“គ្មានសុភមង្គលបើសិនជាមិនមានក្តីស្រមៃ” សម្រង់ពាក្យសម្តីរបស់លោក Shibusawa Eiichi ជាបុគ្គលដ៏អស្ចារ្យនៅលើក្រដាសប្រាក់ ១ ម៉ឺនយ៉េន
“គ្មានសុភមង្គលបើសិនជាមិនមានក្តីស្រមៃ”
សម្រង់ពាក្យសម្តីរបស់លោក Shibusawa Eiichi ជាបុគ្គលដ៏អស្ចារ្យនៅលើក្រដាសប្រាក់ ១ ម៉ឺនយ៉េន។
អំឡុងពេលមួយឆ្នាំមកហើយចាប់តាំងពីពេលដែលក្រដាសប្រាក់ជប៉ុនថ្មីត្រូវបានដាក់ឲ្យប្រើប្រាស់ ហើយបច្ចុប្បន្នឃើញថា ក្រដាសប្រាក់នេះចរាចរណ៍គ្រប់ទីកន្លែងនៅទូទាំងប្រទេស។
ក្រដាសប្រាក់ទាំងបីប្រភេទខុសគ្នាសុទ្ធតែត្រូវបានផ្លាស់ប្តូរថ្មី ហើយក្រដាសប្រាក់នីមួយៗសុទ្ធតែមានរូបថតរបស់បុគ្គលដ៏ល្បីឈ្មោះនៅជប៉ុន ប៉ុន្តែក្នុងអត្តបទថ្ងៃនេះខ្ញុំនឹងនិយាយអំពីលោក Shibusawa Eiichi ជារូបថតបុគ្គលដែលត្រូវបានបោះពុម្ពលើក្រដាសប្រាក់ធំបំផុតគឺ ១ ម៉ឺនយ៉េន។
លោក Shibusawa និងសម្រង់ពាក្យសម្តីរបស់លោក
ក្នុងមួយជីវិតរបស់ខ្លួន លោក Shibusawa បានបន្សល់ទុកនូវសម្រង់ពាក្យសម្តីដ៏ល្បីជាច្រើន ខ្ញុំសូមដកស្រង់សម្រង់ពាក្យសម្តីមួយចំនួនក្នុងចំណោមនោះខាងក្រោម។
“ខណៈពេលដែលអ្នកគិតថាខ្លួនពេញចិត្តគឺជាពេលដែលអ្នកចាប់ផ្តើមចុះខ្សោយ។”
“គ្មានមហិច្ឆតាគឺជាឫសគល់នៃភាពខ្ជិលច្រអូស។”
“គ្មានក្តីស្រមៃគឺមិនមានឧត្តមគតិ។ គ្មានឧត្តមគតិគឺមិនមានជំនឿ។ គ្មានជំនឿគឺមិនមានផែនការ។ គ្មានផែនការគឺមិនមានសកម្មភាព។ គ្មានសកម្មភាពគឺមិនមានសមិទ្ធផល។ គ្មានសមិទ្ធផលគឺមិនមានសុភមង្គល។
អាចនិយាយបានថា ប្រសិនបើអ្នកចង់បានសុភមង្គល អ្នកត្រូវមានក្តីស្រមៃ” ។
សមិទ្ធិផលរបស់លោក Shibusawa
លោក Shibusawa កើតនៅឆ្នាំ ១៨៤០ ជាសម័យកាលដែលជប៉ុនកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់វណ្ណៈសាមូរ៉ៃ ហើយបានទទួលមរណភាពនៅអាយុ ៩១ ឆ្នាំ។
លោកត្រូវបានគេចាត់ទុកដូចជាបិតានៃវិស័យសេដ្ឋកិច្ចជប៉ុននាសម័យទំនើប លោកបានធ្វើឲ្យអាជីវកម្មជាច្រើនក្លាយទៅជាការពិត។
・បង្កើតរចនាសម្ព័ន្ធប្រព័ន្ធក្រុមហ៊ុនភាគហ៊ុន
បានបង្កើតក្រុមហ៊ុនចំនួន ៤៨០ ក្រុមហ៊ុន និងចូលរួមគ្រប់គ្រងជាង ៦០០ ក្រុមហ៊ុន។
លោកបានចូលរួមបង្កើត និងគ្រប់គ្រងក្រុមហ៊ុនធំៗដែលនៅតែដំណើរការរហូតមកដល់សព្វថ្ងៃ រួមមានក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនអគ្គិសនី ក្រុមហ៊ុនឧស្ម័ន និងសារព័ត៌មាន។
・បង្កើតធនាគារដំបូងរបស់ជប៉ុន
លោកជាបុគ្គលដែលបានចាក់គ្រឹះសម្រាប់ធនាគារ Mizuho ដែលបច្ចុប្បន្នជាធនាគារមួយក្នុងចំណោមធនាគារធំរបស់ជប៉ុន។ ហើយនេះក៏ជាធនាគារតែមួយគត់ដែលមានការអនុញ្ញាតលក់សន្លឹកឆ្នោតផងដែរ។
សមិទ្ធិផលដ៏អស្ចារ្យជាច្រើនរបស់លោក ពិបាកនឹងរាប់អស់ខ្លាំងណាស់ ដូច្នេះខ្ញុំសូមលើកឡើងពីចំណុចមួយចំនួនប៉ុណ្ណោះ។
ទស្សនៈអាជីវកម្មរបស់លោក Shibusawa
មិនត្រឹមតែផ្តោតលើហិរញ្ញវត្ថុប៉ុណ្ណោះទេ ទស្សនអាជីវកម្មរបស់លោកគឺរក្សាតុល្យភាពរវាងសីលធម៌ គោលការណ៍ជាមួយនឹងតួលេខ។
បទដ្ឋានរបស់លោក Shibusawa គឺបន្តទស្សនៈដែលថា ប្រាក់ចំណេញត្រូវបានបង្កើតឡើងតាមរយៈអាជីវកម្ម ដើម្បីក្រមសីលធម៌ និងការរួមចំណែកដល់សង្គម។
ប្រសិនបើមិនខ្វល់ពីក្រមសីលធម៌ និងការរួមចំណែកដល់សង្គម ទោះបីជារកបានប្រាក់ចំណេញខ្ពស់នាពេលនោះក៏ដោយ ក៏មិនបានយូរអង្វែងនោះដែរ។
លោកធ្លាប់និយាយថា បណ្តាអាជីវកម្មជប៉ុនសព្វថ្ងៃនឹងធ្លាក់ក្នុងស្ថានភាពខាតបង់។ តើអាជីវកម្មទាំងនេះនឹងទៅជាយ៉ាងណា?
តើមូលហេតុដែលបណ្តាលឲ្យកើតមានវិបត្តិសេដ្ឋកិច្ចអូសបន្លាយរយៈពេល ៣០ ឆ្នាំកន្លងមកនេះសុទ្ធតែជាប់ពាក់ព័ន្ធទៅនឹងទស្សនៈសេដ្ឋកិច្ចនេះមែនទេ?
បុគ្គលដ៏អស្ចារ្យដែលមនុស្សគ្រប់គ្នាគោរពស្រលាញ់
នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ១៩៣១ លោក Shibusawa Eiichi បានទទួលមរណភាពនៅអាយុ ៩១ ឆ្នាំ។
មនុស្សជាង ៣ ម៉ឺននាក់បានទៅកាន់កន្លែងធ្វើពិធីបុណ្យសពរបស់លោក ដើម្បីបង្ហាញពីទឹកចិត្តសោកស្តាយរបស់ខ្លួន។
ដោយមិនត្រឹមតែរួមចំណែកយ៉ាងធំធេងក្នុងការធ្វើទំនើបកម្មជប៉ុនប៉ុណ្ណោះទេ លោកទទួលបានការគោរពស្រលាញ់ពីមនុស្សជាច្រើនព្រោះតែការប្រកាន់ភ្ជាប់ទស្សនៈ ដោយមិនបោះបង់ទស្សនៈសីលធម៌ និងការរួមចំណែកក្នុងសង្គម។
សព្វថ្ងៃនេះ ក្នុងជីវិតប្រចាំថ្ងៃ និងជាពិសេសក្នុងអាជីវកម្ម ទស្សនៈដែលថា “ប្រាក់ចំណេញគឺសំខាន់បំផុត” មិនត្រឹមតែរីកផ្សព្វផ្សាយនៅជប៉ុនប៉ុណ្ណោះទេ ថែមទាំងពេញនិយមនៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។
ខ្ញុំដឹងថា ប្រាក់ចំណេញពិតជាសំខាន់ខ្លាំងណាស់។ ទោះជាយ៉ាងណា យើងក៏មិនអាចរំលងកត្តាដែលនៅសល់នោះដែរ។
អ្នកទាំងអស់គ្នាធ្លាប់គិតទេថា ប្រសិនបើយើងរស់នៅក្នុងពិភពលោកដែលមនុស្សគ្រប់គ្នាផ្តោតសំខាន់តែប្រាក់ កេរ្តិ៍ឈ្មោះ គ្មានសីលធម៌ គ្មានមនុស្សធម៌ តើអាចនឹងមានសុភមង្គលដែរទេ? ហើយពិភពលោកបែបនេះស្ថិតស្ថេរបានយូរអង្វែងដែរទេ?
មនុស្សដែលព្រោះតែប្រាក់រកសុីគ្មានសីលធម៌ តើលទ្ធផលនឹងទៅជាយ៉ាងណា?
ឥឡូវនេះ រូបថតរបស់លោក Shibusawa ត្រូវបានបោះពុម្ពនៅលើក្រដាសប្រាក់ជប៉ុន ខ្ញុំគិតថា ដល់ពេលដែលយើងគួរពិចារណាទស្សនៈរបស់លោកឡើងវិញហើយ។
ពិតជាល្អខ្លាំងណាស់ ប្រសិនបើយើងទាំងអស់គ្នាគ្រប់គ្រងអាជីវកម្មរបស់ខ្លួនដោយមិនមើលរំលងបញ្ហាសីលធម៌ និងការរួមចំណែកដល់សង្គម។
Abe Kengo