អាថ៌កំបាំង​នៃ​វត្ត​ប្រាសាទ Koyasan ៖ ហេតុ​អ្វី​បាន​ជា​ស្ត្រី និង​ឆ្មា​​មិន​​អាចចូលបាន

Koyasan ស្ថិតនៅភាគឦសានខេត្ត Wakayama និងមានរយៈកម្ពស់ប្រហែល ១០០០ ម៉ែត្រ។

នៅទីនេះជាទីក្រុងនៃសាសនា ដែលទីក្រុងទាំងមូលត្រូវបានសាងសង់ឡើងសម្រាប់ព្រះពុទ្ធសាសនា ជារឿងដែលកម្រ​ឃើញ​នៅ​ប្រទេស​ជប៉ុន។

ជាមួយចំនួនវត្ត ១១៧ កន្លែង មានសាកលវិទ្យាល័យពុទ្ធសាសនាមួយ និងផ្ទះសំណាក់សម្រាប់ភ្ញៀវទេសចរណ៍។ Koyasan នាំ​មក​នូវ​បរិយាកាស​យ៉ាង​ពិសេស។

ថ្វីត្បិតតែ ខ្ញុំចូលចិត្តកន្លែងនេះ ប៉ុន្តែកាលពីមុន Koyasan បែរជាមានបទប្បញ្ញត្តិដ៏តឹងរឹងមួយគឺ៖ ស្ត្រី និងឆ្មាមិនអនុញ្ញាត​ឲ្យ​ចូល​នោះ​ទេ។

ហេតុ​អ្វីបានជាសត្វឆ្មាបែរជាត្រូវ “ហាមឃាត់” មិនឲ្យចូលដូច្នេះ?

ចូរយើងស្វែងយល់ពីអាថ៌កំបាំងដែលលាក់នៅពីក្រោយវត្តប្រាសាទបុរាណ។

ស្ថាបនិក – ព្រះតេជគុណ Kukai

ស្ថាបនិកវត្ត Koyasan គឺព្រះតេជគុណ Kukai ជាបុគ្គលដ៏អស្ចារ្យក្នុងព្រះពុទ្ធសាសនាជប៉ុន។

ព្រះតេជគុណប្រសូត្រនៅឆ្នាំ ៧៧៤ នៃខេត្ត Kagawa សព្វថ្ងៃ ព្រះតេជគុណបួសជាព្រះសង្ឃនៅជន្មាយុ ១៩ វស្សា។

នៅជន្មាយុ ៣១ វស្សា ព្រះតេជគុណបានទៅកាន់ប្រទេសចិនដើម្បីសិក្សាស្រាវជ្រាវអំពីព្រះពុទ្ធសាសនា ហើយក្នុងអំឡុង​ពេល​ត្រឹម ៨ ខែប៉ុណ្ណោះ ព្រះ​តេជគុណ​ត្រូវ​បានទទួលស្គាល់ដោយលោកគ្រូនៅទីនោះ ហើយបានក្លាយជាអ្នកស្នង​តំណែង​ដែល​សក្តិ​សម។

ព្រះតេជគុណបានត្រឡប់មកជប៉ុនវិញនៅជន្មាយុ ៣៣ វស្សា ជាមួយនឹងគោលបំណងចង់ឲ្យប្រទេសជាតិសន្តិភាព ពិភពលោកសុខសាន្ត ព្រះតេជគុណ Kukai បាន​ចំណាយ​ជា​ច្រើន​ដើម្បី​ស្វែង​រក​កន្លែង​ល្អ​សម្រាប់​សាង​សង់​វត្តប្រាសាទ។

នៅទីបំផុត ព្រះតេជគុណបានជ្រើសយកកំពូលភ្នំ Koyasan ហើយសម្រេចចិត្តកសាងទីកន្លែងនេះក្លាយតំបន់ព្រះ​ពុទ្ធ​សាសនា។

ហើយក្រោយមកនៅពេលដែលមានជន្មាយុ ៦២ វស្សា ព្រះតេជគុណបានឈានដល់ដំណាក់កាលបួសចុងក្រោយ ដែល​គេ​ហៅ​ថា សមាធិ (Zenjo) ។

ដើម្បីអាចអង្គុយសមាធិ និងសូត្រធម៌បានរហូត ព្រះតេជគុណបានលះបង់ការបរិភោគអាហារ ហើយនៅទីបំផុតបានក្លាយជាសាកសពដែលត្រូវបានរក្សាទុកហៅថា Sokushinbutsu ដែលមានន័យថា “ក្លាយ​ជា​ព្រះ​ក្នុង​រាង​កាយព្រះ​សង្ឃ” ។

នៅ Koyasan គេជឿថា ព្រះតេជគុណ Kukai មិនទាន់លាចាកលោកនោះទេ ប៉ុន្តែកំពុងស្ថិតក្រោមស្ថានភាពសមាធិ​​ជា​​រៀង​​រហូត​​ប៉ុណ្ណោះ។

ជា​រៀង​រាល់​ថ្ងៃ គេតែងតែយកអាហារមកប្រគេន និង​ផ្លាស់​សម្លៀក​បំពាក់ជូនព្រះតេជគុណ។

ដោយសារតែជំនឿនេះ ទើបការហាមឃាត់ស្ត្រី និងឆ្មាចូលភ្នំបានក្លាយទៅជាអាថ៌កំបាំង។

គេជឿថា ចំណុចទាំងនេះត្រូវបានធ្វើឡើងដើម្បី​កុំឲ្យរំខាន​ដល់​ដំណើរការបួសរបស់ព្រះតេជគុណ Kukai ។

ហេតុ​អ្វីបានជាត្រូវបែងចែករវាងឆ្កែ និងឆ្មាបែបនេះ?

ចំពោះបទប្បញ្ញត្តិហាមមិនឲ្យស្រ្តីចូលយើងប្រហែលជាដឹងហើយ ព្រោះចំណុចនេះអាចនឹងបង្កការរំខានដល់ការ​បួស។

នៅកន្លែងជាច្រើនដែល​ទាក់ទង​នឹង​ព្រះពុទ្ធសាសនា​ក៏​មានចែងបទប្បញ្ញត្តិ​ស្រដៀង​គ្នា​នេះ​ដែរ។

ដូច្នេះចំណែកឯសត្វឆ្មាវិញ? មូលហេតុ​ក៏ស្រដៀងគ្នាដែរ។

គេយល់ថា សត្វឆ្មាគួរឲ្យស្រលាញ់ពេកហើយ អាចនឹងធ្វើឲ្យព្រះសង្ឃមិនយកចិត្តទុកដាក់ចំពោះការបួស។

ប៉ុន្តែហេតុ​អ្វីបានជាសត្វឆ្កែអាចចូលបាន? តើមកពីសត្វឆ្កែមិនគួរឲ្យស្រលាញ់ឬ?

ប្រសិនបើអ្នកគិតដូច្នេះ គឺគិតខុសហើយ មិនមែនមកពីមូលហេតុ​នេះនោះទេ។

មានរឿងព្រេងតំណាលថា អំឡុងពេលធ្វើដំណើរស្វែងរកកន្លែងសាងសង់វត្តប្រាសាទ ព្រះតេជគុណ Kukai បានជួបឆ្កែ​ពណ៌​ស​មួយ​ក្បាល។

ឆ្កែមួយក្បាលនេះបាននាំផ្លូវព្រះតេជគុណទៅដល់​ភ្នំ Koyasan ដូច្នេះហើយ គេជឿថា ឆ្កែពណ៌សមួយក្បាលនោះជាអ្នក​នាំ​សារ​របស់​ទេវតា បាន​នាំ​ផ្លូវ​ព្រះ​តេជគុណ​មក​ដល់​កន្លែង​ដ៏​ពិសិដ្ឋ​នេះ។

ដូច្នេះហើយ សត្វឆ្កែត្រូវបានគេចាត់ទុកជាអ្នកនាំសាររបស់ទេវតា ហើយបាននាំផ្លូវព្រះតេជគុណ Kukai ដូច្នេះទើបមាន​សិទ្ធិ​ចូល។

ចំណុចនេះមិនមានន័យថា ព្រះតេជគុណ Kukai ស្រលាញ់តែសត្វឆ្កែ មិនស្រលាញ់ឆ្មានោះទេ។

សព្វថ្ងៃនេះ ជាមួយនឹងការធ្វើដំណើរមានភាពងាយស្រួល និងបទប្បញ្ញត្តិត្រូវបានបន្ធូរបន្ថយ ស្ត្រីក៏អាចទៅកាន់ Koyasan បាន​យ៉ាង​ងាយ​ស្រួល​ផង​ដែរ។

ភ្នំនេះថែមទាំងត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ២០០៤ ដែលទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​យ៉ាង​ច្រើន​កុះ​ករ។

Koyasan នាំមកនូវបរិយាកាសយ៉ាងពិសេស ដោយខុសពីកន្លែងផ្សេងទៀតនៅក្នុងប្រទេសជប៉ុន។

ជាពិសេសអ្នកដែលចូលចិត្តប្រវត្តិសាស្ត្រជប៉ុនប្រាកដជាចាប់អារម្មណ៍នៅពេលដែលដឹងថា ទីកន្លែងនេះធ្លាប់ជាកន្លែង​បញ្ចុះ​សព​សាមូរ៉ៃ​ជា​ច្រើន។

មិនត្រឹមតែមានវត្តប្រាសាទបុរាណ ព្រៃឈើខៀវស្រងាត់ និងបរិយាកាសដ៏ពិសិដ្ឋប៉ុណ្ណោះទេ Koyasan ថែមទាំងនាំនូវ​បទ​ពិសោធន៍​ដែល​មិន​អាច​បំភ្លេច​បាន។

សង្ឃឹមថាអ្នកទាំងអស់គ្នានឹងមកកាន់ Koyasan នៅពេលដែលមានឳកាសទៅលេងជប៉ុន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: