ប្តីប្រពន្ធជនជាតិជប៉ុនគេងបន្ទប់ខុសគ្នា – តើដោយសារតែអាពាហ៍ពិពាហ៍គ្មានសុភមង្គលឬ?
មានមតិជាច្រើននិយាយអំពីគូស្វាមីភរិយាជនជាតិជប៉ុន ក្នុងចំណោមសំណួរដែលត្រូវបានគេលើកឡើងច្រើនបំផុតគឺ “ហេតុអ្វីបានជាគូស្វាមីភរិយាជនជាតិជប៉ុននៅបន្ទប់ខុសគ្នាខណៈដែលផ្ទះតូច?”
ជាការពិតគូស្វាមីភរិយាជនជាតិជប៉ុនជាច្រើននៅបន្ទប់តែមួយ ប៉ុន្តែពួកគេដេកនៅលើគ្រែពីរផ្សេងគ្នា។
រូបភាព https://rocketnews24.com/2013/07/23/351068/
ប្រសិនបើអ្នកផ្សេងដឹងអាចនឹងគិតថាទំនាក់ទំនងប្តីប្រពន្ធមិនល្អ ប៉ុន្តែបើអ្នកស្វែងយល់ ហេតុផលពិតប្រាកដស្ថិតនៅលើភាពខុសគ្នានៃរបៀបរស់នៅ។
ជនជាតិជប៉ុនលើគេហទំព័រ Iromegane បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន៖
“ពេលខ្ញុំនៅក្មេងឪពុកម្តាយខ្ញុំនៅបន្ទប់ផ្សេងគ្នា។ នៅពេលនោះខ្ញុំគិតថាអ្នកទាំងពីរមិនស្រលាញ់គ្នា ប៉ុន្តែក្រោយមកខ្ញុំដឹងថារបៀបរស់នៅរបស់ពួកគេខុសគ្នា។ ម្តាយរបស់ខ្ញុំធ្វើការវេនយប់ហើយទៅផ្ទះយឺត។ ពុកខ្ញុំក្រោកទាំងកណ្តាលយប់ដើម្បីទៅទទួលម្តាយរបស់ខ្ញុំនៅស្ថានីយ៍រថភ្លើងចម្ងាយពីផ្ទះប្រហែលកន្លះម៉ោងបើកឡាន។ នៅព្រឹកបន្ទាប់ឪពុករបស់ខ្ញុំនឹងភ្ញាក់ឡើងនៅម៉ោង ៦ៈ៣០ នាទី ដើម្បីដាស់ខ្ញុំ និងធ្វើអាហារពេលព្រឹក”។
នៅពេលគូស្វាមីភរិយាជនជាតិជប៉ុនមានកូន ធម្មតាកូននឹងគេងជាមួយឪពុកម្តាយ។ ខុសពីកុមារនៅអឺរ៉ុប ក្មេងគ្មានបន្ទប់ផ្ទាល់ខ្លួនរហូតដល់ចូលរៀនថ្នាក់បឋមសិក្សា (ឆាប់បំផុត)។ ទោះបីជាយ៉ាងណាដើម្បីអោយប្តីសម្រាកបានស្រួល (ដោយសារប្តីជាម្ចាស់គ្រួសារ) គាត់ត្រូវបានដេកដាច់ដោយឡែក ចំណែកកូនដេកជាមួយម្តាយ។ ដូច្នេះគូស្វាមីភរិយាចាប់ផ្តើមគេងបន្ទប់ខុសគ្នាពេលមានកូន។
លើសពីនេះទៀតហេតុផលមួយដែលគូស្វាមីភរិយាជនជាតិជប៉ុនគេងបន្ទប់ខុសគ្នាដោយសារពូកបែបជប៉ុន (Futon) មានទំហំសម្រាប់តែមនុស្សម្នាក់។ អាស្រ័យលើទំនាក់ទំនងរបស់ប្តីប្រពន្ធនាំអោយចម្ងាយរវាងពូក Futon ជិតឬឆ្ងាយ។ ប្រសិនបើអ្នកទាំងពីរគេងនៅលើ Futon តែមួយអាចនឹងធ្លាក់នរណាម្នាក់ចុះក្រោម។
យោងតាមការស្រាវជ្រាវមួយចំនួនការគេងតែម្នាក់ឯងនាំមកនូវដំណេកលក់ស្រួល។ ប្រជាជនជប៉ុនជាច្រើនយល់ថាការគេងម្នាក់ឯងមិនរំខានអ្នកដទៃ ខ្លួនយើងក៏មិនចាំបាច់កម្រិតទម្លាប់អាក្រក់ដែរ។
រូបភាព https://allabout.co.jp/gm/gc/470873/
ទោះបីជាយ៉ាងណាការដែលគេងបន្ទប់ខុសគ្នាអាចជាសញ្ញាមួយនៃ Kateinai Bekkyo (家庭内別居) – រស់នៅជាមួយគ្នាតែមិនមែនជាប្តីប្រពន្ធ។ មានន័យថាទោះបីជាអាពាហ៍ពិពាហ៍បានបញ្ចប់ដោយមូលហេតុណាមួយ (អាចមកពីកូន) ពួកគេនៅតែរស់នៅក្នុងផ្ទះតែមួយ។ Kateinai Bekkyo កើតឡើងបន្ទាប់ពីស្វាមីចូលនិវត្តន៍។ ហើយអត្រាគូស្វាមីភរិយាជនជាតិជប៉ុនដែលរស់នៅបែបនេះច្រើនជាងការលែងលះគ្នាតាមច្បាប់។
មានហេតុផលជាច្រើនដែលគូស្វាមីភរិយាជប៉ុនមិនគេងជាមួយគ្នា។ ប្រសិនបើក្មេងនៅក្នុងគ្រួសារមួយនិយាយថា “ឪពុកម្តាយរបស់ខ្ញុំមិនដេកជាមួយគ្នាទេ ប៉ុន្តែពួកគេមើលទូរទស្សន៍ ចម្អិនម្ហូប និងញញឹមដាក់គ្នា” មិនអាចនិយាយថាគ្រួសារនេះគ្មានសុភមង្គលឡើយ។
ប្រភព Iromegane
Sacchan