Tokyo បេះ​ដូង​​នៃ​ប្រទេស​ជប៉ុន និង​អាថ៌កំបាំង​ដែលជ្រើស​យក Tokyo ​ជា​រាជ​ធានី

Tokyo គឺជាចំណុចដំបូងគេដែលគ្រប់គ្នាគិតដល់ពេលរំលឹកពីប្រទេសជប៉ុន។

និយាយពីនយោបាយ និងសេដ្ឋកិច្ច Tokyo ប្រៀបដូចជាមូលដ្ឋាន ដែលមានប្រជាជនប្រមាណ ១៤ លាននាក់។

ប្រសិនបើរាប់បញ្ចូលទាំងតំបន់ទីប្រជុំជន Tokyo មួយផ្នែកនៃ Kanagawa, Saitama និង Chiba ដូច្នេះ​ប្រជាជនមាន​ចំនួន​ដល់​ទៅ ៣៧,៨ លាន​នាក់ ដោយ​ក្លាយ​ទៅ​ជា​ទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​ដែល​ធំ​ជាង​គេ​នៅ​លើពិភព​លោក។ 

សព្វថ្ងៃ Tokyo មួយផ្នែកធ្លាប់ត្រូវបានគេស្គាល់ឈ្មោះថា Edo ហើយនៅសម័យនោះ ទីនេះបានក្លាយទៅជាមូលដ្ឋានជប៉ុនទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។ Edo តែង​តែ​ជា​ទីក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​ដែល​មាន​ប្រជាជនច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក។

ពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ពេលដឹងថា កន្លែងដែលជាទីក្រុងឈានមុខគេលើពិភពលោកបែរជាធ្លាប់ជាតំបន់ដែល​មាន​លក្ខខណ្ឌ​រស់​នៅ​អាក្រក់​ទៅ​វិញ។

ដូច្នេះតើចំណុចអ្វីទៅដែលធ្វើឱ្យមនុស្សជ្រើសយកការសាងសង់​ទីក្រុង​ធំនៅកន្លែងបែបនេះ? ចូរយើងស្វែងរកចម្លើយតាម​រយៈ​ប្រវត្តិ​សាស្ត្រ។

កន្លែងដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារគ្រោះមហន្តរាយ

ថ្វីត្បិតតែ ជប៉ុនត្រូវបានគេចាត់ទុកជាប្រទេសដែលកើតមានរញ្ជួយដីញឹកញាប់ ប៉ុន្តែនៅជប៉ុនមិនមែនគ្រប់ទីកន្លែង​សុទ្ធ​តែ​ដូច​គ្នា​នោះ​ទេ។

​តំបន់​ដូច​ជា​ខេត្ត Okayama មានភូមិសាស្ត្រ​ស្ថិរភាព កម្រនឹងរងផលប៉ះពាល់ដោយសារ​រញ្ជួយ​ដី។

ទោះជាយ៉ាងណា ទីក្រុង Tokyo ជាករណីដោយឡែក ទីក្រុងនេះស្ថិតនៅក្នុងតំបន់ដែលមានហានិភ័យកើតមាន​រញ្ជួយដី​ខ្ពស់ រួម​ទាំង​រញ្ជួយដី​ដោយ​ផ្ទាល់​នៅ​ក្រោម​ដី។

ទេសភាពភ្នំ Fuji ស្រស់ស្អាតជាអ្វីដែលមិនអាចប្រកែកបាន ប៉ុន្តែនៅពីក្រោយភាពស្រស់ស្អាតនោះជាការគំរាមកំហែង​ដែល​មិន​ដឹង​មុន។ ជា​ភ្នំ​ភ្លើង​ដែល​កំពុង​ដំណើរ​ការ ភ្នំ Fuji អាច​ផ្ទុះ​គ្រប់​ពេល​វេលា។

ប្រវតិ្តសាស្រ្តធ្លាប់ប្រឈមនឹងបន្ទុះភ្នំ Fuji ជាច្រើនដង ហើយផេះនៃបន្ទុះភ្នំភ្លើងធ្លាប់គ្របដណ្ដប់ទូទាំង Edo ដែលបណ្តាល​ឱ្យ​កើត​មាន​ការ​ខូច​ខាត​ជា​ច្រើន។

ក្រៅពីនេះ ទឹកជំនន់ក៏កើតឡើងញឹកញាប់ផងដែរ ហើយខ្យល់ត្រជាក់ដែលបក់មកពីភ្នំភាគខាងជើងធ្វើឱ្យរដូវរងានៅ​ទីក្រុង Tokyo កាន់​តែ​អាក្រក់ និង​ស្ងួត ដែល​បណ្តាល​ឱ្យ​កើត​មាន​ករណី​ឆេះ​ជា​ច្រើន។

ក្នុងស្ថានភាពបែបនេះ ពិតជាពិបាកនឹងរកបានកន្លែងដែលអាក្រក់ជាងនេះណាស់មែនទេ? 

ទីក្រុង Tokyo ត្រូវបានសាងសង់តាមបញ្ជា

បុគ្គលដែលបានសាងសង់ Edo ដែលជាមូលដ្ឋាននៃទីក្រុង Tokyo សព្វថ្ងៃ ជាលោកមេទ័ពសាមូរ៉ៃ Tokugawa Ieyasu ។ ដោយផ្អែកលើការបង្រួបបង្រួមសាមូរ៉ៃនៅទូទាំងប្រទេសជប៉ុន Edo បានក្លាយទៅជាមូលដ្ឋានរបស់ប្រទេស​ជាតិ។ យ៉ាង​ណា​មិញ Ieyasu មិន​មែន​ជា​អ្នករើស​យក Edo ដោយ​ខ្លួន​ឯង​នោះ​ទេ។

ក្នុងសម័យនោះ នៅតែមានសាមូរ៉ៃដែលមានឋានៈខ្ពស់ជាង លោកបានទទួលបញ្ជាឱ្យ “សាងសង់ទីក្រុងមួយនៅ Edo” ។ ដូច្នេះហើយ ទោះបីមិនមែនជាស្រុកកំណើតរបស់ខ្លួន ក៏ Ieyasu បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអភិវឌ្ឍកន្លែងនេះ។

ហេតុ​អ្វីបានជាមិនប្តូររាជធានី?

បន្ទាប់ពីក្លាយទៅជាអ្នកនាំមុខ Tokugawa Ieyasu អាចប្តូររាជធានី។ ទោះ​ជា​យ៉ាង​ណា លោក​មិន​បាន​ធ្វើ​ដូច្នេះ​ទេ ព្រោះតែបានពិចារណាដល់គម្លាត​នឹង​គ្រួសារ​រាជវង្ស។

នៅសម័យនោះ គ្រួសាររាជវង្សស្ថិតនៅទីក្រុង Kyoto ហើយជាមូលដ្ឋាន អធិរាជទើបជាអ្នកនាំមុខប្រទេសជប៉ុន។

ដូច្នេះហើយ ទើប Ieyasu មិនប្តូររាជធានីចេញឆ្ងាយពីទីក្រុង Kyoto ។ 

អាចនិយាយបានថា Tokugawa Ieyasu ត្រូវបានប្រគល់ភារកិច្ចគ្រប់គ្រងប្រទេសជប៉ុនតាមសំណើរបស់អធិរាជ។ ទោះជាយ៉ាងណា ប្រសិនបើប្តូររាជធានីទៅជិតទីក្រុង Kyoto អាចនឹងត្រូវ​រាជវង្ស​ធ្វើ​អន្តរាគមន៍។ ដូច្នេះហើយ លោកបានសម្រេចចិត្តអភិវឌ្ឍ​កន្លែង​ដែល​ខ្លួនកំពុងរស់នៅគឺ​ Edo ។

នៅពេលដែលរបប Tokugawa shogunate ដួលរលំ អំណាច​គ្រប់គ្រង​ប្រទេស​បានត្រឡប់ចូលដៃរបស់អធិរាជ។

ទ្រង់បានសម្រេចចិត្តប្តូររាជធានីនៅទីក្រុង Kyoto ទៅកាន់ Edo ដែលជាទីក្រុងអ៊ូអរ និង​អភិវឌ្ឍន៍​បំផុត​នៅ​ពេល​នោះ។

ក្រោយមក Edo ត្រូវបានប្តូរឈ្មោះទៅជា Tokyo ហើយបន្តអភិវឌ្ឍជាបន្តបន្ទាប់ ដោយក្លាយជាទីក្រុងមួយចំណោមទីក្រុងដែលធំជាងគេលើពិភពលោកដូចសព្វថ្ងៃ។

តើ Tokyo គឺជារាជធានីមែនទេ?

ថ្វីត្បិតតែ យើងទម្លាប់ហៅ Tokyo ជារាជធានី ប៉ុន្តែប្រហែលមនុស្សជាច្រើនមិនដឹងថា តាមពិតទៅ ជប៉ុនមិនមាន​បទ​ប្បញ្ញត្តិ​កំណត់​ច្បាស់​អំ​ពី​រាជធានី​នោះ​ទេ។

នៅបណ្តាប្រទេសផ្សេងទៀតតែងតែកំណត់ទីក្រុងរាជធានីក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ប៉ុន្តែរដ្ឋធម្មនុញ្ញជប៉ុនបែរជាមិន​មាន​បទ​ប្បញ្ញត្តិ​នេះ​ឡើយ។ 

ដូច្នេះ​ហើយ យើងអាចយល់បានថា Tokyo ជា “ទីក្រុងដែលកំពុងដើរតួនាទីជា​រាជធានី” ។

ទោះបីជាមានការស្នើសុំជាច្រើនទាក់ទងនឹងការផ្លាស់ប្តូររាជធានីទៅកាន់តំបន់មួយផ្សេង ប៉ុន្តែដោយសារគ្រប់យ៉ាង​បាន​ប្រមូល​ផ្តុំ​នៅ Tokyo ដូច្នេះ​ទើប​ការ​ផ្លាស់​ប្តូរ​មិន​អាច​ធ្វើ​ទៅ​បាន​រហូត​មក​ដល់​ពេល​នេះ។

ដោយសារទីក្រុង Tokyo ប្រឈមនឹងហានិភ័យដូចជារញ្ជួយដី និងខ្យល់ព្យុះកាន់តែខ្លាំងឡើង ខ្ញុំគិតថា យើងគួរតែពិចារណា​ដល់​ការ​ផ្លាស់​ប្តូរ​រាជធានី ឬ​បំបែក​មុខ​ងារ​របស់ Tokyo ទៅ​ឱ្យ​ទីក្រុង​ផ្សេង​ទៀត។

ក្នុងនាមជាអ្នកដែលកើត និងធំដឹងក្តីនៅទីក្រុង Tokyo ខ្ញុំមិនចង់មើលឃើញទីក្រុងនេះធ្លាក់ចុះនោះទេ ហើយការ​ពិភាក្សា​ទាក់​ទង​នឹងការ​​ផ្លាស់​​ប្តូរ​​មុខ​ងារ​​របស់​រាជធានី​នៅ​តែ​បន្ត។

ទីក្រុង Tokyo នៅមានតំបន់បុរាណជាច្រើនដែលពិបាកនឹងអភិរក្សទាំងស្រុង ប្រហែលជាដល់ពេលដែលត្រូវចាប់ផ្តើម​ជំពូក​ថ្មី​នៅ​តំបន់​មួយ​ផ្សេង​ហើយ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: