ភេរវកម្មសាសនាដ៏គួរឲ្យរន្ធត់នៅជប៉ុន តើគោលបំណងចង់ផ្តួលរំលំប្រទេសមែនទេ?
ភេរវកម្មសាសនាដ៏គួរឲ្យរន្ធត់នៅជប៉ុន តើគោលបំណងចង់ផ្តួលរំលំប្រទេសមែនទេ?
ប្រហែលជា ៣០ ឆ្នាំមុន នៅប្រទេសជប៉ុនធ្លាប់កើតមានករណីដ៏ធំមួយ ដែលបង្កឡើងដោយក្រុមសាសនា។
ហេតុការណ៍នេះបានធ្វើឲ្យមនុស្សចំនួន ១៤ នាក់បាត់បង់ជីវិត ហើយចំនួនជនរងគ្រោះសរុបបានកើនឡើងជាង ៦៣០០ នាក់។
អង្គភាពដែលបង្កហេតុការណ៍នេះឡើងគឺជាក្រុមដែលមានឈ្មោះហៅថា Aum Shinrikyo ។
ដូច្នេះតើពួកគេបានធ្វើអ្វីទើបបណ្តាលឲ្យកើតមានហេតុការណ៍ដ៏ធំនេះ រហូតដល់អាចបំផ្លាញសុវត្ថិភាពរបស់ជប៉ុន តើគោលបំណងរបស់ពួកគេជាអ្វី?
ករណីឃាតកម្មគ្រួសារមេធាវី
អង្គភាពសាសនានេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៤ ។ រហូតដល់ឆ្នាំ ១៩៨៩ ក្រុមសាសនានេះបានជាប់ពាក់ព័ន្ធនឹងករណីសម្លាប់អ្នកជឿម្នាក់ក្នុងចំណោមអ្នកជឿរបស់ខ្លួន។
បន្ទាប់មក ពួកគេបានសម្លាប់មនុស្ស ៣ នាក់ក្នុងគ្រួសារមេធាវី រួមទាំងប្រពន្ធ និងកូនរបស់លោក ជាអ្នកដែលធ្លាប់ព្រមានជាសាធារណៈថា ក្រុមសាសនានេះមានគ្រោះថ្នាក់។
ដោយមិនខ្វល់ពីការអង្វររបស់ប្តីប្រពន្ធទាំងពីរនាក់និយាយថា៖ “សុំលើកលែងឲ្យក្មេងតូច” ក្មេងអាយុមួយឆ្នាំត្រូវសម្លាប់ ហើយកប់សាកសពនៅលើភ្នំ។
ឈរឈ្មោះក្នុងសភា
នៅឆ្នាំ ១៩៩០ មេដឹកនាំក្រុមនេះគឺ Matsumoto Chizuo បានឈរឈ្មោះក្នុងសភាជប៉ុន។
ទោះជាយ៉ាងណា មិនទទួលបានសន្លឹកឆ្នោតនោះទេ ក្រុមនេះចាប់ផ្ដើមរៀបចំគម្រោងដណ្តើមយកប្រទេសជប៉ុន។ ពួកគេបានចាប់ផ្តើមផលិតសារធាតុពុល sarin ជាប្រភេទឧស្ម័នពុលដ៏គ្រោះថ្នាក់បំផុត។
ការបញ្ចេញឧស្ម័នពុលនៅ Matsumoto
នៅឆ្នាំ ១៩៩៤ ក្នុងទីក្រុង Matsumoto ខេត្ត Nagano ពួកគេបានបញ្ចេញឧស្ម័នពុលដែលប្រៀបដូចជាការពិសោធន៍។ ហេតុការណ៍នេះបានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ ប៉ុន្តែនាពេលនោះ នៅតែមិនទាន់អាចកំណត់បានថា ជនល្មើសគឺជាក្រុម Aum Shinrikyo ឡើយ។
បន្ទាប់មកទៀត ពួកគេបានបន្តប្រើឧស្ម័នពុលនេះ ហើយបានសម្លាប់មនុស្សជាច្រើននាក់ទៀតដោយអំពើហិង្សា។
ការបញ្ចេញឧស្ម័នពុលនៅក្នុងរថភ្លើងក្រោមដី
នៅឆ្នាំ ១៩៩៥ ពួកគេបានបញ្ចេញឧស្ម័ន sarin នៅលើខ្សែរថភ្លើងក្រោមដីជាច្រើនក្នុងទីក្រុងតូក្យូ។
ពួកគេបានជ្រើសយកម៉ោងដែលមានមនុស្សជិះច្រើន នៅលើរថភ្លើងមានមនុស្សច្រើនកុះករ ប្រមូលផ្តុំទៅដោយមនុស្សជាច្រើនទៅធ្វើការដើម្បីធ្វើសកម្មភាព។
ភាគច្រើនខ្សែរថភ្លើងក្នុងទីក្រុងត្រូវឈប់ដំណើរការ ដែលបណ្តាលឲ្យកើតមានចលាចលយ៉ាងធ្ងន់ធ្ងរ។
ត្រឹមមួយពព្រិចភ្នែក មនុស្សជាច្រើនដួលចុះដោយមិនដឹងថាមានរឿងអ្វីកំពុងកើតឡើង។
ការភ័យស្លន់ស្លោ និងភាពភ័យខ្លាចបានធ្វើឲ្យមនុស្សជាច្រើនមានវិបត្តិផ្លូវចិត្ត រហូតដល់ថ្នាក់មានអ្នកខ្លះមិនអាចជិះរថភ្លើងបាន។
នៅទីបំផុត ប៉ូលីសបានឆ្មក់ចូលទីស្នាក់ការរបស់ក្រុមនេះ ចាប់ខ្លួនមេក្លោង និងបញ្ចប់រឿងនេះ។
ប្រហែលជាក្រុមនេះក៏ធ្លាប់បង្កើតសាខានៅទីក្រុងមូស្គូប្រទេសរុស្ស៊ីផងដែរ ហើយគោលបំណងត្រូវបានគេចាត់ទុកថា ដើម្បីទិញអាវុធពីប្រទេសរុស្ស៊ី។
ច្បាស់ណាស់នេះជាផែនការផ្ដួលរំលំប្រទេសជប៉ុន ដែលធ្លាប់ត្រូវបានរៀបចំឡើងដោយសម្ងាត់។
ហេតុការណ៍នេះហាក់បីដូចជាបានបញ្ចប់នៅពេលដែលមេដឹកនាំត្រូវកាត់ទោសប្រហារជីវិត ប៉ុន្តែអ្នកដើរតាមដែលនៅសេសសល់បានបង្កើតអង្គភាពសាសនាថ្មី ហើយនៅតែបន្តរហូតមកដល់សព្វថ្ងៃ។
ជាការពិតណាស់ ប៉ូលីសនៅតែតាមដានស្ថានការណ៍យ៉ាងប្រុងប្រយ័ត្ន ដូច្នេះខ្ញុំគិតថា ពួកគេមិនអាចធ្វើដូចកាលពីមុនទៀតឡើយ ប៉ុន្តែខ្ញុំឆ្ងល់ថា តើក្រុមមនុស្សទាំងនេះកំពុងរៀបចំផែនការអ្វី។
អ្វីដែលបានកើតឡើងលែងជាបញ្ហាសាសនាទៀតហើយ ប៉ុន្តែជាភេរវកម្ម។
ខ្ញុំសង្ឃឹមថា ហេតុការណ៍បែបនេះនឹងមិនកើតឡើងនៅជប៉ុនទៀតឡើយ ហើយប្រជាជនទាំងអស់នឹងឆ្ពោះទៅរកអនាគតដែលប្រកបដោយសន្តិភាព។
Abe Kengo