ពីរ៉ាមីត និងផ្នូររាជវង្សជប៉ុន រឿង​និយាយ​ពី​ផ្នូរ​រាជវង្ស​ដែល​នៅ​ជុំវិញ​ពិភព​​លោក

ពីរ៉ាមីត និងផ្នូររាជវង្សជប៉ុន រឿង​និយាយ​ពី​ផ្នូរ​រាជវង្ស​ដែល​នៅ​ជុំវិញ​ពិភព​លោក។

ប្រសិនបើនិយាយពីផ្នូរដែលធំជាងគេលើពិភពលោក យើងទាំងអស់គ្នាប្រាកដជាគិតភ្លាមដល់ផ្នូររបស់រាជវង្សមែនទេ?

ដូច្នេះហើយ ក្នុងចំណោមផ្នូរទាំងនោះ តើអ្នកទាំងអស់​គ្នាធ្លាប់ឮឈ្មោះផ្នូរមួយណាដែរ?

គិតមកទល់ពេលនេះ មានផ្នូរចំនួនបីដែលត្រូវបានគេស្គាល់ថាធំជាងគេលើពិភពលោក ដែលផ្នូរនីមួយៗ​​មាន​​កំណត់​ត្រា​ដោយ​ឡែក​ពី​គ្នា​ដូច​ជា​កម្ពស់ ចំណុះ និង​ទំហំ។

ហើយក្នុងចំណោមនោះ នៅជប៉ុនក៏មានផ្នូរមួយត្រូវបានរាប់បញ្ចូលក្នុងចំណាត់ថ្នាក់នេះផងដែរ។

ទោះជាយ៉ាងណា រហូត​មក​ដល់​បច្ចុប្បន្ន កំពុង​តែ​មាន​មតិ​សង្ស័យ​ថា តើ​សំណង់​ទាំង​នេះ​ពិត​ជាផ្នូរ​​ដែរ​​ទេ?

នៅថ្ងៃនេះ យើងនឹងនិយាយពីផ្នូរដ៏ធំទាំងនេះ រួមទាំងពាក្យចចាមអារ៉ាមដែលទាក់ទងនឹងប្រទេស​​ជប៉ុន​​ផង​​ដែរ។

ពីរ៉ាមីតអេហ្ស៊ីប

នៅពេលដែលរំលឹកដល់កន្លែងទេសចរណ៍ល្បីឈ្មោះក្នុងប្រទេសអេហ្ស៊ីប ប្រាកដជាមិនអាចមើលរំលងពីរ៉ាមីតនោះទេ។

ក្នុង​ចំណោម​នោះ ប្រាសាទពីរ៉ាមីតដែលធំបំផុតត្រូវបានចាត់ទុកថាជារបស់ស្តេច Khufu (មហាពីរ៉ាមីត​នៃ​ជីហ្សា) ។

ជាមួយនឹងកម្ពស់រហូតដល់ទៅ ១៤៦ ម៉ែត្រ នេះជាពីរ៉ាមីតដែលខ្ពស់ជាងគេនៅលើពិភពលោក។

ពីរ៉ាមីត​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ពី​ដុំ​ថ្ម​ធំៗ​ប្រមាណ​ជា ៣ លាន​ដុំ ថ្មត្រូវបានកាត់យ៉ាងល្អិតល្អន់ ដឹក​ជញ្ជូន និង​ដាក់​ត្រួត​លើ​គ្នា។

គេនិយាយថា សំណង់នេះជាផ្នូររបស់ស្តេច (ឬហៅថាព្រះចៅផារ៉ោន – ស្តេចអេហ្ស៊ីបសម័យបុរាណ) ប៉ុន្តែ​តាម​ពិត​ទៅ មិន​បាន​រក​ឃើញ​សព​របស់​ផារ៉ោន​ក្នុង​ពីរ៉ាមីត​ឡើយ។

ទន្ទឹមនឹងនេះ ពីរ៉ាមីតថែមទាំងមានចំណុចគាប់ជួននឹងជប៉ុនមួយចំនួនផងដែរ។ 

បន្ទប់សំខាន់ដែលស្ថិតនៅចំកណ្តាលពីរ៉ាមីតមានកម្ពស់ រចនាសម្ព័ន្ធច្រករបៀង និងចំនួនកាំ​ជណ្តើរ​ដូច​គ្នា​ទៅ​នឹង​ទីសក្ការ​បូជា​បុរាណ​ដែល​ធ្លាប់មាននៅ Izumo Taisha – ដែលជាទីសក្ការបូជា​មួយ​ក្នុង​ចំណោម​ទីសក្ការ​បូជា​ដែល​​ពិសិដ្ឋ​​បំផុត​​នៅ​​ជប៉ុន។

ម្យ៉ាងវិញទៀត ការស្រាវជ្រាវថ្មីៗនេះបានរកឃើញថា មានរចនាសម្ព័ន្ធក្រោមដីដ៏ធំមួយនៅខាងក្រោម​ពីរ៉ាមីត។

ដោយនោះជា​រចនាសម្ព័ន្ធដែល​មានរាង​ស៊ីឡាំងវែងចុះទៅក្រោមដី មានជម្រៅ​ដល់​ទៅ ៦៤៨ ម៉ែត្រ។

ប្រសិនបើគ្រាន់តែជាផ្នូរ តើត្រូវការរចនាសម្ព័ន្ធដែលធំបែបនេះដែរទេ?

ធ្លាប់មានបុគ្គលម្នាក់ចាប់អារម្មណ៍យ៉ាងខ្លាំង និងបានសិក្សាស្រាវជ្រាវយ៉ាង​ស៊ីជម្រៅទាក់ទងនឹងប្រាសាទ​​ពីរ៉ាមីត ហើយ​បាន​លើក​ឡើង​នូវ​អំណះ​អំណាង​របស់​ខ្លួន។

លោកមានឈ្មោះថា Nikola Tesla ដែលជាអ្នកបង្កើតដ៏មានទេពកោសល្យម្នាក់ ដោយបានបង្កើត​ចរន្ត​ឆ្លាស់​ជួយ​បញ្ជូន​ចរន្ត​អគ្គិសនី​ទៅ​ឆ្ងាយ។

គាត់ធ្លាប់យល់ថា អាចបញ្ជូនអគ្គិសនីដោយគ្មានខ្សែនៅជុំវិញពិភពលោក ហើយលោក​ក៏​បានចាប់​អារម្មណ៍​​​នឹង​​​ពីរ៉ាមីត​​​ដែល​​​ប្រៀប​​ដូច​​ជា “ស្ថានីយ៍​​ថាម​ពល” ។

យោងតាមទ្រឹស្ដីរបស់លោក ពីរ៉ាមីតគឺជារោងចក្រអគ្គិសនីដែលទាញថាមពលពីលំហ ដោយបញ្ជូន​​ចរន្ត​អគ្គិសនី​ឥត​ខ្សែ​ជុំវិញ​បរិវេណ​ធំទូលាយ។

ប្រសិនគិតតាមគំនិតនេះ អាចពន្យល់ពីមូលហេតុដែលរកមិនឃើញសាកសពម៉ាំមី ហើយវត្តមានរបស់​រចនា​សម្ព័ន្ធ​ក្រោម​ដី​ក៏​សម​ហេតុផល​ផង​ដែរ។

ផ្នូរដែលមានទំហំធំបំផុតត្រូវបានគេចាត់ទុកថានៅប្រទេសជប៉ុន

ផ្នូរដ៏ធំមួយដែលមានប្រវែង ៤៨៦ ម៉ែត្រ ដែលស្ថិតនៅទីក្រុង Osaka ប្រទេសជប៉ុន ដែលជាផ្នូររបស់អធិរាជ Nintoku (仁徳天皇陵) ។ ជាផ្នូរបុរាណមួយក្នុងចំណោមផ្នូរបុរាណនៃគ្រួសាររាជវង្សជប៉ុន។

ថ្វីត្បិតតែ ត្រូវបានគេចាត់ថាជាផ្នូររបស់អធិរាជ Nintoku ប៉ុន្តែរដ្ឋាភិបាលជប៉ុនបានបដិសេធមិនអនុញ្ញាតឲ្យជីកកកាយ​នោះ​ទេ ដើម្បី​ស៊ើប​អង្កេត។

ដូច្នេះហើយ គ្មាននរណាដឹងច្បាស់ថា តើនេះជាផ្នូរដែរអត់នោះទេ។

ក្រោយសង្គ្រាមលោកលើកទី ២ នៅពេលដែលអាមេរិកកាន់កាប់ជប៉ុន ពួកគេបានគ្រោងនឹងប្រហារជីវិតអធិរាជព្រោះតែតួនាទីរបស់ទ្រង់ក្នុងសង្គ្រាម។

យ៉ាងណាមិញ បន្ទាប់ពីស៊ើបអង្កេតផ្នូររបស់អធិរាជ Nintoku ការសម្រេចចិត្តត្រូវបានផ្លាស់ប្តូរ ប្រព័ន្ធអធិរាជនៅតែរក្សារហូតមកដល់សព្វថ្ងៃនេះ។ ទោះជាយ៉ាងនេះក្តី អ្វី​ដែលពួកគេបាន​រក​ឃើញ​នៅ​តែ​ជា​អាថ៌កំបាំងដែលមិនធ្លាប់ត្រូវបានប្រកាស។

កាន់តែអាថ៌កំបាំងជាងនេះទៅទៀតនោះគឺ ប្រវត្តិសាស្រ្តដែលទាក់ទងនឹងផ្នូរបុរាណទាំងនេះ។

ដោយសារជប៉ុនកាលពីសម័យបុរាណមិនទាន់មានអក្សរ ដូច្នេះព័ត៌មានដែលទាក់ទងនឹងជប៉ុនកាលពីសម័យបុរាណមានតែក្នុងសៀវភៅចិនប៉ុណ្ណោះ។

ទោះជាយ៉ាងណា មានសម័យកាលមួយក្នុងប្រវត្តិសាស្ត្រជប៉ុនដែលគេហៅថា “រយៈ​​ពេល​ចន្លោះ ១៥០ ឆ្នាំ” ។ ក្នុង​អំឡុង​ពេល​នេះ មិនមានការកត់ត្រាអ្វីទាក់ទងនឹងជប៉ុនក្នុង​សៀវភៅ​ចិន​ឡើយ។

មិន​ត្រឹម​តែ​ខ្វះ​ឯកសារ​ប៉ុណ្ណោះទេ វត្ថុបុរាណចាប់ពីសម័យកាលនេះក៏រកមិនឃើញនោះដែរ។

ហើយក្រោយរយៈពេលចន្លោះនេះ ផ្នូរបុរាណយក្សស្រាប់តែលេចចេញមក។

ដោយផ្អែកលើសំណង់ដ៏អស្ចារ្យដែលនៅតែមានរហូតមកដល់សព្វថ្ងៃនេះ ដែលខ្ញុំទើបតែលើកឡើងខាងលើអាចមើលឃើញថា ធ្លាប់មានវត្តមានរបស់អរិយធម៌ ដែលសព្វថ្ងៃយើងនៅតែមិនទាន់រកឃើញ។

អាថ៌កំបាំងមួយផ្សេងទៀតគឺរូបរាងផ្នូរមានរាងមូល​ជា​មួយ​នឹង​រាង​ការ៉េ អត្តន័យនៃការរចនានេះនៅតែមិនទាន់ច្បាស់នៅឡើយទេ។

មនុស្សមួយចំនួនយល់ថា នោះគឺជារូបរាងរបស់ថូ Mana ដែល​ជា​វត្ថុ​ស័ក្តិសិទ្ធិ​មួយ​ក្នុង​សាសនា​គ្រឹស្ត។

មានទ្រឹស្ដីមួយនិយាយថា បុគ្គលម្នាក់ក្នុងព្រះគម្ពីរមានឈ្មោះថា Moses បាននាំយក​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងនេះទៅកាន់ប្រទេសជប៉ុន ហើយអ្នកខ្លះថែមទាំងនិយាយថា ផ្នូររបស់ព្រះយេស៊ូក៏ស្ថិតនៅប្រទេសជប៉ុនដែរ។

ប្រហែលជាយើងទាំងអស់គ្នានឹងជឿលើសម្មតិកម្មខុសៗគ្នា មនុស្សម្នាក់ៗនឹងមានគំនិតរៀងៗខ្លួន។

ទោះជាយ៉ាងណា ក្រោយរយៈពេលស្រាវជ្រាវជាច្រើនឆ្នាំ មិនថាអ្នកវិទ្យាសាស្ត្រ បុរាណវិទូដែល​នៅ​​ជុំវិញ​​ពិភព​​​លោក​ នៅ​តែ​មាន​អាថ៌កំបាំង​ជា​ច្រើន​ទាក់​ទង​នឹង​សំណង់​ដ៏អស្ចារ្យ​ទាំង​​នេះ​ដែល​​មិន​ទាន់​អាច​បក​ស្រាយ​បាន។

បើតាមគំនិតរបស់អ្នកទាំងអស់គ្នា តើ​គោល​បំណង​ពិត​ប្រាកដ​របស់​គម្រោង​ទាំង​នេះ​ជា​អ្វី?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: