ការប្រមូលទិញកាកសំណល់របស់មនុស្សនៅជប៉ុន
ការប្រមូលទិញកាកសំណល់របស់មនុស្សនៅជប៉ុន។
“សូមកុំអានខ្លឹមសារអត្តបទនេះពេលកំពុងទទួលទានអាហារ” ។
ប្រហែលជាស្តាប់ទៅដូចជាខ្វះការគួរសមបន្តិច ប៉ុន្តែនេះជារឿងពិតទាំងស្រុង ដែលខ្ញុំសូមអនុញ្ញាតចែករំលែកក្នុងខ្លឹមសារអត្តបទខាងក្រោម។
“កាកសំណល់មនុស្ស ពោលគឺលាមករបស់មនុស្សដែលត្រូវបានប្រមូលទិញក្នុងតម្លៃ ៥០០០ យ៉េន” ។
ប្រសិនបើអ្នកបានឮព័ត៌មាននេះ អ្នកទាំងអស់គ្នាប្រាកដជាគិតថា មិនដឹងថាមនុស្សរោគចិត្តប្រភេទណាបែរជាចង់ប្រមូលទិញកាកសំណល់នោះទេ ប៉ុន្តែតាមពិតទៅ គោលបំណងនៃការប្រើប្រាស់បែរជាសំខាន់ទៅវិញ។
ហាក់បីដូចជាកាកសំណល់ទាំងនោះត្រូវបានប្រើធ្វើជាធាតុផ្សំសម្រាប់ព្យាបាលជម្ងឺដំណាក់កាលចុងក្រោយ។ ម្យ៉ាងវិញទៀត អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតគឺ កាកសំណល់ទាំងនោះត្រូវបានកែច្នៃធ្វើជាថ្នាំសម្រាប់ផឹក។
ទោះជាយ៉ាងណា មិនមែនយកទាំងអស់នោះទេ ប៉ុន្តែមានតែលាមកដែលមានសុខភាពល្អប៉ុណ្ណោះទើបគេប្រមូលយក ហើយចំណុចនេះជាឧបសគ្គមួយព្រោះចំនួនប្រជាជនត្រឹមតែ ៥ ទៅ ១០ ប៉ុណ្ណោះដែលអាចទទួលយកបាន។
ថ្វីត្បិតតែ មិនទាន់ច្បាស់ពីអត្តន័យលាមកដែលមានសុខភាពល្អជាអ្វី ប៉ុន្តែប្រសិនផ្អែកលើព័ត៌មាននេះ ច្បាស់ណាស់នៅពេលនេះ យើងកំពុងឈានចូលសម័យកាលដែលសូម្បីតែលាមកក៏អាចរកប្រាក់បានដែរ។
នៅជប៉ុនថ្ងៃដែលគេប្រមូលយកកាកសំណល់យកទៅកៃច្នៃធ្វើជាថ្នាំ និងដាក់ចេញទៅកាន់ពិភពលោកប្រហែលជាជិតមកដល់ហើយ។
មិនត្រឹមតែប្រទេសជប៉ុនប៉ុណ្ណោះទេ នៅសហរដ្ឋអាមេរិកមានក្រុមហ៊ុនមួយចំនួនក៏កំពុងដំណើរការខាងផ្នែកស្រដៀងគ្នាផងដែរ ដូច្នេះមិនអាចនិយាយថា ប្រជាជនជប៉ុនកំពុងធ្វើរឿងដែលមិនធម្មតានោះទេ។
កាលពីមុន នៅប្រទេសជប៉ុនក៏ធ្លាប់មានករណីកាកសំណល់មនុស្សត្រូវបានប្រមូលទិញនោះដែរ។
នៅពេលនោះទីក្រុង Edo (ដែលសព្វថ្ងៃនៅភាគខាងកើតទីក្រុងតូក្យូ) គឺជាទីក្រុងដ៏ធំមួយ ដែលមានប្រជាជនរស់នៅ និងផ្ទះសម្បែងច្រើន ហើយឈ្មួញនឹងទៅដល់ទីនោះដើម្បីប្រមូលទិញកាកសំណល់។
កាលសម័យនោះ ការប្រមូលទិញកាកសំណល់គឺដើម្បីយកទៅធ្វើជាវត្ថុធាតុដើមដូចជាជីសម្រាប់កសិកម្ម។
ប្រហែលជាចាប់ពីពេលនោះមក កាកសំណល់ត្រូវបានបែងចែកតាមប្រភេទ។
គ្រួសារអភិជនដែលជាអ្នកមានត្រូវបានគេចាត់ទុកថាបរិភោគអាហារឆ្ងាញ់ ដូច្នេះកាកសំណល់របស់ពួកគេក៏មានគុណភាពខ្ពស់ផងដែរ។ ចំណែកឯកាកសំណល់របស់ប្រជាជនធម្មតាទទួលបានការវាយតម្លៃទាប ដូច្នេះឃើញថាមានភាពខុសគ្នាពេលប្រមូលទិញ។
ស្រដៀងនឹងអាផាតមិនសព្វថ្ងៃនេះដែរ នៅសម័យនោះ មានតំបន់ផ្ទះរស់នៅរួមគ្នា ក្នុងភាសាជប៉ុនហៅថា nagaya ។ ប៉ុន្តែចំណុចខុសគ្នាត្រង់ថា តំបន់ផ្ទះរស់នៅរួមគ្នានេះ គ្រួសារនីមួយៗមិនមានបង្គន់ដោយឡែកឡើយ ប៉ុន្តែគ្រប់គ្នាប្រើបង្គន់តែមួយប៉ុណ្ណោះ។
ដូច្នេះអាចនិយាយបានថា កាកសំណល់របស់អ្នកជួលផ្ទះទាំងអស់ក្លាយជាប្រភពប្រាក់ចំណូលសំខាន់សម្រាប់ម្ចាស់ផ្ទះ។
ហើយកាលពីសម័យនោះដែរ នៅតាមដងផ្លូវក្នុងទីក្រុងប៉ារីសពោរពេញទៅដោយក្លិនស្អុយ ព្រោះតែកាកសំណល់ដែលគេបោះចោលនៅពេលយប់។ រហូតដល់ថ្នាក់ទឹកអប់ត្រូវបានបង្កើតឡើង ដែលប្រៀបដូចជាមធ្យោបាយសម្រាប់បំបាត់ក្លិនស្អុយ។
ប្រទេសជប៉ុន និងប្រជាជនជប៉ុនល្បីថាជាប្រទេសដែលមានរបៀបរស់នៅស្អាត និងអនាម័យ ប៉ុន្តែនៅពីក្រោយបញ្ហានេះ មានរឿងពិតមួយដែលមនុស្សតិចណាស់ដឹងគឺថា នៅជប៉ុនធ្លាប់មានប្រវត្តិកែច្នៃកាកសំណល់។
អាចនិយាយបានថា ដោយផ្អែកលើការកែច្នៃកាកសំណល់ និងការការពារបរិស្ថាន ទើបប្រជាជនជប៉ុនអាចរក្សាអនាម័យទីក្រុងស្អាតរហូតមកដល់សព្វថ្ងៃនេះ។
ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ នៅពេលដែលប្រភេទកាកសំណល់ដែលយើងគិតថាមិនល្អ ប៉ុន្តែបែរជាមានតម្លៃនៅកន្លែងណាមួយទៅវិញ មែនទេអ្នកទាំងអស់គ្នា?
Abe Kengo