ជប៉ុនកំពុងជួបបញ្ហាធំមួយ ក្រោយចិនបញ្ឈប់ការនាំចូលសំរាម
កាកសំណល់ប្លាស្ទិក កំពុងកើនឡើងយ៉ាងគំហុកក្នុងប្រទេសជប៉ុនដែលអាជ្ញាធរក្នុងតំបន់ជាច្រើនព្យាយាមដោះស្រាយ ក្រោយពេលប្រទេសចិនបញ្ឈប់ការនាំចូលសំរាមកាលពីចុងឆ្នាំមុន។
យោងតាមការស្ទង់មតិរបស់ក្រសួងឲ្យដឹងថា ចំនួនកាកសំណល់ប្លាស្ទិកដែលផ្ទុកនៅក្រុមហ៊ុនកាកសំណល់ក្នុងតំបន់ បានបន្ដកើនឡើងចន្លោះខែមករា និងខែកក្កដា។ លើសពីនេះទៀត របាយការណ៍មួយចំនួន បង្ហាញថាចំនួនប្លាស្ទិកកើនឡើងហួសកំណត់ទៀតផង។ ប្រទេសជប៉ុន បាននាំចេញកាកសំណល់ប្លាស្ទិកប្រមាណ ១,៥ លានតោន ក្នុងមួយឆ្នាំ ហើយ ពាក់កណ្តាលត្រូវបាននាំទៅប្រទេសចិនសម្រាប់ការកែច្នៃឡើងវិញ។ ប៉ុន្តែកាលពីចុងឆ្នាំ ២០១៧ ប្រទេសចិន ឈប់ទទួលយកកាកសំណល់ប្លាស្ទិកដោយសារព្រួយបារម្ភអំពីការបំពុលបរិស្ថាន។
ទោះយ៉ាងណាក៏ដោយ ក្រសួងបរិស្ថានកំពុងចងក្រងយុទ្ធសាស្រ្តដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិក ហើយកំពុងពិចារណាពីវិធានការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឲ្យបាន ២៥ ភាគរយនៅឆ្នាំ ២០៣០ ហើយជំរុញឲ្យពលរដ្ឋងាកមកប្រើប្រាស់ប្លាស្ទិកជីវសាស្ត្រដែលមិនប៉ះពាល់ដល់បរិស្ថានវិញ៕
ប្រភព៖ Japantimes / Sabay News