ប្រហែលជា “លក់មិនបាន” ទេ និង​រឿង​រ៉ាវ​និយាយ​ពី​ភាព​ជោគជ័យ​នៃ​មីកំប៉ុង​ដែល​ទទួល​ការ​បដិសេធ

ប្រហែលជា “លក់មិនបាន” ទេ

រឿងរ៉ាវនិយាយពីភាពជោគជ័យនៃមីកំប៉ុងដែលទទួលការបដិសេធ។

តើអ្នកធ្លាប់ស្គាល់ CUP NOODLE ជាប្រភេទមីកំប៉ុងដែលត្រូវបានផលិតដោយក្រុមហ៊ុនជប៉ុនមានឈ្មោះថា Nisshin ដែរ​ទេ?

គិតត្រឹមឆ្នាំ ២០២១ បរិមាណផលិតផលនៃក្រុមហ៊ុនមីបានលក់ចេញចំនួន ៥០ ពាន់លានផលិតផលនៅទូទាំងពិភព​លោក។

យោងតាមស្ថិតិនៅឆ្នាំ ២០១៩ បើគិតត្រឹមចំនួនក្នុងប្រទេសជប៉ុន ប្រាក់ចំណូលបានឈានដល់ ១០០ ពាន់លានយ៉េន។

មែនហើយ នេះជាផលិតផលដែលមានភាពជោគជ័យខ្លាំង ប៉ុន្តែមុនពេលដាក់លក់ នាយកប្រតិបត្តិទាំងអស់របស់ Nisshin សុទ្ធ​​តែ​​ធ្លាប់​បដិសេធចំពោះផលិតផល ពួកគេយល់ថានឹងមិនអាចលក់បាន។

តម្លៃមីកំប៉ុងខ្ពស់ជាងប្រភេទមីកញ្ចប់ប្រហែល ៣ ដង។

មើលទៅមានភាពងាយស្រួលខ្លាំងព្រោះមិនចាំបាច់មានឧបករណ៍សម្រាប់បរិភោគ ប៉ុន្តែគ្រប់គ្នាបែរជាបដិសេធ ព្រោះ​ថា​គ្មាន​នរណា​ព្រម​ចំណាយ​ប្រាក់ច្រើនជាងដល់ទៅ ៣ ដងនោះទេ។

យ៉ាងណាមិញ ប្រធានក្រុមហ៊ុនរំពឹងយ៉ាងខ្លាំងចំពោះផលិតផលនេះ លោកបានសម្រេចចិត្តដាក់លក់ផលិតផលនៅ​លើ​ទីផ្សារ ហើយ​នេះ​ជាតំណភ្ជាប់ទៅកាន់ភាពជោគជ័យយ៉ាងខ្លាំងរបស់ក្រុមហ៊ុន។ ប្រសិនបើមិនមានផលិត​ផល​ទាំង​នេះ ប្រហែល​ជាកេរ្តិ៍ឈ្មោះរបស់ Nisshin គ្មានគេស្គាល់ច្រើនលើទីផ្សារសព្វថ្ងៃឡើយ។

មានរឿងជាច្រើនដែលយើងមិននឹកស្មានដល់ ហើយមិនអាចគិតទុកមុន។

ការចាប់ផ្តើមលក់ផលិតផល

ដូចនឹងអ្វីដែលនាយកប្រតិបត្តិទាំងអស់បានទាយទុកមុន ការលក់ដំបូងមិនសូវអំណោយផលប៉ុន្មានឡើយ។

ប៉ុន្តែ​ព្រឹត្តិការណ៍ដែលមិន​នឹក​ស្មាន​ដល់​មួយ​បាន​កើត​ឡើង។

ក្នុងរដូវរងាដែលមានព្រិលធ្លាក់ខ្លាំង ករណីចាប់ចំណាប់ខ្មាំងបានកើតឡើងនៅផ្ទះសំណាក់លើភ្នំមួយ។ ប៉ូលិស​បាន​ឡោម​ព័ទ្ធ​តំបន់​​នោះ​អស់​រយៈពេល ១០ ថ្ងៃ ម្ហូបអាហាររបស់ប៉ូលិសត្រូវបានដឹកជញ្ជូនដល់កន្លែង ប៉ុន្តែបាយប្រអប់ទាំង​នោះបែរជាកកទាំងអស់។ នៅទីនោះ Nisshin បានផ្គត់ផ្គង់មីកំប៉ុងសម្រាប់ប៉ូលិស គ្រាន់តែចាក់ទឹកក្តៅចូល យើង​នឹងអាចហូបអាហារក្តៅបានភ្លាម។ ដូច្នេះ​ហើយ ទើប​មីកំប៉ុង​ក្លាយ​ជា​ផលិតផល​ដែល​ចាំបាច់ និង​សំខាន់សម្រាប់​កន្លែង​កើត​ហេតុ។

ព្រឹត្តិការណ៍​ដ៏​ធំ​នេះត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ពី​ព្រឹករហូតដល់យប់។

ក្នុងវីដេអូ គេមើលឃើញប៉ូលិសកំពុងហូបមីកំប៉ុង​ក្តៅក្នុងបរិយាកាសត្រជាក់។ ច្បាស់ណាស់ គ្រប់គ្នាចាប់អារម្មណ៍ចំពោះ​ការ​ហូប​មី​យ៉ាង​ឆ្ងាញ់ ការ​លក់​ចាប់​ផ្តើម​កើន​ឡើង​ភ្លាមៗ។

លទ្ធផលត្រឹមរយៈពេលដ៏ខ្លី ប្រាក់ចំណូលរបស់ Nisshin បានកើនឡើងយ៉ាងច្បាស់។

ក្រៅពីនេះ មានក្រុមហ៊ុនផលិតមីកំប៉ុងស្រដៀងគ្នាជាច្រើន ដូច្នេះបរិមាណសរុបពិតជាច្រើនណាស់។

ផលិតផលនេះបង្កើតបានជាបដិវត្តន៍ដ៏អស្ចារ្យនៅលើទីផ្សារអាហារកំប៉ុង។

ឧស្សាហកម្មរថយន្តក៏ស្រដៀងគ្នាដែរ

Ford គឺជាក្រុមហ៊ុនអាមេរិកដំបូងគេដែលលក់រថយន្តនៅលើពិភពលោក។

ខណៈដែលរទេះសេះជាមធ្យោបាយធ្វើដំណើរចម្បង ពួកគេស្រាប់តែណែនាំអំពីរថយន្ត ហើយផ្លាស់ប្តូរពិភពលោក។ CEO នៃ​ក្រុម​ហ៊ុន Ford ធ្លាប់​និយាយ​ដូចខាងក្រោម៖

“ប្រសិនបើអ្នកសួរពួកគេថាចង់បានរថយន្តប្រភេទណា គ្រប់គ្នានឹងឆ្លើយថា ពួកគេចង់បានសេះដែលលឿនជាងនេះ” ។

យើងរស់នៅក្នុងសម័យកាលដែលរថយន្តកំពុងពេញនិយម ប៉ុន្តែយើងក៏អាចមើលឃើញដែលថា មិនមែនគ្រប់គ្នាសុទ្ធ​តែ​គិត​ថា ពួក​គេ​ចង់​ទិញ​រថយន្ត​អំឡុង​ពេល​ដែល​ទើប​ចាប់​ផ្តើម​ផលិត​ដំបូង​នោះ​ទេ។

Apple ក៏ដូចគ្នាដែរ

ចាប់តាំងពីពេលដែលលោក Jobs ត្រឡប់មកវិញ Apple បានឆ្លងកាត់បដិវត្តន៍ជាបន្តបន្ទាប់។

iMac បាននាំយកចំណុចសំខាន់ដល់ការរចនាសម្រាប់ពិភព PC និង iPod បានធ្វើបដិវត្តពិភពតន្ត្រី។ iPhone បានផ្លាស់​ប្តូរ​ជីវិត​របស់​មនុស្ស​គ្រប់​គ្នា​នៅ​ជុំវិញ​ពិភព​លោក។

***

ក្រុមហ៊ុនដែលសម្រេចបានជោគជ័យទាំងនេះសុទ្ធតែមានចំណុចដូចគ្នា ពួកគេចាត់ទុកការស្រាវជ្រាវទីផ្សារគឺគ្មាន​ន័យ។

ប្រសិនបើអ្វីទាំងនោះគ្រប់គ្នាស្គាល់ ការស្រាវជ្រាវទីផ្សារនឹងនាំមកនូវចម្លើយត្រឹមត្រូវសម្រាប់អ្នក ប៉ុន្តែប្រសិនបើអ្នក​ណែ​នាំ​អ្វី​មួយ​ដែល​គ្រប់​គ្នា​មិន​ទាន់​ស្គាល់​នឹង​ទទួលបាននូវមតិអវិជ្ជមាន។

ស្រមៃគិតដល់ពិភពលោកនាពេលអនាគត ហើយប្រសិនបើទីនោះត្រូវការអ្វីមួយ ពួកគេនឹងឆ្ពោះទៅមុខដោយទឹក​ចិត្ត​មោះ​មុត។

ទាំងនេះជាអាថ៌កំបាំងនៃភាពជោគជ័យរបស់ពួកគេ។

អ្នកទាំងអស់គ្នាដែលធ្លាប់ និងកំពុងគិតថាខ្លួនមានទេពកោសល្យខាងផ្នែក marketing តើអ្នកកំពុងជ្រើសយកវិធី​សាស្រ្ត marketing ដែល​ត្រឹម​ត្រូវ​សម្រាប់​ខ្លួន​ដែរ​ទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: