តើអ្នកទោសពន្ធនាគារគិតយ៉ាងណាខណៈពេលដែលកើតមានរញ្ជួយដីខ្លាំង? ការបរិច្ឆាគប្រាក់ដោយចិត្តស្មោះ
ជប៉ុនត្រូវបានគេចាត់ទុកជាប្រទេសដែលមានសន្តិភាពបើតាមទស្សនៈពិភពលោក ប៉ុន្តែចំណុចនេះមិនមានន័យថា ប្រទេសនេះគ្មានជនល្មើសនោះទេ។
មនុស្សមួយចំនួនប្រព្រឹត្តបទល្មើសស្រាល ហើយពេលខ្លះក៏មានរឿងដែលមិននឹកស្មានដល់កើតឡើងដែរ។
ក្នុងអត្តបទថ្ងៃនេះ JAPO សូមចែករំលែករឿងរ៉ាវនិយាយពីសកម្មភាពរបស់អ្នកទោសដែលកំពុងជាប់ពន្ធនាគារខណៈពេលដែលកើតមានរញ្ជួយដីខ្លាំង។
នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ ។
គ្រោះធម្មជាតិដ៏ខ្លាំងមួយបានកើតឡើងក្នុងប្រទេសជប៉ុន ហើយតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតគឺ Tohoku ។
ខណៈពេលនោះ នៅពេលដែលកំពុងនៅទីក្រុងតូក្យូ ខ្ញុំឈរមិននឹងព្រោះតែរំញ័រយ៉ាងខ្លាំង និងអូសបន្លាយ រឿងតែមួយគត់ដែលខ្ញុំអាចធ្វើបានគឺអង្គុយនៅស្ងៀម ហើយរង់ចាំ។
បន្ទាប់ពីរញ្ជួយដីខ្លាំង Tohoku បានទទួលរងរលកយក្សស៊ូណាមិ ផ្ទះឪពុករបស់ខ្ញុំស្ថិតនៅលើតំបន់់សមុទ្រ Tohoku ហើយសាច់ញាតិចំនួនបីនាក់ក្នុងគ្រួសារបានស្លាប់ដោយសាររលកយក្សស៊ូណាមិ។ ជាងនេះទៅទៀត ក្នុងពេលជាមួយគ្នានោះ ជប៉ុនថែមទាំងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារឧបទ្ទវហេតុរោងចក្រថាមពលនុយក្លេអ៊ែរផងដែរ។
ក្នុងស្ថានភាពដ៏អាក្រក់ទាំងនោះ ទឹកចិត្តដ៏ល្អមួយបានចាប់ផ្តើមផ្តួចផ្តើមនៅក្នុងពន្ធនាគារ ជាកន្លែងដែលព័ត៌មានខាងក្រៅត្រូវបានកាត់ផ្តាច់។
សកម្មភាពពិសេសរបស់ឆ្មាំពន្ធនាគារ
ក្នុងពន្ធនាគារ ពេលវេលាមើលទូរទស្សន៍មានកំណត់។ តាមពិតទៅ នៅពេលដែលកំពុងកើតមានរញ្ជួយដី មិនមែនជាពេលដែលចាក់ផ្សាយទូរទស្សន៍យនោះទេ។ យ៉ាងណាមិញ ដើម្បីកាត់បន្ថយការព្រួយបារម្ភ និងកង្វល់របស់អ្នកទោស ពន្ធនាគារមួយចំនួនបានអនុញ្ញាតឲ្យចាក់ផ្សាយទូរទស្សន៍ដែលប្រៀបដូចជាករណីលើកលែង។
ដោយយល់ពីអារម្មណ៍របស់អ្នកទោសដែលមានសាច់ញាតិនៅតំបន់គ្រោះមហន្តរាយធម្មជាតិ ឆ្មាំពន្ធនាគារបានអនុញ្ញាតឲ្យពួកគេផ្ញើសំបុត្រទៅក្រៅ ដើម្បីបញ្ជាក់ពីស្ថានភាពសុវត្ថិភាពរបស់សាច់ញាតិ ទោះបីជាចំណុចនេះមិនមែនជាទម្លាប់ក៏ដោយ។
ទឹកចិត្តរបស់អ្នកជាប់ពន្ធនាគារ
បន្ទាប់ពីមើលឃើញផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះធម្មជាតិ តាមការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ អ្នកទោសមួយចំនួនចង់ផ្ញើប្រាក់ទៅឲ្យតំបន់រងគ្រោះ ប៉ុន្តែតាមពិតទៅ ភាគច្រើនពួកគេគ្មានប្រាក់នោះទេ។
ថ្វីត្បិតតែ ក្នុងពន្ធនាគារមិនចាំបាច់ចំណាយលើការជួលផ្ទះ ឬម្ហូបអាហារ ប៉ុន្តែពួកគេនៅតែត្រូវការប្រាក់សម្រាប់ទិញសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ដូចជាច្រាសដុសធ្មេញជាដើម។
ដើម្បីរកប្រាក់បាន ពួកគេត្រូវធ្វើការយ៉ាងលំបាកក្នុងពន្ធនាគារ បើទោះជាប្រាក់ដែលទទួលបានតិចតួចបំផុតក៏ដោយ។
នៅជប៉ុនបុគ្គលិកក្រៅម៉ោងទទួលបានប្រាក់ឈ្នួលជាមធ្យម ១.០០០ យ៉េនក្នុងមួយម៉ោង ប៉ុន្តែចំនួនប្រាក់ដែលអ្នកទោសទទួលបានសម្រាប់ម៉ោងធ្វើការដូចគ្នាចន្លោះពី ៦ ទៅ ៤០ យ៉េនប៉ុណ្ណោះ។ ទោះបីជាខំប្រឹងធ្វើការអស់រយៈពេល ១ ខែក៏ដោយ គ្រាន់តែអាចរកបានត្រឹម ៦.០០០ យ៉េនប៉ុណ្ណោះ។
ដោយមិនប្រើប្រាក់ទាំងនោះសម្រាប់ទិញរបស់របរចាំបាច់សម្រាប់ខ្លួន ពួកគេបានសម្រេចចិត្តផ្ញើប្រាក់ដ៏មានតម្លៃនោះទៅកាន់តំបន់កើតមានគ្រោះមហន្តរាយធម្មជាតិ ដើម្បីជួយដល់ប្រជាជនក្នុងស្ថានភាពលំបាក។
ចំនួនទឹកប្រាក់សរុបដែលទទួលបានពីពន្ធនាគារទូទាំងប្រទេសគឺ ២១.៥៦០.០០០ យ៉េន។
ទោះជាយ៉ាងណា មិនមែនអ្នកទោសទាំងអស់សុទ្ធតែចូលរួមបរិច្ចាគនោះទេ ម្យ៉ាងវិញទៀត ខ្ញុំក៏គិតដែលថា ក្នុងចំណោមប្រាក់ទាំងនោះមានការរួមចំណែកពីអ្នកមានទ្រព្យសម្បត្តិផងដែរ។
តើអ្នកទាំងអស់គ្នាគិតថានោះជារឿងដែលអស្ចារ្យដែរទេ? នៅពេលដែលការបរិច្ចាគដោយក្ដីស្រឡាញ់ចំពោះសហគមន៍នេះបែរជាបានមកពីអ្នកទោសដែលប្រព្រឹត្តបទល្មើសទៅវិញ?
មិនមានការបង្ខិតបង្ខំឲ្យបរិច្ចាគក្នុងពន្ធនាគារឡើយ ហើយក៏មិនមានការកាត់បន្ថយ ឬលើកលែងទោសព្រោះតែអ្នកទោសបានបរិច្ចាគប្រាក់នោះដែរ។ ការស្ម័គ្រចិត្ត គឺជាការស្ម័គ្រចិត្ត ច្បាប់នៅតែត្រូវអនុវត្ត។ ចំណុចនេះមានន័យថា ពួកគេគ្រាន់តែចង់រួមចំណែកជួយជនរួមជាតិនៅពេលដែលជួបការលំបាក។
នៅលើប្រព័ន្ធផ្សព្វផ្សាយជប៉ុន ខ្ញុំឃើញមនុស្សសមួយចំនួននិយាយថា៖ “នោះគ្រាន់តែជាទង្វើលាក់ពុតដើម្បីទទួលបានការកាត់បន្ថយទោសប៉ុណ្ណោះ” ។
ដោយផ្ទាល់ខ្ញុំមិនគិតថា នោះជាទង្វើលាក់ពុតនោះទេ ហើយបើទោះបីជានោះជាទង្វើលាក់ពុតក៏ដោយ ខ្ញុំយល់ថា គួរតែមានការពន្យល់ដែលសមហេតុផលចំពោះរឿងនេះ ហេតុអ្វីបានជាពួកគេត្រូវធ្វើដូច្នេះ?
តើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះរឿងនេះ?
Abe Kengo