តើសាមូរ៉ៃមានសិទ្ធិសម្លាប់មនុស្សដែរទេ?

តើសាមូរ៉ៃមានសិទ្ធិសម្លាប់មនុស្សដែរទេ?

ដូចដែលយើងតែងតែមើលឃើញ សាមូរ៉ៃតែង​យកដាវតាមខ្លួន។ ដោយសារតែសាមូរ៉ៃតែង​តែ​យក​អាវុធ​ដែល​អាច​សម្លាប់​មនុស្ស​តាម​ខ្លួន ដូច្នេះ​សាមូរ៉ៃ​ជា​បុគ្គល​ដែល​គួរ​ឲ្យ​ខ្លាច​ណាស់។ យ៉ាង​ណា​មិញ ពួក​គេ​មាន​សិទ្ធិ​សម្លាប់​មនុស្ស​ដោយ​ស្រប​ច្បាប់។

ទោះជាយ៉ាងណា នោះមិនមានន័យថា ពួកគេអាចសម្លាប់មនុស្សតាមអំពើចិត្តឡើយ ប៉ុន្តែមាន​បទ​ប្បញ្ញត្តិ​ច្បាស់​លាស់​ត្រូវ​គោរព​តាម។

Kirisute Gomen (切捨御免)

នេះជាទម្រង់នៃការសម្លាប់មនុស្ស​ស្រប​ច្បាប់​ដែលសម្រាប់តែសាមូរ៉ៃប៉ុណ្ណោះ។

ទោះបីជាកាប់សម្លាប់មនុស្សនៅ​តាម​ផ្លូវក៏ដោយ ពួកគេក៏មិនជាប់ទោសនោះដែរ។

ទោះជាយ៉ាងណា មិនមែនមានន័យថា អាចកាប់សម្លាប់មនុស្សគ្រប់គ្នាដូចដែលខ្ញុំបាននិយាយខាង​​លើ​​នោះ​​ទេ មាន​​បទ​​ប្បញ្ញត្តិ​​ច្បាស់​​លាស់​​ទាក់​ទង​​នឹង​​ចំណុច​​នេះ។

នៅសម័យ Edo ជាសម័យកាលសន្តិភាពសម្រាប់សាមូរ៉ៃ សង្គមមានប្រព័ន្ធវណ្ណៈច្បាស់លាស់។

ដោយនាំមុខគេគឺវណ្ណៈសាមូរ៉ៃ បន្ទាប់មកគឺវណ្ណៈកសិករ សិប្បករ និងពាណិជ្ជករ។

ថ្វីត្បិតតែ សាមូរ៉ៃមានវណ្ណៈខ្ពស់បំផុត ប៉ុន្តែមនុស្សជាច្រើនបែរជារស់នៅក្រីក្រ ចំណែកឯពាណិជ្ជករ​​ដែល​​ជា​វណ្ណៈ​​ទាប​​បំផុត​​បែរ​​ជា​​មាន​​ទ្រព្យ​​សម្បត្តិ​​ទៅ​​វិញ។

ចំណុចនេះធ្វើឲ្យមនុស្សមួយចំនួន​ចាប់​ផ្ដើម​មើល​ងាយ​សាមូរ៉ៃដែលក្រីក្រ។

សម្រាប់អ្នកដែលមាន​អាកប្បកិរិយាមើលងាយមិនល្អបែបនេះ ជា​ដំបូង​សាមូរ៉ៃ​ត្រូវ​ព្រមាន​ពួក​គេឲ្យ “បញ្ឈប់” ។

ប្រសិនបើ​បន្ទាប់​ពី​ព្រមាន​ហើយ​នៅ​តែ​បន្ត​ប្រមាថ​ទៀត នៅ​ពេល​នោះ​សាមូរ៉ៃ​អាច​សម្លាប់​ពួក​គេដោយ​មិន​ត្រូវ​កាត់​ទោស។

ស្តាប់ទៅដូចជាគួរឲ្យខ្លាច ប៉ុន្តែច្បាស់ណាស់ថា មនុស្សដែលមានចេតនាធ្វើបាបអ្នកដទៃជាអ្នកមានកំហុស។

ទោះជាយ៉ាងណា រឿងនេះត្រូវមានសាក្សីបញ្ជាក់​ថា បុគ្គលម្នាក់នោះត្រូវបានព្រមាន ប៉ុន្តែនៅតែមិនបញ្ឈប់។ 

ប្រសិនបើមិនមានភស្តុតាងនេះ សាមូរ៉ៃនឹងត្រូវកាត់ទោសពីបទមនុស្សឃាតដូចធម្មតា។

ផ្ទុយទៅវិញ សកម្មភាពសម្លាប់មនុស្សដោយគ្មានហេតុផលត្រឹមត្រូវត្រូវបានគេហៅថា Tsujigiri (辻斬り) – សម្លាប់មនុស្សតាមអំពើចិត្តនៅ​តាម​ដង​ផ្លូវ។

សាមូរ៉ៃមួយចំនួន នៅពេលដែលមានដាវដ៏មុតស្រួច ហាក់បីដូចជាត្រូវជម្រុញដោយប្រភពកម្លាំងដែលមើលមិនឃើញ ពួកគេមិនអាចទប់អារម្មណ៍ចង់សាកល្បងដាវ ហើយក៏បានប្រព្រឹត្ត tsujigiri សម្លាប់មនុស្សនៅតាមដងផ្លូវ។

ដាវប្រភេទនេះត្រូវបានគេហៅថា Youtou (妖刀) – ដាវ​អាក្រក់ ដែលត្រូវបានចាត់ទុកជាដាវដែល​ត្រូវ​បណ្តាសា។

គេនិយាយថា មនុស្សគ្រប់គ្នាដែលប្រើដាវបែបនេះ សុទ្ធតែស្រែកឃ្លានឈាម ហើយចង់សម្លាប់មនុស្ស។

ដោយសារមូលហេតុនេះហើយ ទើបសព្វថ្ងៃវត្តមានរបស់ដាវនេះត្រូវបានហាមឃាត់។

Adauchi (仇討ち) – ការសងសឹក

នេះក៏ជាសកម្មភាពសម្លាប់មនុស្សស្របច្បាប់ដែលសម្រាប់តែ​សាមូរ៉ៃ​ប៉ុណ្ណោះ។

នៅពេលដែលស្តេចក្រាញ់ ឪពុកម្តាយ បងប្អូន ឬគ្រូរបស់ពួកគេត្រូវគេសម្លាប់ ពួកគេមានសិទ្ធិសងសឹក។

ទោះជាយ៉ាងណា ត្រូវតែសុំការអនុញ្ញាតពីអ្នកកាន់អំណោច ហើយទទួលបានប័ណ្ណ​អនុវញ្ញាតឲ្យ “សងសឹក” ។

ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​ដែល​ត្រូវ​គេ​សម្លាប់​ជា​អ្នក​ក្រោម​បង្គាប់​ដូច​ជា​កូន ឬ​កូនសិស្ស ដូច្នេះការ​សងសឹក​មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតត្រង់ថា ការសងសឹកនេះត្រូវបានគេចាត់ទុកដូចជាទំនាក់ទំនងដ៏ល្អ ហើយថែមទាំងត្រូវបានគាំទ្រដោយប្រជាជនធម្មតាផងដែរ។

មាន​ករណី​ជាច្រើន​កូនៗកាន់ប័ណ្ណ​អនុញ្ញាតឲ្យសងសឹក ដោយ​ធ្វើ​ដំណើរ​ទូទាំង​ប្រទេស​ជប៉ុន ដើម្បី​​ស្វែង​រក​​សត្រូវ ហើយ​សង​សឹក​ឲ្យ​ឪពុក​ម្តាយ។

បច្ចុប្បន្ននេះ​ជា​អ្វី​ដែល​យើង​មិន​អាច​គិតឡើយ ក្នុងសម័យសព្វថ្ងៃ សកម្មភាពសងសឹកមិន​ត្រូវ​បាន​​អនុញ្ញាត​​ឡើយ មិន​ថា​ហេតុ​ផល​ជា​អ្វី​ក៏​ដោយ។

ប្រសិនបើយើងក្រឡេកទៅមើល​ប្រវត្តិសាស្ត្ររបស់​ប្រទេស​ជា​ច្រើន មាន​ករណី​ជា​ច្រើនដែល​អ្នក​កាន់​​អំណាច​​ធ្លាប់​បាន​សម្លាប់​មនុស្ស។

ទោះជាយ៉ាងណា ការដែលមានបទ​ប្បញ្ញត្តិ​ច្បាស់​លាស់​ដូច​ជា​នៅ​ប្រទេស​ជប៉ុន​គឺ​ជា​រឿង​ដែល​កម្រនៅ​លើ​ពិភព​លោក។

សព្វថ្ងៃនេះ សកម្មភាពទាំងពីរខាងលើសុទ្ធតែត្រូវបានហាមឃាត់។ ប៉ុន្តែ​ប្រសិន​បើ​នរណា​ម្នាក់​ជេរប្រមាថ ឬ​ធ្វើ​បាប​អ្នក​ដ៏ទៃ នឹង​បង្ក​ឲ្យ​ទៅ​ជា​កំហឹង ហើយ​ត្រូវ​ទទួល​លទ្ធផល​ស្រដៀង​គ្នា ពោល​គឺ​ការ​ស្អប់​ខ្ពើម។

ចូរយើងរស់នៅឲ្យបានល្អ សាបព្រោះកម្មផល​ល្អជា​រៀង​រាល់​ថ្ងៃ ដើម្បីទទួលបានផលល្អទៅថ្ងៃអនាគត ជា​ជាង​ការ​សាប​ព្រោះ​ការ​ចង​កំហឹង។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: