សត្វ​ចម្លែក​មាន​ក្បាល​បួន និង​ការ​ប្រកួត​ប្រជែង​ដ៏អស្ចារ្យ

សត្វចម្លែកមានក្បាលបួន និងការប្រកួតប្រជែងដ៏អស្ចារ្យ។

ខ្ញុំមិនដឹងថា ត្រូវហៅរូបភាពនេះជាអ្វីនោះទេ ប្រហែលជា “សត្វចម្លែកសិប្បនិមិត្ត” គឺជាឈ្មោះដែល​សាក​សម​បំផុត​នា​ពេល​នេះ។

សូមប្រិយមិត្តអ្នកអានទាំងអស់គ្នាក្រឡេកមកមើលរូបភាពក្នុងអត្តបទនេះ។

នេះជាស្នាដៃដែលត្រូវបានបង្កើតឡើងដោយវិស្វកររបស់ Toyota និងត្រូវបានចាក់ផ្សាយក្នុងកម្មវិធី​ទូរទស្សន៍​ជប៉ុន។

ការប្រណាំងដែលមានចម្ងាយ ២៥ ម៉ែត្រ

ការប្រណាំងដែលមានចម្ងាយ ២៥ ម៉ែត្រត្រូវបានរៀបចំឡើង ប៉ុន្តែអ្វីដែលពិសេសត្រង់ថា តំណាងប្រកួតប្រជែងមិនមែនជាមនុស្សនោះទេ ប៉ុន្តែគឺជាសត្វឆ្កែ ហើយអ្វីដែលចម្លែកជាងនេះទៅ​ទៀត​គឺ នោះ​មិន​មែន​ជា​ឆ្កែ​ចិញ្ចឹម​ឡើយ ប៉ុន្តែ​ជា​ឆ្កែ​សិប្បនិម្មិតដែល​ធ្វើ​ពី​របស់​លេង។

ក្រុមដែលចូលរួមក្នុងកម្មវិធីមានដូចជា៖

・ក្រុមបច្ចេកវិទ្យានៃសាកលវិទ្យាល័យ Tokyo

・ក្រុម HINO (ក្រុមហ៊ុនផលិតឡានដឹកទំនិញ)

・ក្រុម TOYOTA

ជាមួយនឹងថវិកាអតិបរមា ៥០.០០០ យ៉េន ក្រុមដែលចូលរួមប្រកួតត្រូវរកមធ្យោបាយកែលម្អសត្វ​ឆ្កែ​របស់​ខ្លួន​ឲ្យ​ល្អ​បំផុត ដើម្បី​ចូល​រួម​ការ​ប្រណាំង​នេះ។

នេះជារូបភាពដើមរបស់​សត្វ​ឆ្កែ​ដែល​កម្មវិធី​ផ្តល់​ជូន មើល​ទៅ​រោម​របស់​វា​ទន់​ល្មើយ និង​គួរ​ឲ្យស្រលាញ់​ណាស់។

ស្នាដៃដែលផលិតឡើងដោយតុក្កតារូបឆ្កែ

ក្រុមដែលចូលរួមប្រកួតបានផ្តួចផ្តើមគំនិតជាច្រើន និងសម្រេចការងាររបស់ខ្លួន

នេះជាស្នាដៃរបស់ក្រុមបច្ចេកវិទ្យានៃសាកលវិទ្យាល័យ Tokyo ។

ដោយសារតែគិតថា ជើងខ្លីនឹងធ្វើឲ្យឆ្កែរត់យឺត ក្រុមនេះបានបំពាក់ជើងពណ៌ផ្កាឈូកវែង និងគួរ​ឲ្យ​ស្រលាញ់​សម្រាប់​វា។ ហើយ​ដើម្បី​កុំ​ឲ្យ​ឆ្កែ​ផ្អៀង​ទៅ​មក ពួក​គេ​បានដាក់រមូរនាំផ្លូវ​ខាងមុខ ដើម្បី​ជួយ​ឲ្យ​វាអាច​រត់​ត្រង់។

គំនិតនេះហាក់បីដូចជាល្អណាស់។

នៅប្រទេសជប៉ុន សាកលវិទ្យាល័យ Tokyo គឺជាសាកលវិទ្យាល័យដែលពិបាកប្រឡងចូលបំផុត។ ដូច្នេះ​ហើយ និស្សិតដែលមកពីផ្នែកបច្ចេកវិទ្យានៅសាលានេះ ពួកគេជាបុគ្គលដែលមានគំនិតច្នៃប្រឌិត និង​បច្ចេក​វិទ្យា​ច្បាស់​លាស់។

សត្វចម្លែកដែលបង្កើតឡើងដោយក្រុម TOYOTA

ដោយមិនគិតពីបញ្ហាល្បឿន សត្វឆ្កែដែលបង្កើតឡើងដោយក្រុម TOYOTA ធ្វើឲ្យគ្រប់គ្នាមានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

សូមក្រឡេកមើលរូបភាពខាងក្រោមទាំងអស់គ្នា។

តើអ្នកទាំងអស់គ្នាគិតថាគួរហៅវាជាអ្វី? ហៅថា “សត្វចម្លែកមានក្បាលបួន” មែនទេ?

ខ្ញុំយល់ថា ការផ្លាស់ប្តូររូបរាងខាងក្រៅបែបនេះ មិនអាចជួយបង្កើនល្បឿនធ្វើចលនារបស់វានោះទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បែរ​ជា​ធ្វើ​ឲ្យ​សត្វ​ឆ្កែ​កាន់​តែ​ធ្ងន់។

ប្រហែលជាក្នុងកម្មវិធី ក្រុមនីមួយៗទទួលបានឆ្កែតុក្កតាចំនួនបួនក្បាលសម្រាប់កែច្នៃផលិត​ផល ដោយ​ឡែក​ក្រុម​មួយ​នេះ​បាន​ប្រើ​ក្បាល​ទាំង​បួន​បង្កើត​ស្នាដៃ​ដ៏​ពិសេស​នេះ។

បន្ទាប់ពីបានគិតពិចារណា ក្រុម TOYOTA បានធ្វើការសម្រេចចិត្តចុងក្រោយ។ ដោយទុកឲ្យឆ្កែ​បួន​ក្បាល​របស់​ពួក​គេ​ចូល​រួម​ការ​ប្រណាំង។

ជាមួយនឹងការរចនាលក្ខណៈសំពីងសំពោងបែបនេះ តើល្អដែរទេ?

បន្ទាប់ពីបានគិតគូរយ៉ាង​ហ្មត់ចត់​ តើនេះជាការសម្រេចដែលត្រឹមត្រូវដែរទេ?

ប៉ុន្តែ​លទ្ធផល​គឺ​ក្រុម Toyota បានយកឈ្នះការប្រណាំងនេះ។

សមត្ថភាពខាង​ផ្នែក​បច្ចេកវិទ្យា​របស់​ពួក​គេ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ គួប​ផ្សំ​នឹង​គំនិតដែល​មិន​ធម្មតា។

ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តនៅជុំវិញពិភពលោកកំពុងតែឆ្ពោះទៅរករថយន្តអគ្គិសនី ចំណែកឯ TOYOTA បានអភិវឌ្ឍកម្លាំង hybrid ដែល​ល្អ​បំផុត​លើ​ពិភព​លោក។

ពួកគេក៏បានអភិវឌ្ឍ​រថយន្ត​ដែលដំណើរការដោយថាមពល​​អុីដ្រូសែន ដែល​មាន​លក្ខណៈ​ងាយស្រួល​​ជាង​​រថយន្ត​​អគ្គិសនី។

មិនត្រឹមតែប៉ុណ្ណឹង ក្រុមហ៊ុន​ថែមទាំងបានអភិវឌ្ឍថ្មប្រភេទថ្មី ដើម្បី​ដោះស្រាយ​បញ្ហា​ថ្ម ដែល​កំពុង​បង្កការលំបាកដល់រថយន្ត​អគ្គិសនី។ ហើយប្រហែលជា ពួកគេដូចជាកំពុងផលិតយានជំនិះដែល​ដំណើរ​ការ​ដោយ​ទឹក ដោយ​​មិន​​ចាំ​បាច់​​ប្រើ​​ឥន្ធនៈ​​ផ្សេង​ទៀត​ឡើយ។

បច្ចេកវិទ្យាថ្មី និងជឿនលឿនដែលខ្ញុំទើបតែលើកឡើងត្រូវបានបង្កើតឡើងដោយកម្លាំងបច្ចេក​វិទ្យា ហើយ​អ្នក​ដែលឈរ​នៅ​ពី​ក្រោយ​នោះ គឺ​ជា​ក្រុម​ដែលបានបង្កើតសត្វចម្លែកក្បាលបួនក្នុងការ​ប្រណាំង​នេះ។

ដោយសារតែកម្មវិធីទូរទស្សន៍នេះទើបធ្វើឲ្យខ្ញុំដឹងថា ប្រសិនបើមិនមានគំនិងច្នៃប្រឌិត​ឆ្កួតៗបន្តិច​បន្តួច ហើយ​បើ​មិន​ដើរ​ចេញ​ពី​ព្រំដែន​សុវត្ថិភាព យើង​ប្រហែល​ជា​មិន​អាច​បង្កើត​គំនិត​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​នោះ​ទេ។

ខ្លឹមសារអត្តបទមិនមែនជាការផ្សាយពាណិជ្ជកម្មនោះទេ ខ្ញុំគ្រាន់តែចង់បំផុសគំនិតប៉ុណ្ណោះ។ ហើយ​សង្ឃឹម​ថា អ្នកទាំងអស់គ្នានឹងកាន់តែចូលចិត្ត TOYOTA ព្រោះបច្ចេកវិទ្យាទំនើបដែលពួក​គេ​បាន​អភិវឌ្ឍ​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​កាន់​តែ​មាន​ភាព​ងាយ​ស្រួល និង​មាន​ផា​សុកភាព។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: