ភាព​ខុស​គ្នា​រវាងក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ជាង​គេ​នៅ​ប្រទេស​ជប៉ុន NISSAN និង TOYOTA

ភាពខុសគ្នារវាងក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ជាង​គេ​នៅ​ប្រទេស​ជប៉ុន NISSAN និង TOYOTA ។

នៅពេលដែលរំលឹកដល់ម៉ាករថយន្ត​ដែល​តំណាង​​ឲ្យ​ជប៉ុន ប្រាកដ​ជាមិនអាចរំលង TOYOTA និង NISSAN បាន​ឡើយ។ ទោះជាយ៉ាងណា សព្វថ្ងៃនេះ គម្លាត​ដំណើរ​ការ​អាជីវកម្ម​រវាង​ក្រុម​ហ៊ុនទាំង​ពីរ​កាន់​តែ​មាន​ភាព​ខុស​គ្នា។

ប្រាក់ចំណេញរបស់ TOYOTA កើនឡើងជាបន្តបន្ទាប់ ថែមទាំងបានប្រកាសថា ខ្លួននឹងបង់ពន្ធ​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​កុំ​ឲ្យតម្លៃរថយន្តឡើងថ្លៃ ដែលបង្ហាញថា ពួកគេកំពុងពង្រឹងជំហរ និង​អភិវឌ្ឍ​ជា​លំដាប់។

ផ្ទុយទៅវិញ NISSAN បានធ្លាក់ក្នុងស្ថានភាពខាតបង់យ៉ាងធ្ងន់ធ្ងររហូតដល់ ៦៧០,៨ ពាន់លានយ៉េន។ ពួក​គេ​កំពុង​ប្រកាស​​បិទ​​រោង​ចក្រ​​ទាំង​​ក្នុង ​និង​​ក្រៅ​​ប្រទេស រួម​ជា​មួយ​នឹង​ការ​កាត់បន្ថយ​​បុគ្គលិក។

ប្រសិនបើយើងអាចមើលឃើញច្បាស់ពីភាពខុសគ្នារវាងក្រុមហ៊ុនទាំងពីរនេះ ខ្ញុំជឿថា យើងអាចទទួល​បានចំណេះដឹងដែលមានប្រយោជន៍ ហើយអនុវត្តក្នុងជីវិតសព្វថ្ងៃ ដើម្បីកែលម្អដំណើរការអាជីវកម្ម​របស់​យើង​ផ្ទាល់។

ចូរយើងតាមដានទាំងអស់គ្នា។

បច្ចេកវិទ្យារបស់ NISSAN

សូម្បីតែអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹង TOYOTA ក៏ទទួលស្គាល់ពីកម្រិត​បច្ចេក​វិទ្យា​របស់ NISSAN ផង​ដែរ។ 

GT-R ជា​ម៉ូដែលរថយន្តដែលត្រូវបានគេចាត់ទុកថាស្មើនឹង​កំពូល​រថយន្ត​ស្ព័រ​ដូចជា Ferrari ជា​ម៉ូដែល​​​ដ៏​​ទំនើប​​មួយ​​របស់ NISSAN ។

រថយន្ត​មានសមត្ថភាពស្មើ​នឹង​រថយន្តទំនើប​នៅក្រៅប្រទេស ប៉ុន្តែបែរជាមានតម្លៃថោកជាង។ GT-R ធ្លាប់ទទួលបានការវាយតម្លៃខ្ពស់នៅ​ទូទាំង​​ពិភព​លោក ប៉ុន្តែ​ឥឡូវនេះ NISSAN លែង​មាន​​​លទ្ធភាព​​បន្ត​​ការ​​ផលិត​​​ម៉ូដែល​​​នេះ​​​ទៀត​​​ហើយ។

ចំណុចនេះបង្ហាញឲ្យឃើញថា មានតែច្ចេកទេស​ល្អ​ប៉ុណ្ណោះគឺមិនអាចយកឈ្នះសម័យបច្ចុប្បន្ន​បាន​ឡើយ។

អាជីវកម្មដែលគ្មានគោលដៅច្បាស់លាស់នឹងធ្វើឲ្យក្រុមហ៊ុនដួលរលំ

NISSAN ត្រូវផ្អែកលើដើមទុនខាងក្រៅ​ម្តង​ហើយ​ម្តង​ទៀត​។ នៅទសវត្សរ៍ឆ្នាំ ១៩៥០ ពួកគេបានសហការជាមួយក្រុមហ៊ុន Austin របស់អង់គ្លេស នៅឆ្នាំ ១៩៩០ ជាមួយក្រុមហ៊ុន Renault ប្រទេស​បារាំង នៅឆ្នាំ ២០១៦ ជាមួយ Mercedes របស់អាល្លឺម៉ង់ ហើយសព្វថ្ងៃនេះថែមទាំងមានពាក្យ​ចចាម​អារ៉ាម​សហការ​ជា​មួយ​ក្រុមហ៊ុន HONDA ផង​ដែរ។

សហការ​ជាមួយនឹងក្រុមហ៊ុនផ្សេងមិនមែនជារឿងអាក្រក់នោះទេ។ ទោះជាយ៉ាងណា ប្រសិនបើថ្នាក់ដឹកនាំគ្មានចក្ខុវិស័យរយៈពេលវែងច្បាស់លាស់នោះទេ ក្រុមហ៊ុនងាយនឹងត្រូវគេដឹកនាំ និង​ពឹងផ្អែកលើដៃគូ។ ដោយសារតែមានបច្ចេកវិទ្យាល្អ NISSAN បានក្លាយជាគោលដៅរបស់ក្រុមហ៊ុន​ផ្សេង​ទៀត ពួក​គេ​ចង់ “ទិញ​បច្ចេក​វិទ្យា” ប៉ុន្តែ NISSAN បែរ​ជា​គ្មាន​សមត្ថភាព​ទប់​ទល់ឡើយ។

មិនអាចយកឈ្នះបានទេ ​ប្រសិន​បើមិនហ៊ាន “និយាយ​ពី​ក្តី​ស្រមៃ” 

NISSAN ធ្លាប់មានម៉ូដែលរថយន្តជាច្រើនដែលលក់ដាច់ ប៉ុន្តែភាគច្រើន​ជោគជ័យ​តែ​ជំនាន់​ដំបូង​ប៉ុណ្ណោះ យូរៗ​ទៅ​ប្រាក់​ចំណូល​កាន់​តែ​ធ្លាក់​ចុះ។

នៅពេលដែលអ្នកបច្ចេកទេសមានស្វ័យភាព ពួកគេបង្កើតផលិតផលល្អ។ ប៉ុន្តែបន្ទាប់ពីធ្វើការ​កែ​តម្រូវ​ ផ្លាស់​ប្តូរ​ម៉ូដ ប៉ះពាល់ដល់ការសម្រេចចិត្តរបស់ការិយាល័យកណ្តាល ដែលបណ្តាលឲ្យគុណភាព​រថយន្ត​ធ្លាក់​ចុះ ម៉ូដែល​កាន់​តែ​ហួស​សម័យ ហើយ​យូរៗ​ទៅ​លែង​មាន​ទីផ្សារ។

ចំណែកឯ TOYOTA ពួកគេប្រើប្រាស់បណ្តាញផ្សព្វផ្សាយរបស់ខ្លួនដើម្បីចែករំលែកក្តីស្រមៃ បង្កើត​បណ្តាញ​អ្នក​គាំទ្រ។ ពួកគេមានចក្ខុវិស័យច្បាស់លាស់ ដែលជម្រុញអារម្មណ៍របស់អតិថិជន។

នៅពេលដែលសំណួរសួរថា ហេតុអ្វីបានជា TOYOTA មិនអភិវឌ្ឍរថយន្តអគ្គិសនីទាំងដែលការនិយម​កាន់តែច្រើន ពួកគេនៅតែប្រកាន់ខ្ជាប់ទិសដៅរបស់ខ្លួន។ ជាលទ្ធផល ពួកគេបង្កើតបាន​ប្រព័ន្ធ hybrid ដែលស្ថិតក្នុងចំណោមប្រព័ន្ធដែលនាំមុខពិភពលោក។ ក្នុងបរិបទដែលរថយន្ត​អគ្គិសនី​កាន់​តែ​បង្ហាញ​ពី​ចំណុច​ខ្សោយ TOYOTA បែរជាទទួលបានការអារម្មណ៍ឡើងវិញ។

ទន្ទឹមនឹងនោះ NISSAN តែងតែដើរតាមការពេញនិយមរបស់ក្រុមហ៊ុនផ្សេងទៀត។ នៅពេលដែល hybrid ពេញនិយម ពួកគេក៏សាកល្បងដែរ ប៉ុន្តែមិនអាចប្រកួតប្រជែងនឹង TOYOTA ដែល​បាន​ស្រាវ​ជ្រាវ​ផ្នែក​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។

នៅពេលដែលងាកទៅរករថយន្តអគ្គិសនី NISSAN បែរជាត្រូវក្រុមហ៊ុនរថយន្តចិនប្រកួតប្រជែងលើតម្លៃ។ លទ្ធផលក្រុមហ៊ុនធ្លាក់ក្នុងស្ថានភាពពិបាក លែងមានថវិកាសម្រាប់ស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលធ្វើឲ្យ NISSAN ធ្លាក់ក្នុងស្ថានភាពជាប់គាំង។

តាមរយៈរឿងនេះ យើងអាចយល់អំពីគុណសម្បត្តិដែលអ្នកដឹកនាំម្នាក់ត្រូវមាន។

មិនថាបុគ្គលិកមានទេពកោសល្យ ឬពូកែយ៉ាងណានោះទេ ប្រសិនបើអ្នកដឹកនាំមិនមានចក្ខុវិស័យ​ច្បាស់​លាស់ ក្រុមហ៊ុនមិនអាចដំណើរការបានយូរឡើយ។ ថ្វីត្បិតតែ ប្រាក់ចំណេញពិតជាសំខាន់​ណាស់ ប៉ុន្តែក៏ត្រូវតែនិយាយពីក្តីស្រមៃ ចក្ខុវិស័យដ៏ធំដែលអង្គភាពទាំងមូលអាចឆ្ពោះទៅ​រក។

អ្នកដឹកនាំត្រូវកំណត់គោលដៅឲ្យបានច្បាស់លាស់ ចែករំលែកទស្សនៈវិស័យនោះជាមួយក្រុមហ៊ុនទាំងមូល និងអតិថិជន។ ដូច្នេះទើបក្រុមហ៊ុនអាចបង្កើតសមាជិកអ្នកគាំទ្រម៉ាកយីហោ ហើយមាន​កម្លាំង​ប្រកួត​ប្រជែង​នឹង​ដៃគូ។

ប្រសិនបើអ្នកជាអ្នកដឹកនាំដែលកំពុងដំណើរការ និងគ្រប់គ្រងអាជីវកម្ម សូមគិតពិចារណាឡើង​វិញ តើ​អ្នក​គិត​យ៉ាង​ណា​ចំពោះ​របៀប​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន?

ហើយ​សម្រាប់​អ្នក​ដែល​កំពុង​ធ្វើ​ការ​ក្នុង​អាជីវកម្ម​ណាមួយ តើ​អ្នក​យល់​យ៉ាង​ណា​ចំពោះ​ក្រុមហ៊ុន​ដែល​​អ្នក​​កំពុង​​ធ្វើ​​ការ?

តើនោះជាក្រុមហ៊ុនដែលមានចក្ខុវិស័យ​​រយៈ​ពេល​​វែង​​អាច​រីក​ចម្រើន​កាន់​តែ​ខ្លាំង​នា​ពេល​អនាគត​ដែរ​ទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: