សកម្មភាពដ៏គួរឲ្យគោរពរបស់ថ្នាក់ដឹកនាំនៅកន្លែងកើតមានគ្រោះមហន្តរាយ
សកម្មភាពដ៏គួរឲ្យគោរពរបស់ថ្នាក់ដឹកនាំនៅកន្លែងកើតមានគ្រោះមហន្តរាយ។
ជាការពិតណាស់ ក្នុងចំណោមយើងទាំងអស់គ្នា មានមនុស្សជាច្រើននៅចាំករណីរញ្ជួយដីខ្លាំង និងរលកយក្សស៊ូណាមិ ដែលបានវាយប្រហារតំបន់ Tohoku រហូតដល់តំបន់ Kanto នៃប្រទេសជប៉ុននៅឆ្នាំ ២០១១ ។
បន្ទាប់មក ឧបទ្ទវហេតុរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ក៏បានកើតឡើងផងដែរ។
ជាក់ស្តែង កម្រិតនៃការខូចខាតដែលបណ្តាលមកពីឧបទ្ទវហេតុនេះត្រូវបានគេប៉ាន់ប្រមាណថា ច្រើនជាងដល់ទៅ ១០ ដងបើប្រៀបនឹងឧបទ្ទវហេតុរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl នៅសហភាពសូវៀតក្នុងឆ្នាំ ១៩៨៦ ទៅទៀត។
មានបុរសម្នាក់បានខិតខំប្រឹងប្រែងកាត់បន្ថយគ្រោះមហន្តរាយនោះតាមដែលអាចធ្វើទៅបាន។
លោកមានឈ្មោះថា Yoshida Masao ដែលជានាយករោងចក្រថាមពលនុយក្លេអ៊ែរ Fukushima នាពេលនោះ។
ក្រោយរយៈពេល ២ ឆ្នាំ បន្ទាប់ពីគ្រោះមហន្តរាយ លោក Yoshida បានទទួលមរណៈភាពក្នុងឆ្នាំ ២០១៣ នៅអាយុ ៥៨ ឆ្នាំដោយសារជំងឺមហារីក។
គេនិយាយថា ការប៉ះពាល់នឹងវិទ្យុសកម្មបង្កើនហានិភ័យកើតជំងឺមហារីក ប៉ុន្តែមិនអាចកំណត់បានថាជំងឺមហារីករបស់លោកបណ្តាលមកពីវិទ្យុសកម្មដែរអត់ទេ។
ទោះជាយ៉ាងណា គាត់បានព្យាយាមអស់ពីសមត្ថភាពដើម្បីទប់ស្កាត់ឧបទ្ទវហេតុនុយក្លេអ៊ែរដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
ចូរយើងទាំងអស់គ្នាក្រឡេកមកមើលសកម្មភាពដ៏ល្អរបស់លោកតាមរយៈខ្លឹមសារអត្តបទខាងក្រោម។
មិនរត់គេចចេញពីកន្លែងគ្រោះថ្នាក់ នៅតែបន្តចេញបញ្ជានៅកន្លែងកើតហេតុ
ដើម្បីផ្តោតសំខាន់លើស្ថានការណ៍ដែលប្រែប្រួលគ្រប់វិនាទី លោកបន្តចេញបញ្ជានៅកន្លែងគ្រោះថ្នាក់។
នៅកន្លែងកើតហេតុពេលនោះបានដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ ដោយមិនអាចសង្កេតមើលជុំវិញបានឡើយ។
ក្រោមស្ថានភាពបែបនេះ ចាំបាច់ត្រូវមាននរណាម្នាក់ទៅពិនិត្យស្ថានភាពនៅកន្លែងកើតហេតុ។
លោក Yoshida បានពាក់ធុងអុកស៊ីហ្សែនដោយខ្លួនឯង ហើយចូលទៅកាន់តំបន់គ្រោះថ្នាក់។
ក្រោយមក អ្នកក្រោមបង្គាប់ដែលទៅជាមួយនឹងលោកបានរៀបរាប់ឡើងវិញថា៖
- “ប្រសិនបើទៅជាមួយនឹងលោក Yoshida ពួកយើងសុខចិត្តស្លាប់ជាមួយលោក។”
ដោយមិនទុកឲ្យអ្នកគ្រាប់បង្គាប់បំពេញការងារដ៏គ្រោះថ្នាក់តែម្នាក់ឯង លោកបានចូលរួម ហើយសកម្មភាពនោះរបស់លោកបានលើកកម្ពស់ស្មារតីក្រុមទាំងមូល។
ថ្វីត្បិតតែ ក្រោយមកគ្រប់យ៉ាងនៅតែបន្តស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ប៉ុន្តែលោកនៅតែបន្លឺសំឡេងលើកទឹកចិត្តអ្នកក្រោមបង្គាប់របស់ខ្លួន បន្ទាប់ពីពួកគេបានបញ្ចប់បេសកកម្មម្តងម្នាក់ៗ ដោយអារម្មណ៍រំភើបយ៉ាងខ្លាំង៖
- “អ្នកបានត្រឡប់មកវិញហើយ! អរគុណដែលបានត្រឡប់មកវិញដោយសុវត្ថិភាព។”
ដោយមិនគិតពីបញ្ជារបស់រដ្ឋាភិបាល និងថ្នាក់លើ
នៅរោងចក្រថាមពលនុយក្លេអ៊ែរសីតុណ្ហភាពបន្តកើនឡើង ប្រសិនបើមិនធ្វើឲ្យត្រជាក់ ជញ្ជាំងផ្ទុកនឹងរលាយ ដែលបណ្តាលឲ្យកើតមានគ្រោះមហន្តរាយធ្ងន់ធ្ងរ។ លោក Yoshida បានបញ្ជាឲ្យបូមទឹកសមុទ្រចូលដើម្បីធ្វើឲ្យត្រជាក់។
ម្យ៉ាងវិញទៀត រដ្ឋាភិបាលជប៉ុន និងថ្នាក់ដឹកនាំក្រុមហ៊ុនបានចេញសេចក្តីបង្គាប់ឲ្យបញ្ឈប់ការបូមទឹកសមុទ្រនេះ។
ប៉ុន្តែលោក Yoshida នៅតែជឿលើការសម្រេចចិត្តរបស់ខ្លួន ហើយមិនអើពើនឹងសេចក្តីបង្គាប់ទាំងអស់។
លោកបន្តឲ្យបូមទឹកសមុទ្រ និងចេញបញ្ជាឲ្យអ្នកក្រោមបង្គាប់៖
- “ហាមឈប់ដាច់ខាត។”
តើនរណាជាអ្នកលះបង?
បួនថ្ងៃក្រោយមកបន្ទាប់ពីរលកយក្សស៊ូណាមិ សីតុណ្ហភាព និងសម្ពាធក្នុងឡផ្ទុកថាមពលនុយក្លេអ៊ែរបានកើនឡើងដល់កម្រិតដែលអាចផ្ទុះគ្រប់ពេល។
ដោយមិនមានជម្រើសអ្វីក្រៅពីបន្តបូមទឹកសមុទ្រដើម្បីធ្វើឲ្យត្រជាក់ឡើយ។
ប៉ុន្តែតើនរណាជាអ្នកបំពេញបេសកកម្មដ៏គ្រោះថ្នាក់នេះ?
លោកត្រូវបង្ខំចិត្តជ្រើសរើសបុគ្គលិកប៉ុន្មាននាក់ជាមួយនឹងខ្លួនធ្វើការក្រោមស្ថានភាពដ៏គ្រោះថ្នាក់បំផុត។ បើតាមការស្មានពួកគេអាចរងវិទ្យុសកម្ម ហើយលះបង់ក៏ថាបាន។
បុគ្គលិកដែលត្រូវបានជ្រើសរើស រួមជាមួយនឹងអ្នកដឹកនាំដែលពួកគេជឿទុកចិត្ត និងគោរពគឺលោក Yoshida បានទៅដល់កន្លែងកើតហេតុជាមួយនឹងស្មារតីត្រៀមខ្លួនលះបង់ និងជួយសង្គ្រោះប្រទេសជប៉ុន។
លទ្ធផលគឺមិនអាចទប់ស្កាត់ការលេចធ្លាយវិទ្យុសកម្មទាំងស្រុងឡើយ។
រោងចក្រទទួលរងការរិះគន់មិនត្រឹមតែនៅប្រទេសជប៉ុនប៉ុណ្ណោះទេ រួមទាំងនៅក្រៅប្រទេសផងដែរ។ ប៉ុន្តែនៅពីក្រោយអ្វីដែលអ្នកដទៃមើលឃើញគឺជាមនុស្សដែលបានតស៊ូដោយជីវិតរបស់ពួកគេ។
ខ្ញុំអាចយល់ពីអារម្មណ៍ខឹងយ៉ាងខ្លាំងរបស់អ្នកទាំងអស់គ្នា ព្រោះតែបានបណ្តោយឲ្យរឿងនេះកើតឡើង។ ទោះជាយ៉ាងនេះក្តី ខ្ញុំក៏សង្ឃឹមដែរថា អ្នកទាំងអស់គ្នាមិនបំភ្លេចមនុស្សដែលបានប្រថុយជីវិតដើម្បីដោះស្រាយបញ្ហានេះ ទោះបីជាពួកគេមិនមែនជាអ្នកសាងសង់រោងចក្រថាមពលនោះក៏ដោយ ដោយបង្កឲ្យមានផលវិបាកដែលមិនគួរកើតឡើង។
Abe Kengo