“ម៉ូតូ​​ប្រើ​សម្ពាធ​ខ្យល់” ការ​ច្នៃ​ប្រឌិត​ដែល​បង្កើត​ឡើង​ដោយសិស្ស​​វិទ្យា​ល័យ​ជប៉ុន

“ម៉ូតូប្រើសម្ពាធខ្យល់” ការច្នៃប្រឌិតដែលបង្កើតឡើងដោយសិស្សវិទ្យាល័យជប៉ុន។

ម៉ូតូមួយគ្រឿងដែលដំណើរការដោយម៉ាសុីនខ្យល់​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សិស្ស​វិទ្យាល័យម្នាក់នៅ​ជប៉ុន ដែល​នេះ​ជា​ការ​ច្នៃ​ប្រឌិត​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

សិស្ស​ម្នាក់​នេះ​បាន​បង្កើត​ម៉ាស៊ីន​ខ្យល់ ហើយ​ដំឡើងទៅក្នុងម៉ូតូធ្វើឲ្យម៉ាសុីនដំណើរការ ដោយមិន​​ចាំ​បាច់​ប្រើ​ប្រេង​ឥន្ធនៈ ឬ​​ថាមពល​​ផ្សេង​​ទៀត​ឡើយ។

នៅសម័យកាលដែលបញ្ហាបរិស្ថានបានក្លាយជាប្រធានបទដែលទទួលបានការយកចិត្តទុកដាក់បំផុតដូចសព្វថ្ងៃ ប្រភេទយានយន្តអគ្គិសនីកាន់តែពេញនិយម។ យ៉ាងណាមិញ ដើម្បីបង្កើតចរន្តអគ្គិសនី វត្តមាន និងដំណើរការរបស់រោងចក្រថាមពលបែរជាបង្កផលប៉ះពាល់អវិជ្ជមានមួយចំនួន​ដល់​បរិស្ថាន។ ទន្ទឹមនឹងនេះ យើងដឹងហើយថា ថ្មគ្រប់ប្រភេទដែលប្រើហើយនឹងក្លាយជាបញ្ហាធំ​ដែល​មិន​អាច​មើល​រំលង​បាន។

ក្នុងស្ថានភាពបែបនេះ ការ​រក​ឃើញ​ថ្មី​បែរ​ជា​មិនផ្តើមចេញពីក្រុមហ៊ុន និងសាជីវកម្ម​ធំៗ ប៉ុន្តែសិស្សវិទ្យាល័យ​ម្នាក់​បាន​រក​ឃើញ​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​នេះ។

ជាទូទៅខ្យល់ដែលបានបង្ហាប់អាចផលិតដោយដៃ ហើយបើទោះបីជាប្រើប្រាស់អគ្គិសនីសម្រាប់បង្ហាប់​ខ្យល់ ក៏​បរិមាណ​អគ្គិសនី​ដែល​យក​មកប្រើសម្រាប់បង្ហាប់ក៏មិនច្រើននោះដែរ។

អាចនិយាយបានថា នេះជាម៉ូតូដែលល្អសម្រាប់បរិស្ថានបំផុតនៅលើពិភពលោក ហើយមានល្បឿន​អតិបរមា ៦៣,៩៦៦ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលត្រូវបានទទួលស្គាល់ក្នុងកំណត់ត្រាពិភព​លោកហ្គីណេស។

ចូរយើងទាំងអស់គ្នាស្វែងយល់បន្ថែមអំពីការបង្កើតថ្មីនេះខាងក្រោម។

ការលំបាកក្នុងដំណើរការផលិតម៉ាស៊ីន

នៅពេលដែលផលិតយានជំនិះដូចជារថយន្ត ឬម៉ូតូ ការចំណាយច្រើនបំផុតស្ថិតលើការផលិត និង​អភិវឌ្ឍ​ម៉ាស៊ីន។

គេនិយាយថា ត្រូវចំណាយជាង ១០.០០០.០០០ ដុល្លារ ដើម្បីអភិវឌ្ឍម៉ាស៊ីន និងដាក់ចេញលើទីផ្សារ។

សម្រាប់សិស្សវិទ្យាល័យម្នាក់ ចំណុចនេះគឺមិនអាចទៅរួចនោះទេ។

ដូច្នេះហើយ Sato ដែលជាតួអង្គសំខាន់ក្នុងរឿងនេះ បានរុះរើ និងកែប្រែម៉ាស៊ីនសាំងធម្មតា បង្កើត​ប្រព័ន្ធ​ដែល​ដំណើរ​ការ piston ដោយគ្រាន់តែប្រើសម្ពាធខ្យល់។

ដូច្នេះប្រសិនបើប្រើវិធីសាស្រ្ត​នេះ ក្រុមហ៊ុនផលិតម៉ាសុីនអាចយកតម្រាប់តាមភ្លាមៗ។

រចនាសម្ព័ន្ធប្រៀបដូចជាម៉ាស៊ីនសាំង ជាមួយនឹង piston ធ្វើចលនាចុះឡើង ដូច្នេះការបញ្ចេញសំឡេង​ស្រដៀង​នឹង​ម៉ាស៊ីន​ប្រើ​សាំង​ដែរ។

មតិយោបល់មួយចំនួននិយាយថា ពិតជាគួរឲ្យស្តាយណាស់ដែលសំឡេងម៉ាសុីនមិនរលូនដូចជាប្រភេទយានជំនិះអគ្គិសនី ប៉ុន្តែខ្ញុំជឿថា ម៉ាស៊ីន និង​សំឡេង​នីមួយៗ​មាន​លក្ខណៈ​ពិសេស​ដោយ​ឡែក ហើយ​អាស្រ័យ​លើ​ការ​យល់​ឃើញ​របស់​មនុស្ស​ម្នាក់ៗ។

ទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល

មិនថានៅប្រទេសណាក៏ដោយ មុនពេលដែលទទួលបានការអនុញ្ញាត យានជំនិះដែលទើបចុះបញ្ជីថ្មី ក្នុង​នោះ​មាន​រថយន្ត និង​ម៉ូតូ នឹង​មិនទទួលបានការអនុញ្ញាតឲ្យធ្វើចរាចរលើផ្លូវសាធារណៈ​ឡើយ។

នៅ​ប្រទេស​ជប៉ុនស្លាក​លេខគឺជា​ភស្តុតាង​ដែល​បញ្ជាក់​ថាយានជំនិះមាន​អាជ្ញាប័ណ្ណ។

ម៉ូតូម៉ាសុីនខ្យល់ដែលផលិតដោយ Sato ទទួលបានស្លាកលេខពីរដ្ឋាភិបាលជប៉ុន និងដំណើរការនៅ​លើ​ផ្លូវសាធារណៈ។ ចំណុចនេះបញ្ជាក់ឲ្យឃើញថា ការច្នៃប្រឌិតរបស់ Sato ត្រូវបានទទួលស្គាល់ជា​ផ្លូវ​ការ។

ទាក់ទាញការចាប់អារម្មណ៍របស់ក្រុមហ៊ុនផលិតនៅលើពិភពលោក

នៅពេលដែលត្រូវបានដាក់តាំងនៅឯពិព័រណ៍រថយន្តអន្តរជាតិដែលប្រារព្ធធ្វើឡើងនៅ Milan ប្រទេស​អុីតាលី ផលិត​ផល​​នេះ​​ទទួល​​បាន​​ការ​ចាប់​​អារម្មណ៍​​យ៉ាង​​ខ្លាំង​​ពី​ពិភព​លោក។

មនុស្សជាច្រើននិយាយថា៖ “សិស្សវិទ្យាល័យជប៉ុនកំពុងតែនាំមុខសម័យកាល” ។

ហើយ​ចាប់​ពី​ពេល​នោះ ការ​អញ្ជើញ​សហការ​ជា​ច្រើន​ពី​បណ្តា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​នៅ​ជុំវិញពិភព​លោក​បាន​ផ្ញើ​មក។

គេជឿថា នៅពេលអនាគត ប្រសិនបើយើងអាចប្រើថាមពលពន្លឺព្រះអាទិត្យសម្រាប់ផលិតខ្យល់ដែលបានបង្ហាប់ ដូច្នេះយើងអាចផលិតមធ្យោបាយធ្វើដំណើរដែលមិនប៉ះពាល់ដល់បរិស្ថាន។

ប្រសិនបើរឿងទាំងនេះក្លាយជាការពិត ចំណុចនេះមានន័យថា ការច្នៃប្រឌិតរបស់សិស្សវិទ្យាល័យម្នាក់អាចផ្លាស់ប្តូរពិភពលោក ពិតជាគួរឲ្យសរសើរណាស់មែនទេ?

ដោយមិនត្រឹមតែបង្ហាញពីអារម្មណ៍កោតសរសើរប៉ុណ្ណោះ​ទេ តើអ្នកទាំងអស់គ្នាចង់សាកល្បងបង្កើត​​អ្វី​ម្យ៉ាង​ដែល​រួម​ចំណែក​ដល់​សង្គម ហើយរួមគ្នាជួយដល់ពិភពលោកឲ្យប្រសើរឡើង និងស្រស់​ស្អាត​ជាង​មុន​ដែរ​ទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: