វិធីសាស្រ្តបញ្ជូនដំណឹងនៅកាលសម័យសាមូរ៉ៃ
វិធីសាស្រ្តបញ្ជូនដំណឹងនៅកាលសម័យសាមូរ៉ៃ។
កាលពីជាង ១៥០ ឆ្នាំមុន ក្នុងសម័យ Edo ជាសម័យកាលដែលជប៉ុនត្រូវបានគ្រប់គ្រងដោយវណ្ណៈសាមូរ៉ៃ។
នៅពេលនោះវត្តមានរបស់អគ្គិសនីត្រូវបានទទួលស្គាល់ ប៉ុន្តែមិនទាន់ត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃឡើយ។
ប្រសិនបើខ្ញុំនិយាយថា កាលសម័យនោះ ធ្លាប់មានប្រព័ន្ធមួយដែលស្រដៀងនឹងបណ្តាញ (អុីនធឺណេត) តើអ្នកទាំងអស់គ្នាជឿដែរទេ?
ទទួលបានដំណឹងប្រៀបដូចជានៅសម័យនេះដែរ
ខ្ញុំជឿថា អ្នកដែលរកប្រាក់ចំណេញតាមរយៈភាគហ៊ុន និងប្តូរប្រាក់រូបិយប័ណ្ណបរទេសសុទ្ធតែប្រើប្រាស់ប្រព័ន្ធអុីនធឺណេតដើម្បីទទួលបានព័ត៌មានមុនគេ ចំណុចនេះក៏ដូចជាកាលពីមុនដែរ។
កាលពីសម័យបុរាណនៅជប៉ុន មានអ្នកវិនិយោគរកប្រាក់ចំណេញតាមរយៈការទិញ និងលក់អង្ករ។ នៅពេលដែលតម្លៃអង្ករឡើងថ្លៃនៅតំបន់ណាមួយ តំបន់ដែលនៅជិតនោះក៏ឡើងថ្លៃជាបន្តបន្ទាប់ផងដែរ។ ដូច្នេះហើយ ប្រសិនបើអាចដឹងដំណឹងមុនអ្នកដទៃ ប្រាកដជាអាចរកបានប្រាក់ចំណេញខ្ពស់បំផុត។
ដំណឹង និងប្រព័ន្ធផ្សព្វផ្សាយនៅសម័យកាលដែលមិនមានអគ្គិសនី
នៅសម័យកាលដែលមិនមានទូរស័ព្ទ ហើយជាការពិតណាស់ ប្រព័ន្ធអុីនធឺណេតក៏មិនមាននោះដែរ។ ដូច្នេះធ្វើយ៉ាងណាមនុស្សនៅសម័យនោះអាចបញ្ជូនដំណឹងទៅឆ្ងាយបាន?
ចម្លើយគឺថា នៅសម័យនោះមានវិធីសាស្រ្តមួយដែលគេហៅថា “គ្រវីទង់” ។
ដោយសារតែគម្លាតដែលអាចមើលឃើញទង់មិនឆ្ងាយ ដូច្នេះអ្នកដែលនៅជិតមើលឃើញដំណឹងតាមរយៈទង់នឹងបន្តប្រើប្រាស់វិធីសាស្រ្តគ្រវីទង់ ដើម្បីបន្តបញ្ជូនដំណឹងទៅកាន់មនុស្សបន្ទាប់ទៀត។ ដំណឹងត្រូវបានបញ្ជូនបន្តតាមទម្រង់ពីមួយកន្លែងទៅមួយកន្លែង។
ខ្លឹមសារដំណឹងត្រូវបានកំណត់តាមរយៈវិធីសាស្រ្តគ្រវីទង់ និងពណ៌របស់ទង់ ដោយផ្អែកលើកត្តាទាំងនេះ អ្នកទទួលដំណឹងអាចស្វែងរកកន្លែងលក់ និងតម្លៃលក់របស់ផលិតផលណាមួយ។
ជាការពិតណាស់ នេះជាវិធីសាស្ត្រដែលប្រើកម្លាំងមនុស្ស មិនដូចជាប្រព័ន្ធអុីនធឺណេតសព្វថ្ងៃនេះឡើយ ប៉ុន្តែបើតាមរចនាសម្ព័ន្ធវាស្រដៀងទៅនឹងប្រព័ន្ធអុីនធឺណេត។
ខ្ញុំគិតថា យើងអាចចាត់ទុកវាដូចជាការផ្តួចផ្តើមនៃប្រព័ន្ធអុីនធឺណេត។
“ការផ្តួចផ្តើម” ដែលខ្ញុំចង់និយាយគឺសំដៅលើចំណុចចាប់ផ្តើម មិនមែនមានន័យថា អុីនធឺណេតមានប្រភពមកពីទម្រង់បញ្ជូនដំណឹងដែលគ្រវីទង់នោះទេ។
នៅពេលដែលចំនួនសត្រូវកើនឡើង តើនរណានឹងក្លាយជាជនរងគ្រោះ?
បុគ្គលដំបូងដែលរកឃើញមធ្យោបាយបញ្ជូនដំណឹងតាមរយៈការគ្រវីទង់ បានបញ្ជូនដំណឹងដោយសម្ងាត់ ប៉ុន្តែយូរៗទៅ មធ្យោបាយនេះត្រូវគូប្រជែងប្រទះឃើញ ហើយថែមទាំងធ្វើបានល្អជាងអ្នកដែលរកឃើញដំបូងទៅទៀត ដោយមិនអាចរក្សាសម្ងាត់បានទៀតឡើយ។
មានគុណសម្បត្តិ ហើយក៏មានគុណវិបត្តិដែរ ប៉ុន្តែនៅទីបំផុត អ្នកដែលក្លាយជាជនរងគ្រោះគឺជាអ្នកដែលធ្វើការងារបញ្ជូនសំបុត្រ (ក្នុងភាសាជប៉ុនហៅថា hikyaku) ពួកគេប្រៀបដូចជាបុគ្គលិកប្រៃសណីយ៍សព្វថ្ងៃនេះដែរ។
នៅសម័យនោះ អ្នកដែលបញ្ជូនសំបុត្រនឹងកាន់សំបុត្រនោះរត់ទៅកាន់ទីតាំងដែលបានកំណត់។ អ្នកដែលធ្វើការងារនេះ ពួកគេជាមនុស្សដែលអាចស៊ូទ្រាំនឹងការរត់បានល្អ ហើយល្បឿនដែលពួកគេរត់ សូម្បីតែអ្នករត់ផ្លូវឆ្ងាយសព្វថ្ងៃនេះក៏ភ្ញាក់ផ្អើលដែរ។
នៅពេលដែលតម្លៃអង្ករផ្លាស់ប្តូរ រដ្ឋាភិបាលនឹងប្រើអ្នកបញ្ជូនសំបុត្រទៅប្រាប់តំបន់ផ្សេងទៀតកែតម្រូវតម្លៃ ប៉ុន្តែវិធីសាស្រ្តបញ្ជូនដំណឹងតាមយរៈការគ្រវីទង់ស្រាប់តែលេចឡើង ហើយបញ្ជូនដំណឹងបានលឿនជាងមុន ដែលធ្វើឲ្យការងាររបស់អ្នកបញ្ជូនសំបុត្រលែងមានន័យ។
ដោយសារមូលហេតុនេះ រដ្ឋាភិបាលនាសម័យនោះបានហាមឃាត់វិធីសាស្រ្តគ្រវីទង់បញ្ជូនដំណឹង។
មានប្រសិទ្ធភាពនៅកន្លែងដែលមិននឹកស្មានដល់?
ទោះបីជាត្រូវបានហាមឃាត់ក៏ដោយ ប៉ុន្តែហាក់បីដូចជានៅតែមានមនុស្សជាច្រើនបន្តប្រើវិធីសាស្រ្តគ្រវីទង់បញ្ជូនដំណឹងនេះដោយសម្ងាត់។
ហើយក៏មិននឹកស្មានថា ដោយប្រើមធ្យោបាយនេះ ដំណឹងសម្ងាត់ត្រូវបានបញ្ជូនទៅដោយសុវត្ថិភាព។
សង្គ្រោះជប៉ុននៅពេលក្រោយ
អំឡុងពេលដែលជប៉ុនត្រូវឈ្លានពានដោយបណ្តាប្រទេសផ្សេងទៀត វិធីសាស្រ្តនេះត្រូវបានគេប្រើឡើងវិញ ដែលប្រៀបដូចជាមធ្យោបាយបញ្ជូនដំណឹងសំខាន់ៗ ថែមទាំងអាចរក្សាការសម្ងាត់ផងដែរ។
ដំបូងឡើយ វាគ្រាន់តែជាវិធីសាស្រ្តរកប្រាក់ប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលប្រទេសធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ វិធីសាស្រ្តនេះបានក្លាយជាមធ្យោបាយទំនាក់ទំនងដែលសំខាន់ ជួយសង្គ្រោះទាន់ពេលវេលា។
កាលពីមុនក៏អញ្ចឹង សព្វថ្ងៃនេះក៏ដូចគ្នាដែរ ដើម្បីរកប្រាក់ចំណូលឲ្យបានច្រើន អ្នកដទៃតម្រូវឲ្យយើងប្រើប្រាស់ខួរក្បាល បង្កើតគំនិតថ្មីៗ ហើយត្រូវមានសមត្ថភាពអនុវត្តទើបអាចប្រកួតប្រជែងក្នុងបរិយាកាសដ៏លំបាកនេះ។
ក្នុងបរិយាកាសសព្វថ្ងៃ តើអ្នកទាំងអស់គ្នានឹងប្រើគំនិតបែបណាដើម្បីរកប្រាក់?
Abe Kengo