ទទួលបានការដឹងគុណពេលជួយសង្គ្រោះអ្នកដទៃ និងរឿងពិតដែលមិនដឹងថាគួរសើចឬយំនោះទេ
ទទួលបានការដឹងគុណពេលជួយសង្គ្រោះអ្នកដទៃ និងរឿងពិតដែលមិនដឹងថាគួរសើចឬយំនោះទេ។
នៅពេលដែលយើងទទួលបានការដឹងគុណ ឬពាក្យអរគុណពីអ្នកដទៃ យើងច្រើនតែមានអារម្មណ៍រីករាយ និងមោទនភាព។ ទោះជាយ៉ាងណា មានរឿងដ៏កម្រមួយបានកើតឡើង ទាហានជប៉ុនម្នាក់បានធ្លាក់ក្នុងស្ថានភាពគួរឲ្យអស់សំណើច នៅពេលដែលគាត់ទទួលបានការដឹងពីមនុស្សដែលគាត់ជួយសង្គ្រោះ។
សរុបទៅមានរឿងអ្វីបានកើតឡើង សូមអញ្ជើញប្រិយមិត្តបន្តតាមដានខ្លឹមសារអត្តបទនេះទាំងអស់គ្នា។
អំឡុងសង្គ្រាមលោកលើកទី ២ ជប៉ុនបានធ្វើឲ្យតៃវ៉ាន់ក្លាយជាទឹកដីរបស់ខ្លួន។
ក្រុមកងទ័ពអាកាសនៃកងទ័ពជប៉ុនបានឈរជើងនៅក្រុងតៃប៉ិ តួអង្គសំខាន់ក្នុងរឿងនេះគឺជាមន្ត្រីនៃក្រុមកងទ័ពនេះ។
នៅក្បែរមូលដ្ឋានកងទ័ពអាកាសឈរជើង មានតំបន់ទីប្រជុំជនមួយកន្លែង។ ក្រុមមន្រ្តី (មន្រ្តីថ្នាក់ទាប) តែងតែទៅទីនោះដើម្បីសប្បាយ និងផឹកស្រានៅពេលយប់ ទាំងដែលពួកគេមិនគួរទៅកាន់កន្លែងបែបនេះក៏ដោយ។
ថ្វីត្បិតតែ ចំណុចនេះមិនស្ថិតក្នុងបទប្បញ្ញត្តិចាប់បង្ខំក៏ដោយ នៅពេលដែលបានស្លៀកពាក់ឯកសណ្ឋានទាហាន បម្រើប្រទេសជាតិ ពួកគេគួរតែគោរពតាមបទបញ្ជា និងសណ្តាប់ធ្នាប់។
ភាគច្រើនមន្រ្តីជាន់ខ្ពស់សុទ្ធតែចង់ដឹងចង់ឃើញពីតំបន់នោះ ប៉ុន្តែដោយសារតំណែងរបស់ខ្លួនក្នុងជួរកងទ័ព ពួកគេបែរជាមិនអាចទៅបានឡើយ។ ហើយដោយសារតែមិនអាចទៅទីនោះបាន ពួកគេកាន់តែចង់ដឹងកាន់តែខ្លាំង។
ក្នុងស្ថានភាពនោះ មន្ត្រីម្នាក់បានគិតឃើញគំនិតមួយគឺ៖
“ដើម្បីយល់ពីអារម្មណ៍របស់ក្រុមមន្រ្តីជាន់ទាប យើងគួរតែយល់ផងដែរថា ពួកគេកំពុងរីករាយនឹងអ្វី ហើយសប្បាយចិត្តព្រោះតែអ្វី” ។
បន្ទាប់ពីបានឆ្លងកាត់ដោយផ្ទាល់ នៅពេលដែលពេលវេលាសប្បាយរីករាយបានបញ្ចប់ ហើយកំពុងត្រៀមត្រឡប់ទៅកាន់មូលដ្ឋានវិញ ស្រាប់តែមានរឿងមួយបានកើតឡើងនៅខាងក្រៅ។
ដោយក្រឡេកទៅមើលកន្លែងកើតហេតុ មាននារីជនជាតិតៃវ៉ាន់ម្នាក់កំពុងលង់ទឹកទន្លេ។
នៅពេលនោះ ហាក់បីដូចជាមានប្រជាជនតៃវ៉ាន់តិចតួចណាស់ដែលចេះហែលទឹក ខណៈដែលប្រជាជនជប៉ុនភាគច្រើនសុទ្ធតែអាចហែលទឹក ដោយសារតែបានរៀននៅសាលា។
ដើម្បីជួយសង្រោះមនុស្ស មន្ត្រីម្នាក់នេះមិនស្ទាក់ស្ទើរនឹងដោះឯកសណ្ឋាននោះទេ ដោយបានលោតចូលទន្លេ ហើយជួយនារីម្នាក់នោះដាក់លើច្រាំង។ នៅពេលដែលប្រទះឃើញថា នារីម្នាក់នោះឈប់ដកដង្ហើម គាត់បានផ្លុំបញ្ចូលខ្យល់ដើម្បីសង្រ្គោះជីវិតនាង។
បន្ទាប់ពីបានឃើញដំណើរការទាំងមូលពេលកូនស្រីរបស់ខ្លួនរួចផុតពីស្ថានភាពគ្រោះថ្នាក់ និងត្រូវបានជួយសង្គ្រោះដោយមនុស្សមិនស្គាល់ម្នាក់ ម្តាយរបស់នារីម្នាក់នោះរំជួលចិត្តយ៉ាងខ្លាំង អំឡុងពេលដែលបង្ហាញពីការដឹងគុណ អ្នកស្រីមិនបានភ្លេចសួរឈ្មោះមន្រ្តីម្នាក់នោះឡើយ។
ទោះជាយ៉ាងណា ការចាកចេញពីមូលដ្ឋានដោយគ្មានការអនុញ្ញាត ហើយលួចចេញទៅក្រៅលេងកម្សាន្តគឺជារឿងដែលមិនអាចប្រាប់អ្នកដទៃ ក្នុងស្ថានភាពនេះមិនអាចប្រាប់ពីអត្តសញ្ញាណរបស់ខ្លួនបានឡើយ មន្រ្តីម្នាក់នេះគ្រាន់តែអាចឆ្លើយថា៖
- “ជួយសង្រ្គោះជីវិតមនុស្សជាអ្វីដែលខ្ញុំគួរធ្វើ ក្នុងស្ថានភាពនេះនរណាក៏នឹងធ្វើបែបនេះដែរ សូមអ្នកស្រីកុំយកចិត្តទុកដាក់ពេក” ។
នៅពេលដែលនិយាយចប់ គាត់បានពាក់ឯកសណ្ឋានឡើងវិញ ហើយចាកចេញទៅយ៉ាងលឿន។
យ៉ាងណាមិញ ដោយផ្អែកលើឯកសណ្ឋានរបស់គាត់ អាចកត់សម្គាល់ឃើញថា គាត់ជាប្រធានក្រុមម្នាក់។
ស្មានតែរឿងគ្រប់យ៉ាងបានបញ្ចប់ ប៉ុន្តែមិននឹកស្មានថានៅថ្ងៃបន្ទាប់ ម្តាយរបស់នារីដែលត្រូវបានសង្គ្រោះបានចែករំលែករឿងនេះប្រាប់សារព័ត៌មាន។ ព័ត៌មានទាក់ទងនឹងហេតុការណ៍នេះត្រូវបានផ្សព្វផ្សាយនៅលើកាសែត។ អត្ថបទជាច្រើនដែលសរសើរពីសកម្មភាពសង្គ្រោះជីវិតរបស់ទាហានជប៉ុនម្នាក់ដែលមិនបញ្ចេញឈ្មោះ ល្បីគ្រប់ទីកន្លែងប្រៀបដូចជារឿងដែលមានអត្តន័យ។
រហូតមកដល់សព្វថ្ងៃនេះ នៅតែមានប្រជាជនតៃវ៉ាន់ជាច្រើននាក់គាំទ្រជប៉ុន ហើយចំណងមិត្តភាពរវាងប្រទេសទាំងពីរនៅតែរីកចម្រើនយ៉ាងល្អ។ ជាការពិតណាស់ រឿងរ៉ាវដែលបានរៀបរាប់ខាងលើអាចជាហេតុផលដែលប្រទេសទាំងពីរភ្ជាប់ទំនាក់ទំនងគ្នាយ៉ាងរឹងមាំបែបនេះ។
លួចចេញទៅក្រៅដោយស្ងាត់ៗ ប៉ុន្តែព័ត៌មានបែរជាត្រូវបានផ្សព្វផ្សាយទូលំទូលាយ ខ្ញុំប្រាកដណាស់មន្រ្តីម្នាក់នោះច្បាស់ជាយំស្រែកក្នុងចិត្តថា៖ “សូមមេតាកុំផ្សព្វផ្សាយរឿងនេះតទៅទៀតបានទេ” ។
មិនដឹងថា បន្ទាប់ពីព័ត៌មាននេះត្រូវបានចុះផ្សាយ មន្រ្តីរូបនេះត្រូវយោធាដាក់ពិន័យដែរអត់ទេ ព្រោះមិនរកឃើញកំណត់ត្រាបន្ទាប់ទាក់ទងនឹងហេតុការណ៍នេះឡើយ។ ទោះជាយ៉ាងណា រឿងនេះពិតជាមិនដឹងថាគួរសើចឬយំនោះទេ។
យ៉ាងណាមិញ បុរសដែលជាទាហានម្នាក់នេះបានគិតពីអាទិភាពជួយសង្គ្រោះមនុស្ស ដោយមិនគិតពីលទ្ធផលខ្លួនអាចនឹងត្រូវដាក់ពិន័យ ពិតជាគួរឲ្យសរសើរខ្លាំងណាស់។
ខ្ញុំផ្ទាល់ក៏ចង់ក្លាយជាមនុស្សបែបនេះដែរ ជាបុរសម្នាក់ដែលរឹងមាំ បញ្ចេញកម្លាំងជួយសង្គ្រោះ និងការពារសហគមន៍។
Abe Kengo