លេងកម្សាន្តយ៉ាងសប្បាយមិនថាអាកាសធាតុនៅទីក្រុងតូក្យូយ៉ាងណាក៏ដោយ
លេងកម្សាន្តយ៉ាងសប្បាយមិនថាអាកាសធាតុនៅទីក្រុងតូក្យូយ៉ាងណាក៏ដោយ។
ជូនចំពោះប្រិយមិត្តអ្នកអានដែលកំពុងមានគម្រោងទៅលេងជប៉ុននាប៉ុន្មានថ្ងៃខាងមុខនេះ។
សួស្តីអ្នកទាំងអស់គ្នា នៅប្រទេសជប៉ុនរដូវវស្សាប្រចាំឆ្នាំចាប់ផ្តើមពីខែមិថុនារហូតដល់ពាក់កណ្តាលខែកក្កដា ហើយប៉ុន្មានថ្ងៃនេះនឹងមានភ្លៀងធ្លាក់គ្រប់ពេល។ នៅពេលដែលរដូវវស្សាកន្លងផុតទៅនឹងចូលដល់រដូវក្តៅ អារម្មណ៍ក្តៅស្អុះស្អាប់ខ្លាំងជាងអាកាសធាតុរដូវក្តៅនៅទីក្រុងភ្នំពេញទៅទៀត។
ទោះបីជាយ៉ាងនេះក្តី យើងមិនចាំបាច់ព្រួយបារម្ភអំពីដំណើរកម្សាន្តនោះទេ។ ព្រោះនៅពេលដែលអ្នកទៅដល់ទីក្រុង Tokyo អ្នកទាំងអស់គ្នាអាចលេងកម្សាន្តនៅកន្លែងជាច្រើន ដោយមិនចាំបាច់បារម្ភអំពីអាកាសធាតុឡើយ។
TeamLab Planets Toky
គ្រាន់តែចំណាយពេលដើរមួយនាទីពីស្ថានីយ៍ Shin Toyosu យើងអាចរកឃើញសារមន្ទីរមួយ ជាកន្លែងដែលយើងអាចគយគន់ស្នាដៃសិល្បៈ។
មិនត្រឹមតែអាចសម្លឹងមើលស្នាដៃសិល្បៈប៉ុណ្ណោះទេ នៅទីនេះជាកន្លែងដែលយើងអាចបន្ធូរអារម្មណ៍ជាមួយនឹងសិល្បៈ។
អាស្រ័យលើចលនា ផ្ទៃខាងក្រោយនឹងផ្លាស់ប្តូរ ដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ដូចជាពួកគេកំពុងដើរចូលលំហមួយផ្សេង។
ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តថតរូបនៅកន្លែងពិសេស ខ្ញុំជឿថា ទីនេះនឹងក្លាយជាកន្លែងទេសចរណ៍ដែលសាកសមសម្រាប់អ្នក។
Konica Minolta Planetarium Manten in Sunshine City
Sunshine City គឺជាតំបន់ចម្រុះដ៏ធំមួយស្ថិតនៅភាគខាងកើត Ikebukuro, Toshima, Tokyo ។
នៅកន្លែងសង្កេតមើលមេឃលើដំបូល អ្នកទាំងអស់គ្នាអាចមើលមេឃទាំងដែលមានភ្លៀងក៏ដោយ។ នេះជាតារាសាស្រ្តដែលរ៉ូមែនទិក អ្នកទាំងអស់គ្នាអាចមើលមេឃដែលពោរពេញទៅដោយផ្កាយនៅពេលយប់ ស្វែងយល់ពីតារាសាស្ត្រតាមរយៈបច្ចេកវិទ្យាអេក្រង់ដំបូលមូលដ៏ទំនើប អមដោយការប្រគំសំឡេង និងពន្លឺយ៉ាងស្រស់ស្អាត។
ស្តាប់តន្ត្រីពេលសម្លឹងមើលផ្កាយ និងរីករាយជាមួយក្លិនក្រអូបនៃប្រភេទឱសថក្រអូប។ សម្រាកបន្ធូរអារម្មណ៍លើកៅអីដែលទន់ ឬកៅអីរាបស្មើ ចំណុចទាំងអស់នេះនាំមកនូវអារម្មណ៍ល្អធ្វើឲ្យអ្នកលង់លក់ដោយមិនដឹងខ្លួន។
Sanrio Puroland
ខ្ញុំគិតថាមានប្រិយមិត្តជាច្រើនៅទីនេះ ជាពិសេសមនុស្សស្រីប្រាកដជាចូលចិត្តរូបតំណាងតុក្កតាដ៏គួរឲ្យស្រលាញ់ដូចជា Hello Kitty ។
ដើរប្រាំនាទីពីស្ថានីយ៍ Odakyu Tama Center មានសួនកម្សាន្តក្នុងផ្ទះមួយដែលមានឈ្មោះថា Sanrio Puroland ។ បរិយាកាសគួរឲ្យស្រលាញ់ក្នុងសួនកម្សាន្តនេះនឹងធ្វើឲ្យមនុស្សស្រីទាំងអស់ពេញចិត្ត។
មានហាងលក់វត្ថុអនុស្សាវរីយមួយនៅច្រកចេញចូល ប៉ុន្តែដល់ពេលដែលមនុស្សគ្រប់គ្នាចេញទៅផ្ទះ តំបន់នេះមានមនុស្សច្រើនខ្លាំងណាស់ ពេលខ្លះអាចបណ្តាលឲ្យកកស្ទះ ដូច្នេះប្រសិនបើចូលចិត្តវត្ថុអ្វីម្យ៉ាង អ្នកគួរតែទិញភ្លាមនៅពេលដែលដើរចូល។
សារមន្ទីរធម្មជាតិ និងវិទ្យាសាស្ត្រជាតិ
សារមន្ទីរធម្មជាតិ និងវិទ្យាសាស្ត្រជាតិស្ថិតនៅឧទ្យាន Ueno បើកទ្វារនៅឆ្នាំ ១៨៧៧ ហើយជាសារមន្ទីរមួយក្នុងចំណោមសារមន្ទីរដែលចំណាស់បំផុតនៅជប៉ុន។ សារមន្ទីរនេះដាក់តាំងវត្ថុបុរាណដែលទាក់ទងនឹងប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្ររបស់ជប៉ុន រួមទាំងការតាំងបង្ហាញអំពីប្រវត្តិសាស្ត្រ ធម្មជាតិ ជីវវិទ្យា និងអរិយធម៌របស់ជប៉ុន។
ក្រៅពីនេះ នៅឧទ្យាន Ueno មានសារមន្ទីរសិល្បៈ និងកន្លែងដ៏គួរឲ្យទាក់ទាញជាច្រើនផ្សេងទៀត។
Tokyo Joypolis
Joypolis គឺជាខ្សែសង្វាក់នៃសួនកម្សាន្តក្នុងផ្ទះដែលបង្កើតឡើងដោយ Sega និងគ្រប់គ្រងដោយ CA Sega Joypolis ។ ចាប់ផ្តើមនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៩៤ ជាមួយនឹងទីតាំងដំបូងនៅ Yokohama ប្រទេសជប៉ុន មជ្ឈមណ្ឌល Joypolis ផ្សេងទៀតត្រូវបានបើកនៅទីក្រុងមួយចំនួនក្នុងប្រទេសជប៉ុន។
នៅទីនេះជាកន្លែងដែលល្បីមានល្បែងកម្សាន្តប្រើបច្ចេកវិទ្យាខ្ពស់ រួមមានល្បែងកម្សាន្តដែលលស់ព្រលឹង និងបទពិសោធន៍ជាក់ស្តែង។
ជាកន្លែងលេងកម្សាន្តដែលសាកសមបំផុតសម្រាប់វិស្សមកាលរដូវក្តៅ ដែលអ្នកទាំងអស់គ្នាអាចពិចារណានាំកូនៗរបស់ខ្លួនទៅលេងក្នុងរដូវក្តៅនេះ។
ប្រសិនបើអ្នកកំពុងតែមានអារម្មណ៍ធុញថប់នឹងភ្លៀង គ្មានកន្លែងល្អសម្រាប់ដើរលេង និងថតរូប សូមអញ្ជើញមកកាន់ទីក្រុងតូក្យូដើម្បីលេងកម្សាន្ត ដោយមិនចាំបាច់បារម្ភអំពីអាកាសធាតុឡើយ។
Abe Kengo