លោកតាកសិករជនជាតិជប៉ុនអាយុ ៩០ ឆ្នាំប្រឡងជាប់វគ្គបញ្ជាយន្តហោះគ្មានមនុស្សបើកឆ្ពោះទៅរកគោលបំណង “កសិកម្មឆ្លាតវៃ”
នៅទីក្រុងក្យូតូលោកតាអាយុ ៩០ ឆ្នាំម្នាក់ បានធ្វើអោយមនុស្សជាច្រើនកោតសរសើរតាមរយៈការប្រឡង ដោយទទួលបានវិញ្ញាបនបត្របញ្ជាយន្តហោះគ្មានមនុស្សបើកសម្រាប់កសិកម្មខ្នាតធំនៅថ្ងៃទី ១០ ធ្នូ ឆ្នាំ ២០២២ ។
លោកតា Mamoru Tanaka កំពុងដំណើរការអាជីវកម្មដែលមានឯកទេសផ្គត់ផ្គង់អង្ករក្នុងស្រុក Fukuchiyama ទីក្រុង Kyoto ភាគខាងលិចប្រទេសជប៉ុន។ គាត់ឆ្ពោះទៅរក “កសិកម្មឆ្លាតវៃ” ក្នុងអាជីវកម្មរបស់ខ្លួន។
លោតាធ្លាប់ធ្វើការនៅសាជីវកម្មទូរគមនាគមន៍ បន្ទាប់ពីលាឈប់ការងារនៅ NTT (Nippon Telegraph and Telephone) សព្វថ្ងៃលោកតាកំពុងដាំស្រូវលើផ្ទៃដីប្រហែល ៨០០០ ម៉ែត្រការ៉េ។
ជាមួយនឹងផ្ទៃដីធំបែបនេះ គាត់ចាប់ផ្តើមយល់ថាពិបាកក្នុងការលើកម៉ាសុីនបាចស្រូវ និងជីដែលមានទម្ងន់សរុបរហូតដល់ ៣០ គីឡូក្រាម។ ដូច្នេះគាត់ចាប់អារម្មណ៍នឹងយន្តហោះគ្មានមនុស្សបើក ដែលត្រូវបានគេប្រើក្នុងវិស័យកសិកម្មនៅប្រទេសជប៉ុន។
នៅទីបំផុតលោកតា Mamoru Tanaka បានចុះឈ្មោះចូលរៀនបញ្ជាយន្តហោះគ្មានមនុស្សបើក នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលនៃសមាគមបណ្តុះបណ្តាលអ្នកបើកយន្តហោះនៅ Fukuchiyama ទីក្រុងក្យូតូ។ លោកតាចូលរួមវគ្គបណ្តុះបណ្តាលដែលមានរយៈពេល ៥ ម៉ោង ស្តីពីច្បាប់អាកាសចរណ៍ និងអាកាសធាតុ តាមការណែនាំដោយរដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃក្រសួងដឹកជញ្ជូន និងវគ្គបណ្តុះបណ្តាលបញ្ជាយន្តហោះគ្មានមនុស្សបើករយៈពេល ១០ ម៉ោង មុននឹងឆ្លងកាត់ការប្រឡងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។
លោកតា Mamoru Tanaka រំលឹកដល់ការប្រឡងអនុវត្ត ហើយនិយាយថា “ពិបាកក្នុងការចាប់យកចម្ងាយដោយភ្នែកទទេណាស់” ។ ទោះជាយ៉ាងណាលោកតាមិនជួបបញ្ហាអ្វីទាំងអស់ពេលបញ្ជាយន្តហោះ ហើយធ្វើអោយអ្នកណែនាំចាប់អារម្មណ៍ជាមួយនឹងស្ថេរភាពរបស់ខ្លួន។
មុននោះនៅខែធ្នូ លោកតា Mamoru Tanaka អាយុ ៩០ ឆ្នាំក៏ទទួលបានប័ណ្ណបើកបរម៉ូតូធំ ជាពិសេសដើម្បីបញ្ជាត្រាក់ទ័រប្រើសម្រាប់កសិកម្មដែលមានទទឹងជាង ១,៧ ម៉ែត្រ។
លោកតាអាយុ ៩០ ឆ្នាំរូបនេះមានបំណងចង់បញ្ចូលដំណោះស្រាយកសិកម្មឆ្លាតវៃ ដូចជាការប្រើយន្តហោះគ្មានមនុស្សបើកសម្រាប់បាចជី ទៅក្នុងអាជីវកម្មបច្ចុប្បន្នរបស់គាត់។
Japo Cambodia