ចាប់ផ្តើមនិទាឃរដូវថ្មីជាមួយនឹងពិធីបុណ្យជាច្រើននៅ​ប្រទេសជប៉ុន

មានរឿងមួយដែលចម្លែក​បន្តិចនៅ​ប្រទេសជប៉ុន នៅពេលអ្នកប្តូរពីប្រតិទិនឆ្នាំ​ ២០១៨ ទៅប្រតិទិនឆ្នាំ​ ២០១៩ អ្វីដែលកំពុងរង់ចាំអ្នកមិនមែនភាព​កក់​ក្តៅនៃនិទាឃរដូវប៉ុន្តែជាពិធី​បុណ្យនៃរដូវ​រងា​ដ៏​ពិសេស។ ព្រិល Illumination (សិល្បៈចង្កៀង​ led) រូបសំណាក​ស្ថាបត្យកម្ម​ធ្វើ​ពី​ព្រិល -ល- ។ អ្វី​ទាំងនេះគឺជា​ការ​បើក​សម្ភោធឆ្នាំ​ថ្មី​ដ៏​ឥត​ខ្ចោះនៅ​ជប៉ុន។

ដូចដែល​អ្នក​បាន​ដឹង​មក​ហើយ​ ប្រទេសជប៉ុន​គឺ​ជា​ប្រទេសដែល​មាន​វប្បធម៌​ និង​ទំ​នៀម​ទម្លាប់​ច្រើន។ ប្រជាជនជប៉ុនចូលចិត្តសម្រស់ធម្មជាតិ ហេតុនេះ​គេ​ខំ​ប្រឹង​ដើម្បី​ធ្វើ​អោយ​លេច​ធ្លោទាំង​បួន​​រដូវនៅ​ក្នុង​ឆ្នាំនីមួយៗ ដោយ​ការ​ប្រារព្ធពិធី​បុណ្យផ្សេងៗ។ រដូវ​រងានេះ សូ​ម​ចូល​រួម​ពិធី​បុណ្យ​រដូវ​រងា​គួរ​អោយ​ចាប់​អារម្មណ៍​ដើម្បី​ចាប់​ផ្តើម​ឆ្នាំ ២០១៩ យ៉ាង​ពេញ​លេញ។

១. ពិធី​បុណ្យ​ព្រិល​ Sapporo នៅ Hokkaido

រូបភាព https://www.pinterest.com

ពិធី​បុណ្យ​ព្រិល​ដែល​ល្បី​នេះត្រូវ​បានប្រារព្ធធ្វើ​ឡើង​រៀងរាល់ខែកុម្ភៈ។ នេះជាឱកាសមួយដើម្បីបង្ហាញពីស្ថាបត្យ​កម្ម​ព្រិល ដែលមានស្នាដៃសិល្បៈ ដូច​ជា​រូប​សំ​ណាក​នៃអ្នក​ដែល​ល្បី​ឈ្មោះ។ ក្រៅ​ពី​នេះ​នៅ​ពេល​យប់ថែមទាំង​មាន​ពិធី​ជប់​លៀង​ក្រោម​ពន្លឺ​ភ្លើងធ្វើ​អោយ​ភាព​ទាក់​ទាញនៃរូប​សំ​ណាក​ព្រិល​កាន់​តែ​ស្អាត​។ អ្នក​អាច​ទស្សនា​ទេសភាព ហើយ​ផឹក​នូវ​ភេសជ្ជៈក្តៅនៅ Ice Bar។

២. ពិធី​បុណ្យ Namahage Sedo នៅ Akita

រូបភាព https://vi.japantravel.com

នេះ​គឺ​ជា​ពិធី​បុណ្យ​ប្រពៃ​ណី​នៅ​ខេត្ត Akita។ Namahage គឺជាឈ្មោះបានមកពីរឿងរ៉ាវបុរាណមួយដែល​រៀប​រាប់​អំ​ពី​បិសាចពាក់​អាវ​ចំ​បើងហើយ​មាន​របាំង​មុខ​គួរអោយ​ខ្លាច គោះទ្វារ​តាម​ផ្ទះនៅដើមឆ្នាំដើម្បីរកក្មេងក្បាល​ខូច​។ នេះបើយោងតាមជំនឿរបស់ប្រជាជនក្នុងតំបន់ កុមារដែលយំច្រើននឹងអាចមានសុខភាពមិនល្អ ហេតុ​នេះ​ហើយ ​នេះជារបៀបដែលពួកគេបន្លាច​ក្មេង​ៗ។ ប៉ុន្តែ​ក៏​មាន​ករណី​ជាច្រើនបិសាច​ “ក្លែង​ក្លាយ​” ទៅ​ជា “ពិត”។ ឆ្នាំ ២០០៨ មនុស្ស​ម្នាក់​ដែល​បាន​សម្តែង​ក្នុង​សម្លៀក​បំពាក់ Namahage បានចូល​ទៅ​ “មើល” ក្នុង​បន្ទប់​ទឹក​សាធារណៈមួយ​សម្រាប់​នារី ជាកន្លែងដែលគាត់ត្រូវបានគេចោទប្រកាន់ថាបានបំពាន​ស្ត្រីមួយចំនួននៅពេលពួកគេកំពុងងូតទឹកនៅទីនោះ។

៣. ពិធី​បុណ្យ​ព្រិល Niino នៅ Nagano

រូបភាព https://aminoapps.com

គោលបំណងនៃពិធីបុណ្យនេះគឺដើម្បីបួង​សួង​សម្រាប់រដូវមាន​អាហារគ្រប់​គ្រាន់ ដូច្នេះប្រជាជនក្នុងស្រុកនឹងស្លៀកសម្លៀកបំពាក់ ប្រពៃណីរបស់កសិករជប៉ុនហៅ​ថា Saiho និង​រាំ​របាំសត្វ​ស្វា។ ដោយ​សារ​តែ​សម្លៀក​បំ​ពាក់​ពណ៌​ឆើតពេក បច្ចុប្បន្ន​ក៏​មាន​អ្នក​រើស​ស្លៀក Kimono ពណ៌​សដើម្បី​ចូល​រួម​ពិធី​បុណ្យ។ ភ្ញៀវ​ទេសចរណ៍​ដែល​មាន​ឱកាស​ទៅ​ដល់​ប្រទេសជប៉ុនក្នុង​រដូវពិធី​បុណ្យអាច​ឃើញ​នូវ​របាំពិសេសនេះរួម​ជាមួយ​សម្លេង​ស្គរ Taiko ​ក្នុង​ទេសភាព​ព្រិល​ធ្លាក់​ស​នៃ​រដូវ​រងា។

៤. ពិធី​បុណ្យ​ព្រិល Yokote Kamakura នៅ Akira

រូបភាព http://www.monnhatban.com

ពិធីបុណ្យដ៏យូរអង្វែងនេះមាន​ជាង ៤០០​ឆ្នាំមក​​ហើយ លក្ខណៈពិសេសគួរអោយ​ចាប់អារម្មណ៍បំផុតគឺថាផ្ទះ​ព្រិលដែលមាន​ទំហំខុសគ្នាត្រូវ​បាន​គេ​ហៅ​ថា kamakura។ នៅ​ក្នុង​ពិធី​បុណ្យ​ ប្រជាជនក្នុងស្រុកញ៉ាំនំអង្ករហើយ​ផឹក​ sake ក្តៅ។ ក្មេងៗ​នឹង​លាក់​ខ្លួន​ក្នុង​ kamakura ហើយ​ស្រែក​ថា “Haittettanse” ពេល​ដែល​មាន​មនុស្ស​ដើរ​ឆ្លង​កាត់។ បើមាន​ឱកាស​ចូល​រួម​ពិធី​បុណ្យ​នេះ អ្នក​នឹង​ត្រូវ​បាន​អ្នក​ស្រុក​អញ្ជើញសាក amazake គឺជា​ប្រភេទ​ស្រា sake សប្រពៃ​ណីធ្វើ​ពី​អង្ករ មាន​កម្រិត​ជាតិ​អាល់​កុល​ទាប។ នៅ​ពេល​យប់ គេ​អុច​ទៀន​ខាង​ក្នុង kamakura បង្កើត​ជា​ទិដ្ឋភាព​កក់ក្តៅពោពេញ​ទៅ​ដោយ​ភាព​ទាក់​ទាញ។

៥. ពិធី​បុណ្យ​អាក្រាត​កាយ Saidaiji Eyo នៅ Okayama

រូបភាព http://anhvinhhanoi.com

ពិធី​បុណ្យ​ស្តាប់​ទៅ​ហាក់​ដូចជា​ចម្លែក​នេះមាន​ប្រវតិ្ត​ជាង​ ៥០០​ឆ្នាំមក​ហើយ នេះ​គឺជា​ពិធី​បុណ្យ​មួយ​ក្នុង​ចំ​ណោម​ពិធី​បុណ្យ​អាថ៌​កំ​បាំង​ល្បី​បំ​ផុត​នៅ​ប្រទេសជប៉ុន។ ប្រហែល ៩០០០ បុរស​គ្រាន់​តែ​ពាក់​ក្រណាត់​បាំង​ឈរ​នៅ​ខាង​ក្រៅ​វត្ត​ រង់​ចាំ​ពេល​វេលា​ដើម្បី​ចាប់​យក​ដំ​បង​ដ៏​ពិសិដ្ឋដែល​ត្រូវបាន​បោះ​ចេញ​ដោយ​ព្រះ​សង្ឃ។

តើអ្នក​បាន​រក​ឃើញពិធី​បុណ្យ​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​សម្រាប់​ឆ្នាំ ២០១៩ ពេញទៅ​ដោយ​ភាព​រីក​រាយសម្រាប់​ខ្លួន​​ឬ​នៅ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: