អាថ៌កំបាំងដែលជួយឲ្យកីឡាករបេស្បលជប៉ុនទទួលបានប្រជាប្រិយភាពពីមនុស្សគ្រប់គ្នា
អាថ៌កំបាំងដែលជួយឲ្យកីឡាករបេស្បលជប៉ុនទទួលបានប្រជាប្រិយភាពពីមនុស្សគ្រប់គ្នា។
មិនត្រឹមតែនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ ខ្ញុំជឿថា ទៅថ្ងៃអនាគតនឹងមានកីឡាករជាច្រើនឆ្ពោះទៅមុខ ហើយចូលរួមសកម្មភាពទាំងក្នុង និងក្រៅប្រទេស។
នៅពេលដែលទៅដល់តារាងបេស្បលថ្មី តំបន់ថ្មី តើយើងធ្វើយ៉ាងណាទើបអាចក្លាយជាបុគ្គលដែលទទួលបានការស្រលាញ់ចូលចិត្តនៅតំបន់ដែលយើងផ្លាស់ទៅនោះ?
ក្នុងខ្លឹមសារអត្តបទថ្ងៃនេះ យើងនឹងនិយាយពីរឿងរ៉ាវរបស់ Shohei Otani ជាកីឡាករម្នាក់ដែលមកពីប្រទេសជប៉ុន ដោយជោគជ័យទទួលបានការស្រលាញ់ចូលចិត្ត និងគាំទ្រយ៉ាងខ្លាំងពេលចូលរួមសកម្មភាពនៅក្រៅប្រទេស។
សូមតាមដានទាំងអស់គ្នា!
ជាប់ចំណាត់ថ្នាក់លេខ ១ នៅសហរដ្ឋអាមេរិកដែលជាប្រទេសបង្កើតកីឡាបេស្បល
ប្រហែលជាបេស្បលជាកីឡាដែលប្លែកសម្រាប់ប្រិយមិត្តអ្នកអានមួយចំនួន ដូច្នេះខ្ញុំមិននិយាយទាក់ទងនឹងកីឡានេះច្រើននោះទេ។ ផ្ទុយទៅវិញ យើងនឹងផ្តោតលើតួអង្គដែលសំខាន់។
ជាមួយនឹងការប្រកួតឈានមុខ Otani គឺជាកីឡាករបេស្បលម្នាក់ដែលបង្កការចាប់អារម្មណ៍នៅសហរដ្ឋអាមេរិក។
អាចនិយាយបានថា គាត់ជាកំពូលកីឡាករដែលពូកែខាងផ្នែកវាយលុក និងការពារ ជាកីឡាករដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្ត្រនៃកីឡាបេស្បលអាមេរិកលើកដំបូងក្នុងរយៈពេល ១០០ ឆ្នាំមកនេះ។
កីឡាករម្នាក់ប្រាកដជាមិនទទួលបានការចាប់អារម្មណ៍នោះទេ ប្រសិនបើខ្លួនគាត់ផ្ទាល់គ្មានសមិទ្ធិផលដែលលេចធ្លោណាមួយ ចំណុចនេះជារឿងធម្មតាណាស់។
រក្សាស្នាមញញឹមយ៉ាងស្រស់លើផ្ទៃមុខ
ក្នុងអំឡុងពេលប្រកួត ក្រុមទាំងមូលនឹងខំប្រឹងប្រកួតអស់ពីសមត្ថភាព យ៉ាងណាមិញ នៅពេលខ្លះមិនអាចជៀសផុតពីកំហុសឆ្គងនោះទេ។ នៅពេលដែលប្រឈមនឹងស្ថានភាពមិត្តរួមក្រុមបង្កកំហុស Otani មិនត្រឹមតែមិនខឹងប៉ុណ្ណោះទេ ថែមទាំងញញឹមយ៉ាងទន់ភ្លន់ ហើយលើកទឹកចិត្តមិត្តរួមក្រុមទៀតផង។
ស្នាមញញឹមនោះត្រូវបានថតដោយកាមេរ៉ា ហើយនៅពេលដែលការប្រកួតត្រូវបានចាក់ផ្សាយ ស្នាមញញឹមនោះបានឆក់យកបេះដូងទស្សនិកជននៅទូទាំងសហរដ្ឋអាមេរិក។
ស្ងប់អារម្មណ៍គ្រប់ពេលវេលា
បាល់បេស្បលរឹងខ្លាំងណាស់ ហើយត្រូវបានគប់ដោយប្រើកម្លាំងយ៉ាងខ្លាំង ដូច្នេះក្នុងអំឡុងពេលប្រកួត កីឡាករអាចនឹងរងរបួសក្នុងស្ថានភាពបាល់ប៉ះចំរាងកាយ។ ហើយនៅពេលដែលស្ថានភាពបែបនេះកើតឡើង រឿងនេះតែងតែឈានទៅដល់ការវាយតប់គ្នា។
មានម្តងនៅពេលដែលបាល់ប៉ះចំ Otani ដោយឃើញថាកីឡាករសំខាន់ក្នុងក្រុមត្រូវបាល់ប៉ះចំយ៉ាងខ្លាំង ក្រុមទាំងមូលមិនអាចគ្រប់គ្រងកំហឹងរបស់ពួកគេបានទេ ហើយក៏បានលោតចេញពីកៅអីបម្រុង។ ប៉ុន្តែ Otani ជាអ្នកដែលបានទប់អារម្មណ៍ពួកគេឡើងវិញ។
ទោះបីជាមានការឈឺចាប់ក៏ដោយ គាត់នៅតែញញឹម រំសាយកំហឹងរបស់អ្នករាល់គ្នា ហើយអនុញ្ញាតឲ្យការប្រកួតបន្តទៅមុខ។
ដោយដឹងថា នេះគ្រាន់តែជាការធ្វេសប្រហែស ហើយមិនមែនជាចេតនារបស់ភាគីគូប្រកួតនោះទេ។
ត្រូវអ្នកបកប្រែលួយប្រាក់យ៉ាងច្រើន
មានម្តងកីឡាករ Otani ត្រូវអ្នកបកប្រែដែលគាត់ជឿទុកចិត្តលួចប្រាក់យ៉ាងច្រើន រហូតដល់ទៅ ១៧.០០០.០០០ ដុល្លារ។
បាត់ប្រាក់ច្រើនបែបនេះខឹងក៏ជារឿងធម្មតាដែរ ប៉ុន្តែផ្ទុយទៅវិញ កីឡាករ Otani បែរជាបានដោះស្រាយបញ្ហាដោយស្ងប់ស្ងាត់មិនបញ្ចេញកំហឹង។
ទឹកចិត្តចេះយកចិត្តទុកដាក់ចំពោះមិត្តរួមក្រុម
Otani មិនដែលភ្លេចទេថា ជ័យជម្នះរបស់គាត់បានមកពីការខិតខំប្រឹងប្រែងរបស់មិត្តរួមក្រុមទាំងមូល។ ដោយចងចាំពីចំណុចនេះ ហើយដើម្បីបង្ហាញពីការដឹងគុណ គាត់បានជូនរថយន្តទុកជាអំណោយ ហើយបានអញ្ជើញសមាជិកក្រុមទាំងអស់ទៅទទួលទានអាហារ។
ទោះបីជាគាត់ទទួលបានជោគជ័យ និងកាន់តែល្បីឈ្មោះក៏ដោយ យ៉ាងណាមិញ អាកប្បកិរិយារបស់ Otani ចំពោះមិត្តរួមក្រុមនៅតែដដែលដូចមុន ហើយតែងតែរួសរាយរាក់ទាក់ និងលើកកម្ពស់ស្មារតីក្រុម។ អាកប្បកិរិយាល្អ និងការលេងសើចរបស់គាត់ជាមួយមិត្តរួមការងារក៏ទទួលបានការវាយតម្លៃវិជ្ជមានជាច្រើនពីមិត្តរួមក្រុមក៏ដូចជាទស្សនិកជនផងដែរ។
ទាំងនេះជាសម្រង់ពាក្យសម្ដីល្បីៗមួយចំនួនរបស់ Otani ចូរយើងក្រឡេកមើលទាំងអស់គ្នា៖
- គំនិតប្រកាន់ធ្វើឲ្យរឿងដែលអាចក្លាយជារឿងដែលមិនអាចទៅរួច។
- ជីវិតមិនបង្កើតបានជាក្តីស្រមៃនោះទេ ក្តីស្រមៃបង្កើតបានជាជីវិត។
- ខ្ញុំចង់ធ្វើរឿងដែលគ្មាននរណាម្នាក់ធ្លាប់ធ្វើពីមុនមក។
- ប្រសិនបើអ្នកខឹង អ្នកនឹងចាញ់។
- កុំវាយតម្លៃខ្លួនឯង។
- លទ្ធផលមិនថាជោគជ័យ ឬបរាជ័យ មិនសំខាន់នោះទេ។ សូមសាកល្បងជាមុនសិន។
អ្វីដែលបាននិយាយចេញ កីឡាករ Otani សុទ្ធតែបានបញ្ជាក់យ៉ាងច្បាស់តាមរយៈសកម្មភាពជាក់ស្តែង។
បើប្រៀបទៅនឹងស្រុកកំណើត ការងារ និងជោគជ័យនៅក្រៅប្រទេសប្រឈមនឹងឧបសគ្គជាច្រើន។
ប្រសិនបើលោកអ្នកចង់ទទួលបានជោគជ័យនៅលើទឹកដីថ្មីដូចជាកីឡាករ Otani ប្រិយមិត្តអាចសាកល្បងយកតម្រាប់តាមសម្រង់ពាក្យសម្តីរបស់គាត់ ដែលខ្ញុំបានលើកឡើងខាងលើ យកមកអនុវត្តក្នុងជីវិតរបស់ខ្លួន ហើយឆ្ពោះទៅមុខ។
Abe Kengo