ការពិតដែលនិយាយអំពីពែងតែធំ និងវាំងននប្រឡាក់នៅភោជនីយដ្ឋានស៊ូស៊ី
ការពិតដែលនិយាយអំពីពែងតែធំ និងវាំងននប្រឡាក់នៅភោជនីយដ្ឋានស៊ូស៊ី។
នៅពេលដែលទៅបរិភោគនៅភោជនីយដ្ឋានស៊ូស៊ីជប៉ុន តើប្រិយមិត្តធ្លាប់កត់សម្គាល់ ឬឆ្ងល់ទាក់ទងនឹងរបស់ប្រើប្រាស់នៅទីនោះដែរទេ?
ជាទូទៅយើងនឹងមើលឃើញពែងតែដែលមានទំហំធំជាងពែងធម្មតា ហើយនោះគឺជាពែងសម្រាប់ផឹកតែ។ ទោះជាយ៉ាងណា បច្ចុប្បន្នភោជនីយដ្ឋានស៊ូស៊ីកម្រនឹងប្រើប្រភេទពែងនេះណាស់ ប៉ុន្តែទន្ទឹមនឹងនោះ ភោជនីយដ្ឋានប្រពៃណីដែលមានអាយុកាលយូរឆ្នាំនៅតែពេញនិយមប្រភេទពែងនេះខ្លាំងណាស់ ដែលជាផ្នែកមួយសម្រាប់ថែរក្សាវប្បធម៌ម្ហូបអាហារជប៉ុន។
តែមួយពែងដ៏ស្រស់ស្រាយនារដូវក្តៅស្អុះស្អាប់ ឬតែក្តៅឧណ្ហៗមួយពែងនៅយប់នារដូវរងាដ៏ត្រជាក់ គឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះសម្រាប់ការទទួលទានអាហារ។ មិនត្រឹមតែស៊ូស៊ីប៉ុណ្ណោះទេ សូម្បីតែមុខម្ហូបផ្សេងទៀតក៏ដោយ។ ដូច្នេះហេតុអ្វីបានជាពែងតែដែលមានទំហំធំៗបែរជាពេញនិយមនៅភោជនីយដ្ឋានស៊ូស៊ី ទាំងដែលកន្លែងផ្សេងមិននិយមប្រើទៅវិញ?
ដូច្នេះហើយ តើចម្លើយជាអ្វី?
ក្រៅពីនេះ ថែមទាំងមានរឿងរ៉ាវនិយាយអំពីវាំងននដែលព្យួរនៅតាមភោជនីយដ្ឋាននីមួយៗ (ដែលមានឈ្មោះហៅថា Noren) ។
គេតែងតែនិយាយថា ប្រសិនបើយើងមើលឃើញភោជនីយដ្ឋានដែលមានវាំងនន noren ប្រឡាក់ ស៊ូស៊ីនៅទីនោះប្រាកដជាឆ្ងាញ់ណាស់។
ស្តាប់ទៅដូចជាចម្លែកណាស់ ព្រោះថាប្រជាជនជប៉ុនមានរបៀបរស់នៅមានអនាម័យ និងសណ្តាប់ធ្នាប់ល្អ ប៉ុន្តែបែរជាចូលចិត្តហាងដែលមើលពីខាងក្រៅមិនសូវអនាម័យទៅវិញ។
នៅថ្ងៃនេះ JAPO នឹងស្រាយចម្ងល់សម្រាប់ប្រិយមិត្តទាំងអស់ទាក់ទងនឹងចំណុចនេះ រឿងរ៉ាវអាថ៌កំបាំងនិយាយពីភោជនីយដ្ឋានស៊ូស៊ី។
ពែងតែធំគឺប្រើសម្រាប់លាងម្រាមដៃ
ដើមឡើយ ស៊ូស៊ីមិនមែនជាម្ហូបដែលយើងទទួលទាននៅក្នុងភោជនីយដ្ឋានដូចសព្វថ្ងៃនេះទេ ប៉ុន្តែតាមពិតទៅត្រូវបានដាក់លក់នៅតាមតូបអាហាររហ័ស។
មិនមានបុគ្គលិកបម្រើការនោះទេ ម្ចាស់ហាងនឹងរៀបចំស៊ូស៊ីដោយខ្លួនឯង ឆុងតែសម្រាប់ភ្ញៀវ និងទទួលប្រាក់។
ដូច្នេះហើយ ម្ចាស់ហាងនឹងប្រើពែងធំៗដើម្បីធានាថាបរិមាណតែគ្រប់ល្មមសម្រាប់ភ្ញៀវផឹក ហើយម្ចាស់ហាងក៏មិនចាំបាច់ឆុងតែច្រើនដងពេកដែរ ទាំងដែលកំពុងរវល់ធ្វើរឿងជាច្រើនក្នុងពេលតែមួយ។
ហើយបន្ទាប់ពីបរិភោគរួច ភ្ញៀវអាចប្រើពែងតែមួយនោះសម្រាប់លាងដៃមុនពេលចាកចេញពីហាង។
សព្វថ្ងៃនេះ ភ្ញៀវអាចប្រើប្រាស់ “oshibori “ ជាប្រភេទកន្សែងសើមដែលប្រើនៅតាមភោជនីយដ្ឋាន។ យ៉ាងណាមិញ កាលពីមុន មុនពេលដែលកន្សែងដៃទាំងនេះមាន ស៊ូស៊ីគឺជាមុខម្ហូបដ៏ពេញនិយម ហើយមនុស្សគ្រប់គ្នាសុទ្ធតែប្រើដៃសម្រាប់បរិភោគ។ ដែលមានន័យថា ហាងត្រូវរៀបចំកន្លែងសម្រាប់ភ្ញៀវលាងដៃបន្ទាប់ពីបរិភោគរួច ប៉ុន្តែជាមួយនឹងទម្រង់អាជីវកម្មតូបលក់អាហារនៅពេលនោះ ចំណុចនេះមិនអាចទៅរួចនោះទេ។ ផ្ទុយទៅវិញ ភ្ញៀវអាចលាងដៃរបស់ខ្លួនដោយប្រើទឹកតែដែលនៅសល់។
ក្នុងតែមានផ្ទុកសារធាតុមួយហៅថា catechin ដែលត្រូវបានគេចាត់ថាអាចប្រឆាំងនឹងបាក់តេរី និងបំបាត់ក្លិនមិនល្អ។
នោះជារឿងរ៉ាវដែលនិយាយពីពែងតែធំកាលពីសម័យមុន។ សព្វថ្ងៃនេះ ភោជនីយដ្ឋានស៊ូស៊ីមួយចំនួននៅតែប្រើពែងប្រភេទនេះ ដែលប្រៀបបីដូចជាការថែរក្សាវប្បធម៌ម្ហូបអាហារជប៉ុន ប៉ុន្តែលែងប្រើសម្រាប់លាងដៃទៀតហើយ។ ដូច្នេះប្រសិនបើយើងទៅបរិភោគមើលឃើញពែងតែនេះដោយចៃដន្យ ចូរប្រើសម្រាប់ផឹកតែ និងមើលប៉ុណ្ណោះ សូមកុំលាងដៃឲ្យសោះ។
ដូច្នេះតើការដែលទៅបរិភោគនៅហាងដែលមានវាំងនន noren ប្រឡាក់ល្អជាងពិតដែរទេ? តើចំណុចនេះពិត ឬយ៉ាងណា?
Noren គឺជាវាំងននក្រណាត់ខ្លី ដែលបិទបាំងផ្នែកខាងលើច្រកទ្វារចេញចូល។
សព្វថ្ងៃនេះ យើងនៅតែមើលឃើញវាំងននទាំងនេះព្យួរនៅតាមច្រកចូលភោជនីយដ្ឋានស៊ូស៊ីជាច្រើន ប៉ុន្តែកាលពីមុន វាថែមទាំងត្រូវបានប្រើសម្រាប់វាយតម្លៃមុខម្ហូបឆ្ងាញ់របស់ហាងផងដែរ វាំងននកាន់តែកខ្វក់ អាហារកាន់តែឆ្ងាញ់។
ជាការពិតណាស់ នេះជាចម្ងល់ដ៏ធំមួយទាំងដែលគំនិតនេះមានប្រភពមកពីជប៉ុន ជាប្រទេសមួយដែលល្បីថាស្រលាញ់ភាពស្រស់ស្អាត។
តាមពិតទៅ វាំងនន noren នេះជារបស់ដែលភ្ញៀវប្រើសម្រាប់ជូតម្រាមដៃរបស់ខ្លួនបន្ទាប់ពីលាងដៃជាមួយតែ ជំនួសដោយការប្រើកន្សែង។ ដូច្នេះហើយ វាំងនន noren កាន់តែកខ្វក់មានន័យថា មានភ្ញៀវជាច្រើនបានមកបរិភោគនៅកន្លែងនេះ។
ជប៉ុនជាប្រទេសមួយដែលស្រលាញ់ភាពស្រស់ស្អាត និងឲ្យតម្លៃទៅលើអនាម័យ ប៉ុន្តែនៅតែមានរឿងរ៉ាវមួយចំនួនធ្វើឲ្យយើងមានការភ្ញាក់ផ្អើល។
ហើយជាការពិតណាស់ នេះជារឿងរ៉ាវដែលបានកើតឡើងយូរណាស់មកហើយ។
សព្វថ្ងៃនេះ ស៊ូស៊ីគឺជាមុខម្ហូបដ៏ពេញនិយមមួយនៅជុំវិញពិភពលោក រួមទាំងនៅប្រទេសកម្ពុជាផងដែរ។ សង្ឃឹមថា រឿងនេះនឹងនាំមកនូវបទពិសោធន៍ដ៏ពិសេសសម្រាប់អ្នកដែលចូលចិត្តស៊ូស៊ី មិនថានោះគ្រាន់តែជាចំណុចតូចតាចបំផុតក្នុងវប្បធម៌ម្ហូបអាហារជប៉ុនក៏ដោយ។
Abe Kengo
