ការធ្វើដំណើរដោយ Gran Class – កាប៊ីនដ៏ប្រណិតបំផុតនៃរថភ្លើងល្បឿនលឿន
ការធ្វើដំណើរដោយ Gran Class – កាប៊ីនដ៏ប្រណិតបំផុតនៃរថភ្លើងល្បឿនលឿន។
ជាទូទៅមិនដឹងថា នៅពេលដែលធ្វើដំណើរកម្សាន្តទៅលេងជប៉ុន តើអ្នកទាំងអស់គ្នាប្រើមធ្យោបាយធ្វើដំណើរប្រភេទណា?
ក្នុងចំណោមមធ្យោបាយធ្វើដំណើរទាំងអស់ ការប្រើប្រាស់យន្តហោះគឺមានភាពងាយស្រួលណាស់ ព្រោះថាចំណេញពេលវេលាបើសិនជាចង់ទៅកាន់តំបន់ដែលឆ្ងាយ។ យ៉ាងណាមិញ ប្រសិនបើយើងបានទៅដល់ប្រទេសជប៉ុន ហេតុអ្វីបានជាយើងមិនសាកល្បងជិះរថភ្លើងល្បឿនលឿន?
ក្នុងខ្លឹមសារអត្តបទថ្ងៃនេះ យើងនឹងណែនាំអំពីភាពងាយស្រួល និងផាសុកភាពនៃរថភ្លើងល្បឿនលឿន (Shinkansen) ក៏ដូចជាកាប៊ីនរថភ្លើងលំដាប់ខ្ពស់បំផុតគឺ Gran Class ផងដែរ។
ផាសុកភាពនៅលើរថភ្លើង Shinkansen
បើនិយាយពីពេលវេលាធ្វើដំណើរជាក់ស្តែង យន្តហោះប្រាកដជាលឿនជាង ប៉ុន្តែអ្នកដំណើរចាំបាច់ត្រូវទៅកាន់អាកាសយានដ្ឋានយ៉ាងហោចណាស់មួយម៉ោងមុនពេលហោះហើរ ខណៈពេលដែលព្រលានយន្តហោះនៅឆ្ងាយពីទីក្រុង។ ម្យ៉ាងវិញទៀត បន្ទាប់ពីយន្តហោះចុះចត អ្នកដំណើរត្រូវចំណាយពេលចាំយកអីវ៉ាន់ និងចាកចេញពីព្រលានយន្តហោះ ប្រសិនបើពិចារណាលើចំណុចទាំងអស់នេះ យន្តហោះមិនប្រាកដថាអាចធ្វើឲ្យយើងពេញចិត្តទាំងស្រុងនោះទេ។
ចំណែកឯរថភ្លើង Shinkansen យើងអាចឡើងរថភ្លើងទាន់ពេលវេលា សូម្បីតែនៅនាទីចុងក្រោយមុនពេលចេញដំណើរក៏ដោយ។
គុណសម្បត្តិមួយផ្សេងទៀតត្រង់ថាចំនួនរថភ្លើងធ្វើដំណើរ
ខ្សែរថភ្លើងល្បឿនលឿនដែលមានឈ្មោះថា Tokaido នៅកណ្តាល Tokyo និង Osaka ចេញដំណើរចន្លោះគ្នាត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ។ ហើយរថភ្លើងស្ទើរតែមិនដែលយឺតយ៉ាវ ឬពន្យារពេលចេញដំណើរនោះទេ។ បើប្រៀបទៅនឹងយន្តហោះ ចំណុចនេះជាគុណសម្បត្តិដែលយើងអាចមើលឃើញយ៉ាងច្បាស់។
កាប៊ីនរថភ្លើងលំដាប់ខ្ពស់នៃខ្សែរថភ្លើង Shinkansen Tokaido
បច្ចុប្បន្ននេះ នៅលើរថភ្លើងមានកៅអីចំនួន ៣ ប្រភេទ៖ កៅអីដែលមិនបានកក់ទុកមុន កៅអីកក់ទុកមុន និងកាប៊ីនពណ៌បៃតងដែលមានកៅអីធំទូលាយជាងបន្តិច។
បើសិនជាគ្រាន់តែប៉ុណ្ណឺង ខ្ញុំផ្ទាល់មានអារម្មណ៍ថាមិនទាន់ពេញចិត្តប៉ុន្មានឡើយ។
ទោះជាយ៉ាងណា បើតាមព័ត៌មានដែលបានដឹង នៅឆ្នាំ ២០២៦ បន្ទប់ឯកជនសម្រាប់មនុស្សម្នាក់ទៅពីរនាក់ក៏នឹងដាក់ឲ្យដំណើរការផងដែរ សម្រាប់បម្រើដល់អ្នកដំណើរដែលចូលចិត្តភាពឯកជន។
មិនយូរប៉ុន្មាន កៅអី Premier (កៅអីថ្នាក់ដំបូង) នៃរថភ្លើងនេះត្រូវបានគេរំពឹងថា នឹងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០២៧ ។ ដោយត្រូវបានគេរំពឹងថានឹងផ្តល់ជូនមុខងារពិសេសប្រៀបដូចជាបន្ទប់ឯកជន កៅអីអង្គុយមានកន្លែងដាក់ជើង និងអាចប្រើ WiFi បាន។
ស្វែងយល់អំពីកាប៊ីនលំដាប់ខ្ពស់នៅលើរថភ្លើងល្បឿនលឿន – Gran Class
បច្ចុប្បន្ននេះ កាប៊ីនរថភ្លើងលំដាប់ខ្ពស់ត្រូវបានដាក់ឲ្យប្រើប្រាស់នៅលើខ្សែរថភ្លើង Shinkansen Tohoku និង Hokkaido ក៏ដូចជាខ្សែរថភ្លើង Shinkansen Joetsu និង Hokuriku ផងដែរ។
ថ្វីត្បិតតែ មិនទាន់មានបន្ទប់ឯកជន ប៉ុន្តែឥឡូវនេះត្រូវបានបំពាក់ដោយកៅអីដ៏ប្រណិតស្រដៀងនឹងកាប៊ីនយន្តហោះលំដាប់ខ្ពស់។
សូមក្រឡេកមើលរូបភាពតំណាង យើងអាចមើលឃើញថា ក្នុងមួយជួរមានកៅអីចំនួន ៣ គឺមិនមែនមានកៅអីចំនួន ៥ ដូចកាប៊ីនធម្មតានោះទេ។ ដូច្នេះហើយ ជាការពិតណាស់ កន្លែងអង្គុយធំទូលាយ និងមានផាសុកភាពជាងមុន។
ស្រដៀងគ្នាទៅនឹងថ្នាក់ធុរកិច្ចនៅលើយន្តហោះដែរ ថែមទាំងមានសេវាកម្មជាច្រើនផងដែរ។
ជាដំបូងអ្នកដំណើរនឹងមានកន្លែងសម្រាកបន្ធូរអារម្មណ៍មុនពេលចេញដំណើរ។
ប្រសិនបើអ្នកកក់យកកញ្ចប់ដែលរួមបញ្ចូលអាហារសម្រន់ អ្នកដំណើរអាចចំណាយពេលទទួលទានអាហារ ខណៈពេលដែលរថភ្លើងធ្វើដំណើរទៅកាន់គោលដៅ។
ផ្លូវដែលឆ្ងាយបំផុតអាចនឹងចេញដំណើរពីស្ថានីយ៍ Tokyo ទៅកាន់ស្ថានីយ៍ Sapporo នៅ Hokkaido ។ លឿនបំផុតត្រូវចំណាយពេលប្រហែល ៤,៥ ម៉ោងទើបទៅដល់កន្លែង។
បើនិយាយពីតម្លៃ Gran Class នេះថ្លៃជាងកៅអីកក់ទុកមុនដល់ទៅ ២ ដង និងថ្លៃជាងដល់ទៅ ១,៥ ដងបើប្រៀបនឹងកាប៊ីនពណ៌បៃតង។ ទោះជាយ៉ាងណា ប្រសិនបើអាចសម្រាកបន្ធូរអារម្មណ៍នៅលើកៅអីធំទូលាយ អ្នកដំណើរនឹងមិនមានអារម្មណ៍នឿយហត់ពេលធ្វើដំណើរផ្លូវឆ្ងាយឡើយ ហើយមានថាមពលគ្រប់គ្រាន់ពេលទៅដល់កន្លែង ខ្ញុំយល់ថា ប្រាក់ដែលចំណាយសម្រាប់ប្រើប្រាស់សេវាកម្មនេះពិតជាសមណាស់។
ប្រសិនបើជិះយន្តហោះ អ្នកដំណើរនឹងចុះចតនៅ Sapporo ទីប្រជុំជន Hokkaido ។ ត្រង់ចំណុចនេះត្រូវចំណាយពេលចេញពីព្រលានយន្តហោះ ហើយធ្វើដំណើរទៅកាន់គោលដៅ។ ផ្ទុយទៅវិញ ប្រហែលជាការធ្វើដំណើរដោយរថភ្លើងល្បឿនលឿនជាមធ្យោបាយដែលល្អបំផុត ហើយផ្តល់ភាពងាយស្រួលសម្រាប់ការធ្វើដំណើរជុំវិញប្រទេសជប៉ុន។
ប្រសិនបើអ្នកកំពុងតែមានគម្រោងទៅលេងជប៉ុន សូមសាកល្បងជិះរថភ្លើងល្បឿនលឿន និងទទួលយកសេវាកម្មដ៏ទំនើបនៅលើរថភ្លើង ដើម្បីបន្ថែមបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ខ្លួន។
Abe Kengo