធិសញ្ញានេះ មិនថានៅប្រទេសណានោះទេ ពួកគេសុទ្ធតែទទួលបានការកំណត់ពិសេស។
មិនថាក្នុងកាលៈទេសៈណាក៏ដោយ ប៉ូលីសមូលដ្ឋានមិនអាចចាប់ខ្លួនពួកគេបានឡើយ ហើយក៏មិនមានសិទ្ធិសម្រុកចូលបរិវេណស្ថានទូតនោះដែរ។
ការដែលសម្រុកចូលស្ថានទូតគឺជាបញ្ហាដ៏ធំមួយ ប៉ុន្តែអ្វីដែលធ្វើឲ្យរឿងហេតុកាន់តែធ្ងន់ធ្ងរជាងនេះត្រង់ថា បុគ្គលដែលធ្វើសកម្មភាពគឺជាសមាជិកម្នាក់នៃកងកម្លាំងការពារ។
តើបុរសម្នាក់នោះមានបំណងអ្វី?
មុនពេលហេតុការណ៍កើតឡើង សេចក្តីថ្លែងការណ៍របស់អ្នកការទូតចិនបានបង្កឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុន។
គ្រប់យ៉ាងផ្តើមចេញពីសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រី Takaichi នៅក្នុងសភាជប៉ុនថា៖
- “ប្រសិនបើសង្គ្រាមផ្ទុះឡើងនៅតៃវ៉ាន់ អាចនឹងត្រូវបានចាត់ទុកថាជាស្ថានភាពគំរាមកំហែងដល់វត្តមានរបស់ជប៉ុន។”
តៃវ៉ាន់មិនមែនជាទឹកដីរបស់ជប៉ុននោះទេ ហើយកងកម្លាំងការពាររបស់ជប៉ុនសម្រាប់តែការពារប្រទេសរបស់ខ្លួនប៉ុណ្ណោះ។
ទោះជាយ៉ាងណា តៃវ៉ាន់មានទីតាំងស្ថិតនៅជិតទឹកដីជប៉ុនខ្លាំងណាស់។ ប្រសិនបើច្រកសមុទ្រតៃវ៉ាន់ត្រូវបានបិទ ដំណើរការដឹកជញ្ជូនរបស់ជប៉ុនអាចនឹងជាប់គាំង ហើយក្នុងករណីមួយចំនួន ចំណុចនោះអាចនឹងក្លាយជាការគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ប្រទេស។
ចំណុចនេះគ្រាន់តែជាការឧបមាថានឹងកើតឡើងប៉ុណ្ណោះ។
ទោះជាយ៉ាងណា ភាគីប្រទេសចិនបានជំទាស់យ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍នេះ។
អគ្គកុងស៊ុលចិនប្រចាំទីក្រុង Osaka បានបង្ហោះសេចក្តីថ្លែងការណ៍នៅលើអុីនធឺណេតដូចខាងក្រោម៖
- “កកខ្វក់សម្រុកចូលដោយខ្លួនឯង មានតែកាត់ចោលប៉ុណ្ណោះ មិនគួរស្ទាក់ស្ទើរនោះទេ។
តើពួកគេត្រៀមហើយឬនៅ?”
ច្បាស់ណាស់នេះជាសេចក្តីថ្លែងការណ៍ដែលសំដៅលើនាយករដ្ឋមន្ត្រី Takaichi ហើយមិនមែនជាពាក្យពេចន៍សមរម្យដែលអ្នកការទូតតំណាងឲ្យប្រទេសជាតិគួរប្រើនោះទេ។
យ៉ាងណាមិញ នាយករដ្ឋមន្ត្រី Takaichi មិនបានធ្វើអត្ថាធិប្បាយអ្វីចំពោះសេចក្តីថ្លែងការណ៍នេះនោះទេ ហើយក៏មិនបានចាត់វិធានការណាមួយ ឬស្នើសុំឲ្យដកចេញនោះដែរ។
លទ្ធផលសេចក្តីថ្លែងការណ៍ពីភាគីចិនកាន់តែច្រើនឡើង។
ក្រៅពីនេះ ប្រទេសចិនថែមទាំងផ្អាកដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន និងហាមឃាត់ការនាំចេញទំនិញសំខាន់ៗទៅកាន់ប្រទេសជប៉ុន ដែលបណ្តាលឲ្យកើតមានស្ថានភាពបច្ចុប្បន្ន។
Murata មិនអាចទទួលយកសេចក្តីថ្លែងការណ៍ និងការវិវត្តទាំងនេះបាន ដូច្នេះបានប្តេជ្ញាចិត្តជួបជាមួយឯកអគ្គរដ្ឋទូតដើម្បីស្នើសុំឲ្យបញ្ចប់សេចក្តីថ្លែងការណ៍លក្ខណៈគំរាមកំហែងនោះ។
កាំបិតដែលគាត់យកតាមត្រូវបានចាត់ទុកថាប្រើសម្រាប់ធ្វើអត្តឃាត។
ប្រហែលជាដោយសារតែស្មារតីស្នេហាជាតិ និងអារម្មណ៍មួយពេលរបស់ Murata បានជម្រុញឲ្យគាត់ធ្វើសកម្មភាពដែលកែប្រែមិនបាន។
ទោះជាយ៉ាងណា ប្រសិនបើអ្វីដែលគាត់និយាយជាការពិត ប្រហែលជាប្រជាជនជប៉ុនជាច្រើននឹងចងចាំបុគ្គលប្រវត្តិសាស្ត្រម្នាក់ដែលមានឈ្មោះថា Yukio Mishima ។
Mishima បានកាន់ដាវជប៉ុនសម្រុកចូលទៅក្នុងជំរំកងកម្លាំងការពារ ហើយបានថ្លែងសុន្ទរកថានៅចំពោះមុខទាហាន។
លោកបានអំពាវនាវឲ្យពួកគេក្រោកឡើងដើម្បីស្តារប្រទេសជប៉ុនដ៏ខ្លាំងក្លាឡើងវិញ ប៉ុន្តែមិនទទួលបានការឆ្លើយតប។ ហើយនៅទីបំផុត លោកបានវះពោះធ្វើអត្តឃាតតាមពិធី seppuku ដោយប្រើដាវនោះ។
រឿងរ៉ាវនិយាយពី Mishima ធ្លាប់ត្រូវបានចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ JAPO ។ ប្រសិនបើអ្នកចាប់អារម្មណ៍ អ្នកអាចចូលមើលអត្ថបទតាមរយៈតំណភ្ជាប់ខាងក្រោម៖
https://kh.japo.news/contents/japo-today/97469.html
Murata បានធ្វើសកម្មភាពខុសឆ្គងមួយ ប្រសិនបើមានប្រជាជនជប៉ុនកាន់តែច្រើនឡើងៗចាប់ផ្តើមយល់ស្របតាមគំនិតរបស់គាត់ តើនឹងមានអ្វីកើតឡើង?
ហើយតើអ្នកការទូតចិន – ជាអ្នកដែលធ្លាប់បង្ហាញសេចក្តីថ្លែងការណ៍ដែលហួសហេតុ មើលងាយប្រទេសជប៉ុន – នឹងបន្តធ្វើដូច្នេះនៅពេលអនាគតដែរឬទេ?
នេះជាព្រឹត្តិការណ៍មួយដែលអាចក្លាយជាបញ្ហាការទូតដ៏ធំ។
វិធីសាស្រ្តដែលអ្នកនយោបាយជប៉ុន និងចិនដោះស្រាយស្ថានភាពនេះនឹងបង្ហាញពីសមត្ថភាពរបស់ពួកគេ។
Abe Kengo

