គ្រោះ​មហន្តរាយ​ធម្មជាតិ និង​ទឹក​ចិត្ត​របស់​កង​កម្លាំង​ស្វ័យ​ការ​ពារ​ជប៉ុន

កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ រញ្ជួយដីដ៏ធំមួយបានកើតឡើងនៅឧបទ្វីប Noto នៃប្រទេសជប៉ុន។

ផ្ទះជាច្រើនត្រូវបំផ្លាញ ហើយនោះជាគ្រោះមហន្តរាយដ៏ធំមួយ។

មូលហេតុដែលសមាជិកនៃកងកម្លាំងស្វ័យការពារជប៉ុនបំពានបទបញ្ជាជួយសង្គ្រោះជនរងគ្រោះបានធ្វើឲ្យប្រជា​ជន​​ដឹង​​គុណ​​យ៉ាង​​ខ្លាំង។

បទបញ្ជាមិនអនុញ្ញាតឲ្យយកវត្ថុអ្វីក្រៅពីរបស់របរដែលចាំបាច់

កងកម្លាំងស្វ័យការពារជប៉ុនដែលទៅដល់តំបន់រងគ្រោះ ត្រូវ​យក​សម្ភារៈ​ជួយ​សង្គ្រោះ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​បាន ដូច្នេះពួកគេមិនអាចយករបស់របរផ្ទាល់ខ្លួនផ្សេងទៀតឡើយ។

សមាជិកក្រុមត្រឹមតែអាចយកតាមរបស់របរផ្ទាល់ខ្លួនដែលចាំបាច់ប៉ុណ្ណោះ ដែលសម្រាប់ប្រើនៅតំបន់គ្រោះថ្នាក់។

នេះជាបទបញ្ជាដែលត្រូវធ្វើតាមដាច់ខាត។

ព្យាយាមយកសម្ភារៈជួយសង្គ្រោះដោយមិនគិតពីបទបញ្ជា

សមាជិក​ក្រុម​មួយ​ចំនួន​បានយកតាមម្សៅទឹកដោះគោ កន្ទប​សម្រាប់​ទារក និង​កុមារតូចៗ។

នៅពេលដែលដឹងថា សម្ភារៈជួយសង្គ្រោះសម្រាប់កុមារខ្វះខាត ពួកគេបានសម្រេចចិត្តបំពានបទបញ្ជា ហើយ​យក​តាមរបស់​របរ​ទាំង​នោះ​ដោយ​ចាត់​ទុក​ដូច​ជា​របស់​ផ្ទាល់​ខ្លួន ជាមួយនឹង​សង្ឃឹម​ជួយ​សង្គ្រោះគ្រួសារដែលមានកុមារ​តូចៗ​នៅ​តំបន់​រង​គ្រោះ។

ថ្វីត្បិតតែ ពួកគេត្រូវកាត់បន្ថយរបស់របរផ្ទាល់ខ្លួនក៏ដោយ ប៉ុន្តែ​ពួកគេនៅតែយកតាមម្សៅទឹកដោះគោ និងកន្ទបទារក។

ប៉ុន្តែពួកគេដឹងថា ការដែលធ្វើបែបនេះបំពានបទបញ្ជា ព្រោះរបស់ទាំងនោះមិន​អាច​ចាត់ទុកជារបស់របរផ្ទាល់ខ្លួននោះទេ។

ក្នុងនាមជាសមាជិកនៃកង​កម្លាំង​ការពារ ពួកគេត្រូវតែ​គោរព​តាម​បទបញ្ជាដាច់ខាត។

ទោះបីជាពួកគេដឹងថា សកម្មភាពទាំងនេះអាចជួយដល់មនុស្សជាច្រើន ប៉ុន្តែពួកគេនៅតែមិនអាចធ្វើផ្ទុយ​ពី​បទ​បញ្ជា​បាន​ឡើយ។

ការយល់ព្រមដែលមិនគួរឲ្យជឿពីមេបញ្ជាការ

មុន​ពេល​ចេញ​ដំណើរ លោក​មេ​បញ្ជាការ​បាន​ពិនិត្យមើល​អីវ៉ាន់​របស់​សមាជិក​ទាំង​អស់។

អំឡុងពេលត្រួតពិនិត្យ មេបញ្ជាការបានរកឃើញម្សៅទឹកដោះគោ និងកន្ទប ដែលច្បាស់ណាស់របស់របរទាំងនោះមិន​មែន​ជា​វត្ថុ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​សម្រាប់​ទាហានឡើយ។

យ៉ាងណាមិញ ដោយយល់ច្បាស់ពីចេតនាល្អរបស់ថ្នាក់ក្រោមចង់យករបស់របរទាំងនោះទៅជួយសង្គ្រោះប្រជាពលរដ្ឋនៅ​តំបន់​រង​គ្រោះ មេ​បញ្ជា​ការ​បាន​សម្រេច​ចិត្ត​ដូច​ជា “មើល​មិន​ឃើញ” ។

មេបញ្ជាការម្នាក់នោះបានសួរថា “តើទាំងនេះជារបស់របរផ្ទាល់ខ្លួនរបស់អ្នកមែនទេ?” ហើយទទួលបានចម្លើយពីថ្នាក់​ក្រោមដោយស្រប​តាម​បទ​បញ្ជាថា “បាទ​ទាន លោក​មេ​បញ្ជា​ការ” ។

ប្រសិនបើលោកមេបញ្ជាការមិនយល់ព្រម សមាជិកក្រុមមិនត្រឹមតែមិនអាចយករបស់របរទាំងនោះទៅប៉ុណ្ណោះទេ ថែម​ទាំង​ត្រូវ​ប្រឈម​នឹង​ការ​ពិន័យ​ផង​ដែរ។

មិនត្រឹម​តែប៉ុណ្ណឹង លោកមេ​បញ្ជាការ​ម្នាក់​នោះក៏ត្រូវប្រឈមនឹងបញ្ហាប្រសិនបើថ្នាក់លើ​មិន​យល់ព្រម។

ពេលវេលាដ៏លំបាករបស់អ្នកជួយសង្គ្រោះ

ប្រហែលជានៅមានអ្នកនៅរស់រានមានជីវិតកំពុងជាប់គាំងក្រោមគំនរបាក់បែក។

ប្រសិនបើមិនធ្វើសកម្មភាពឲ្យបានលឿន ពួកគេនឹងបាត់បង់ជីវិត។

ដូច្នេះហើយ ទើបសមាជិកក្រុមជួយសង្គ្រោះស្ទើរតែគ្មានពេលឈប់សម្រាក។

ពួកគេចម្អិនម្ហូប ប៉ុន្តែអាទិភាពដំបូងបង្អស់គឺផ្តល់​អាហារ​ដល់​ជនរងគ្រោះ។

ហេតុនេះពួកគេគ្រាន់តែអាចហូបកញ្ចប់អាហារដែលមិនទាន់កំដៅពេលកំពុងធ្វើការប៉ុណ្ណោះ។

ពួកគេ​សុខចិត្ត​លះបង់គ្រប់យ៉ាងដែលខ្លួនមាន ដើម្បី​នាំយក​របស់​សំខាន់ៗ​មក​ជូន​ប្រជាជន​នៅ​តំបន់​រងគ្រោះ។

នៅពេលដែលត្រូវបានគេសួរថា ហេតុ​អ្វី​បាន​ជាពួកគេធ្វើ​ដូច្នេះ?

ពួកគេបានឆ្លើយថា៖ “ជនរងគ្រោះ​រង​ទុក្ខ​ច្រើន​ជាង​យើងទៅទៀត”

អាច​និយាយ​បាន​ថា ពួកគេ​មិន​ត្រឹម​តែ​មាន​សុខភាព​រាង​កាយ​អស្ចារ្យ​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​មាន​ស្មារតី និង​បុគ្គលិក​​​លក្ខណៈ​​ខ្ពង់​ខ្ពស់​​ផង​ដែរ។

រឿង​ស្រដៀង​គ្នា​នេះមិនត្រឹម​តែកើតឡើងនៅ Noto ប៉ុណ្ណោះ​ទេ ហើយក៏បានកើតឡើងនៅតំបន់ជាច្រើនដែល​ត្រូវ​បំផ្លិច​បំផ្លាញ​​ដោយ​​គ្រោះ​​ធម្មជាតិ។

ថ្វីត្បិតតែ កងកម្លាំងស្វ័យការពារជប៉ុនជាកងកម្លាំងប្រដាប់អាវុធ មានតួនាទីការពារប្រទេសជាតិពីការឈ្លាន​ពាន។ 

ប៉ុន្តែ​នៅ​ប្រទេស​ដែលតែងតែកើតមានគ្រោះ​ធម្មជាតិ​ដូច​ជាជប៉ុន បេសកកម្មជួយ​​សង្គ្រោះ​ប្រជាជន​​ដែលរងគ្រោះគឺជាតួនាទីដ៏សំខាន់បំផុត។

ប្រសិនបើទឹកចិត្តដ៏កក់ក្តៅរបស់ពួកគេត្រូវបានផ្សព្វផ្សាយនៅទូទាំងពិភពលោក ប្រហែលជាពិភពលោកនឹងកាន់​តែ​មាន​សន្តិភាព។

ទោះបីជាមានប្រទេសខ្លះចំអកឲ្យពួកគេថា ជាកងទ័ពមិនប្រយុទ្ធក៏ដោយ ប៉ុន្តែពួកគេកំពុងតស៊ូយ៉ាងស្វិតស្វាញដើម្បី​ប្រជាជន​របស់​ខ្លួន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: