ការបរិភោគទុកអាហារនៅសល់ និងការបរិភោគអាហារឲ្យអស់ តើទង្វើមួយណាជាការគួរសម? ទស្សនៈអាថ៌កំបាំងនៃសាសនា Shinto
ការបរិភោគទុកអាហារនៅសល់ និងការបរិភោគអាហារឲ្យអស់ តើទង្វើមួយណាជាការគួរសម?
ទស្សនៈអាថ៌កំបាំងនៃសាសនា Shinto ។
យើងដឹងហើយថា ប្រទេសនីមួយៗមានទំនៀមទម្លាប់ក្នុងការបរិភោគខុសគ្នា។ ក្នុងនោះនៅប្រទសចិន និងកូរ៉េ បន្ទាប់ពីបរិភោគការទុកអាហារនៅសល់បន្តិចត្រូវបានចាត់ទុកដូចជាការគួរសម។
ខ្ញុំលឺគេនិយាយ ចំពោះនរណាម្នាក់ដែលបរិភោគអាហារទាំងអស់បង្កប់អត្តន័យមានន័យថា ពួកគេបរិភោគមិនទាន់គ្រប់គ្រាន់។ ប៉ុន្តែនៅជប៉ុនចំណុចនេះផ្ទុយមកវិញ ការបរិភោគអាហារទាំងអស់មិនឲ្យសល់ត្រូវបានចាត់ទុកជាការគួរសម។
កាលពីតូច នៅផ្ទះម្តាយខ្ញុំតែងតែប្រាប់ថា “កូនមិនត្រូវទុកអាហារនៅសល់នោះទេ ទោះបាយមួយគ្រាប់ក៏ដោយ” ។
មិនមែនមកពីគ្រួសាររបស់ខ្ញុំក្រនោះទេ។
ទោះបីជាមិនមានជាងគេ ប៉ុន្តែស្ថានភាពគ្រួសាររបស់ខ្ញុំក៏មិនដល់ថ្នាក់លំបាកដែរ។
ដូច្នេះហេតុអ្វីបានជាមានវប្បធម៌បរិភោគអាហារបែបនេះ? តើគំនិតនេះរបស់ប្រជាជនជប៉ុនអាចជួយដល់ពិភពលោកដែរទេ?
ចូរយើងស្វែងយល់បន្ថែមទាំងអស់គ្នាខាងក្រោម។
ការដឹងគុណចំពោះអ្វីៗគ្រប់យ៉ាង
អរគុណបងប្អូនកសិករដែលបានខិតខំប្រឹងប្រែងដាក់ជី និងស្រោចទឹកបន្លែគ្រប់ប្រភេទ ដាំ និងប្រមូលផលអង្ករមួយគ្រាប់ៗ។
មនុស្សប្រើជីវិតរបស់សត្វដូចជាត្រី ឬគោជាថ្នូរប្តូរយកសារធាតុចិញ្ចឹមដើម្បីទ្រទ្រង់ខ្លួនឯង។
ម្យ៉ាងវិញទៀត យើងដឹងគុណចំពោះអាកាសធាតុ ភ្នំ និងមហាសមុទ្រដែលអនុញ្ញាតឲ្យយើងចិញ្ចឹមសត្វ និងដាំដំណាំដោយសុវត្ថិភាព។
យើងដឹងគុណចំពោះអ្វីៗគ្រប់យ៉ាង ដូច្នេះហើយ យើងមិនទុកចោលអាហារឡើយ។
វប្បធម៌នេះនៅតែបន្តរហូតមកដល់សព្វថ្ងៃ ចំពោះករណីកុម្ម៉ង់ច្រើនជាងការបរិភោគរបស់ខ្លួនហើយទុកចោលក៏មិនអាចទទួលយកបានដែរ ទោះបីជាអ្នកចេញថ្លៃអាហារក៏ដោយ។
នេះក៏ជាចំណុចដែលសំខាន់ពេលនិយាយពីបញ្ហាភ្ញៀវទេសចរណ៍ចិនជួបប្រទះនៅភោជនីយដ្ឋានពេលទៅលេងជប៉ុន។
វត្តមានរបស់អាទិទេពគង់នៅគ្រប់ទីកន្លែង
នៅប្រទេសជប៉ុនមានពាក្យមួយហៅថា “八百万の神” ។
ប្រែថា៖ ប្រាំបីលានអាទិទេព។
ទោះជាយ៉ាងណា ប្រយោគនេះមិនមែនមានន័យថា អាទិទេពមានចំនួន ៨ លានអង្គនោះទេ គ្រាន់តែចង់បង្ហាញថាមានច្រើន អាទិទេពច្រើនរាប់មិនអស់។
អាទិទេពគង់នៅគ្រប់ទីកន្លែង នៅលើភ្នំ ក្រោមសមុទ្រ និងនៅតាមដើមឈើ។
គេជឿថា ប្រសិនបើយើងយកចិត្តទុកដាក់ចំពោះឧបករណ៍ចម្អិនអាហារ ចានសម្រាប់បរិភោគ ប៊ិចសរសេររបស់ខ្លួន អាទិទេពនឹងគង់នៅក្នុងគ្រប់យ៉ាង។
យ៉ាងណាមិញ Shinto ជាសាសនាដែលពិសេស មិនដូចជាទម្រង់ដែលបូជាចារ្យនៅព្រះវិហារ ឬទៅវត្តដើម្បីស្តាប់ព្រះសង្ឃទេសនានោះទេ។ ប៉ុន្តែត្រូវបានបង្រៀនបន្តពីឪពុកម្តាយដល់កូនពីមួយជំនាន់ដល់មួយជំនាន់ ស្រដៀងទៅនឹងទម្រង់អប់រំសមត្ថភាពរស់រានមានជីវិតដែរ។
ត្រង់ចំណុចនេះ យើងអាចហៅថាទំនៀមទម្លាប់ប្រហែលជាត្រូវជាងសាសនា។
អាទិទេព Shinto នឹងមិនឆ្លើយតបការបួងសួងរបស់អ្នក
និយាយអញ្ជឹង ខ្ញុំចង់ចែករំលែកចំណុចមួយចំនួនទាក់ទងនឹងសាសនា Shinto ។
ក្នុងសាសនា Shinto អាទិទេពមានច្រើន ហើយទោះបីជាអ្នកបួងសួងដល់អាទិទេពទាំងអស់ អាទិទេពក៏មិនឆ្លើយតបបំណងរបស់អ្នកដែរ។
សព្វថ្ងៃនេះ ប្រជាជនជប៉ុនជាច្រើនព្យាយាមបួងសួងដល់អាទិទេពនៅទីសក្ការៈបូជា ប៉ុន្តែអាទិទេពមិនមានពេលទំនេរច្រើននោះទេ។ អាទិទេពគ្រាន់តែមានវត្តមាននៅទីនោះ ហើយទតមើលប៉ុណ្ណោះ។
ហើយបំណងរបស់អាទិទេពជាអ្វីដែលមនុស្សដូចយើងមិនអាចយល់នោះទេ ដូច្នេះហើយ ជាមូលដ្ឋានគ្មានការបង្រៀនដូចសាសនាដទៃទៀតឡើយ។
ឲ្យតែយើងខ្លួនឯងមិនធ្វើរឿងអ្វីខុសទោះបីជាអាទិទេពមើលឃើញក៏មិនអីដែរ។
ជាទូទៅក្នុងសាសនា អាទិទេពត្រូវបានចាត់ទុកជាតំណាងល្អ ចំណែកឯខ្មោចព្រាយបិសាច អារក្ស និងសត្វចម្លែកជាតំណាងនៃអំពើអាក្រក់។ ទោះជាយ៉ាងណា ក្នុងសាសនា Shinto មិនមានការបែងចែករវាងល្អ និងអាក្រក់នោះទេ។
របស់ដែលមើលមិនឃើញតែមានថាមពលចម្លែកហើយមនុស្សមិនអាចពន្យល់បានសុទ្ធតែដូចគ្នា។ ឲ្យតែជាជំនឿរបស់មនុស្សអាចហៅថាអាទិទេព។
តើអ្នកគិតថាសាសនា Shinto ជប៉ុនមានលក្ខណៈពិសេស និងគួរឲ្យចាប់អារម្មណ៍ដែរទេ?
នៅពេលដែលកំពុងដេកលើគ្រែសរសេរអត្តបទនេះ ខ្ញុំស្រាប់តែនឹកឃើញរឿងមួយ ប្រហែលជាអាទិទេពក៏កំពុងសង្កេតមើលខ្ញុំ។ ខ្ញុំគួរតែត្រឡប់ទៅអង្គុយនៅលើតុវិញ បើមិនដូច្នេះទេ ពិតជាគួរឲ្យខ្មាស់ណាស់នៅពេលដែលអាទិទេពមើលឃើញបែបនេះ។
***
សង្ឃឹមថា អ្នកទាំងអស់គ្នានឹងទទួលយកអត្តបទនេះប្រៀបដូចជាការចែករំលែកនិយាយពីទំនៀមទម្លាប់ និងវប្បធម៌ មិនមែនជាការបង្រៀនសាសនានោះទេ។ យើងទន្ទឹងរង់ចាំទទួលមតិយោបល់របស់ប្រិយមិត្តអ្នកអានជិត និងឆ្ងាយដែលទាក់ទងនឹងអត្តបទ ដូច្នេះយើងអាចយល់ពីគ្នាទៅវិញទៅមក បង្កើតទំនាក់ទំនង និងការផ្លាស់ប្តូររវាងប្រទេស និងប្រទេស។
Abe Kengo