សាមូរ៉ៃ និងកំពូលអ្នកកម្ចាត់បិសាច
សាមូរ៉ៃ និងកំពូលអ្នកកម្ចាត់បិសាច។
សាមូរ៉ៃ – គឺជាឈ្មោះដែលផ្សារភ្ជាប់នឹងវប្បធម៌នៃប្រទេសជប៉ុន។
មនុស្សជាច្រើនធ្លាប់បានលឺអំពីសាមូរ៉ៃ អ្នកខ្លះថែមទាំងស្ងើចសរសើរចំពោះភាពអង់អាចក្លាហានរបស់សាមូរ៉ៃ។ ប៉ុន្តែផ្ទុយទៅវិញ ប្រវត្តិនៃការបង្កើតសាមូរ៉ៃបែរជាមិនត្រូវបានផ្សព្វផ្សាយទូលំទូលាយ។
តាមពិតទៅ ដើមឡើយពួកគេជាអ្នកប្រយុទ្ធនឹងបិសាច សដៀងនឹងអ្វីដែលអ្នកទាំងអស់គ្នាបានមើលក្នុងរឿង “ក្រុមអ្នកកម្ចាត់បិសាច” (Kimetsu no Yaiba) ។
ចំណុចនេះត្រូវឬខុសនៅតែជាអាថ៌កំបាំង ប៉ុន្តែក្នុងខ្លឹមសារអត្តបទថ្ងៃនេះ យើងខ្ញុំនឹងណែនាំដល់ប្រិយមិត្តអ្នកអានទាំងអស់គ្នា ដោយនិយាយពីការងារដ៏ចម្លែករបស់សាមូរ៉ៃដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រផ្លូវការរបស់ជប៉ុន។ ចូរយើងតាមដានទាំងអស់គ្នា។
ផ្ទៃដីដែលពោរពេញទៅដោយការចងកំហឹង
ប្រហែលជានៅឆ្នាំ ៧០០ ដល់ ៨០០ ឆ្នាំក្រោយគ.ស ជប៉ុនត្រូវបានគ្រប់គ្រងដោយវណ្ណៈអភិជន។
ដើមឡើយ រាជធានីស្ថិតនៅខេត្ត Nara សព្វថ្ងៃ ក្រោយមក បានផ្លាស់ទៅកាន់ទីក្រុងក្យូតូ។ នៅទីនោះ វណ្ណៈអភិជនរស់នៅតាមអំពើចិត្តរបស់ខ្លួន ហើយលិចលង់ក្នុងភាពហ៊ឺហា។
ជាការពិតណាស់ ចំណុចនេះបានបណ្តាលឲ្យប្រជាជនមានការអាក់អន់ចិត្តយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត ថែមទាំងមានការច្រណែនជាច្រើន និងការប្រយុទ្ធដណ្តើមអំណោចរវាងត្រកូលគ្រួសារ ស្រដៀងនឹងរឿង “ដណ្តើមអំណោចរបស់រាជវង្ស” ដែលអ្នកទាំងអស់គ្នាតែងតែមើល។
ហើយនៅរាជធានីជាកន្លែងដែលពោរពេញទៅដោយការចងកំហឹង “មានអ្វីម្យ៉ាង” ចាប់ផ្តើមបង្ហាញខ្លួន និងកាន់តែច្រើនឡើងៗ។
តើនោះជាអ្វី…
រាជធានីពោរពេញទៅដោយបិសាចកំណាច
នៅប្រទេសជប៉ុនគេជឿថា ការចងកំហឹងប្រមូលផ្តុំកាន់តែច្រើននឹងបង្កើតឲ្យទៅជាបិសាច កន្លែងដែលមានការចងកំហឹង និងការច្រណែននឹងមានបិសាចកាន់តែច្រើន។
គេតំណាលថា នៅរាជធានីក្យូតូ នៅពេលយប់មានខ្មោចស្រេកឃ្លានជាច្រើនដើរតែលតោលតាមដងផ្លូវ។
បាតុភូតនេះក្នុងភាសាជប៉ុនគេហៅថា “Hyakki Yagyo” – ពោលគឺ “ក្បួនដង្ហែររបស់បិសាច” ។
ហើយក៏មិនច្បាស់ថា នោះជាបិសាច ខ្មោចព្រាយ ឬគ្រាន់តែជាប្រជាជនដែលស្រេកឃ្លានពេករហូតដល់ថ្នាក់មើលទៅពួកគេលែងដូចមនុស្សនោះទេ។
ទោះជាយ៉ាងណា នោះជាសម័យកាលដែលច្របូកច្របល់ខ្លាំងណាស់។
Onmyoji (គ្រូកម្ចាត់បិសាច) ចាប់ផ្តើមបង្ហាញខ្លួន
ក្នុងស្ថានភាពនោះ បុគ្គលដែលគេហៅថាគ្រូកម្ចាត់បិសាច ក្នុងភាសាជប៉ុនហៅថា Onmyoji – បានបង្ហាញខ្លួន ដែលមានតួនាទីការពារវណ្ណៈអភិជន។
ពួកគេប្រើមន្តអាគមសម្រាប់ដាក់បណ្តាសាអ្នកដទៃរហូតដល់ស្លាប់ កោះហៅបិសាចកំណាច ឬបង្កើតរបាំងសម្រាប់លាក់ខ្លួនពីសត្រូវ។
តើអ្នកទាំងអស់គ្នាធ្លាប់មើល ឬបានដឹងអំពីរឿង anime “Jujutsu Kaisen” នេះដែរទេ? គ្រូកម្ចាត់បិសាចក្នុងរឿងគំនូរជីវចលនេះស្រដៀងទៅនឹងគ្រូកម្ចាត់បិសាចកាលពីបុរាណ ជាអាជីពដែលធ្លាប់មានពិត។
បន្ទាប់មកគឺការបង្ហាញខ្លួនរបស់សាមូរ៉ៃ
មិនដូចជាគ្រូកម្ចាត់បិសាចនោះទេ សាមូរ៉ៃប្រើកម្លាំងដាវដែលនៅលើដៃសម្រាប់កម្ចាត់សត្រូវ។
ហើយបើតាមតំណាលនិយាយតៗមក សត្រូវដំបូងដែលពួកគេត្រូវប្រឈមមុខគឺបិសាច។ នៅពេលនោះតួនាទីរបស់សាមូរ៉ៃគឺត្រូវកម្ចាត់បិសាចដែលបង្ហាញខ្លួនក្នុងរាជធានី។
នៅទីបំផុត សម័យកាលរបស់វណ្ណៈអភិជនបានបញ្ចប់ក្នុងដៃរបស់សាមូរ៉ៃ។
ចំនួនសាមូរ៉ៃ ជាបុគ្គលដែលមានកាយសម្បទារឹងមាំ និងបច្ចេកទេសប្រើដាវយ៉ាងជំនាញកាន់តែច្រើនឡើង។ ពួកគេបានផ្តួលរំលំរបបអភិជនបន្តិចម្តងៗ ដោយឈានទៅដល់សម័យកាលសាមូរ៉ៃ។
ខ្ញុំជឿថា រឿងដែលខ្ញុំបានចែករំលែកគឺជាឧទាហរណ៍មួយដែលនិយាយពី មូលហេតុដែលយើងមិនគួរធ្វើរឿងដែលធ្វើឲ្យអ្នកដទៃចងកំហឹងឡើយ។ ព្រោះបើទោះបីជាការចងគំនុំមិនក្លាយទៅជាបិសាចក៏ដោយ ខ្ញុំជឿថា គ្មាននរណាអាចរស់នៅប្រកបដោយភាពរីករាយ ឬទទួលបានលទ្ធផលល្អទាំងដែលខ្លួនធ្វើរឿងអាក្រក់ជាច្រើននោះទេ។
រឿងស្រដៀងគ្នានេះក៏បង្ហាញឲ្យឃើញតាមរយៈរឿង anime ដ៏ល្បីរបស់ One Piece ផងដែរ។ ប្រសិនបើអ្នកទាំងអស់គ្នាធ្លាប់មើលរឿងគំនូរជីវចលនេះ ខ្ញុំជឿថា អ្នកនឹងយល់ ហើយមានគំនិតដោយឡែករបស់ខ្លួន។
ក្នុងជីវិតជាក់ស្តែង សាមូរ៉ៃបានដណ្តើមអំណោចក្នុងដៃរបស់វណ្ណៈអភិជន ចុះក្នុងរឿង One Piece វិញ តើដំណើររឿងនឹងទៅជាយ៉ាងណា? តើកងទ័ពជើងទឹកអាចនឹងបះបោរដែរទេ?
ពិតជាគួរឲ្យទន្ទឹងរង់ចាំណាស់!
Abe Kengo