ការបូជាសព – ទម្រង់​នៃ​ការ​បញ្ចុះ​សព​ដោយ​មិន​ចាំបាច់​មាន​ផ្នូរ

ការបូជាសព – ទម្រង់នៃការបញ្ចុះសពដោយមិនចាំបាច់មានផ្នូរ។

នៅតាមតំបន់ទីក្រុងប្រទេសជប៉ុន ដីធ្លីកាន់តែកម្រទៅៗ តម្លៃដីឡើងថ្លៃ និងមិនមានកន្លែងសម្រាប់​ដាក់​ផ្នូរ។

ក្នុង​ស្ថានភាព​បែប​នេះ ទម្រង់នៃ​ពិធី​បុណ្យ​សព​​ថ្មីចាប់ផ្តើមលេចឡើង ដោយយើងលែងមើលឃើញ​គ្រោង​​ឆ្អឹង​របស់​អ្នក​ដែល​បាន​ចែក​ឋាន។

តើអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងណា? សូមចែករំលែកប្រាប់ JAPO តាមរយៈខ្លឹមសារអត្តបទ​ខាង​ក្រោម។

ស្ថានភាពផ្នូរនៅជប៉ុន

ផ្នូរនៅជប៉ុនមានលក្ខណៈខុសគ្នាបន្តិចបើប្រៀបទៅនឹងផ្នូរនៅប្រទេសកម្ពុជា។

នៅប្រទេសជប៉ុន ផ្នូរមិនមែនសម្រាប់បុគ្គលនោះទេ ប៉ុន្តែសម្រាប់ត្រកូល គ្រួសារ។

ចំពោះរឿង​អាពាហ៍ពិពាហ៍ក៏ដូច្នេះដែរ រៀប​ការ​មិន​មែន​ជា​​រឿង​​របស់​​បុគ្គល​​នោះ​​ទេ ប៉ុន្តែ​ជា​រឿងដែល​​ស្រ្តី​​ម្នាក់​​​​ផ្លាស់​​ទៅ​​រស់​​នៅ​​ខាង​​ផ្ទះ​​របស់​​បុរស។

សម្រាប់ករណីមួយចំនួនផ្សេងទៀត បុរសជាប្តីនឹងទៅរស់នៅខាងប្រពន្ធ ប៉ុន្តែរឿងនេះកម្រនឹងកើត​ឡើង​នៅ​ជប៉ុន​ណាស់។

បន្ទាប់ពីរៀបការរួច ស្ត្រីជប៉ុននឹងផ្លាស់ទៅរស់នៅផ្ទះខាងប្តី ហើយប្តូរត្រកូលរបស់ខ្លួនទៅជាត្រកូល​គ្រួសារ​ខាង​ប្តី។ ហើយ​ក្រោយពេលទទួលមរណៈភាព ស្ត្រី​ទាំង​នោះត្រូវ​​បាន​​បញ្ចុះ​ក្នុង​ផ្នូររបស់គ្រួសារ​ខាង​ប្តី។

ទោះជាយ៉ាងណា ដោយសារការអភិវឌ្ឍន៍នគរូបនីយកម្ម ចំនួនប្រជាជនចាកចេញពីស្រុកកំណើត​ទៅ​រស់​នៅ​តំបន់​ទីប្រជុំជន​កាន់​តែ​ច្រើន​ឡើង។ លទ្ធផលសមាជិកគ្រួសារជាមូលដ្ឋានមាន​តែ​ប្តី ប្រពន្ធ និង​កូន​ប៉ុណ្ណោះ។ ហើយរឿងទៅសួរសុខទុក្ខគ្រួសារខាងប្តីត្រឹមម្តងក្នុងមួយឆ្នាំប៉ុណ្ណោះ។

មិនរស់នៅជាមួយគ្នា ហើយក៏មិនជួបគ្នាញឹកញាប់នោះដែរ ក្នុងស្ថានភាពបែបនេះ ពិតជាពិបាកនឹង​បង្កើត​ទំនាក់​ទំនង​​ជិត​ស្និទ្ធ​​រវាង​​ឪពុក​ម្តាយ​​ក្មេក និង​​កូន​ប្រសា​ស្រី​ខ្លាំង​ណាស់។

ដូច្នេះហើយ ចំណុចនេះក៏មិនមែនជារឿងដែលពិបាកយល់នោះដែរ នៅពេលដែលស្រ្តីកាន់តែច្រើន​និយាយ​ថា ពួកគេមិនចង់បញ្ចុះសពក្នុងផ្នូរឪពុកម្តាយក្មេកក្រោយពេលទទួលមរណៈភាពឡើយ។ ដូច្នេះ​ទើប​ពួក​គេ​ជ្រើស​យក​ការ​ធ្វើ​ផ្នូរ​ថ្មីនៅ​ជិត​កន្លែង​ដែល​ខ្លួន​រស់​នៅ។

យ៉ាងណាមិញ ដីធ្លីនៅតំបន់ទីក្រុងមានភាពខ្វះខាត ហើយតម្លៃក៏កាន់តែខ្ពស់ផងដែរ។ នៅទីក្រុង​តូក្យូ តម្លៃ​ជា​មធ្យម​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ប្រហែល ៣ ទៅ ៨ លាន​យ៉េន។

ការរៀបចំពិធីបុណ្យសពក៏ចំណាយច្រើនណាស់ដែរ ដូច្នេះការចំណាយសរុបអាចនឹងឡើងដល់ ៥ ទៅ ១០ លានយ៉េន ហើយចំណុចនេះបានក្លាយជាបញ្ហាសម្រាប់អ្នកដែលបានចែកឋាននៅតំបន់ទីក្រុង​ក្នុង​ប្រទេស​ជប៉ុន​ផង​ដែរ។

បច្ចេកវិទ្យាបូជាសពថ្មីដោយមិនបន្សល់ទុកអដ្ឋិធាតុ

ប្រសិនបើមិនមានផ្នូរទេនោះ អដ្ឋិធាតុនឹងត្រូវបានយកទៅផ្ទះសម្រាប់រក្សាទុក។

ការដែលរោយអដ្ឋិធាតុក្រោមសមុទ្រ ឬនៅលើភ្នំត្រូវមានការអនុញ្ញាត ហើយបើទោះបីជាមានការអនុញ្ញាត ក៏​ត្រឹម​តែ​អាច​រោយ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ ភាគ​ច្រើន​នៅ​តែ​ត្រូវ​រក្សា​ទុក​អដ្ឋិធាតុ។

ប្រសិនបើរោយដោយគ្មានការអនុញ្ញាត ចំណុចនេះអាចត្រូវបានចាត់ទុកជាសកម្មភាព​បោះ​ចោល​សាក​សព ដែល​ជា​ទង្វើ​ខុស​ច្បាប់។

ការរក្សាទុកអដ្ឋិធាតុរបស់មនុស្សជាទីស្រលាញ់ក្នុងផ្ទះគឺជារឿងធម្មតាណាស់ ប៉ុន្តែជាក់ស្តែងមិន​មែន​ប្តី​ប្រពន្ធ​ទាំង​អស់​សុទ្ធ​តែ​មាន​ទំនាក់​ទំនង​ល្អ​នោះ​ទេ។

ដូច្នេះហើយ ការដែលមិនចង់រក្សាទុកអដ្ឋិធាតុរបស់ភាគីក្នុងផ្ទះ ក៏ជារឿងធម្មតាដែរ សម្រាប់ករណី​មួយ​ចំនួន។

ក្នុងបរិបទនោះ បច្ចេកវិទ្យាថ្មីមួយត្រូវបានបង្កើតឡើង។ ដែលនោះជាបច្ចេកទេសបូជាសពដោយមិន​បន្សល់​ទុក​អដ្ឋិធាតុ។

សាកសព​ត្រូវ​បាន​ដុត​នៅ​សីតុណ្ហភាព​ខ្ពស់​រហូត​ដល់ក្លាយទៅជាផេះទាំងស្រុង ដោយមិនបន្សល់ទុក​អដ្ឋិធាតុ​សម្រាប់​យក​ទៅ​ផ្ទះ​ឡើយ។

ផ្នូររបស់ឪពុកម្តាយនឹងត្រូវបានថែរក្សាដោយកូនៗរបស់ពួកគេ ហើយបន្តទៅដល់កូនចៅជំនាន់ក្រោយ ដោយ​នេះ​ជា​ការកំណត់ទាក់ទងនឹងទំនៀម​ទម្លាប់​ប្រពៃណី​ផ្នូរ​នៅ​ប្រទេស​ជប៉ុន។

ថ្វីត្បិតតែ មានមតិមួយចំនួននិយាយថា រឿងនេះបង្កការលំបាកជាច្រើន ហើយបានក្លាយជាបន្ទុកសម្រាប់កូនចៅ ប៉ុន្តែនៅពេលដែលទំនៀមទម្លាប់នេះបាត់បង់ទាំងស្រុង ក៏ធ្វើឲ្យយើងមាន​​អារម្មណ៍​​ថា​សោក​​​ស្តាយ​ផង​ដែរ។

បច្ចុប្បន្នចំនួនប្រជាជនកម្ពុជាកាន់តែច្រើនឡើង ហើយដំណើរការនគរូបនីយកម្មក៏កំពុងប្រព្រឹត្ត​ទៅ​តាម​សមាមាត្រ​ផង​ដែរ។

អាស្រ័យលើសាសនា និងវប្បធម៌របស់ប្រទេសនីមួយៗ សម័យកាលខុសគ្នា ទម្រង់​នៃ​ការ​ពិធី​បុណ្យ​ក៏​​មាន​​ភាព​​ខុស​​គ្នា​​ផង​​ដែរ ការរក្សាទុកអដ្ឋិធាតុរបស់អ្នកដែលបានចែក​ឋាន​មាន​ដូច​ជាការបញ្ចុះ​​សព ការ​បូជា​សព ការ​បណ្តែត​តាម​សមុទ្រ និង​នៅ​លើ​ភ្នំ​ជា​ដើម។

កំណើត និងការស្លាប់គឺជារឿងដែលជៀសមិនផុតទេក្នុងជីវិត ប្រសិនបើអាចជ្រើសរើសវិធីបញ្ចុះ​សព​សម្រាប់​ខ្លួន​ពេល​ទទួល​មរណៈ​ភាព តើ​អ្នក​ទាំង​អស់​គ្នា​ចង់​ជ្រើស​យក​ទម្រង់​មួយ​ណា?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: