វប្បធម៌​នៃ​ការ​ដាក់​ចង្កឹះ​ផ្តេក​របស់​ប្រជាជន​ជប៉ុន

វប្បធម៌នៃការដាក់ចង្កឹះផ្តេករបស់ប្រជាជនជប៉ុន។

ប្រហែលជាអ្នកទាំងអស់គ្នាដឹងហើយថា បណ្តាប្រទេសអាសុីមួយចំនួនមានវប្បធម៌ប្រើចង្កឹះពេលបរិភោគ​អាហារ ហើយ​ប្រសិន​បើ​អ្នក​មាន​ឳកាស​ជួប ឬ​មាន​មិត្ត​ភ័ក្តិ​ជា​ជន​ជាតិ​ជប៉ុន តើ​អ្នកធ្លាប់​កត់​សម្គាល់​ទេ​ថា នៅ​ពេល​ដែល​ដាក់​ចង្កឹះ​ចុះ ប្រជាជន​ជប៉ុន​តែង​តែ​ដាក់​ចង្កឹះ​ផ្តេក​ដែរ​ទេ?

ប្រសិនបើអ្នកធ្លាប់ឃើញ តើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់អំពីរបៀបដាក់ចង្កឹះផ្តេកបែបនេះដែរទេ?

តាមពិតទៅ ចំណុចនេះដោយសារតែប្រជាជនជប៉ុនមានទស្សនៈជឿថា ចង្កឹះជាកន្លែងដែលសំខាន់​​​សម្រាប់​ជួប​នឹងអាទិទេព ដូច​ជា​ប្រាសាទ​ដែរ។

នៅប្រទេសជប៉ុន ចង្កឹះត្រូវបានដាក់ផ្ដេកនៅចំកណ្តាលរវាងមនុស្ស និងម្ហូបអាហារ។ ចំណុចនេះមានអត្តន័យដូចគ្នានឹងខ្លោង​ទ្វារប្រាសាទ (ក្នុង​ភាសា​ជប៉ុន​ហៅ​ថា​ខ្លោង​ទ្វារ torii) ដែល​ជា​ច្រកចេញ​ចូល​នៅ​តាម​ប្រាសាទ។ នៅប្រាសាទខ្លោងទ្វារ torii គឺជាព្រំដែន​រវាង​ពិភព​លោក​ដែលមនុស្ស​រស់​នៅ និង​​ឋាន​​​របស់​​​អាទិទេព។

ដូច្នេះហើយ អ្នកដែលដើរឆ្លងកាត់ខ្លោងទ្វារ torii ត្រូវរក្សាឲ្យព្រលឹងវិញ្ញាណរបស់ខ្លួនបរិសុទ្ធ។

ស្រដៀង​នឹងចង្កឹះដែរ។

នៅជប៉ុនបើសិនជាសំណួរសួរថា “តើនរណាជាអ្នកផ្តល់អាហារដល់យើងទាំងអស់គ្នា?” ចម្លើយមិនមែនជាអ្នកដែលធ្វើម្ហូបអាហារឲ្យយើងបរិភោគនោះទេ ហើយក៏មិនមែនឪពុកម្តាយដែលខិតខំប្រឹង​ប្រែង​រក​ប្រាក់​ចិញ្ចឹម​យើង​នោះ​ដែរ។ ប៉ុន្តែប្រជាជនជប៉ុនជឿថា ម្ហូបអាហារគឺជាអំណោយ​ដ៏​មាន​តម្លៃ​ដែល​អាទិទេព​បាន​ប្រទាន។

ដោយសារមូលហេតុនេះ ចង្កឹះត្រូវបានដាក់ចុះប្រៀបបីដូចជាព្រំដែនរវាងពិភពរបស់មនុស្ស ហើយ​តុ​អាហារ​ជា​កន្លែង​ដែល​អាទិទេព​គង់​នៅ។

ដូច្នេះហើយ ដាច់ខាតមិនអាចដាក់ចង្កឹះបញ្ឈរព្រោះតែគិតថា ដាក់​ចង្កឹះ​ផ្តេក​បង្ក​ការ​រំខាន​ច្រើនជាង​ឡើយ។

សព្វថ្ងៃប្រជាជនជប៉ុនភាគច្រើនដាក់ចង្កឹះផ្តេកដោយមិនយល់ពីអត្ថន័យរបស់វានោះទេ។

ខ្ញុំក៏សូមចែករំលែកបន្ថែមផងដែរថា នៅ​ភោជនីយដ្ឋាន​ជប៉ុន​លំដាប់​ខ្ពស់ គេនឹងយកចិត្តទុក​ដាក់​សង្កេត​មើល​ថា ភ្ញៀវ​ដែល​មក​ទទួល​ទាន​អាហារ​នៅ​​ភោជនីយដ្ឋាន នរណា​ខ្លះ​ប្រើ​ដៃ​ឆ្វេង ប្រសិន​​បើ​​ដឹង​​ថា មាន​អ្នក​ប្រើ​ដៃ​ឆ្វេង ពួក​គេ​នឹង​ប្តូរ​ទិស​ដៅ​ចង្កឹះ​មុន។

ខ្ញុំផ្ទាល់ទម្លាប់ប្រើដៃឆ្វេង ហើយប្រហែលជាពួកគេមើលដឹងពីចំណុចនេះតាមរយៈសកម្មភាពធម្មតា​របស់​ខ្ញុំ បន្ទាប់ពីខ្ញុំដើរចូលហាងមិនយូរប៉ុន្មាន។ ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ព្រោះមិនត្រឹម​តែ​រៀបចំចង្កឹះវិញប៉ុណ្ណោះទេ ពួកគេថែមទាំងបានផ្លាស់ប្តូរការរៀបចំតុទាំងមូល ដើម្បីធ្វើយ៉ាង​ណា​ស្រប​តាម​អ្នក​មាន​ទម្លាប់​ប្រើ​ដៃ​ឆ្វេង។

ម្យ៉ាងវិញទៀត មានវប្បធម៌មួយដែលប្រជាជនជប៉ុនមិនអាចរំលងបាននៅពេលដែលចាប់ផ្តើមបរិភោគអាហារ ប្រជាជនជប៉ុនតែងតែនិយាយថា “Itadakimasu” ប្រយោគនេះមានន័យថា “ខ្ញុំ​សុំ​ទទួល​យក​ជីវិត​នេះ” ។

គ្រប់យ៉ាងចិញ្ចឹមមនុស្សលោក យើងទទួលបានជីវិតរបស់សត្វ និងរុក្ខជាតិគ្រប់ប្រភេទដើម្បីចិញ្ចឹម​រាង​កាយ និងរស់រានមានជីវិត ដូច្នេះយើងគួរតែដឹងគុណចំពោះចំណុចនេះ ហើយបរិភោគអាហារ​ឲ្យ​អស់ មិន​បោះ​ចោល ឬ​ខ្ជះ​ខ្ជាយ​នោះ​ទេ។

ខ្ញុំយល់ថា ប្រសិនបើក្នុងអំឡុងពេលបរិភោគអាហារ ដៃមិនអាចឃ្លាតចេញពីទូរស័ព្ទ ហើយមិន​ផ្តោត​អារម្មណ៍​ចំពោះ​ការ​បរិភោគ​អាហារ នេះ​ជា​សកម្មភាព​ដែល​ខ្វះ​ការ​ដឹង​គុណ ហើយ​ពិត​ជា​មិនគួរ​នោះ​ឡើយ។

ក្រៅពីនេះ ចង្កឹះ​ដែល​ប្រើ​ក្នុង​ពិធីបុណ្យរបស់ជប៉ុនត្រូវបានធ្វើដោយវិធីសាស្រ្តពិសេស។

តើអ្នកធ្លាប់កត់សម្គាល់ទេថា​ចង្កឹះ​ជប៉ុនតែងតែស្រួចដែរទេ?

មូលហេតុដែលចង្កឹះមានរាងស្រួចបែបនេះ ព្រោះដើម្បីងាយស្រួលញែកសាច់ត្រីអាំងចេញពីឆ្អឹង ប៉ុន្តែក្នុងឱកាសពិធីបុណ្យ គេបែរជាប្រើចង្កឹះដែលមានចុងស្រួចទាំងសងខាង។ ចំណុចនេះទាក់​ទង​នឹង​ជំនឿ​របស់​ប្រជាជន​ជប៉ុន។

ចុងស្រួចចង្កឹះម្ខាងដែលយើងដាក់ក្នុងមាត់គឺសម្រាប់មនុស្សលោក ចំណែកឯ​ម្ខាង​ទៀត​គឺសម្រាប់​អាទិទេព។

ចំណុចនេះមានន័យថា នៅពេលដែលយើង​បរិភោគអាហារ អាទិទេពក៏កំពុងសោយអាហារផង​ដែរ។

ប្រទេសជប៉ុនជាទឹកដីដែលមានប្រភពធនធានតិចតួច ហើយត្រូវទទួលរងរដូវរងាដែលត្រជាក់ខ្លាំង។ នៅ​ទីនេះ​អាហារជាអ្វីដែលមនុស្សគ្រប់គ្នាឲ្យតម្លៃយ៉ាងខ្លាំង ប្រហែលនេះមូលហេតុដែលវប្បធម៌​នេះ​ត្រូវ​បាន​បង្កើត​ឡើង។

ចំនួនប្រជាជននៅលើពិភពលោកកំពុងកើនឡើង ហើយគេនិយាយថា នឹងមានស្ថានភាពខ្វះ​ខាត​ស្បៀង​អាហារ​នា​ពេល​អនាគត។ ប្រហែល​ជា​យើង​នឹង​ឈាន​ចូលសម័យ​កាល​ដែល​គ្រប់​គ្នា​ដឹងអំពី​សារៈ​សំខាន់​របស់​ស្បៀង​អាហារ ហើយដឹងគុណព្រោះតែមានអាហារបរិភោគ ស្រដៀង​នឹងជប៉ុន​កាល​ពី​មុន​ដែរ។

ក្នុងគំនិតរបស់ប្រជាជនជប៉ុន ពួកគេតែងតែដឹងគុណគ្រប់យ៉ាងដែលធម្មជាតិបានផ្តល់ឲ្យ ហើយ​ឲ្យ​តម្លៃ​គ្រប់​យ៉ាង​ដែល​ខ្លួន​មាន។

ខ្ញុំ​គិត​ថា គំនិតនេះគឺជាមូលដ្ឋានបង្កើតបានជាសន្តិភាព។ តើអ្នកទាំងអស់គ្នាយល់យ៉ាងណាបន្ទាប់​​ពី​បាន​អាន​អត្តបទ​នេះ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: