ប៉ូលីសចិនឃាត់ខ្លួន Youtuber ជនជាតិជប៉ុនព្រោះរៀបចំ “free hug” នៅកន្លែងសាធារណៈ
Koichi Kuwabara គឺជា Youtuber ជនជាតិជប៉ុនម្នាក់ល្បីឈ្មោះជាមួយនឹងវីដេអូ “free hug” នៅបណ្តាប្រទេសអាស៊ីដើម្បីផ្សព្វផ្សាយអំពីសន្តិភាពអស់រយៈពេល ៧ ឆ្នាំ។
េនះជាវីដេអូសកម្មភាពរបស់គាត់នៅប្រទេសកូរ៉េ។
មូលហេតុពីក្រោយសកម្មភាពនេះព្រោះពេល Koichi Kuwabara ទំនាក់ទំនងជាមួយនឹងជនជាតិកូរ៉េ និងជនជាតិចិនកំឡុងពេលធ្វើដំណើរទេសចរណ៍ គាត់យល់ឃើញថាពួកគេខុសទាំងស្រុងអ្វីដែលប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនបានពិពណ៌នា។ ដោយសារភាពតានតឹងផ្នែកនយោបាយ និងជម្លោះក្នុងប្រវត្តិសាស្រ្តនាំអោយជនជាតិជប៉ុនមួយចំនួនគ្មានអារម្មណ៍ល្អចំពោះប្រជាជនទាំង ២ ប្រទេសនេះ។ Kuwabara ព្យាយាមបន្ថយការយល់ច្រឡំដោយរៀបចំ “free hug” ក្នុងគោលបំណងល្អ។ ក្នុងពេលជាមួយគ្នានេះដែរគាត់ក៏កំពុងផុសសកម្មភាពរបស់ខ្លួនលើ Youtube ដើម្បីផ្សព្វផ្សាយគោលបំណង។
ទោះបីពេលខ្លះគាត់ជួបមនុស្សមួយចំនួនមានគំនិតអវិជ្ជមាន ប៉ុន្តែភាគច្រើនសុទ្ធតែទទួលយកទឹកចិត្តរបស់គាត់។ ទោះបីជាគំនិតនយោបាយខុសគ្នាប៉ុន្តែភាគច្រើនមិនស្អប់ចំពោះបុគ្គលជប៉ុនណាមួយឡើយ។
ប៉ុន្តែនៅក្នុងវីដេអូថ្មីៗនេះរបស់គាត់ Youtuber ត្រូវប៉ូលីស ៣ នាក់មកសាកសួរ។
លើកនេះ Kuwabara ប្រារព្ធធ្វើព្រឹត្តិការណ៍នៅណានជីងប្រទេសចិន។ នេះក៏ជាកន្លែងដែលការសម្លាប់រង្គាលក្នុងប្រវត្តិសាស្ត្របានកើតឡើងកំឡុងពេលសង្គ្រាមចិន និងជប៉ុនដែរ។
ក្នុងវីដេអូមាន Clip បាតុកម្មប្រឆាំងនឹងជប៉ុនពីប៉ុន្មានឆ្នាំមុននៅណានជីង។
Kuwabara កាន់ផ្លាកមួយខាងលើមានទង់ជាតិប្រទេសចិន និងទង់ជាតិប្រទេសជប៉ុនជាមួយនឹងអក្សរ “មិត្តភាពចិន និងជប៉ុន សូមឳបគ្នា!” ប្រជាជនមួយចំនួនគឺគាំទ្រ។
ប៉ុន្តែបរិយាកាសស្រាប់តែតានតឹងភ្លាមៗពេលមានប៉ូលីស ៣ នាក់មកជិតគាត់។ ពួកគេសាកសួរទាំងមិត្តជនជាតិចិនរបស់ Kuwabara ហើយសម្រេចចិត្តយកគាត់ទៅស្ថានីយ៍ប៉ូលីស។
សំណាងនៅស្ថានីយ៍ប៉ូលីសក្រុម Youtuber មានឱកាសដើម្បីពន្យល់លម្អិតជូនប៉ូលីស ហើយធ្វើអោយប៉ូលីសផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេ។
ប៉ូលីសចាប់ផ្តើមលេងសើចជាមួយ Kuwabara និងក្រុមមិត្តភក្តិរបស់គាត់ដោយនិយាយថាប្រសិនបើអ្នកចង់ផ្សព្វផ្សាយពីសន្តិភាពអ្នកគួរតែដាក់និមិត្តសញ្ញាសត្វព្រាប។ ប៉ូលីសមួយចំនួនថែមទាំងកោតសរសើរ Kuwabara ដោយសារតែគាត់អាចធ្វើដំណើរតែម្នាក់ឯងទៅកាន់ប្រទេសជាច្រើន។
ទោះបីទៅស្ថានីយ៍ប៉ូលីសនៅលើទឹកដីប្រទេសផ្សេង បុរស Youtuber នៅតែក្លាហានបន្តបេសកកម្មសន្តិភាពរបស់ខ្លួនជាមួយគំនិតវិជ្ជមាន។
អតីតកាលបានកន្លងផុតទៅ ភាពយល់ច្រឡំនៅតែបន្តរហូតមកដល់បច្ចុប្បន្ន។ សម្រាប់មនុស្សម្នាក់ៗគួរតែស្រលាញ់មិនរើសអើមជនជាតិ។ គួរតែលើកទឹកចិត្តការផ្សព្វផ្សាយពីសន្តិភាពសម្រាប់ពិភពលោក។
ប្រភព Grapee
Sacchan