ពិសេសហើយប្លែកបំផុត “ប្រាសាទម៉ូតូ” នៅប្រទេសជប៉ុន
ពិសេសហើយប្លែកបំផុត “ប្រាសាទម៉ូតូ” នៅប្រទេសជប៉ុន។
នៅពេលដែលចង់បួងសួងសុំអ្វីម្យ៉ាង ប្រជាជនជប៉ុនតែងតែទៅកាន់ប្រាសាទទីសក្ការបូជា។
អ្នកដែលកាន់ពុទ្ធសាសនាតែងតែទៅវត្តអុជធូប អ្នកដែលកាន់គ្រិស្តសាសនានឹងទៅព្រះវិហារអធិស្ឋាន ចំណែកឯប្រាសាទ (ភាសាជប៉ុនហៅថា Jinja) គឺជាកន្លែងសម្រាប់សាសនា Shinto ដែលជាសាសនាដ៏ពិសេសមួយនៅប្រទេសជប៉ុន។
បើប្រៀបធៀបទៅនឹងសាសនាផ្សេងទៀត Shinto មានលក្ខណៈពិសេសបន្តិច។
មិនមានបទគម្ពីរ ហើយក៏មិនមានវត្ថុជាក់លាក់ណាមួយសម្រាប់បួងសួងផងដែរ។ នរណាមកបួងសួងក៏បាន មិនប្រកាន់ច្រើន និងមានសេរីភាព។
ប្រហែលជាដោយសារតែចំណុចនេះ បានជានៅជប៉ុនមានប្រាសាទពិសេសៗមួយចំនួន។ ក្នុងចំណោមនោះមានដូចជាប្រាសាទសម្រាប់អ្នកជិះម៉ូតូ។
ស្តាប់ទៅដូចជាចម្លែកណាស់ ប៉ុន្តែប្រាសាទទាំងនេះដំណើរការយ៉ាងម៉ឺងម៉ាត់។
ចូរយើងទាំងអស់គ្នាស្វែងយល់អំពីប្រាសាទទាំងនេះតាមរយៈខ្លឹមសារអត្តបទខាងក្រោម។
នៅជប៉ុនមានប្រាសាទម៉ូតូច្រើនដែរ
មានរហូតទៅដល់ ៤៤ ប្រាសាទម៉ូតូនៅទូទាំងប្រទេសជប៉ុន។ សរុបទៅជាមូលដ្ឋានដូចទៅនឹងប្រាសាទធម្មតាផ្សេងទៀត។ យ៉ាងណាមិញ នៅទីនេះមានភាពងាយស្រួលជាច្រើនសម្រាប់អ្នកជិះម៉ូតូ។
ឧទាហរណ៍ដូចជាហាងកាហ្វេ។
បន្ទាប់ពីបើកបរផ្លូវឆ្ងាយក្រោមអាកាសធាតុក្តៅ ឈប់សម្រាកនៅកន្លែងដែលត្រជាក់ រីករាយជាមួយនឹងភេសជ្ជៈគ្រប់ប្រភេទ មិនត្រឹមតែបាត់ស្រេកទឹក ថែមទាំងត្រជាក់ផងដែរ ពិតជាស្រស់ស្រាយណាស់មែនទេ?
យុវវ័យសម័យនេះតែងតែបង្ហោះរូបថតផ្ទាល់ខ្លួននៅលើបណ្តាញសង្គម ជាពិសេសរូបថតអំឡុងពេលធ្វើដំណើរកម្សាន្តជិតឆ្ងាយ។ ដោយយល់ពីការពេញនិយមនេះ នៅប្រាសាទថែមទាំងមានកន្លែងសម្រាប់អ្នកដំណើរថតរូបផងដែរ។
ថែមទាំងមានរូបបុរសម្នាក់កំពុងបើកម៉ូតូដែលមើលទៅពិតជាឡូយណាស់ ភ្ញៀវទេសចរណ៍អាចដាក់មុខរបស់ខ្លួនក្នុងចន្លោះទំនេរនោះ និងថតរូបបែបកំប្លែង។
ម៉ូដែលម៉ូតូដែលធ្វើពីថ្ម
ពេលខ្លះថែមទាំងមានស្នាដៃពិសេសជាងនេះទៅទៀត ដូចជាម៉ូដែលម៉ូតូដែលធ្វើពីថ្មនេះជាដើម។
ខ្ញុំគិតថា គេប្រាកដជាបានចំណាយប្រាក់ និងកម្លាំងមិនតិចនោះទេ ទើបអាចធ្វើបានដូច្នេះ។
បើអ្នកទាំងអស់គ្នាគ្រាន់តែមើលរូបភាពនេះ ហើយអាចទាយដឹងពីម៉ូដែលម៉ូតូប្រាកដជាជាអ្នកជំនាញខាងម៉ូតូពិតមែន។
ប្រសិនបើអ្នកចាប់អារម្មណ៍នឹងម៉ូដែលម៉ូតូនេះ អ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោមសម្រាប់ព័ត៌មានបន្ថែម ប៉ុន្តែមានតែភាសាជប៉ុនប៉ុណ្ណោះ។
https://amac.or.jp/home/activity/shrine/
ប្រាសាទមួយចំនួនថែមទាំងមានសេវាកម្មធ្វើពិធីបន្សុទ្ធ (ពិធីនាំសំណាង) សម្រាប់ម៉ូតូថ្មីផងដែរ។
និយាយឲ្យសាមញ្ញទៅគឺ “បន់ស្រន់សម្រាប់ម៉ូតូ” ។
ជាការពិតណាស់ ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍រួមមានកត្តាជាច្រើនដូចជា៖ គោរពច្បាប់ចរាចរណ៍ ផ្តោតលើការបើកបរដោយប្រយ័ត្នប្រយែង។ល។ បើមិនដូច្នេះទេ ទោះបីជាបន់ស្រន់ ឬបួងសួងយ៉ាងណាក៏នៅតែមិនអាចជៀសផុតពីគ្រោះថ្នាក់ទាំងស្រុងដែរ។ ដូច្នេះហើយ សូមកុំពឹងលើពិធីទាំងនេះជ្រុលពេក។
ម្យ៉ាងវិញទៀត ខ្ញុំក៏ចង់ចែករំលែកផងដែរថា នៅប្រទេសជប៉ុនមានប្រាសាទជាច្រើន។
ប្រសិនបើរាប់តែប្រាសាទដែលបានចុះបញ្ជីក្រោមទម្រង់អង្គភាពសាសនាមានជាង ៨៦.០០០ ប្រាសាទ ហើយបើរាប់បញ្ចូលប្រាសាទតូចៗអាចនឹងឡើងដល់ជាង ១៥០.០០០ ប្រាសាទ។
ប្រសិនបើអ្នកធ្លាប់ទៅលេងប្រទេសជប៉ុន ហើយមានអារម្មណ៍ថាភ្ញាក់ផ្អើលជាមួយនឹងចំនួនហាងលក់ទំនិញនៅគ្រប់ទីកន្លែង តាមពិតទៅ ចំនួនប្រាសាទច្រើនជាងនេះទៅទៀត។
ព្រោះតែចំនួនប្រាសាទមានច្រើន ប្រសិនបើគ្រប់កន្លែងសុទ្ធតែដូចគ្នា ហើយគ្មានសកម្មភាពអ្វីពិសេស ពិបាកនឹងទាក់ទាញភ្ញៀវទេសចរណ៍ណាស់។
ប្រសិនបើយកឧទាហរណ៍ជាក់ស្តែង ប្រាសាទប្រៀបដូចជាមន្ទីរពេទ្យទូទៅ។
មនុស្សម្នាដែលមកដល់ប្រាសាទមានបំណងប្រាថ្នាគ្រប់បែបយ៉ាង បន់ស្រន់ និងបួងសួងសម្រាប់បំណងប្រាថ្នាទាំងនោះ។ ក៏ដូចជាមន្ទីរពេទ្យទូទៅដែរ ជាកន្លែងដែលទទួលយកអ្នកជំងឺគ្រប់ប្រភេទ។
ប៉ុន្តែនៅពេលដែលមានមន្ទីរពេទ្យទូទៅច្រើនដំណើរការក្នុងពេលតែមួយ ការប្រកួតប្រជែងក៏ច្រើនឡើងផងដែរ។ នៅពេលនោះកន្លែងដែលគ្មានភាពទាក់ទាញត្រូវផ្លាស់ប្តូរយុទ្ធសាស្រ្ត ជាទូទៅពួកគេនឹងប្តូរជំនាញ ដោយប្តូរពីមន្ទីរពេទ្យទូទៅក្លាយជាមន្ទីរពេទ្យឯកទេស ដូចជារោគសើស្បែក ឬសរសៃប្រសាទជាដើម។
ប្រាសាទក៏ដូចគ្នាដែរ ដើម្បីបន្តដំណើរការ កន្លែងជាច្រើនត្រូវផ្លាស់ប្តូរយុទ្ធសាស្រ្ត។
បន្ទាប់ពីធ្លាប់ធ្វើដំណើរទៅលេងប្រទេសកម្ពុជា ខ្ញុំឃើញថា នេះជាប្រទេសដែលប្រើម៉ូតូជាមធ្យោបាយធ្វើដំណើរច្រើន។
ប្រសិនបើអ្នកមានឱកាសទៅលេងប្រទេសជប៉ុន ហើយទៅកាន់ប្រាសាទទីសក្ការៈបូជា ជាពិសេសប្រាសាទម៉ូតូ អ្នកអាចទិញស្ទីគ័រ ឬយ័ន្តសម្រាប់អ្នកជិះម៉ូតូដែលមានលក់នៅទីនោះ ទុកជាអនុស្សាវរីយ៍សម្រាប់មិត្តភក្តិ និងសាច់ញាតិ។ វត្ថុទាំងនោះអាចជាអំណោយដ៏គួរឲ្យចាប់អារម្មណ៍។
Abe Kengo