តើ​នរណា​ទើប​ជា “អ្នក​មាន​បំផុត” ក្នុង​រឿង​គំនូរ​ជីវចល Doraemon ?

តើនរណាទើបជា “អ្នកមានបំផុត” ក្នុងរឿងគំនូរជីវចល Doraemon ?

ជាការពិតណាស់ ប្រិយមិត្តដែលកំពុងអានខ្លឹមសារអត្តបទនេះក៏ដូចជាខ្ញុំដែរ សុទ្ធតែជាអ្នកដែលចូល​ចិត្តរឿងគំនូរជីវចល Doraemon ដែល​ជា​រឿង​ដ៏​អស្ចារ្យ និង​ពោរ​ពេញ​ទៅ​ដោយ​ការ​ប្រមើស្រមៃ។ ប៉ុន្តែ​​លើក​​នេះ​ ចូរ​យើង​វិភាគ​ការ​ពិត​ទាំង​អស់​គ្នា។

និយាយពីផ្ទះរបស់ Nobita ផ្ទះរបស់ Suneo តើឪពុករបស់ពួកគេរកប្រាក់បានប៉ុន្មាន? នេះជាលទ្ធផលវិភាគរបស់ AI ចូរយើងក្រឡេកមើលទាំងអស់គ្នា។

ការសន្មត់ដំបូង៖ តើប្រាក់ចំណូលជាមធ្យមនៅប្រទេសជប៉ុនប៉ុន្មាន?

ប្រាក់ចំណូលជាមធ្យមនៅប្រទេសជប៉ុនប្រហែល ៤,៨ លានយ៉េនក្នុងមួយឆ្នាំ។

សម្រាប់បុរសដែលមានវ័យជាង ៤០ ឆ្នាំដូចជាឪពុករបស់តួអង្គទាំងនេះ ជាមធ្យមប្រហែល ៦ លាន​យ៉េន​ក្នុង​មួយ​ឆ្នាំ។

ចុះឪពុករបស់ Nobita យ៉ាងម៉េចវិញ?

ឪពុករបស់ Nobita គឺជាបុគ្គលិកការិយាល័យ ដែលធ្វើការឲ្យក្រុមហ៊ុនពាណិជ្ជកម្មមួយ។

មិន​មែន​ជា​ក្រុមហ៊ុន​ធំនោះទេ ប៉ុន្តែ​ជា​អាជីវកម្ម​ខ្នាត​កណ្តាល ដូច្នេះ AI បានព្យាករណ៍​ថា ប្រាក់​ចំណូល​​ជា​​មធ្យម​​ប្រហែល ៦ លាន​​យ៉េន​​ក្នុង​​មួយ​​ឆ្នាំ។

ផ្ទះដែលគ្រួសារ Nobita រស់នៅគឺជាផ្ទះជួល តម្លៃជួលប្រហែល ១៤០,០០០ យ៉េនក្នុងមួយខែ។

ពោលគឺជាគ្រួសារដែលមានកម្រិតជីវភាព​មធ្យម។

ទោះបីជាមានវត្តមានរបស់ឆ្មាយន្ត Doraemon ដែលមកពីអនាគត ប៉ុន្តែលោកឪពុករបស់ Nobita នៅ​តែ​ខិត​ខំប្រឹង​ប្រែង​ធ្វើ​ការ​ងារ ដោយមិនពឹងលើជំនួយរបស់ Doraemon នោះ​ទេ ចំណុច​នេះ​ពិត​ជា​គួរ​ឲ្យ​សរសើរ​ណាស់។

ឪពុករបស់ Suneo

ឪពុក​របស់ Suneo ហាក់បីដូចជាជាបុរសអ្នកមានម្នាក់ មានក្រុមហ៊ុន និង​ទ្រព្យ​សម្បត្តិ​យ៉ាងច្រើន។

លោកបានទិញគ្រប់យ៉ាងដែលកូនប្រុសជាទីស្រលាញ់របស់ខ្លួនសុំ ហើយក៏តែងតែធ្វើដំណើរទៅ​លេង​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។

ដោយផ្អែកលើចំណុចនេះ AI បានប៉ាន់ប្រមាណថា ប្រាក់ចំណូលរបស់តួអង្គរូបនេះប្រហែល ១០០ លាន​យ៉េន​ក្នុង​មួយ​ឆ្នាំ។ ច្រើន​ជាង​ដល់​ទៅ ១៦ ដង​បើ​ប្រៀប​នឹង​ឪពុក​របស់ Nobita ។

មិនច្បាស់ថាលោកធ្វើការងារអ្វីនោះទេ ប៉ុន្តែដោយសារ Suneo មានបំណងប្រាថ្នាចង់ក្លាយជាអ្នករចនា​ម៉ូដ ដូច្នេះ​គ្រួសារ​របស់ Suneo អាច​​នឹង​​ទាក់​​ទង​​នឹង​ផ្នែក​រចនា​ម៉ូដ។

ថ្វីត្បិតតែ មើលទៅម៉ូដសម្លៀកបំពាក់របស់លោកមិនទាន់សម័យក៏ដោយ។

ផ្ទះ​របស់​ Suneo គឺជាផ្ទះផ្ទាល់ខ្លួនរបស់ឪពុករបស់ Suneo មិនមែនជាផ្ទះជួលនោះទេ។

ផ្ទះនេះមានតម្លៃប្រហែល ៣៥០ លានយ៉េន នេះជាគ្រួសារអ្នកមាន។

អ្នកមានដោយសម្ងាត់ – ឪពុករបស់ Shizuka

Shizuka – តួឯកស្រីក្នុងរឿងគំនូរជីវចល Doraemon ។

ដោយសារតែ Suneo តែងតែអួតខ្លួនថាជាអ្នកមាន ដូច្នេះទើបមនុស្សជាច្រើនគិតថា Shizuka គឺជាកូនគ្រួសារធម្មតា ប៉ុន្តែតាមពិតទៅ គ្រួសាររបស់ Shizuka ក៏ហាក់បីដូចជាមានជីវភាព​ធូរធារ​ណាស់​ដែរ។

ផ្ទះរបស់ Shizuka ត្រូវបានគេពិពណ៌នាថា មានថូដែលមានតម្លៃរាប់រយលានយ៉េន ហើយម្តាយរបស់​នាង​ពាក់​ចិញ្ចៀន​ដែល​មាន​តម្លៃ ៥០០,០០០ យ៉េន។

មិនត្រឹមតែប៉ុណ្ណឹង Shizuka ផ្ទាល់ក៏រៀនវីយូឡុង ជាតន្រ្តីដែលចំណាយច្រើន។

ថ្វីត្បិតតែ មិនស្មើគ្រួសាររបស់ Suneo ប៉ុន្តែគ្រួសាររបស់ Shizuka ប្រាកដជាមានទ្រព្យសម្បត្តិច្រើន។

ទោះបីជាមានទ្រព្យសម្បត្តិច្រើន ប៉ុន្តែ Shizuka មិនអួតដូចជា Suneo នោះទេ ចំណុចនេះប្រហែល​ជា​ដោយ​សារ​តែ​ការ​អប់រំ​ដ៏​ល្អ​របស់​ឪពុក​ម្តាយ​នាង។

ចុះចំណែក Dekisugi វិញ?

ផ្ទះរបស់ Dekisugi មិនបានពិពណ៌នាលម្អិតច្រើននោះទេ ដូច្នេះមិនច្បាស់ឡើយ ប៉ុន្តែក្នុងបន្ទប់របស់ Dekisugi មាន​តេឡេស្កុប មីក្រូទស្សន៍ និង​ទូរស័ព្ទ​ផ្ទាល់​ខ្លួន​ផង​ដែរ។

ដូច្នេះហើយអាចនិយាយបានថា គ្រួសាររបស់ Dekisugi គឺជាគ្រួសារអ្នកមាន។

គ្រួសាររបស់ Jaian

គ្រួសាររបស់ Jaian មានហាងលក់បន្លែមួយ ហើយមិនមានអ្វីពិសេសនោះទេ តាមការប៉ាន់ស្មានប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់​ពួក​គេ​ទាប​ជាង​បន្តិច​បើ​ប្រៀប​នឹង​គ្រួសារ​របស់ Nobita ។

យ៉ាងណាមិញ ប្រហែលជាគ្រួសាររបស់ Jaian បរិភោគអាហារច្រើន ដូច្នេះទើបថវិការបស់គ្រួសារអាច​នឹង​លំបាក។

ការសន្និដ្ឋាន

កម្រិតទ្រព្យសម្បត្តិរបស់តួអង្គនីមួយៗត្រូវបានចាត់ចំណាត់ថ្នាក់ពីខ្ពស់មកទាបដូចខាងក្រោម៖

Suneo > Shizuka > Dekisugi > Nobita > Jaian

ទោះជាយ៉ាងណា ប្រសិនបើចាត់ទុកថា Doraemon និងវត្ថុវេទមន្តជាទ្រព្យសម្បត្តិ ដូច្នេះផ្ទះរបស់ Nobita នឹង​នាំ​មុខ​ចំណាត់​ថ្នាក់​នេះ។

ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ នៅពេលដែលយើងសាកស្រមៃពីចំណុចទាំងនេះអំឡុងពេលមើលរឿង​គំនូរ​ជីវចល​ដែល​ខ្លួន​ចូល​ចិត្ត មែន​ទេ​អ្នក​ទាំង​អស់​គ្នា?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: