ទីក្រុងបុរាណ Asakusa និង​នំ​បង្អែម​ខ្ចូតៗ​ជា​ច្រើន​មុខ

ទីក្រុងបុរាណ Asakusa និងនំបង្អែមខ្ចូតៗជាច្រើនមុខ។

ប្រសិនបើអ្នកជាមនុស្សដែលចូល​ចិត្ត​របស់​ដែល​ផ្អែម ហើយ​ថែម​ទាំង​ចូល​ចិត្ត​បង្ហោះ​រូបភាព​ដែលគួរ​ឲ្យ​ស្រលាញ់​នៅ​លើ​បណ្តាញ​សង្គម ខ្ញុំ​ប្រាកដ​ថា អ្នក​ទាំង​អស់​គ្នា​នឹងសោកស្តាយបើសិនជារំលងកន្លែង​នេះ។

Asakusa – ជាកន្លែងទេសចរណ៍ដ៏ល្បីនៅទីក្រុងតូក្យូ

ក្នុងខ្លឹមសារអត្តបទថ្ងៃនេះ យើងនឹងក្រឡេកមកមើល​នំបង្អែមខ្ចូតៗ​​មួយ​​ចំនួន​​ដែល​មាន​​លក់​នៅ​​ទីនេះ​​ទាំង​​អស់​​គ្នា។

នំក្រេប matcha ដ៏ពិសេសឆ្ងាញ់នៅហាង Kotobuki Seian 

មានមនុស្សជាច្រើនចូលចិត្តរសជាតិរបស់ matcha ប៉ុន្តែតើអ្នកទាំងអស់គ្នាធ្លាប់ភ្លក់នំក្រេបដែល​មាន​លាយ matcha ក្នុង​ម្សៅ​ដែរ​ទេ?

នំក្រេបសម្រាប់មនុស្សពេញវ័យដែលមានរសជាតិមិនផ្អែកពេក ហើយពិតជាអស្ចារ្យណាស់បើសិនជា​អាច​រីក​រាយ​នឹង​ក្លិន​ឈ្ងុយ​របស់ matcha គុណ​ភាព​ខ្ពស់។

នំបុ័ងត្រសក់ស្រូវនៅហាង Asakusa Kagetsudo

នំបុ័ងត្រសក់ស្រូវជាប្រភេទនំបុ័ងជប៉ុន ទោះបីជាឈ្មោះនំបុ័ងបែបនេះក៏ដោយ ប៉ុន្តែជាក់ស្តែងនៅ​ខាង​ក្នុង​នំបុ័ង​មិន​មានស្នូលត្រសក់ស្រូវនោះទេ។

នេះជាប្រភេទនំបុ័ងផ្អែម ដោយត្រូវបានរួមបញ្ចូលគ្នារវាងម្សៅនំប៉័ងទន់ និងស្រទាប់នំខាងលើស្រួយ។ ការរួមបញ្ចូលគ្នា​រវាង​ម្សៅ​ចំនួន​ពីរ​ប្រភេទ​ដែល​មាន​លក្ខណៈសម្បត្តិខុសៗ​គ្នា​បង្កើត​បាន​ជា​រស​ជាតិ​ពិសេស​ប្លែក។

ជាមួយនឹងទំហំនំធំបែបនេះស្ទើរតែអាចបិទបាំងទម្រង់មុខទាំងមូលរបស់មនុស្សស្រីម្នាក់ ប្រហែល​ជា​បើ​ហូប​នំបុ័ង​ត្រសក់​ស្រូវ​មួយ​ប្រាកដ​ជា​ឆ្អែត ជំនួសបានអាហារមួយពេល។

នំចង្កាក់ Castella នៅហាង Kikusuido

នំចង្កាក់ Castella នេះមើលទៅគួរឲ្យស្រលាញ់ណាស់ រហូតដល់ថ្នាក់គ្រប់គ្នាគ្រាន់តែចង់ទិញដើម្បី​ថត​រូបប៉ុណ្ណោះ ហើយ​មិន​ដាច់​ចិត្ត​ហូប​នោះ​ទេ។

នំចង្កាក់នេះរួមមាននំ Castella រាងបេះដូងផ្អែមល្ហែម និងផ្លែស្ត្របឺរីស្រស់ឆ្ងាញ់ ហើយថែមទាំងមាន​ក្រដាស​ទស្សន៍​ទាយ​ដ៏​គួរ​ឲ្យ​ស្រលាញ់​ខាង​ក្រោម​ទៀត។

អ្នកទាំងអស់គ្នាអាចថតរូបដែលគួរឲ្យស្រលាញ់ជាច្រើនសន្លឹក ហូបនំចង្កាក់ ហើយជាចុងក្រោយ​គឺ​​បើក​​មើល​​ក្រដាស​ទស្សន៍​ទាយ​រឿង​ស្នេហា​របស់​អ្នក​​នា​​ពេល​​អនាគត។

នេះជានំចង្កាក់ដែលគួរឲ្យស្រលាញ់បំផុត ហើយថែមទាំងបង្កប់នូវអាថ៌កំបាំងដ៏អស្ចារ្យផងដែរ។

នំ Warabimochi នៅហាង Motoko Asakusa

ដើមឡើយ នំ Warabimochi ប្រពៃណីជប៉ុនថ្លា ប៉ុន្តែនំនៅហាងនេះបែរជាមានពណ៌ចម្រុះទាក់​ទាញ​ភ្នែក ដែល​ធ្វើឲ្យ​នំ​មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

នំក្រេបនៅហាង Anna’s Crepes

នំនេះមានការរចនា និងពណ៌ស្រដៀងទៅនឹងសំពត់របស់សត្វកណ្តុរ Minnie គឺជាតួអង្គតុក្កតា​ដ៏​គួរ​ឲ្យស្រលាញ់​ក្នុង​ពិភព Disney ដែល​​ប្អូនៗ​​ចូល​ចិត្ត​យ៉ាង​ខ្លាំង។

នៅខាងលើនំមានស្រទាប់ផ្លែឈើផ្អែម និងឈ្ងុយឆ្ងាញ់។

មិនត្រឹមតែជានំប៉ុណ្ណោះទេ យើងថែមទាំងអាច​យក​ទៅ​ថតរូប​បែប​យុវវ័យ និង​គួរ​ឲ្យ​ស្រលាញ់ផង​ដែរ។

Matcha Latte

នៅជប៉ុន matcha ជាប្រភេទភេសជ្ជៈដែលពេញនិយមខ្លាំង ប៉ុន្តែកាន់តែពិសេសជាងនេះទៅ​ទៀត​នោះ​គឺ នៅទីនេះមាន matcha ចំនួនពីរប្រភេទដែលត្រូវបានចាត់ទុកជា “matcha latte រស​ជាតិឌិតបំផុតលើពិភពលោក” និង “matcha latte រសជាតិធ្ងន់បំផុតលើសកលលោក” ដូចដែល​បាន​បោះ​ពុម្ព​នៅ​លើ​កែវ។

នៅប្រទេសកម្ពុជាមានមីហឹរប្រាំពីរកម្រិត ចំណែកឯនៅជប៉ុនមាន matcha ។ មានចំនួនប្រាំបីកម្រិតចាប់ពីធ្ងន់រហូតដល់ធ្ងន់ជាងនេះ ដូច្នេះអតិថិជនអាចជ្រើសរើសតាមចំណូលចិត្តរបស់ខ្លួន។

នៅពេលដែលលាយកាន់តែធ្ងន់ រសជាតិនឹងកាន់តែសាប ហើយរសជាតិល្វីងរបស់ matcha កាន់​តែ​ធ្ងន់ ដែលធ្វើឲ្យប្រភេទភេសជ្ជៈនេះកាន់តែ​ពិបាក​ផឹក ប៉ុន្តែនៅពេលដែលអ្នកញៀននឹងរស​ជាតិ​ធ្ងន់​ពិសេស​នេះ អ្នក​នឹង​មាន​អារម្មណ៍​ថា matcha ធម្មតា​លែង​ឆ្ងាញ់។

តោះទៅលេងជប៉ុន ហើយកាន់ក្នុងដៃ matcha latte រសជាតិធ្ងន់បំផុតលើសកលលោក ដោយ​ថត​រូប​ប៉ុន្មាន​សន្លឹក​ដែល​ស្អាត​បំផុត។

ក្រៅពីហាងនំបង្អែមដែលខ្ញុំបានណែនាំខាងលើ នៅមានកន្លែង និងមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ជាច្រើនផ្សេងទៀត អ្នកទាំងអស់គ្នាអាចទទួលយក​បទពិសោធដោយផ្ទាល់ពេលដែលទៅលេងជប៉ុន។ ខ្ញុំ​ជឿ​ជាក់​ថា ការចំណាយពេលមួយថ្ងៃដើរលេងជុំវិញ Asakusa អាចបន្ថែម​ថាមពលសម្រាប់​អ្នក​ទាំង​អស់​គ្នា ហើយ​ដំណើរ​កម្សាន្ត​កាន់​តែ​សប្បាយ​រីក​រាយ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: