តើអនាគតរបស់ Nissan នឹងទៅជាយ៉ាងណានៅពេលដែលកាត់បន្ថយសកម្មភាពអាជីវកម្ម?
តើអនាគតរបស់ Nissan នឹងទៅជាយ៉ាងណានៅពេលដែលកាត់បន្ថយសកម្មភាពអាជីវកម្ម?
Nissan ធ្លាប់ត្រូវបានចាត់ទុកជាសហគ្រាសមួយក្នុងចំណោមសហគ្រាសធំទាំងបី ដែលរួមចំណែកយ៉ាងធំធេងខាងវិស័យឧស្សាហកម្មរថយន្តជប៉ុន។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះសហគ្រាសកំពុងស្ថិតក្នុងស្ថានភាពលំបាកយ៉ាងខ្លាំង។
សហគ្រាសនេះធ្លាប់ផលិតម៉ូដែលរថយន្តស្ពរដែលមានកម្លាំងខ្លាំងហៅថា Nissan GT-R ឬគេហៅកាត់ថា GT-R ហើយគេថែមទាំងបានដាក់រហស្សនាមថា “Godzilla” មិនត្រឹមតែប៉ុណ្ណឹងល្បីថា ម៉ាសុីនដំណើរការខ្លាំង ការរចនាបែបស្ព័រ និងបច្ចេកវិទ្យាទំនើប ដូច្នេះហេតុអ្វីបានជា Nissan បែរជាធ្លាក់ចុះយ៉ាងលឿនបែបនេះ?
ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ពន្យាពេលទូទាត់
មិនត្រឹមតែនៅប្រទេសជប៉ុនប៉ុណ្ណោះទេ Nissan ថែមទាំងមានមូលដ្ឋាននៅតាមបណ្តាប្រទេសជុំវិញពិភពលោកផងដែរ។ ក្នុងចំណោមនោះ មានមូលដ្ឋានចំនួន ១០ ត្រូវបានដាក់ក្នុងគម្រោងរៀបចំរចនាសម្ព័ន្ធឡើងវិញ ហើយចំនួនកម្មករដែលត្រូវបញ្ឈប់ពីការងាររហូតដល់ទៅ ២ ម៉ឺននាក់។ ទន្ទឹមនឹងនេះ Nissan ក៏កំពុងពិចារណាបិទកន្លែងផលិតចំនួនពីរនៅក្នុងប្រទេសជប៉ុនផងដែរ។
ដោយបានដឹងថា Nissan មានចំនួនបុគ្គលិកសរុបប្រមាណ ១៣ ម៉ឺននាក់ ដូច្នេះចំនួន ២ ម៉ឺននាក់ស្មើនឹង ១៥% ក្នុងចំណោមនោះ។
នៅពេលដែលទម្រង់អាជីវកម្មរបស់សហគ្រាសមួយផ្លាស់ប្តូរ ការរៀបចំរចនាសម្ព័ន្ធឡើងវិញអាចនឹងកើតឡើង។
ឧទាហរណ៍ដូចជាខាងវិស័យព័ត៌មានវិទ្យា ដំណាក់កាលដំបូងត្រូវការប្រភពធនធានមនុស្សច្រើន ហើយនៅពេលដែលចាប់ផ្តើមដំណាក់កាលប្រតិបត្តិការ នោះធនធានមនុស្សត្រូវកាត់បន្ថយ។ ប៉ុន្តែខាងវិស័យឧស្សាហកម្មផលិតកម្ម គេតែងតែយល់ថា ការកាត់បន្ថយបុគ្គលិកស្មើនឹងការកាត់បន្ថយទ្រង់ទ្រាយ។
ក្រៅពីនេះ មានព័ត៌មានបានឲ្យដឹងថា Nissan បានស្នើសុំក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ជាច្រើនពន្យាពេលទូទាត់សម្រាប់ខ្លួន។
ប្រហែលជាក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើនសុខចិត្តទទួលយកការពន្យារពេល ប្រសិនបើ Nissan ដាក់ភ្នាល់ធំចំពោះកំណើននាពេលអនាគត ប៉ុន្តែក្នុងស្ថានភាពបច្ចុប្បន្ន បញ្ហាផ្នែកហិរញ្ញវត្ថុរបស់ Nissan អាចមើលឃើញយ៉ាងច្បាស់ ក្រុមហ៊ុនផ្គត់ផ្គង់បារម្ភថា ប្រសិនបើពួកគេយល់ព្រមពន្យារពេលសម្រាប់ Nissan ពួកគេនឹងប្រឈមមុខនឹងហានិភ័យនៃការទូទាត់ទាំងនេះនៅពេលក្រោយ។
ប្រសិនបើមើលតាមទិសដៅនេះ ក្រុមហ៊ុនផ្គត់ផ្គង់នឹងមិនបន្តសហការជាមួយ Nissan នាពេលអនាគតឡើយ។
ភាគីដៃគូប្រកួតប្រជែង
មិនដូចជា Nissan នោះទេ Honda មានហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់ធ្វើការស្រាវជ្រាវទាក់ទងនឹងការបាញ់បង្ហោះរ៉ុក្កែត ចំណែកឯ Toyota ក៏កំពុងឆ្ពោះទៅមុខផងដែរ។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាពន្ធគយរបស់សហរដ្ឋអាមេរិក Toyota កំពុងប្រកាន់ភ្ជាប់គោលជំហរតាមរយៈការដកខ្លួនចេញពីសហរដ្ឋអាមេរិក ហើយសហការជាមួយនឹងកាណាដា។ ព័ត៌មានទាក់ទងនឹងរឿង Toyota មានសមត្ថភាពគ្រប់គ្រាន់អាចអង្រួនពិភពលោក ហើយការបន្តរីកចម្រើនរបស់ Toyota ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់។
ដោយធ្លាប់ជាក្រុមហ៊ុនលក់រថយន្តស្រដៀងគ្នា ប៉ុន្តែឥឡូវនេះមានតែ Nissan ប៉ុណ្ណោះដែលស្ថិតក្នុងស្ថានភាពលំបាក ដូច្នេះមិនអាចបន្ទោសឧស្សាហកម្មនេះបានទេ។
មូលហេតុដែលបណ្តាលឲ្យធ្លាក់ក្នុងស្ថានភាពពិបាក
មូលដ្ឋានផលិតលើសពីតម្រូវការ ជាការពិតណាស់ ចំណុចនេះនឹងធ្វើឲ្យការចំណាយកាន់តែច្រើនឡើង ហើយការបញ្ចុះតម្លៃលក់ក៏មិនអាចធ្វើបានដែរ។
ចំពោះបញ្ហានេះ Toyota ពិតជាពូកែគ្រប់គ្រង និងមានលទ្ធភាពដាក់ចេញផលិតផលដែលមានគុណភាពខ្ពស់ ជាមួយនឹងតម្លៃទាប ដូចជាប្រភេទរថយន្តទូទៅ និងរថយន្តប្រណីតផងដែរ។
ដំបូងឡើយ ប្រព័ន្ធផលិតកម្មរបស់ Toyota ត្រូវបានបង្កើតឡើងក្នុងគោលបំណងកាត់បន្ថយការចំណាយ ដូច្នេះខ្ញុំគិតថា នេះជាចំណុចដែលខុសគ្នា។
អ្នកដែលកាន់តំណែងជាន់ខ្ពស់នៅ Nissan ទទួលបានប្រាក់ខែខ្ពស់ ទោះបីជាត្រូវបានកាត់បន្ថយប្រាក់ខែហើយក៏ដោយ ក៏នៅតែទទួលបានប្រាក់ខែខ្ពស់ជាង បើប្រៀបនឹងសមាជិកថ្នាក់ដឹកនាំដែលមានមុខតំណែងដូចគ្នានៅ Toyota ។
ប្រសិនបើដឹងរឿងនេះ តើបុគ្គលិកដែលកំពុងស្ថិតក្នុងស្ថានភាពមិនដឹងថាពេលណាពួកគេនឹងត្រូវបណ្តេញចេញនោះអាចទទួលយកបានទេ?
ហើយក៏មានអ្នកខ្លះយល់ថា គំនិតរបស់ថ្នាក់ដឹកនាំរបស់ Nissan ហួសសម័យទៅហើយ ហើយមិនអាចតាមទាន់សម័យកាល។ ប្រហែលជាដោយសារមូលហេតុនេះ ទើបពួកគេមិនអាចសម្រេចបានលទ្ធផលថ្មីដូចជា Honda ។
ឥឡូវនេះ នៅពេលដែលស្ថានភាពកាន់តែពិបាកទៅ ការដាក់ចេញសេចក្តីសម្រេចចិត្តណាមួយគឺយឺតពេលហើយ។
ការអភិវឌ្ឍរថយន្តចំណាយច្រើនណាស់ ដូច្នេះក្នុងស្ថានភាពបច្ចុប្បន្ន ការដាក់ចេញម៉ូដែលរថយន្តថ្មីដែលមានភាពទាក់ទាញគឺជាបញ្ហាដ៏ពិបាកសម្រាប់ Nissan ។
ទោះជាយ៉ាងណា ដោយធ្លាប់ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលបានជួយដល់សេដ្ឋកិច្ចជប៉ុន ដូច្នេះ Nissan អាចនឹងទទួលបានប្រភពប្រាក់ជំនួយ រួមទាំងរដ្ឋាភិបាល ឬធនាគារផងដែរ។
ប៉ុន្តែមានរឿងមួយដែលប្រាកដថា ប្រសិនបើ Nissan មិនធ្វើកំណែទម្រង់ធំដើម្បីស្តារឡើងវិញនោះទេ ដូច្នេះមិនថាទទួលបានការគាំទ្រ ឬជំនួយច្រើនប៉ុណ្ណា អតីតកាលអាចនឹងកើតឡើងម្តងទៀត។
ដោយដឹងថា រដ្ឋាភិបាលជប៉ុនក៏បានផ្តួចផ្តើមការពិភាក្សាដែលទាក់ទងនឹងការដាក់បញ្ចូលនឹង Honda ប៉ុន្តែ Honda បានបដិសេធការដាក់បញ្ចូលនេះ។
គ្រប់អាជីវកម្មទាំងអស់ ប្រសិនបើយើងបន្តរក្សាគំនិតចាស់ ដោយមិនមានការច្នៃប្រឌិត ដើម្បីតាមឲ្យទាន់សម័យកាល នោះរឿងស្រដៀងគ្នានេះអាចនឹងកើតឡើងចំពោះអាជីវកម្មរបស់យើងក្នុងពេលណាមួយ។
អាជីវកម្មមួយប្រៀបដូចជាសារពាង្គកាយមានជីវិត ប្រសិនបើមិនមានលទ្ធភាពសម្របខ្លួនតាមស្ថានការណ៍ទេនោះ ពិបាកនឹងរស់រានមានជីវិតនាពេលអនាគតណាស់។
Abe Kengo