ប្រសិនបើចង់ហ្វឹកហាត់​សាច់​ដុំ ហេតុ​អ្វី​មិន​សាក​ល្បង​ការ​ងារ​ខាង​ផ្នែក​គិលានុបដ្ឋាយិកា?

ប្រសិនបើចង់ហ្វឹកហាត់សាច់ដុំ ហេតុអ្វីមិនសាកល្បងការងារខាងផ្នែកគិលានុបដ្ឋាយិកា?

ប្រទេសជប៉ុនកំពុងឆ្លងកាត់ដំណាក់កាលចំនួនប្រជាជនវ័យចំណាស់កើនឡើង។ ក្រោមស្ថាន​ភាព​បែប​នេះ​ពិត​ជា​ត្រូវ​ការ​អ្នក​ដែល​ធ្វើ​ការ​ខាង​ផ្នែក​ថែទាំ​មនុស្ស​ចាស់​ណាស់ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះប្រភព​ធន​ធាន​មនុស្ស​ដែល​ធ្វើការខាងផ្នែកនេះកំពុងខ្វះខាត។

នេះជាការងារដែល​ទាមទារ​កម្លាំងរាងកាយ ដូច្នេះហេតុអ្វីបានជាយើងមិនប្រមូលផ្តុំអ្នកដែលជឿជាក់​លើ​កម្លាំង​រាង​កាយ​របស់​ពួក​គេ?

ហេតុនេះហើយ នៅ​ជប៉ុន​ក្រុម​ហ៊ុន​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ការ​ហ្វឹក​ហាត់​សាច់​ដុំ​ត្រូវ​បាន​បង្កើតឡើង។ ជា​ក្រុម​ហ៊ុន​មួយ​ដែល​មាន​ឈ្មោះ​ថា Visionary ស្ថិត​នៅ​ខេត្ត Aichi ។

ខ្ញុំជឿជាក់ថា នៅប្រទេសកម្ពុជាក៏ដូចជាប្រិយមិត្តជាច្រើនផ្សេងទៀតដែលចង់ឲ្យខ្លួនមានរាងកាយរឹងមាំ ហើយ​ចូល​ចិត្ត​ហាត់​ប្រាណ។ ប្រសិនបើដូច្នេះ ប្រហែលជាខ្លឹមសារអត្តបទនេះអាចនឹងក្លាយ​ជា​ឯកសារ​ដែល​មាន​ប្រយោជន៍​សម្រាប់​ការ​ងារ​នា​ពេល​អនាគត​របស់​អ្នក​ទាំង​អស់​គ្នា។

មិន​ថា​ក្នុង​ការងារ ឬ​ការ​ហ្វឹកហាត់ សូមកុំបោះបង់ដោយងាយ

សម្រាប់អ្នកដែលចូលចិត្តហាត់ប្រាណបង្កើនសាច់ដុំ ការហ្វឹកហាត់ជាប្រចាំពិតជាសំខាន់ខ្លាំងណាស់។

យ៉ាងណាមិញ នៅជប៉ុនបញ្ហាធ្វើការថែមម៉ោងប្រៀបដូចជារឿងធម្មតាទៅហើយ ដូច្នេះអាចនិយាយ​បាន​ថា គ្រប់​គ្នា​ពិបាក​នឹង​រៀប​ចំពេល​វេលា​សម្រាប់​ហាត់​ប្រាណ។

ថ្វីត្បិតតែ ពួកគេចូលចិត្តហាត់ប្រាណបង្កើនសាច់ដុំ ប៉ុន្តែប្រឈមមុខនឹងបញ្ហាជីវភាពប្រចាំថ្ងៃ មនុស្ស​ជាច្រើន​ត្រូវ​លះ​បង់​ក្តីស្រមៃ​ចូល​រួម​ការ​ប្រកួត​កីឡា​កាយវប្បកម្ម ព្រោះ​ត្រូវ​ចំណាយ​ពេល​ធ្វើការ និង​រក​ប្រាក់​ចំណូល។

ដោយយល់ឃើញថា ជាទូទៅការងារខាងផ្នែកថែទាំតម្រូវឲ្យអ្នកធ្វើការត្រូវប្រើកម្លាំងសាច់ដុំ។ ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សេវាកម្ម​គិលានុបដ្ឋាយិកា​បាន​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ​របស់​បុគ្គលិក​ពី​ប្រាំបីម៉ោង​ចុះសល់ប្រាំមួយម៉ោង ហើយធ្វើបន្ទប់ហាត់ប្រាណសម្រាប់បុគ្គលិករបស់ខ្លួន ដើម្បីឲ្យបុគ្គលិកអាច​ហាត់​ប្រាណ បន្ត​ការ​ងារ​របស់​ពួក​គេដោយមិនចាំបាច់​បោះ​បង់​ក្តី​ស្រមៃ​កាយវប្បកម្ម។

មានបុគ្គលិកស្រីជាច្រើនដែលធ្វើការខាងផ្នែកគិលានុបដ្ឋាយិកា យ៉ាងណាមិញ ការមើលថែទាំមនុស្ស​ចាស់គឺជាការងារដែលពិបាកបំផុត។ មិនដូចជាកូនក្មេងនោះទេ រាងកាយរបស់មនុស្សពេញ​វ័យធ្ងន់ជាងនេះច្រើនដងណាស់ មិនត្រឹមតែប៉ុណ្ណឹង មានមនុស្សជាច្រើនបាត់បង់សមត្ថភាព​ធ្វើ​ចលនា គ្រប់​សកម្មភាព​ទាំង​អស់ត្រូវពឹងលើគិលានុបដ្ឋាយិកា។

ចំពោះស្ថានភាពចាំបាច់ត្រូវបី លើកមនុស្សចាស់ទៅងូតទឹក អនាម័យខ្លួនប្រាណមិនមែនជាការ​ងារដែលងាយស្រួលនោះទេ ប៉ុន្តែសម្រាប់អ្នកដែលចូល​ចិត្ត​ហាត់​សាច់​ដុំ ការងារទាំងនេះអាច​ចាត់​ទុក​ដូច​ជា​ការ​ហាត់​ប្រាណ។ ដូច្នេះ​​អាច​​និយាយ​​បាន​​ថា​ នេះ​​ជា​​ការ​ងារ​​ដែល​​ស័ក្តិសម​សម្រាប់​​ពួក​​គេ។

របបសុខុមាលភាពពិសេស

នៅទីនេះ របបសុខុមាលភាពរបស់បុគ្គលិកពិតជាល្អខ្លាំងណាស់ ជាពិសេសសម្រាប់អ្នកដែលចូលចិត្ត​​ហាត់​​សាច់​ដុំ។

ដូចដែលខ្ញុំបានលើកឡើងខាងលើ បុគ្គលិកមានសិទ្ធហ្វឹកហាត់សាច់ដុំរយៈពេលពីរម៉ោងក្នុងម៉ោងធ្វើការ។ ក្រៅ​ពី​នេះ ពួកគេថែមទាំង​ទទួល​បាន​ប្រាក់​ចំនួន ២ ម៉ឺនយ៉េន​ក្នុង​មួយ​ខែ ដែលចាត់​ទុក​ដូច​ជា​ប្រាក់ផ្គត់ផ្គង់បន្ថែមប្រូតេអុីន និងសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់រាងកាយ។

ទោះបីជាពេលខ្លះត្រូវផ្អាកពីការងារបណ្តោះអាសន្នដើម្បីចូលរួមក្នុងការប្រកួតកីឡាកាយវប្បកម្ម ប៉ុន្តែ​បុគ្គលិក​នៅ​តែ​ទទួល​បាន​ប្រាក់​ខែ។

តាមរយៈការផ្តល់នូវអត្ថប្រយោជន៍ល្អ និងទាក់ទាញ ក្រុមហ៊ុននេះបានប្រមូលផ្តុំអ្នកដែលចូលចិត្តហ្វឹកហាត់សាច់ដុំនៅទូទាំងប្រទេសជប៉ុន ហើយសូម្បីតែមនុស្សស្រីដែលចូលចិត្តធ្វើការងារក្នុងបរិយាកាស​ដែល​ជុំវិញ​សុទ្ធ​តែ​បុរសៗ​សាច់​ដុំ​ក៏បានដាក់ពាក្យសុំចូលធ្វើការផងដែរ។

ការងារខាងផ្នែកគិលានុបដ្ឋាយិកាតែងតែមានភាពអាប់អួរណាស់ ព្រោះការងារពិបាក និងទាម​ទារ​ខ្ពស់ ប៉ុន្តែនៅពេលនេះបរិយាកាសបានផ្លាស់ប្តូរ​ទាំង​ស្រុង​ដោយ​នឹក​ស្មាន​មិនដល់។

ការផ្លាស់ប្តូរនេះក៏ទទួលបានមតិយោបល់វិជ្ជមានជាច្រើនពីអ្នកដែលទទួលបានការថែទាំផង​ដែរ។ ពួកគេមានអារម្មណ៍ថាទុកចិត្ត​នៅ​ពេលដែលទទួលបានការថែទាំពីគិលានុបដ្ឋាយិកាដែលមាន​សុខ​ភាព​ល្អ។ ចំណែកឯ​អ្នក​ដែលធ្វើ​ការខាងផ្នែកគិលានុបដ្ឋាយិកាក៏មានអារម្មណ៍សប្បាយចិត្ត ព្រោះ​អាច​រកប្រាក់ចំណូល ហើយ​មាន​ពេល​វេលា​បំពេញ​ក្តីស្រមៃ។ អាចនិយាយបានថា មានប្រយោជន៍​​សម្រាប់​​ភាគី​​ទាំង​​ពីរ។

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះក្រុមហ៊ុននេះ និងគំនិតរបស់ពួកគេ?

មិនត្រឹមតែអាចបង្កើតប្រាក់ចំណូល ថែមទាំងអាចធ្វើឲ្យការងារ​ខាង​ផ្នែក​នេះ​កាន់​តែ​មាន​ភាពទាក់​ទាញ​ជាង​មុន។

ប្រហែលជាចំណុចទាំងនេះអាចនឹងក្លាយជាឯកសារដ៏មានប្រយោជន៍នៅពេលណាមួយ នៅ​ពេលដែល​អ្នក​ទាំង​អស់​គ្នា​បង្កើត​​អាជីវកម្ម​​ផ្ទាល់​​ខ្លួន​នា​​ពេល​​អនាគ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: