មុខម្ហូប​មួយ​ចំនួន​ដែល​ប្រជាជន​ជប៉ុន​និយម​ទទួល​ទាន​ជា​មួយ​នឹង​បាយ

មុខម្ហូបមួយចំនួនដែលប្រជាជនជប៉ុននិយមទទួលទានជាមួយនឹងបាយ។

ស្រដៀងនឹងប្រទេសកម្ពុជាដែរ អង្ករ​ជា​អាហារ​ដែលសំខាន់នៅប្រទេសជប៉ុន។ សម្រាប់ប្រជាជនជប៉ុន​ភាគ​ច្រើន បាយ​គឺ​ជា​មុខ​ម្ហូប​ដែល​មិន​អាច​ខ្វះ​បាន​ពេល​បរិភោគ​អាហារ​ប្រចាំ​ថ្ងៃ។

អង្ករអាចយកទៅកែច្នៃ​ធ្វើមុខម្ហូបជាច្រើន ប៉ុន្តែប្រជាជនជប៉ុនបែរជាចូលចិត្តបរិភោគបាយសជាង។ គេ​​និយាយ​​ថា ប្រជាជន​ជប៉ុន​កាល​ពី​បុរាណ​ហូប​បាយ​ប្រហែល ១៤ ចាន​​ក្នុង​​មួយ​ថ្ងៃ​។

ហើយចាប់តាំងពីពេលនោះមក មុខម្ហូបសម្រាប់បរិភោគជាមួយនឹងបាយសចាប់ផ្តើមពេញនិយម។

មុខម្ហូបទាំងនេះមានលក្ខណៈសាមញ្ញណាស់ គ្រាន់តែដាក់ ឬ​រោយ​បន្តិច​លើ​បាយ​ក្តៅគឺអាច​ហូបបាយ​​អស់​​ប៉ុន្មាន​ចាន​យ៉ាង​ឆ្ងាញ់។ ហើយថែមទាំងអាចចាត់ទុកដូចជាអំណោយសម្រាប់ជូនសាច់ញាតិ មិត្តភ័ក្តិ បន្ទាប់ពីទៅ​ដើរ​លេង​នៅ​ប្រទេស​ជប៉ុន។

Furikake – គ្រឿងផ្សំសម្រាប់រោយលើបាយ

Furikake ជាប្រភេទគ្រឿងផ្សំសម្រាប់រោយនៅលើបាយ។

ភាគច្រើនប្រភេទគ្រឿងផ្សំទាំងនេះសុទ្ធតែត្រូវបានសម្ងួត ដូច្នេះអាចរក្សាទុកនៅសីតុណ្ហភាពធម្មតា។ មិនត្រឹមតែប៉ុណ្ណឹង កញ្ចប់តូចល្មម ងាយ​ស្រួល​យក​តាម​ពេល​ធ្វើ​ដំណើរ ហើយ​អាច​ហូបបាន​នៅ​ពេល​ដែល​ចាំបាច់។

ដំបូងឡើយ មានតែរសជាតិដើមដូចជាអំបិល ត្រី និងសារ៉ាយសមុទ្រប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃនេះ គេផលិត​រស​ជាតិ​ថ្មី​ជា​ច្រើន​ដូច​ជា mentaiko ពង​មាន់ សាច់​អាំង។ល។

ដោយគ្រាន់តែរោយលើបាយ អ្នកអាចហូបបាយបានយ៉ាងឆ្ងាញ់។

Nori no tsukudani – សារ៉ាយ​សមុទ្រ​ស្ងួត

សារ៉ាយសមុទ្រ​យកទៅប្រឡាក់​ជាមួយ​ទឹកស៊ីអុីវ ហើយដាំឲ្យពុះ​រហូត​ដល់ខាប់។

ប្រភេទអាហារនេះថែមទាំងអាចរក្សាទុកបានយូរផងដែរ។

ថ្វីត្បិតតែ មើលទៅពណ៌ខ្មៅគ្មានអ្វីទាក់ទាញទាល់តែសោះ ប៉ុន្តែនេះជាមុខម្ហូបមួយក្នុងចំណោមមុខម្ហូបដែលគេបរិភោគជាមួយបាយតាំងពីបុរាណ​កាល​មក។ គុណ​វិបត្តិ​​របស់​​មុខ​​ម្ហូប​​នេះ​គឺ​ថា ងាយ​នឹង​ជាប់​ធ្មេញ​ពេល​បរិភោគ។

Taberu rayu – ប្រេងម្ទេសសម្រាប់បរិភោគ

ប្រេង​ម្ទេសជាប្រភេទប្រេងល្ង ដោយ​ប្រើ​ម្ទេស និង​ខ្ទឹមសសម្រាប់ធ្វើឲ្យមានក្លិនឈ្ងុយ។

ផលិតផលនេះត្រូវបានបង្កើតឡើងសម្រាប់បរិភោគជាមួយនឹងបាយ។

ខ្ទឹមស និងស្លឹកខ្ទឹមត្រូវបានលីងឲ្យមានក្លិនឈ្ងុយ ស្រួយក្នុងប្រេង រួមជាមួយនឹងរសជាតិហឹររបស់ម្ទេស ពិត​ជា​ស័ក្តិសម​សម្រាប់​បរិភោគ​ជា​មួយ​បាយ​ខ្លាំង​ណាស់។

យ៉ាងណាមិញ ក្នុងមាត់អាចនឹងមានក្លិនខ្ទឹមស ដូច្នេះ​ហើយ បន្ទាប់ពីបរិភោគសូមកុំភ្លេចដុសធ្មេញ ដើម្បី​នាំ​មក​នូវ​ខ្សល់​ដក​ដង្ហើម​ស្រស់​ថ្លា។

Tamago kake gohan – បាយ​លាយ​ស៊ុត​ឆៅ

មិត្តភ័ក្តិដែលមកពីបរទេសរបស់ខ្ញុំតែងតែបដិសេធមុខម្ហូបនេះ ព្រោះតែមិនធ្លាប់បរិភោគស៊ុត​ឆៅ។

គោះពងមាន់ឆៅមួយគ្រាប់ ហើយដាក់ក្នុងចានបាយ ឬយើងអាចហៅថា សាស៊ីមីស៊ុត។ ប្រជាជនជប៉ុន​តែង​តែ​ដាក់​ទឹក​ស៊ីអុីវ​បន្តិច និង​បីចេង​ដើម្បី​បង្កើត​រសជាតិ​សម្រាប់​មុខ​ម្ហូប។

នៅប្រទេសជប៉ុនស៊ុតត្រូវបានត្រួតពិនិត្យអនាម័យយ៉ាងតឹងរ៉ឹង ដូច្នេះអាចបរិភោគស៊ុតឆៅបាន។ ប៉ុន្តែ​នៅ​ប្រទេស​មួយ​ចំនួន ស៊ុត​ដែលដាក់លក់មិនទទួលបានការត្រួតពិនិត្យតឹង​រ៉ឹងនោះទេ ដែល​អាច​​បង្ក​គ្រោះថ្នាក់​ដល់​សុខ​ភាព ដូច្នេះ​សូមប្រយ័ត្ននៅពេលដែលអ្នកទាំងអស់គ្នាបរិភោគស៊ុត​ឆៅ។

ក្រឡេកមកមើលមុខម្ហូបនេះ ភាគច្រើនគ្រប់គ្នាសុទ្ធតែមិនចង់ភ្លក់នោះទេ ប៉ុន្តែនៅពេលដែលបានភ្លក់ហើយ អ្នកអាចនឹងចូលចិត្តមុខម្ហូបនេះក៏ថាបាន។

Natto – សណ្តែក​សៀង​ឡើង​ជូរ

ខ្ញុំជឿថា អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ឃើញមុខម្ហូបនេះ ប៉ុន្តែបែរជាមិនធ្លាប់ភ្លក់នោះទេ។

Natto គឺជាសណ្តែកសៀងដែលទុកឲ្យឡើងជូរ ងាយស្រួលរក្សាទុក និងបរិភោគ ថែមទាំងសម្បូរទៅ​ដោយ​សារ​ធាតុ​ចិញ្ចឹម។

ដំបូងឡើយ មើលទៅមុខម្ហូបនេះប្លែកបន្តិច ប៉ុន្តែនៅពេលដែលធ្លាប់ហូបនឹងមានអារម្មណ៍ថាឆ្ងាញ់។ យ៉ាង​ណា​មិញ natto មានក្លិនឆួលខ្លាំង និងស្អិត ដូច្នេះអ្នកដែលមិនធ្លាប់​ហូប​ប្រាកដ​ជាមាន​អារម្មណ៍​ថា​ខ្ពើម។

Niku miso – សាច់គោឆាសៀង

យកសាច់គោទៅឆាជាមួយនឹងសៀងមីសូ អំបិល និងស្ករ។

ប្រសិនបើអ្នកទាំងអស់គ្នាបរិភោគអាហារមិនឆ្ងាញ់ ឬគ្មានសាច់ អ្នកទាំងអស់គ្នាអាចភ្លក់មុខម្ហូប​​នេះ​​បាន។ នេះ​ជា​មុខ​ម្ហូប​ដែល​មាន​លក្ខណៈ​សាមញ្ញ ហើយ​ថែម​ទាំង​មានសាច់ផងដែរ។

ក្រៅពីអាចបរិភោគជាមួយបាយ សាច់នេះហូបជាមួយសាឡាត់ក៏ឆ្ងាញ់ណាស់ដែរ។

ក្នុង​ចំណោម​មុខ​ម្ហូប​ដែល​ខ្ញុំ​បាន​រៀប​រាប់​ខាង​លើ តើ​មុខ​ម្ហូប​ណា​ខ្លះ​ដែលអ្នក​ទាំង​អស់គ្នាធ្លាប់​ហូប ឬ​​ចូល​​ចិត្ត?

ទាំងនេះសុទ្ធតែជាមុខម្ហូបដែលអ្នកទាំងអស់គ្នាអាចរកបាននៅក្នុងផ្សារទំនើបជប៉ុន ថែមទាំងអាច​​ទិញ​​ទុក​​ធ្វើ​​ជា​​អំណោយ​​សម្រាប់​​សាច់​​ញាតិ និង​​មិត្ត​​ភ័ក្តិ​​ផង​​ដែរ។

ក្រៅពីនេះ មុខម្ហូបដូចជាសាច់គោឆាសៀង សារ៉ាយ​សមុទ្រស្ងួត ឬប្រេងម្ទេស អ្នក​អាច​ធ្វើ​ដោយខ្លួន​​ឯង​​នៅ​ប្រទេស​កម្ពុជា​បាន។

សព្វថ្ងៃនេះ ជីវិតកាន់តែមានភាពមមាញឹក ពេលខ្លះយើងគ្មានពេលសម្រាប់ធ្វើម្ហូប ឬមិនចង់ធ្វើម្ហូប​ដែល​ពិបាកៗ អ្នក​ទាំងអស់គ្នា​អាច​សាក​ល្បង​ធ្វើ​មុខ​ម្ហូប​ទាំង​នេះ​នៅ​ថ្ងៃ​សម្រាក ឬ​ចុងសប្តាហ៍។ ចម្អិន​​​ម្ហូប​​​សាមញ្ញ​​ប៉ុន្មាន​​មុខ​​នេះ​ទុក​ក្នុង​ទូទឹកកក ទុក​សម្រាប់​បរិភោគ​នៅ​ពេល​ដែល​មមា​ញឹក។

ប្រាកជាឆ្ងាញ់ និងមានភាពងាយស្រួលណាស់។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: