“ការប្រឹក្សាដោយឯកឯង” វិធីសាស្រ្តបង្កើនសមត្ថភាពសម្រាប់មនុស្សពេញវ័យ។
“ការប្រឹក្សាដោយឯកឯង” វិធីសាស្រ្តបង្កើនសមត្ថភាពសម្រាប់មនុស្សពេញវ័យ។
សូមគោរពប្រិយមិត្តទាំងអស់គ្នា ប្រសិនបើនិយាយពីខ្ញុំ ខ្ញុំផ្ទាល់ក៏កំពុងធ្វើជាអ្នកប្រឹក្សាម្នាក់ផងដែរ។
រហូតមកដល់ពេលនេះ ខ្ញុំធ្លាប់ធ្វើជាប្រឹក្សាសម្រាប់ក្រុមហ៊ុនជាច្រើនដូចជា HONDA, NTT, Kirin Beer, KAGOME…
បើសិនជាសំណួរសួរថា ហេតុអ្វីបានជាមានមនុស្សជាច្រើនស្គាល់ខ្ញុំ ហើយខ្ញុំទទួលបានការជឿទុកចិត្តពីសាជីវកម្មធំៗដោយធ្វើជាអ្នកប្រឹក្សាបែបនេះ? ចំណុចនេះដោយសារតែនៅពេលដែលពួកគេលើកឡើងពីបញ្ហា ខ្ញុំអាចរៀបចំគម្រោងបានភ្លាមៗ។
ខ្ញុំមិនមែនកំពុងតែសប្បាយចិត្ត ឬមានចេតនាអួតអាងថាខ្លួនមានភាពឆ្លាតវៃនោះទេ។ តាមពិតទៅ ខ្ញុំគ្រាន់តែចង់ចែករំលែកប្រាប់ប្រិយមិត្តអ្នកគាំទ្រដែលកំពុងអានអត្តបទនេះ នូវបទពិសោធន៍ដែលមានប្រយោជន៍បំផុតក្នុងការងារ ដែលខ្ញុំបានសង្ខេបនាពេលកន្លងមក។
ប្រសិនបើទទួលយកបាននូវចំណុចសំខាន់ៗ ហើយអនុវត្តជាប្រចាំ ខ្ញុំជឿជាក់ថា អ្នកទាំងអស់គ្នានឹងទទួលបានជោគជ័យជាច្រើនមិនថាក្នុងការងារ និងជីវិតផ្ទាល់ខ្លួននោះទេ។
សង្ឃឹមថាប្រិយមិត្តនឹងតាមដានទាំងអស់គ្នា!
គន្លឹះក្នុងការប្រឹក្សាគឺចំណេះដឹង និងបទពិសោធន៍
ក្នុងការប្រឹក្សា ប្រសិនបើយើងធ្លាប់ជួបប្រទះស្ថានភាពស្រដៀងគ្នានេះពីមុន ហើយដាក់ចេញដំណោះស្រាយបានលឿនជាងមុនក៏ជារឿងធម្មតាដែរ។
ចំណុចនេះបង្ហាញថាចំណេះដឹង និងបទពិសោធន៍ពិតជាសំខាន់ខ្លាំងណាស់។
យ៉ាងណាមិញ នៅពេលដែលយើងមិនមានចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់ គ្មាននរណាជឿជាក់ ហើយប្រគល់ការងារឲ្យយើងនោះទេ។ មិនមានឳកាសទទួលបាននូវបទពិសោធន៍ជាក់ស្តែង តើធ្វើយ៉ាងណាមានបទពិសោធន៏អាចសន្និដ្ឋានបាន?
ដូច្នេះមានតែវិធីមួយគត់គឺបណ្តុះបណ្តាលខ្លួនឯងដោយប្រើវិធីសាស្រ្ត “ការប្រឹក្សាដោយឯកឯង” ប៉ុណ្ណោះ។
ចូរយើងស្វែងយល់លម្អិតពីមូលហេតុ ហេតុអ្វីបានជាយើងឃើញថារបស់នោះគួរឲ្យចាប់អារម្មណ៍ ស្រស់ស្អាត ឬឆ្ងាញ់
ឧទាហរណ៍ដូចជានៅពេលដែលយើងមើលរឿងដែលគួរឲ្យចាប់អារម្មណ៍ ប្រសិនបើគ្រាន់តែសន្និដ្ឋានថា “រឿងនេះល្អមើលណាស់” តែប៉ុណ្ណឹង នោះយើងប្រាកដជាមិនអាចដកយកនូវមេរៀនអ្វីឡើយ។
ចូរយើងសាកល្បងស្វែងយល់ ហេតុអ្វីបានជាយើងយល់ថារឿងល្អមើល។
មិនចាំបាច់ផ្តោតសំខាន់ថា ការវិភាគរបស់យើងត្រូវ ឬខុសនោះទេ ព្រោះនេះគ្រាន់តែជាលំហាត់ក្នុងការគិតពិចារណាប៉ុណ្ណោះ
ស្រដៀងនឹងម្ហូបឆ្ងាញ់មួយមុខដែរ សាកល្បងគិតមើល តើអ្វីទៅធ្វើឲ្យមុខម្ហូបមានរសជាតិឆ្ងាញ់។
ឬនៅពេលដែលជួបនារីស្រស់ស្អាតម្នាក់ ចូរយើងសាកល្បងវិភាគមើលថា តើចំណុចអ្វីដែលអ្នកយល់ថានាងស្អាត?
សូមធ្វើការសន្និដ្ឋានតាមរបៀបគិតរបស់អ្នក។
ការប្រឹក្សាដោយឯកឯងនៅភោជនីយដ្ឋាន
នៅពេលខ្លះយើងចេញទៅក្រៅទទួលទានអាហារ ប្រាកដជាមានហាងមួយចំនួនធ្វើឲ្យយើងមានអារម្មណ៍ថាមិនពេញចិត្ត ខ្ញុំជឿថាអាចនឹងមានករណីនេះ។ បើដូច្នេះមែន ចូរយើងឆ្ពោះទៅមុខមួយជំហានទៀតដោយពិចារណាថា ប្រសិនបើជាអ្នក តើអ្នកនឹងកែលម្អហាងនេះយ៉ាងណា?
សូមគិតពិចារណាគ្រប់យ៉ាងនៅក្នុងចិត្ត មិនចាំបាច់ចែករំលែកគំនិតរបស់អ្នកប្រាប់មនុស្សនៅទីនោះឡើយ។ ព្រោះគោលដៅនៃរឿងនេះគឺ ដើម្បីឲ្យយើងមានឳកាសគិតពិចារណាដោយខ្លួនឯង ប្រមូលផ្តុំចំណេះដឹងបន្ថែម និងបទពិសោធន៍។
សូមកុំគិតដូចជា “ខ្ញុំគ្មានបំណងបើកភោជនីយដ្ឋាននោះទេ” ព្រោះប្រហែលជាបច្ចុប្បន្នដូច្នេះមែន ប៉ុន្តែចំណេះដឹង និងបទពិសោធន៍នោះប្រាកដជានឹងមានប្រយោជន៍នៅពេលណាមួយ។
ចូរយើងសាកល្បងការប្រឹក្សាដោយឯកឯងសម្រាប់រឿងគ្រប់យ៉ាងដែលនៅជុំវិញខ្លួន យើងនឹងមិនបាត់បង់អ្វីទាំងអស់សម្រាប់រឿងនេះ។
ចំណុចនេះក៏សំខាន់ណាស់ដែរក្នុងជីវិតផ្ទាល់ខ្លួន
ចំពោះប្តីប្រពន្ធដែលរៀបការហើយ ឬក្នុងដំណាក់កាលស្រលាញ់គ្នាមុនពេលរៀបការ នៅពេលខ្លះមានការខ្វែងគំនិតឈ្លោះប្រកែកគ្នាក៏ជារឿងធម្មតាដែរ។ រហូតដល់ថ្នាក់មិនដឹងថា ម្នាក់នោះកំពុងគិតអ្វីនោះទេ។ យ៉ាងណាមិញ នេះជាចំណុចដែលសំខាន់។
សូមកុំបារម្ភ វិភាគលម្អិតអ្វីដែលបុគ្គលម្នាក់ទៀតកំពុងគិត។
និយាយឲ្យកាន់តែសាមញ្ញទៅ ជាដំបូងយើងត្រូវដាក់ខ្លួនក្នុងស្ថានភាពរបស់បុគ្គលនោះ ហើយពិចារណា ដូច្នេះទើបអ្នកយល់បានខ្លះថា ពួកគេកំពុងគិតអ្វី មានអារម្មណ៍យ៉ាងណា។
បន្ទាប់មក បើនិយាយពីអាកប្បកិរិយា ចូរយើងសាកល្បងដើរតួមនុស្សពីរនាក់ យើងដើរតួខ្លួនឯង និងបុគ្គលម្នាក់ទៀត ហើយស្រមៃមើលពីទិដ្ឋភាព ប្រសិនបើយើងនិយាយអ្វីម្យ៉ាង បុគ្គលម្នាក់នោះនឹងធ្វើយ៉ាងណា ហើយបើសិនជាយើងនិយាយតាមបែបផ្សេង តើនឹងមានអ្វីប្រែប្រួល…?
ដូច្នេះអាចដកស្រង់នូវអាកប្បកិរិយាដែលត្រឹមត្រូវ ដើម្បីបញ្ចប់ការឈ្លោះប្រកែក ជួយឲ្យទំនាក់ទំនងកាន់តែប្រសើរឡើង។
“គ្មាននរណាកើតមកសុទ្ធតែត្រូវគ្នាទាំងអស់នោះទេ អ្វីដែលសំខាន់ត្រូវយល់ពីភាគីបន្តិចម្តងៗ លុបបំបាត់គម្លាត និងកាន់តែខិតជិតគ្នា។
ការឈ្លោះប្រកែកគ្នាច្រើនតែកើតចេញពីអារម្មណ៍មិនចុះសម្រុង។ នៅពេលដែលស្ងប់ចិត្ត យើងអាចនឹងមានអារម្មណ៍ថាសោកស្តាយព្រោះតែពាក្យសម្តីដែលបាននិយាយ និងទង្វើដែលយើងបានធ្វើក្នុងអំឡុងពេលដែលខឹង។ ដូច្នេះត្រូវចងចាំរឿងមួយគឺ កុំសម្រេចចិត្តរឿងដែលសំខាន់ក្នុងពេលដែលកំពុងខឹង។
សូមទុកពេលឲ្យខ្លួនឯង និងភាគីមានពេលវេលាស្ងប់ស្ងាត់ ដោយចោទសួរខ្លួនឯង ស្វែងរកចម្លើយ និងធ្វើការសម្រេចចិត្តត្រឹមត្រូវ នៅពេលអ្នកទាំងពីរបានស្ងប់ចិត្ត។”
និយាយនរណាក៏អាចនិយាយបានដែរ ប៉ុន្តែធ្វើបានឬអត់គឺជារឿងមួយផ្សេង។ ខ្ញុំផ្ទាល់ក៏កំពុងខិតខំប្រឹងប្រែងមួយជំហានម្តងៗ ធ្វើជារៀងរាល់ថ្ងៃដើម្បីកែលម្អខ្លួនឯង។
សង្ឃឹមថា ចំណុចទាំងនេះជាការចែករំលែកវិជ្ជមានដែលអាចរួមចំណែកជួយដល់ប្រិយមិត្តអ្នកអានទាំងក្នុងការងារ និងជីវិតនាពេលខាងមុខ។
Abe Kengo