វិចិត្រករដ៏មានទេពកោសល្យ Katsushika Hokusai និងស្នាដៃរបស់លោក

វិចិត្រករដ៏មានទេពកោសល្យ Katsushika Hokusai និងស្នាដៃរបស់លោក។

ខ្ញុំជឿថា ភាគច្រើនប្រិយមិត្តទាំងអស់គ្នាប្រាកដជាធ្លាប់មើលឃើញផ្ទាំងគំនូរនេះ។

នេះជាគំនូររបស់​វិចិត្រករលោក Katsushika Hokusai ដោយអាចត្រូវបានចាត់ទុកជាឧទាហរណ៍ដែល​តំណាង​ឲ្យ​គំនូរ​ជប៉ុន​បុរាណ។

ជាផ្ទាំងគំនូរដ៏គួរឲ្យចាប់អារម្មណ៍មែនទេអ្នកទាំងអស់គ្នា?

អ្វី​ដែល​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​នោះគឺ ផ្ទាំង​គំនូរ​នេះ​ថែម​ទាំង​ត្រូវ​បាន​ធ្វើ​ឡើង​វិញ​ក្រោម​ទម្រង់គំនូរ​ចម្លាក់​ឈើ​ផង​ដែរ។

នៅពេលដែលនិយាយពីរូបគំនូរ លោក Hokusai ជាបុគ្គលដែលមានទេពកោសល្យម្នាក់ ហើយលោក​ថែម​ទាំង​បាន​ប្តូររហស្សនាមរបស់ខ្លួនដល់ទៅ ៣០ ដង។

ទោះជាយ៉ាងណា នៅពេលដែលឈានចូលវ័យដែលកាន់តែចាស់ទៅ របៀបរស់នៅ និងចរិកលក្ខណៈ​របស់​លោក​កាន់​តែ​ផ្លាស់​ប្តូរ​ទៅៗ។ ទន្ទឹមនឹងការផ្លាស់ប្តូរទាំងនោះ លោកថែមទាំងបានផ្លាស់​ប្តូរ​រចនាប័ទ្ម​គំនូរ និង​ប្រធាន​បទ​របស់​ខ្លួន។

ចូរយើងទាំងអស់គ្នាក្រឡេកមកមើលការផ្លាស់ប្តូររហស្សនាមរបស់វិចិត្រករដ៏មានទេពកោសល្យដែលចម្លែកម្នាក់នេះ។

Katsushika Hokusai ជាឈ្មោះរបស់វិចិត្រករដែលមនុស្សជាច្រើនស្គាល់

Katsushika Hokusai គឺជាឈ្មោះដែលមានមនុស្សជាច្រើននៅជុំវិញពិភពលោកស្គាល់។ លោកបាន​ចាប់​ផ្តើម​ប្រើ​ឈ្មោះ​នេះ​នៅ​អាយុ ៣៩ ឆ្នាំ ហើយ​បន្ត​ប្រើ​រហូត​ដល់​ពេល​ដែល​លោក​បានប្តូរឈ្មោះ​នៅ​អាយុ ៤៦ ឆ្នាំ។

ផ្ទាំងគំនូរដែលខ្ញុំបានណែនាំខាងលើជាផ្នែកមួយនៃកម្រងគំនូរ “Fugaku Sanjurokkei” – “ទេសភាព​ទាំង​សាម​សិប​ប្រាំ​មួយ​នៃ​ភ្នំហ្វូជី” ។

ក្នុងនោះពាក្យ “Fugaku” គឺជាឈ្មោះមួយផ្សេងទៀតរបស់ភ្នំហ្វូជី។

កម្រងគំនូរប្រមូលផ្តុំទៅដោយទេសភាពនៃភ្នំហ្វូជី បើតាមឈ្មោះដែលបានបង្ហាញមាន ៣៦ ផ្ទាំងគំនូរ ប៉ុន្តែជាក់ស្តែងបែរជាមានដល់ទៅ ៤៦ ផ្ទាំងគំនូរ ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ងាយ​នឹង​យល់ច្រឡំ។

នៅសម័យនោះ ជាទូទៅផ្ទាំងគំនូរតែងតែប្រើត្រាមួយប្រភេទ ដោយបោះត្រាឈ្មោះរបស់វិចិត្រករ​លើ​គំនូរ​ដែល​ខ្លួន​បាន​គូរ ក្នុងភាសាជប៉ុនហៅថា “rakuin” ។ យ៉ាង​ណា​មិញ ជាក់​ស្តែង​នៅ​​ពេលនោះ ឈ្មោះ​ដែល​លោក Hokusai ប្រើ​បាន​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ទៅ​ហើយ។

Hokusai Manga

ប្រហែលជានៅអាយុ ៥៥ ឆ្នាំ លោក Hokusai ស្រាប់តែចាប់អារម្មណ៍នឹង manga ។

ថ្វីត្បិតតែ ហៅថា manga ក៏ដោយ តែមិនមែនជា manga ដូចសព្វថ្ងៃនេះទេ ប៉ុន្តែជារូបគំនូរដែលពណ៌នា​មនុស្ស​តាម​បែប​កំប្លែង។

សព្វថ្ងៃគំនូរនេះលែងល្បីឈ្មោះទៅហើយ ប៉ុន្តែនៅសម័យនោះ​ត្រូវ​បាន​ចាត់​ទុក​ជា​ផ្ទាំងគំនូរដែលមាន​លក្ខណៈ​ពិសេស និង​ពេញ​និយម​យ៉ាង​ខ្លាំង។

ពិតជាពិបាកនឹងជឿណាស់នៅពេលដែលនិយាយថា ផ្ទាំង​គំនូរទាំងពីរខាងលើគូរ​ដោយ​វិចិត្រករម្នាក់ មែន​ទេ​អ្នក​ទាំង​អស់​គ្នា?

Gakyu Rojin និង Manji (卍)

នៅអាយុ ៧៥ ឆ្នាំ លោក Hokusai បានចាប់ផ្តើមប្រើឈ្មោះថា “Gakyo Rojin” ដែលមានន័យថា “បុរសចំណាស់​ម្នាក់​ឆ្កួត​នឹង​គំនូរ” លោក​​បាន​​ទទួល​ស្គាល់​​ថា​​ខ្លួន​​ជា​​មនុស្ស​​បែប​​នេះ។

ឈ្មោះមួយផ្សេងទៀតគឺ “Manji” (卍) ស្តាប់ទៅក៏ពិសេសណាស់ដែរ។

ដោយមិនឃើញច្រើនក្នុងការសន្ទនាប្រចាំថ្ងៃនោះទេ ប៉ុន្តែនេះជាអក្សរ Han ដែល​មាន​អត្ថន័យ។ នោះ​គឺ​ជា​អក្សរ Swastika (卍) ក្នុង​ព្រះ​ពុទ្ធ​សាសនា។

លោកថែមទាំងបានបញ្ចូលឈ្មោះ​ទាំង​ពីរ​នេះ​ទៅ​ជា “Gakyo Rojin Manji” ហើយ​បោះ​ត្រា​លើ​ផ្ទាំងគំនូរ​មួយ​ចំនួន។

ចាប់ផ្តើមពីដំណាក់កាលនេះ រចនាប័ទ្មគំនូរបានផ្លាស់ប្តូរយ៉ាងខ្លាំង។ យើងអាចមើលឃើញតាម​រយៈ​រូបភាព​ខាង​ក្រោម។

ក្រៅពីនេះ លោកថែមទាំងបានគូរ​គំនូរ​តាម​ប្រធាន​បទ​ចម្លែក​ដូច​ជា​ខ្មោច បិសាច សត្វ​ចម្លែក ។ល។

លោកជាវិចិត្រករដែលមានទេពកោសល្យម្នាក់ពិតមែន។

លោកតែងតែធ្វើអ្វីដែលខ្លួនចូលចិត្ត ហើយមិនថាធ្វើអ្វីក៏ដោយ លោកនៅតែអាចបង្ហាញពីទេពកោសល្យ​ដ៏​អស្ចារ្យ​តាម​រយៈ​រចនាប័ទ្ម​គំនូរ​ខុសៗ​គ្នា។

ទោះជាយ៉ាងណា… ខ្ញុំំមានចម្ងល់មួយ ប្រហែលជាមាននរណាម្នាក់នៅជុំវិញលោកបានបញ្ចេញមតិយោបល់​ទើប​លោក​ប្តូរ​ឈ្មោះ​ជា​បន្ត​បន្ទាប់​ដូច្នេះ?

និយាយអញ្ចឹង ខ្ញុំសូមចែករំលែកបន្ថែមផងដែលថា។

ប្រហែលជាឆ្នាំ ២០១០ ក្នុងភាសារបស់យុវជនជប៉ុនមានពាក្យថា “卍” (manji) ឬឃ្លា “マジ卍” (maji manji) ។

ពាក្យ “マジ” (maji) ក្នុងភាសាជប៉ុនមានន័យថា “ពិតឬ?” យូរៗទៅយុវជនប្តូរទៅជា “manji” ឬ “maji manji” ។

ប្រសិនបើលោកនៅរស់ ប្រាកដណាស់ ឈ្មោះ Manji របស់លោកនឹងទទួលបានការចាប់អារម្មណ៍ ព្រោះ​ស្តាប់​ទៅ​ដូច​ជា​ពាក្យ​ដែល​យុវជន​សម័យ​នេះ​ប្រើ។

ទោះបីជាមានលក្ខណៈចម្លែកបន្តិចក៏ដោយ ប៉ុន្តែលោក Katsushika Hokusai ជាវិចិត្រករដ៏មានទេព​កោសល្យ​ម្នាក់​ដែល​បាន​លះ​បង់​ដើម្បី​សិល្បៈ ហើយ​បាន​បន្សល់​ទុក​នូវ​គំនូរ​ដ៏​មាន​តម្លៃ​ជាច្រើន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: