តើជប៉ុនកាលពីសម័យមុនគាំទ្រចំពោះការសម្លាប់មនុស្សឬ?
ពិតមែនហើយ ប៉ុន្តែមានតែនៅសម័យសាមូរ៉ៃប៉ុណ្ណោះ។ ជប៉ុនកាលសម័យមុនមានច្បាប់មួយ ដែលធ្វើឲ្យមនុស្សជាច្រើនក្នុងសម័យនោះភ័យខ្លាច។ បច្ចុប្បន្នសម្លាប់នរណាម្នាក់ស្របច្បាប់ គឺធ្វើចំពោះឧក្រិដ្ឋជនដែលមានទោសប្រហារជីវិត។ ប៉ុន្តែនៅសម័យសាមូរ៉ៃ ទោះបីមិនមែនជាប៉ូលីសក៏មានសិទ្ធិសម្លាប់មនុស្សដែរ។
ច្បាប់ជប៉ុនសម័យនោះអនុញ្ញាតឲ្យមានការសងសឹក។ ធម្មតាការចាប់ខ្លួន និងប្រកាសផ្តន្ទាទោសជាប់ពន្ធនាគារចំពោះនរណាម្នាក់ជាភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច។ ប៉ុន្តែក្នុងករណីធ្វើឲ្យជនល្មើសរត់គេចខ្លួន ជនរងគ្រោះមានសិទ្ធិសងសឹក។
ឧទាហរណ៍៖ កូនប្រុសមានសិទ្ធិសងសឹកពេលឪពុកម្តាយត្រូវគេសម្លាប់។
ក្រៅពីនេះ ការសងសឹកត្រូវបានលើកលែងទោសម្តង។ ចង់សងសឹកត្រូវផ្តល់ហេតុផលសាកសម និងត្រូវបានការអនុញ្ញាតដោយរដ្ឋាភិបាល។ ដើម្បីកុំឲ្យមានការសងសឹកដល់មនុស្សជំនាន់ក្រោយ។
សម័យនោះប្រទេសជប៉ុនបែងចែកជាច្រើនតំបន់ ត្រូវបានគ្រប់គ្រងដោយសាមូរ៉ៃខុសគ្នា។ ធម្មតាសាមូរ៉ៃមិនអាចចេញពីតំបន់របស់ខ្លួនបានទេ ប៉ុន្តែប្រសិនមានបញ្ជាក់ការសងសឹក ម្នាក់នោះអាចទៅគ្រប់ទីកន្លែងក្នុងប្រទេសជប៉ុនដើម្បីស្វែងរកសត្រូវ។
ក្នុងករណីជាស្រ្តី ឬក្មេងចង់សងសឹកមនុស្សដែលខ្លាំងពូកែ ពួកគេមានសិទ្ធិជួលអ្នកសម្លាប់មនុស្សដែលហៅថា (Sukedachi)។ Sukedachi ត្រូវមានការជូនដំណឹង និងអនុញ្ញាតទើបអាចសម្លាប់មនុស្ស។
ច្បាប់គឺដូចនេះ ប៉ុន្តែនៅតែមានចំណុចជាច្រើនដែលត្រូវពិចារណាក្នុងច្បាប់នេះ។ ឧទាហរណ៍ ប្រពន្ធសហាយស្មន់ បុរសជាប្តីត្រូវបានអនុញ្ញាតឲ្យសងសឹក (តាមច្បាប់សម័យនោះ)។ ប៉ុន្តែការសងសឹកនោះត្រូវចាត់ទុកដូចជាភាពអន់ខ្សោយរបស់បុរសជាប្តី។ ទុកឲ្យប្រពន្ធរបស់ខ្លួនត្រូវបរុសដទៃដណ្តើម គឺជាការអាម៉ាស់។
ក្រៅពីនេះ នៅមានការសងសឹកជាច្រើនផ្សេងទៀត។ ឧទាហរណ៍ ការសងសឹករបស់ស្រ្តីត្រូវបុរសបោះបង់ចោល។
ពេលរៀបការជាមួយបុរសម្នាក់ ក្នុងរយៈពេលមួយខែ ប្រសិនបុរសម្នាក់នោះរៀបការជាមួយអ្នកផ្សេង ប្រពន្ធដើមមានសិទ្ធិព្រមានអ្នកថ្មី ដោយឲ្យមនុស្សបំផ្លាញផ្ទះសំបែងរបស់ម្នាក់នោះ។ រឿងនេះត្រូវគេចាត់ទុកជាការរក្សាកិត្តិយសរបស់ភរិយាដែលជាប្រពន្ធដើម។
ប៉ុន្តែករណីមិនអាចសងសឹកបាន ដល់ទីបញ្ចប់គឺ (Sashibara) – វះពោះខ្លួនដូចជាសាមូរ៉ៃជប៉ុនដែរ។ ប៉ុន្តែក្នុងករណីនេះការវះពោះត្រូវធ្វើនៅចំពោះមុខសត្រូវ។
ដោយសារអស់សង្ឃឹម និងភាពទន់ខ្សោយ មិនអាចបញ្ចប់កំហឹងក្នុងជាតិនេះ។ នៅពេលនោះ ម្នាក់នោះនឹងវះពោះខ្លួននៅចំពោះមុខសត្រូវដើម្បីបង្ហាញថា ខ្លួនបានខំប្រឹងសងសឹកដល់ទីបញ្ចប់។ ចំណុចនេះគេចាត់ទុកដូចជាការភ្នាល់ជីវិត បន្ទាប់ពីម្នាក់នោះវះពោះ សត្រូវអាចនឹងរងសម្ពាធខ្លាំង ហើយវះពោះស្លាប់តាមក្រោយ។ មិនបង្ខំឲ្យធ្វើអត្តឃាតទេ ប៉ុន្តែប្រសិនបើមិនធ្វើអត្តឃាត គឺជាការអាម៉ាស់ខ្លាំង ត្រូវគេថ្កោលទោស និងសើចចម្អក។
ប្រសិនបើការសងសឹកទទួលបានជោគជ័យនឹងត្រូវបានកោតសរសើរ។
តើអ្នកយល់បែបណាចំពោះរបបច្បាប់នេះ?
Abe Kengo