HONDA និងគោលដៅឆ្ពោះទៅរកលំហអវកាស
HONDA និងគោលដៅឆ្ពោះទៅរកលំហអវកាស។
HONDA ត្រូវបានគេស្គាល់ថាជាសាជីវកម្មចម្រុះជាតិសាសន៍របស់ជប៉ុន ដែលល្បីល្បាញទូទាំងពិភពលោកខាងវិស័យផលិតម៉ូតូ យានយន្ត ម៉ាស៊ីន និងឧបករណ៍អគ្គិសនី។
HONDA បានបង្ហាញពីកម្លាំងយ៉ាងខ្លាំងតាមរយៈការប្រកួតដូចជា F1 ហើយបង្កើតបានជាប្រវត្តិសាស្រ្តតាមរយៈការអនុវត្តបទប្បញ្ញត្តិថ្មី។
ប្រហែលជាភាគច្រើនប្រិយមិត្តបានដឹងហើយថា HONDA បានបង្កើតយន្តហោះខ្នាតតូចមួយ ហើយរឿងនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅទូទាំងពិភពលោក។
ក្នុងអំឡុងពេល ៥ ឆ្នាំជាប់ៗគ្នា HONDA បានកត់សម្គាល់ចំនួនយន្តហោះពាណិជ្ជកម្មខ្នាតតូចផលិតចេញពីរោងចក្រច្រើនជាងគេលើពិភពលោក ហើយបច្ចុប្បន្នកំពុងអភិវឌ្ឍយន្តហោះខ្នាតធំ ដែលអាចហោះបានឆ្ងាយជាងមុន។
ការពង្រីកខ្លួនរបស់ HONDA ត្រូវបានគេចាត់ទុកថាមិនធ្លាប់មានពីមុនមកខាងវិស័យឧស្សាហកម្មរថយន្ត។ យ៉ាងណាមិញ យើងអាចមើលឃើញយ៉ាងច្បាស់ពីគោលដៅបន្ទាប់ដែលសាជីវកម្មនេះកំពុងឆ្ពោះទៅរក នោះគឺរ៉ុក្កែត។
ដូច្នេះអាចនិយាយបានថា HONDA បានចាប់ផ្តើមឆ្ពោះទៅរកលំហអវកាស។
កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ ។
គ្រាប់រ៉ុក្កែតត្រូវបានបាញ់បង្ហោះចេញពី Hokkaido ប្រទេសជប៉ុន ហោះឡើងដល់កម្ពស់ ៣០០ ម៉ែត្រដូចដែលបានគ្រោងទុក ហើយបានចុះចតនៅទីតាំងដើមវិញ។
ប្រហែលជាអ្នកទាំងអស់គ្នាគិតថា ៣០០ ម៉ែត្រគ្រាន់តែជាចម្ងាយដែលខ្លីប៉ុណ្ណោះ។ យ៉ាងណាមិញ ជាក់ស្តែងគ្រាប់រ៉ុក្កែតដែលត្រូវបានសាកល្បងបង្ហោះនេះមានទំហំតូច ជាមួយនឹងប្រវែង ៦,៣ ម៉ែត្រ និងអង្កត់ផ្ចិត ៨៥ សង់ទីម៉ែត្រ។ ហើយជាការពិតដែលថា រ៉ុក្កែតដែលប្រើឡើងវិញបានចុះចតដោយសុវត្ថិភាព គឺជាព័ត៌មានដ៏ធំមួយ។
សាជីវកម្ម SpaceX នៃសហរដ្ឋអាមេរិកកំពុងនាំមុខ ហើយប្រាកដជាដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យារុករកអវកាសនាពេលអនាគត។
រ៉ុក្កែតធម្មតាគ្រាន់តែប្រើម្តងប៉ុណ្ណោះ។
Booster – ឬអាចហៅថារ៉ុក្កែតហោះទៅលើ អាចនឹងត្រូវបានបោះចោលមួយផ្នែក ឬទាំងស្រុងបន្ទាប់ពីបង្ហោះ។ ក្នុងរ៉ុក្កែតមានច្រើនស្រទាប់ booster ច្រើនតែជាស្រទាប់ដំបូងរុញបង្ហោះរ៉ុក្កែត ហើយត្រូវបានបំបែកចេញពីរ៉ុក្កែត បន្ទាប់ពីបំពេញមុខងារ។ ការបំបែកស្រទាប់រ៉ុក្កែតអាចប្រព្រឹត្តទៅនៅលើអាកាស ឬនៅលើផ្ទៃដី អាស្រ័យលើការរចនារបស់រ៉ុក្កែត។
បន្ទាប់មក ក្នុងអំឡុងពេលបាញ់បង្ហោះរ៉ុក្កែតទៅលើអវកាស បញ្ហាចាត់ចែងម៉ាស៊ីនរ៉ុក្កែតដែលបានប្រើរួចគឺជាផ្នែកមួយដ៏សំខាន់សម្រាប់បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងសន្សំសំចៃឥន្ធនៈ។ ជាទូទៅម៉ាស៊ីនទាំងនេះត្រូវបានបំបែកជាដំណាក់កាល ហើយធ្លាក់មកលើផែនដីវិញ ឬធ្លាក់ចុះតំបន់ដែលត្រូវបានកំណត់លើសមុទ្រ ជួយកាត់បន្ថយទម្ងន់របស់រ៉ុក្កែត និងបង្កើនឳកាសឡើងទៅដល់គន្លង។
ឧទាហរណ៍ដូចជានៅឆ្នាំ ២០២៤ រ៉ុក្កែត H3 ដែលជាប្រព័ន្ធបាញ់បង្ហោះអវកាសជំនាន់ថ្មីរបស់ជប៉ុន ត្រូវបានបាញ់បង្ហោះដោយជោគជ័យ ជាមួយនឹងគោលបំណងប្រកួតប្រជែងខាងវិស័យបាញ់បង្ហោះផ្កាយរណប និងជម្រុញមហិច្ឆតាអវកាសរបស់ជប៉ុន។
ទោះជាយ៉ាងណា ដើម្បីសម្រេចបានមហិច្ឆតានេះ ជប៉ុនបានចំណាយប្រាក់មិនតិចនោះទេ។
បញ្ហាការចំណាយខ្ពស់នឹងក្លាយជាឧបសគ្គយ៉ាងធំសម្រាប់ការអភិវឌ្ឍលំហ។
SpaceX កំពុងតែខិតខំប្រឹងប្រែងកាត់បន្ថយការចំណាយទៅលើការបាញ់បង្ហោះរ៉ុក្កែត តាមរយៈការប្រើឡើងវិញរ៉ុក្កែត។ ដើម្បីសម្រេចបានគោលដៅនេះ SpaceX កំពុងតែផ្តោតលើការកែលម្អបច្ចេកវិទ្យាដែលអាចប្រើឡើងវិញ រួមទាំងការប្រមូល និងការប្រើប្រាស់ឡើងវិញនូវស្រទាប់ខាងក្រៅរបស់រ៉ុក្កែត។
ទន្ទឹមនឹងនោះ បច្ចុប្បន្ន Honda ក៏កំពុងផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យារ៉ុក្កែតដែលអាចប្រើឡើងវិញ ជាផ្នែកមួយដែល SpaceX បានផ្តួចផ្តើមដំបូង។
ទោះបីជាមិនទាន់មានលទ្ធភាពអនុវត្តជាក់ស្តែង ប៉ុន្តែគោលដៅដែលដាក់ចេញគឺឆ្ពោះទៅរកទីតាំងដែលមានចម្ងាយពីផ្ទៃដី ៣២,០០០ គីឡូម៉ែត្រ ដែលហៅថាការបាញ់បង្ហោះពាក់កណ្តាលស្វ័យប្រវត្តិនៅឆ្នាំ ២០២៩ ។
ប្រសិនបើសម្រេចបានជំហាននេះ បន្ទាប់មកអាចបាញ់បង្ហោះផ្កាយរណបសិប្បនិម្មិតមួយចំនួនបាន។
ទាក់ទងនឹងបញ្ហានេះ ASIMO (អក្សរកាត់នៃពាក្យ Advanced Step in Innovative Mobility) ជាមនុស្សយន្តដែលល្បីឈ្មោះមានសមត្ថភាពដើរជើងពីរដូចមនុស្ស និងសមត្ថភាពអនុវត្តចលនាដែលស្មុគស្មាញ ដែលធ្លាប់ត្រូវបាន HONDA អភិវឌ្ឍ។
បន្ទាប់ពីត្រូវបានណែនាំលើកដំបូងក្នុងឆ្នាំ ២០០០ ASIMO បានក្លាយជានិមិត្តសញ្ញានៃបច្ចេកវិទ្យាមនុស្សយន្តទំនើប និងធ្លាប់ត្រូវបានរំពឹងទុកថាអាចជួយដល់មនុស្សក្នុងវិស័យជាច្រើន ជាពិសេសគឺជួយដល់មនុស្សចាស់ និងជនពិការ។
ថ្វីត្បិតតែ ទទួលបានការរំពឹងទុកយ៉ាងខ្លាំង ប៉ុន្តែ HONDA បានសម្រេចចិត្តបញ្ឈប់ការអភិវឌ្ឍ ASIMO នៅឆ្នាំ ២០១៨ ហើយងាកទៅផ្តោតលើបច្ចេកវិទ្យាផ្សេងទៀត។
ខណៈពេលដែល HONDA បានកត់សម្គាល់យ៉ាងខ្លាំងខាងផ្នែកបច្ចេកវិទ្យាយន្តហោះ និងរ៉ុក្កែត ផ្ទុយទៅវិញ TOYOTA នៅតែផ្តោតសំខាន់ខាងវិស័យបច្ចេកវិទ្យារថយន្ត ហើយមានការរីកចម្រើនមិនតិចនោះទេ។ ក្នុងនោះត្រូវនិយាយពីបច្ចេកវិទ្យា hybrid និងយានរុករកព្រះច័ន្ទនាពេលអនាគត។
យើងអាចមើលឃើញថា ទោះបីជាសាជីវកម្មទាំងពីរចាប់ផ្តើមដំបូងជាក្រុមហ៊ុនផលិតរថយន្តក៏ដោយ ប៉ុន្តែសាជីវកម្មទាំងពីរនេះបែរជាមានមហិច្ឆតាដោយឡែក ហើយគោលដៅធំដែលមិននឹកស្មានដល់។
ទាំងដែល NISSAN កំពុងតែបាត់បង់ទស្សនៈវិស័យនាពេលអនាគត សាជីវកម្ម HONDA និង TOYOTA តែងតែសាកល្បងខ្លួនឯងក្នុងវិស័យជាច្រើន និងសម្រេចបានសមិទ្ធផលដែលគួរឲ្យរំពឹងទុក។
ប្រហែលជានៅពេលដែលមើលឃើញពីចំណុចនេះ យើងនឹងទទួលបានប្រភពថាមពលលើកទឹកចិត្ត ដើម្បីទទួលយកបញ្ហាប្រឈម និងអភិវឌ្ឍអាជីពរបស់ខ្លួន ដោយមិនភ័យខ្លាច ហើយនៅមួយកន្លែងទៀតឡើយ។
Abe Kengo