ការបណ្តុះបណ្តាលសមត្ថភាពឯករាជ្យក្នុងការអប់រំរបស់ជប៉ុន
ការបណ្តុះបណ្តាលសមត្ថភាពឯករាជ្យក្នុងការអប់រំរបស់ជប៉ុន។
នៅពេលដែលនិយាយពីសាលារៀនក្នុងប្រទេសជប៉ុន មានចំណុចមួយចំនួនប្រហែលជានឹងធ្វើឲ្យប្រិយមិត្តអ្នកអានយល់ថាគួរឲ្យភ្ញាក់ផ្អើល ក្នុងចំណោមនោះត្រូវនិយាយពីទស្សនៈនៃការអប់រំ។ អាចនិយាយបានថា ទស្សនៈនៃការអប់រំរបស់ជប៉ុនខុសនឹងទស្សនៈនៃការអប់រំរបស់បណ្តាប្រទេសផ្សេងទៀតនៅលើពិភពលោក។
ចូរយើងក្រឡេកមកមើលខ្លឹមសារអត្តបទខាងក្រោម ដើម្បីពិនិត្យមើលថា តើអ្នកយល់ស្របនឹងទស្សនៈនៃការអប់រំនេះដែរអត់។
សាលារៀនគឺជាកន្លែងសម្រាប់រៀន ប៉ុន្តែនៅក្នុងប្រទេសជប៉ុន ជាមូលដ្ឋានសាលារៀនគឺជាកន្លែងដែលជួយឲ្យសិស្ស និស្សិតមានសមត្ថភាពអាចធ្វើបានគ្រប់យ៉ាងដោយខ្លួនឯង។ ខ្ញុំនឹងចែករំលែកចំណុចនេះតាមជំហាននីមួយៗ។
ទៅសាលារៀនជាមួយគ្នា
ជាទូទៅនៅប្រទេសជប៉ុន ក្មេងៗក្នុងតំបន់ ផ្ទះនៅជិតគ្នានឹងប្រមូលផ្តុំដើម្បីទៅសាលារៀនជាមួយគ្នា។
សិស្សថ្នាក់ទី ៥ និងទី ៦ នឹងមើលថែប្អូនតូចៗដូចជាសិស្សថ្នាក់ទី ១ ជាដើម ហើយនាំប្អូនៗទៅសាលារៀន។
ឪពុកម្តាយមិនជូនកូនទៅសាលារៀន និងទទួលមកវិញដោយផ្ទាល់នោះទេ។ យ៉ាងណាមិញ ក្នុងអំឡុងពេលធ្វើដំណើរ ពួកគេនៅតែតាមសង្កេតមើលយ៉ាងស្ងៀមស្ងាត់។ ពួកគេតាមមើលពីចម្ងាយ ដើម្បីធានាថាកូនៗរបស់ខ្លួនអាចដើរឆ្លងផ្លូវដោយសុវត្ថិភាព។
ឪពុកម្តាយទាំងឡាយនឹងប្តូរវេនគ្នាដើម្បីធ្វើរឿងនេះ។
ក្រៅពីនេះ នៅប្រទេសជប៉ុនអ្នកបើកបររថយន្តក៏ផ្តល់អាទិភាពដល់អ្នកថ្មើរជើងផងដែរ ដូច្នេះកុមារកាន់តែមានសុវត្ថិភាព។ ចំណុចនេះបង្ហាញពីការបណ្តុះការយល់ដឹងអំពីការការពារកុមារ។
សម្អាតអនាម័យដោយខ្លួនឯង
ក្រៅពីថ្នាក់រៀន កុមារនៅជប៉ុនត្រូវសម្អាតបន្ទប់ហាត់ប្រាណ និងបន្ទប់ទឹកផងដែរ។
គោលការណ៍ជាមូលដ្ឋានគឺថា កុមារត្រូវសម្អាតកន្លែងដែលខ្លួនប្រើប្រាស់។
ត្រៀមរៀបចំអាហារថ្ងៃត្រង់នៅសាលារៀន
ជាការពិតណាស់ មិនដល់ថ្នាក់ទុកឲ្យកុមារចម្អិនអាហារដោយខ្លួនឯងនោះទេ តួនាទីរបស់ប្អូនៗគឺយកអាហារថ្ងៃត្រង់ដែលសាលាបានរៀបចំយកចូលថ្នាក់ ហើយបែងចែកទៅឲ្យមិត្តភក្តិផ្សេងទៀត។
រៀនធ្វើម្ហូប បោកគក់ និងដេរសម្លៀកបំពាក់
នៅជប៉ុនមានមុខវិជ្ជាមួយហៅថា “kateika” ដែលអាចបកប្រែថាការងារផ្ទះ។ ការងារដែលទាក់ទងនឹងការងារផ្ទះដូចជាចម្អិនអាហារ បោកគក់ និងដេរសម្លៀកបំពាក់ សុទ្ធតែត្រូវបានបង្រៀនក្នុងមុខវិជ្ជានេះ។
គោលបំណងនៃមុខវិជ្ជានេះ គឺមិនមែនដើម្បីទទួលបានពិន្ទុខ្ពស់ ឬដើម្បីប្រឡងចូលសាកលវិទ្យាល័យនោះទេ ចំណុចសំខាន់ក្នុងមុខវិជ្ជា គឺដើម្បីជួយឲ្យសិស្សានុសិស្សមានភាពឯករាជ្យនៅពេលដែលចេញពីសាលារៀន ដោយក្លាយជាសមាជិករបស់សង្គមជាផ្លូវការ។
ប្រជាជនជប៉ុនទាំងឡាយដែលធ្លាប់រៀនមុខវិជ្ជានេះ យ៉ាងហោចណាស់អាចធ្វើការងារបន្តិចបន្តួចក្នុងជីវិតប្រចាំថ្ងៃ។
ដោយផ្ទាល់ ទោះបីជាខ្ញុំមិនចូលចិត្តបោកគក់ក៏ដោយ ប៉ុន្តែជាក់ស្តែងខ្ញុំដឹងពីរបៀបបោកគក់ ហើយខ្ញុំអាចធ្វើដោយខ្លួនឯងបាន។
រៀបចំដំណើរកម្សាន្តខាងក្រៅ
សាលានឹងរៀបចំដំណើរកម្សាន្តសម្រាប់ប្អូនៗម្តងក្នុងមួយឆ្នាំ ដោយជ្រើសយកទីតាំងដែលសមស្របអាចទៅលេង និងត្រឡប់មកវិញក្នុងមួយថ្ងៃ។
នៅចាំបានថាកាលពីមុន សាលារបស់ខ្ញុំក៏ធ្លាប់រៀបចំដំណើរកម្សាន្តទៅលេងឧទ្យានដ៏ធំមួយផងដែរ។ ក្នុងអំឡុងពេលធ្វើដំណើរ សិស្សថ្នាក់ទី ៦ នឹងចាប់ដៃគូរជាមួយសិស្សថ្នាក់ទី ១ ហើយដើរមើលជាក់ស្តែងជាមួយគ្នា។ ដូច្នេះក្នុងអំឡុងពេលធ្វើដំណើរ សិស្សថ្នាក់ទី ៦ ដែលមានវ័យធំជាងមានតួនាទីមើលថែប្អូនៗថ្នាក់ទី ១ ឲ្យល្អបំផុតតាមដែលអាចធ្វើបាន។
ហើយបន្ទាប់មក… មានព្រឹត្តិការណ៍ដ៏គួរឲ្យចងចាំមួយបានកើតឡើង។ ខ្ញុំបានធ្លាក់ចូលទន្លេក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តនោះ ហើយបានបង្កបញ្ហាជាច្រើនដល់បងៗថ្នាក់ទី ៦ នៅឆ្នាំនោះ។
ឥឡូវនេះ នៅពេលដែលនឹកឃើញម្តងៗ ខ្ញុំមានអារម្មណ៍ថា រអៀសខ្លួនណាស់ ព្រោះតែសកម្មភាពរបស់ខ្លួន។
ថ្នាក់ដែលខ្ពស់ជាងមានតួនាទីពិសេស
សិស្សដែលមានថ្នាក់ខ្ពស់ជាងនឹងមានឱកាសទទួលបានបទពិសោធន៍ការងារសាមញ្ញៗក្នុងសាលា ឧទាហរណ៍ដូចជាទទួលតួនាទីបង្ហោះសេចក្តីជូនដំណឹងលើបណ្តាញព័ត៌មានរបស់សាលា ឬមើលថែសត្វចិញ្ចឹមដែលសាលាបានទិញ។
ជាទូទៅ គ្មានសកម្មភាពណាមួយទាក់ទងនឹងការកែលម្អសមត្ថភាពសិក្សារបស់សិស្សសម្រាប់ត្រៀមប្រឡងនោះទេ។ ទោះជាយ៉ាងណា ចំណុចទាំងនេះនៅតែសំខាន់ ពិតជាពិបាក និងស្មុគស្មាញណាស់ ប្រសិនបើមិនដឹងពីចំណុចទាំងនេះ ហើយមិនអាចធ្វើបានដោយខ្លួនឯងនៅពេលដែលពេញវ័យ។
នៅប្រទេសជប៉ុន ចំណុចទាំងនេះក៏ត្រូវបានចាត់ទុកជាផ្នែកដែលសំខាន់ក្នុងអំឡុងពេលសិក្សាផងដែរ។
តើអ្នកយល់យ៉ាងណាចំពោះបញ្ហាដែលសាលារៀនជប៉ុនចំណាយពេលសម្រាប់មុខវិជ្ជា និងសកម្មភាពដូចដែលខ្ញុំបានរៀបរាប់ខាងលើ? តើអ្នកយល់ថាមានប្រយោជន៍ និងគាំទ្រដែរទេ?
JAPO សង្ឃឹមថានឹងទទួលបានមតិយោបល់របស់ប្រិយមិត្តអ្នកអានទាំងអស់គ្នា និងសូមអរគុណដោយស្មោះ។
Abe Kengo