រឿងនិយាយពីជនជាតិជប៉ុនបង្កើតជីវភាពសុខសាន្តសម្រាប់ប្រជាជនអាហ្វ្រិក… ដោយប្រើសំរាម
រឿងនិយាយពីជនជាតិជប៉ុនបង្កើតជីវភាពសុខសាន្តសម្រាប់ប្រជាជនអាហ្វ្រិក… ដោយប្រើសំរាម។
ប្រហែលជាអ្នកមិនធ្លាប់ទៅដល់ទីនោះដោយផ្ទាល់ ប៉ុន្តែតាមរយៈកាសែត និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត អ្នកទាំងអស់គ្នាប្រាកដជាបានដឹងខ្លះៗអំពីស្ថានភាពរស់នៅ ក៏ដូចជាប្រជាជនអាហ្រ្វិក។
ជីវិតរបស់ប្រជាជនអាហ្រ្វិកភាគច្រើនពោរពេញទៅដោយការលំបាក។ វាលខ្សាច់ធំល្វឹងល្វើយ កង្វះអាហារបានបណ្តាលឲ្យកើតមានជម្លោះ។
នៅតំបន់អាហ្រ្វិកដែលក្រីក្រ ការរស់នៅប្រកបដោយសន្តិភាពគ្រាន់តែជាទស្សនៈដែលពិបាកនឹងសម្រេចបានប៉ុណ្ណោះ។
ក្នុងចំណោមនោះមានប្រទេសមួយមានឈ្មោះថា Niger ដែលទទួលបានការជួយសង្គ្រោះដោយផ្អែកលើសំរាម ហើយអ្នកដែលបានធ្វើរឿងដ៏អស្ចារ្យនោះគឺលោកសាស្ត្រាចារ្យ Shuichi Oyama ជាសាស្ត្រាចារ្យជនជាតិជប៉ុននៅសាកលវិទ្យាល័យ Kyoto ។
ចូរយើងស្វែងយល់អំពីរឿងរ៉ាវដែលលោកបានធ្វើតាមរយៈអត្តបទខាងក្រោម។
តំបន់ទីប្រជុំជនដែលពេញទៅដោយសំរាម
តាមបណ្តាទីក្រុងនៅ Niger ប្រជាជនទម្លាប់នឹងរបៀបរស់នៅទាន់សម័យ ទន្ទឹមនឹងនោះថែមទាំងមានវត្តមានរបស់សំរាមគ្រប់ប្រភេទ ដែលមិនអាចរលាយបានតាមបែបធម្មជាតិដូចជាថង់ប្លាស្ទិក ដបជ័រជាដើម។
ជាការពិតណាស់ ថែមទាំងមានកាកសំណល់សរីរាង្គដូចជាអាហារដែលនៅសេសសល់ កាកសំណល់ផ្ទះបាយ។ល។
សំរាមបោះចោលនៅគ្រប់ទីកន្លែង ដោយមិនបានបែងចែកប្រភេទ ដូច្នេះពិបាកនឹងចាត់ចែងខ្លាំងណាស់។
ស្ថានភាពកាកសំណល់មិនទទួលបានការសម្អាត បានបណ្តាលឲ្យតំបន់ទីក្រុងពោរពេញទៅដោយក្លិនមិនល្អ។
លោកសាស្រ្តាចារ្យ Oyama បានចាប់ផ្តើមគម្រោងរបស់ខ្លួនតាមរយៈការប្រមូលកាកសំណល់ទាំងនោះ។
បោះចោលសំរាមនៅលើវាលខ្សាច់?
បន្ទាប់ពីប្រមូលរួច លោកសាស្ត្រាចារ្យ Oyama បានយកសំរាមដែលមិនបានបែងចែកប្រភេទទាំងអស់នោះ យកទៅចោលនៅលើវាលខ្សាច់។
ហើយជាការពិតណាស់ លោកបានធ្វើឲ្យវាលខ្សាច់ពោរពេញទៅដោយសំរាម។
ដំបូងឡើយ សកម្មភាពរបស់លោកបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់មកគឺទទួលមតិរិះគន់ និងការខឹងសម្បា។ ទោះជាយ៉ាងណា ចំណុចនេះបានកត់សម្គាល់ការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់តំបន់វាលខ្សាច់។
ធ្វើឲ្យវាល់ខ្សាច់បៃតង
វាលខ្សាច់គឺជាតំបន់ដែលមានដីខ្សោះគ្មានរុក្ខជាតិបៃតង ប៉ុន្តែចំណុចនេះមិនមានន័យថា គ្មានជីវិតនោះទេ។
នៅតាមតំបន់ទីក្រុង សត្វកណ្តៀរបំផ្លាញផ្ទះសម្បែង គ្រឿងសង្ហារឹម ថែមទាំងមានចំនួនច្រើនផងដែរ។
ដំបូងឡើយ សំរាមដែលបោះចោលនៅលើវាលខ្សាច់បានក្លាយជាកន្លែងរស់នៅរបស់សត្វកណ្តៀរ។ បន្ទាប់មកពួកវាចាប់ផ្តើមលូតលាស់យ៉ាងឆាប់រហ័ស។
អំឡុងពេលដែលពួកវារស់នៅប្រមូលផ្តុំ សត្វកណ្តៀររំលាយកាកសំណល់សរីរាង្គ ជួយបំផុសដី បង្កើតសារធាតុចិញ្ចឹម។
ប្រភេទសំរាមដូចជាដប ថង់ប្លាស្ទីកដែលមិនជ្រាបទឹក បានរក្សាទុកបរិមាណទឹកបន្តិចបន្តួច បន្ទាប់ពីមានភ្លៀងធ្លាក់នៅលើវាលខ្សាច់។
នៅពេលដែលដីល្អ និងមានសំណើម គ្រាប់ពូជដែលមិនដឹងថាមកពីណាចាប់ផ្តើមដុះពន្លក ហើយស្មៅក៏ចាប់ផ្តើមដុះផងដែរ។
ឥឡូវនេះ តំបន់វាលខ្សាច់ទាំងមូលចាប់ផ្តើមក្របដណ្តប់ទៅដោយពណ៌បៃតងនៃជីវិត។
សត្វចិញ្ចឹមសុីស្មៅ លាមករបស់សត្វចិញ្ចឹមអាចធ្វើជាជីធម្មជាតិ ដែលជួយឲ្យស្មៅដុះកាន់តែច្រើន។
វដ្តជីវិតបន្តបន្ទាប់
លទ្ធផលត្រឹមរយៈពេល ៣ ឆ្នាំ តំបន់វាលខ្សាច់នោះបានក្លាយជាវាលស្មៅ។
ត្រឹមសកម្មភាពសាមញ្ញដូចជាប្រមូល និងបោះចោលសំរាម សាស្រ្តាចារ្យ Oyama បានរួមចំណែកដោះស្រាយបញ្ហាជាច្រើនដូចជា៖ កាកសំណល់ទីក្រុង កែប្រែតំបន់វាលខ្សាច់ កង្វះអាហារសម្រាប់សត្វចិញ្ចឹម ភាពអត់ឃ្លាន ភាពក្រីក្រ និងជម្លោះ។
ដោយមិនចាំបាច់ប្រើបច្ចេកវិទ្យាថ្មី ហើយក៏មិនចាំបាច់ប្រើសារធាតុគីមីដែលថ្លៃៗនោះដែរ គ្រាន់តែដឹកជញ្ជូនសំរាមប៉ុណ្ណោះ។
ក្នុងករណីមួយចំនួន អាចនឹងមានកាកសំណល់ផ្ទុកសារធាតុពុល។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ តំបន់វាលខ្សាច់ដែលបានក្លាយជាវាលស្មៅនោះ ពុំបានរកឃើញសារធាតុពុលណាមួយឡើយ ហើយក៏មិនមានរបាយការណ៍កត់សម្គាល់ពីប៉ះពាល់សុខភាពនោះដែរ។
យ៉ាងណាមិញ នៅតែមានមតិមួយចំនួននិយាយថា ការចោលសំរាមនៅលើវាលខ្សាច់គឺជាទង្វើដែលមិនអាចទទួលយកបាននោះទេ។ និយាយបែបនេះដូចជាចង់មានន័យថា កុំខ្វល់ពីប្រជាជនដែលកំពុងអត់ឃ្លាន ឬសម្លាប់គ្នាទៅវិញទៅមកដើម្បីដណ្តើមប្រភពអាហារ។ ដូច្នេះរវាងការថែរក្សាសោភ័ណភាពវាលខ្សាច់ និងអាយុជីវិតរបស់មនុស្សជាច្រើន តើមួយណាសំខាន់ជាង?
មនុស្សមួយចំនួនក៏ប្រហែលជាគិតថា ក្រៅពីសំរាម ហេតុអ្វីបានជាមិនប្រើបច្ចេកវិទ្យា ឬសារធាតុគីមីដែលទំនើបដើម្បីធ្វើឲ្យវាលខ្សាច់មានពណ៌បៃតង ប៉ុន្តែប្រសិនបើធ្វើដូច្នេះ តើនរណាជាអ្នកឧបត្ថម្ភថវិកាសម្រាប់ចំណាយទាំងនោះ? តើថវិកាបានមកពីណា?
ដោយប្រើជំនាញ និងចំណេះដឹងដែលខ្លួនមាន ហើយធ្វើឲ្យអស់ពីសមត្ថភាព។ ប្រសិនបើមានបញ្ហាកើតឡើង យើងអាចសង្កេតមើលស្ថានភាព ហើយស្វែងរកមធ្យោបាយដោះស្រាយ។
ដោយផ្ទាល់ ខ្ញុំមិនគិតថានេះជាសកម្មភាពខុសនោះទេ តើប្រិយមិត្តយល់យ៉ាងណាចំពោះសកម្មភាពប្រើសំរាមជួយដល់តំបន់វាលខ្សាច់របស់លោកសាស្ត្រាចារ្យម្នាក់នេះ?
Abe Kengo