បទ​ពិសោធ​នៃ​ការ​ជិះ​រទេះ​ភ្លើង​ហោះ​ដែល​មាន​ល្បឿន​លឿន​នៅ​ជប៉ុន

បទពិសោធនៃការជិះរទេះភ្លើងហោះដែលមានល្បឿនលឿននៅជប៉ុន។

មានល្បែងកម្សាន្តភ័យរន្ធត់ជាច្រើនដែលត្រូវបានដំឡើងនៅសួនកម្សាន្ត ក្នុងចំណោមនោះមិនអាចមិនរំលឹកដល់ល្បែងកម្សាន្តជិះរទេះភ្លើងហោះនោះទេ (ក្នុងភាសាអង់គ្លេសហៅថា Roller Coaster) ។

សម្រាប់មនុស្សមួយចំនួន ល្បែងកម្សាន្តភ័យរន្ធត់ទាំងនេះធ្វើឲ្យពួកគេមានអារម្មណ៍រំភើបយ៉ាងខ្លាំង ហើយ​ថែម​ទាំង​អាច​ញៀន​ទៀត​ផង។ យ៉ាង​ណា​មិញ នៅ​ជប៉ុន​រទេះ​ភ្លើង​ហោះ​មាន​កម្រិត​ខ្ពស់។

តើអ្នកទាំងអស់គ្នាមានភាពជឿជាក់គ្រប់គ្រាន់ និងចង់សាកល្បងភាពក្លាហានរបស់ខ្លួនតាម​រយៈ​បទ​ពិសោធ​នៃ​ការ​ជិះរ​ទេះ​ភ្លើង​ហោះ​អំឡុងពេលធ្វើដំណើរកម្សាន្តទៅលេងជប៉ុននាពេលខាងមុខដែរទេ? ដោយផ្ទាល់ ខ្ញុំ​មិន​អាច​ទ្រាំ​បាន​ទេ ដូច្នេះសុំមិនលេងល្បែងនេះឡើយ។ ទោះជាយ៉ាង​ណា ក្នុងខ្លឹមសារអត្តបទថ្ងៃនេះ ខ្ញុំសូមណែនាំដល់ប្រិយមិត្តទាំងអស់គ្នានូវល្បែងជិះរទេះភ្លើងហោះមួយ​ចំនួន​នៅ​ប្រទេស​ជប៉ុន។ ចូរ​យើង​តាម​ដាន​ទាំង​អស់​គ្នា។

Nagashima Spa Land (ខេត្ត Mie) Steel Dragon 2000

រទេះភ្លើងហោះដ៏គួរឲ្យរន្ធត់នេះត្រូវបានកំណត់ត្រាពិភពលោក Guinness ទទួលស្គាល់ថា ជាប់ចំណាត់ថ្នាក់លេខមួយនៅលើពិភពលោកត្រង់ចំណុចដូចជាល្បឿន កម្ពស់ ប្រវែង និងផ្លូវរទេះភ្លើង​ចោត​ពេល​ធ្លាក់​ចុះ។

ផ្លូវរទេះភ្លើងហោះមានកម្ពស់ ៩៧ ម៉ែត្រ ប៉ុន្តែប្រហែលជាខ្ញុំគួរតែប្រើពាក្យ “ធ្លាក់ចុះយ៉ាងលឿន” ទើប​អាច​ពណ៌នា​ឲ្យ​កាន់​តែ​ច្បាស់​អំពី​អារម្មណ៍​របស់​អ្នក​ដែល​កំពុង​អង្គុយ​នៅ​លើ​រទេះ​ភ្លើង​ហោះ។

ជាមួយនឹងល្បឿនលឿនបំផុតគឺ ១៥៣ គីឡូម៉ែត្រក្នុងមួយម៉ោង។

Fuji-Q Highland (ខេត្ត Yamanashi) Takabisha

ដោយដឹងថានេះជារទេះភ្លើងហោះដែលមានផ្លូវចោតនាំមុខគេ។

ផ្លូវរទេះភ្លើងហោះមាន​ជម្រាល​ខាង​ក្រោម​ផ្អៀង ៩០ ដឺក្រេ និង​ផ្នែក​ខាង​លើ​ផ្អៀង ១២១ ដឺក្រេ។

អ្នកដែលគិតឃើញ និងរចនាផ្លូវរទេះភ្លើងហោះនេះប្រាកដជាមិនមែនជា “មនុស្សធម្មតា” ឡើយ។

Himeji Central Park (ខេត្ត Hyogo) Venus GP

រទេះភ្លើងហោះនេះធ្វើដំណើរឆ្លងកាត់ផ្លូវដែលមានរាងរង្វង់កោងធំ ខណៈ​ដែល​ទប់​នឹង​កម្លាំងដល់​ទៅ ៥,២ G។

ដោយបានដាក់ឲ្យដំណើរការនៅឆ្នាំ ២០២២ រទេះភ្លើងហោះនេះអាចធ្វើឲ្យអ្នកអង្គុយដឹងពីកម្លាំង G យ៉ាង​ច្បាស់​បំផុត។

ការបង្កើនល្បឿនភ្លាមៗដាក់សម្ពាធលើរាងកាយ ប៉ុន្តែនៅលើរទេះភ្លើងហោះនេះ សម្ពាធនឹងកើនឡើងកាន់តែខ្លាំងជាង ៥,២ ដង។ និយាយយ៉ាងសាមញ្ញទៅឧទាហរណ៍ដូចជា មនុស្សម្នាក់មាន​ទម្ងន់ ៥០ គីឡូក្រាម រាង​កាយ​នឹង​មាន​អារម្មណ៍​ថា​ត្រូវ​សង្កត់​ដោយទម្ងន់ ២៦០ គីឡូក្រាម។

អាច​និយាយ​បាន​ថា យើងអាចសរសើរពីភាពក្លាហាន​របស់​អ្នក​ដែលបានយកឈ្នះល្បែងកម្សាន្តនេះ។

ប្រហែលជាការជិះរទេះភ្លើងហោះទាំងនេះជាបទពិសោធដែលគួរឲ្យភ័យខ្លាចបំផុត។ យ៉ាងណាមិញ អ្នកទាំងអស់គ្នាអាចជឿទុកចិត្តបានថា នៅជប៉ុនរទេះភ្លើងហោះទាំងអស់សុទ្ធតែត្រូវបានគិតគូយ៉ាង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នក​ជិះ។

យ៉ាងណាមិញ ខ្ញុំនៅតែមិនអាចលេងល្បែងកម្សាន្តនេះបានទេ ព្រោះខ្ញុំប្រាកដថា ខ្លួននឹងអួត ឬ​ប្រហែល​ជា​សន្លប់។

ដោយសារតែមិនមានចំណង់ចំណូលចិត្តដូចគ្នា ដូច្នេះខ្ញុំមិនអាចយល់ពីអារម្មណ៍របស់អ្នកដែលចូល​ចិត្តលេងល្បែងកម្សាន្តភ័យរន្ធត់ឡើយ។ ជាក់​ស្តែង ខ្ញុំ​មិន​យល់​ទេ ហេតុ​អ្វី​បាន​ជា​គ្រប់គ្នាត្រូវចំណាយ​ប្រាក់ដើម្បីទទួល​បាន​អារម្មណ៍​ភ័យ​ខ្លាច ប៉ុន្តែ​ប្រហែល​ជា​អ្នក​ដែលចូលចិត្តលេងល្បែងកម្សាន្ត​នេះ​មិន​អាច​ទប់​អារម្មណ៍មិនលេងបានទេ រហូតដល់ថ្នាក់មានមនុស្សជាច្រើនទៅលេងជប៉ុន​គ្រាន់​តែ​ដើម្បី​ទទួល​បានបទពិសោធជិះរទេះភ្លើងហោះ។

ហើយប្រហែលជាបើប្រៀបទៅនឹងបុរស មនុស្សស្រីបែរជាមានភាពក្លាហាន និងចូលចិត្តល្បែងកម្សាន្ត​នេះ​ជាង។

ខ្ញុំស្គាល់មនុស្សម្នាក់ដែលពិតជាចូលចិត្តលេងល្បែងកម្សាន្តនេះខ្លាំងណាស់ ដូច្នេះហើយ ខ្ញុំបានសាកសួរពីមូលហេតុ ហេតុអ្វីបានជានាងចូល​ចិត្ត​ល្បែង​កម្សាន្ត​នេះ ហើយ​​ចម្លើយ​​ដែល​​ខ្ញុំ​​ទទួល​បាន​​គឺ៖

  • “ខ្ញុំចូលចិត្តអារម្មណ៍រំភើបខ្លាំង ហើយស្រែកខ្លាំងៗនៅលើរទេះភ្លើងហោះ ចំណុចនេះអាច​ជួយ​ឲ្យ​ខ្ញុំ​បន្ធូរ​អារម្មណ៍​តាន​តឹង” ។

ខ្ញុំខ្លាចថា ខ្លួនមិនសាកសមនឹងល្បែងកម្សាន្តដែលនាងនិយាយនោះទេ ផ្ទុយទៅវិញ ភាពតាន​តឹង​អាច​នឹង​ច្រើន​ឡើង​ទ្វេ​ជា​ពីរ។

តើប្រិយមិត្តអ្នកអានមានអារម្មណ៍ថាចូលចិត្ត និង​ចង់​សាក​ល្បង​​ល្បែង​​កម្សាន្ត​​ជិះ​​រទេះ​ភ្លើង​​ហោះ​នេះ​​ដែរ​​ទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: